« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៥ ៖ ការបន្តតំណែងនៅក្នុងគណៈប្រធានទីមួយ និង ដំណើរទៅទិសខាងលិច » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៥ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៥
ការបន្តតំណែងនៅក្នុងគណៈប្រធានទីមួយ និង ដំណើរទៅទិសខាងលិច
បន្ទាប់ពីការប្រកាសពីការស្លាប់របស់យ៉ូសែប និងហៃរុម ស្ម៊ីធ មក មានអត្ថបទសារព័ត៌មានសរសេរថា « ទីបញ្ចប់នៃលទ្ធិមរមន » (Weekly Herald ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៨៤៤ ទំព័រ ២២០ ) ។ ជាមួយនឹងមរណភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ពួកអ្នកសង្កេតការណ៍ខាងក្រៅបានជឿថា សាសនាចក្រនឹងបាក់បែកសាមគ្គីហើយ ។ ហើយសមាជិកសាសនាចក្របានឆ្ងល់ថាតើនរណានឹងត្រូវដឹកនាំពួកគេ ។ នៅពេលអ្នកសិក្សាឯកសារមេរៀននេះ សូមស្វែងរករបៀបដែលព្រះអម្ចាស់បន្តដឹកនាំសាសនាចក្ររបស់ទ្រង់ បន្ទាប់ពីមរណភាពរបស់ព្យាការី ។
ផ្នែកទី ១
តើនរណាដឹកនាំសាសនាចក្ររបស់ព្រះអម្ចាស់ពេលព្យាការីទទួលមរណភាព ?
សូមបំពេញ ជម្រើសមួយដូចខាងក្រោមសម្រាប់ផ្នែកនេះ ៖
-
សូមមើលវីដេអូ « The Succession Crisis after Joseph Smith’s Murder » ( ៨:០៣ ) ហើយបន្ទាប់មក សូមគិតអំពីសកម្មភាពដែលនៅចុងបញ្ចប់នៃផ្នែកនេះ ។
-
សូមសិក្សាឯកសារដូចខាងក្រោម ហើយបន្ទាប់មកសូមបំពេញសកម្មភាពសញ្ជឹងគិត ។
អារម្មណ៍សោកសៅបានកើតមាននៅទីក្រុងណៅវូដោយសារមរណភាពរបស់យ៉ូសែប និងហៃរុម ស្ម៊ីធ ។ នៅអំឡុងនៃពេលដែលមានការច្របូកច្របល់នេះ មានមនុស្សជាច្រើននាក់បានប្រកាសថា ពួកគេមានសិទ្ធិដើម្បីដឹកនាំសាសនាចក្រ ។ មនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះគឺ ស៊ីឌនី រិកដុន ។
នៅពេលដែលយ៉ូសែបទទួលមរណភាព ព្រិកហាំ យ៉ង់ និងពួកសាវកដទៃទៀតបានកំពុងបម្រើបេសកកម្មនៅភាគខាងកើតនៃសហរដ្ឋអាមេរិក ។ រហូតដល់ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៨៤៤ ទើបព្រិកហាំ យ៉ង់ បានទទួលសំបុត្រដែលរៀបរាប់ពីការធ្វើឃាតយ៉ូសែប និង ហៃរុម ស៊្មីធ ។
នៅពេលគាត់អានលិខិតនេះ ព្រិកហាំ យ៉ង់ មានអារម្មណ៍ថា ក្បាលរបស់គាត់នឹងប្រះបែក ។ គាត់មិនដែលមានអារម្មណ៍អស់សង្ឃឹមបែបនោះទេ ។
គាត់គិតឥតឈប់ឈរពីបព្វជិតភាព ។ យ៉ូសែបកាន់កូនសោដែលចាំបាច់ទាំងអស់ដើម្បីធ្វើអំណោយទានពិសិដ្ឋដល់ពួកបរិសុទ្ធ និងផ្សារភ្ជាប់ពួកគេជាក្រុមគ្រួសារជាមួយគ្នារហូតដល់អស់កល្បជានិច្ច ។ បើគ្មានកូនសោទាំងនេះទេ នោះកិច្ចការរបស់ព្រះអម្ចាស់មិនអាចឆ្ពោះទៅមុខបានទេ ។ សម្រាប់ពេលនេះ ព្រិកហាំ យ៉ង់ ព្រួយបារម្ភថាយ៉ូសែបទទួលមរណភាពទៅ នឹងនាំយកកូនសោទាំងអស់នេះបាត់បង់ទៅជាមួយគាត់ដែរ ។
បន្ទាប់មក នៅក្នុងការបំផុសឡើងនៃវិវរណៈ ព្រិកហាំ យ៉ង់ បានចងចាំពីរបៀបដែល យ៉ូសែបបានដាក់កូនសោទាំងនេះលើពួកសាវកដប់ពីរនាក់ ។ ដោយឱបដៃលុតជង្គង់អធិស្ឋានយ៉ាងខ្លាំងក្លា គាត់បាននិយាយថា ៖ « កូនសោនៃនគរទាំងនេះគឺកំពុងនៅក្នុងព្រះវិហារនេះ » ។ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៥៥៩ )
នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ១៨៤៤ ពួកដប់ពីរនាក់ និងថ្នាក់ដឹកនាំដទៃទៀតបានជួបជុំគ្នានៅក្នុងការប្រឹក្សា ។ នៅក្នុងការប្រជុំនេះ ស៊ីឌនី រិកដុន ដែលបានបែកចិត្តចេញពីសាសនាចក្រ បានអះអាងថា ពីព្រោះគាត់ត្រូវបានហៅពីមុន ហើយបានតែងតាំងជាអ្នកនាំពាក្យសម្រាប់យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:៩ ) នោះវាគឺជាទំនួលខុសត្រូវរបស់គាត់ដើម្បី « មើលថា ព្រះវិហារត្រូវបានគ្រប់គ្រងតាមរបៀបត្រឹមត្រូវ » ( នៅក្នុង History ឆ្នាំ ១៨៣៨–១៨៥៦ [ សំណៅដៃប្រវត្តិសាសនាចក្រ ] វ៉ុល F-១ ទំព័រ ២៩៥ នៅលើគេហទំព័រ josephsmithpapers.org ) ។
បន្ទាប់ពី ស៊ីឌនី បានបញ្ចប់សន្ទុរកថារបស់គាត់ ព្រិកហាំ យ៉ង់ បានប្រកាសថា ៖
យ៉ូសែប បានប្រគល់នៅលើក្បាល [ ពួកសាវកដប់ពីរនាក់ ] នូវកូនសោទាំងអស់ និងអំណាចដែលនៅជាប់នឹងពួកសាវកដែលលោកខ្លួនឯងផ្ទាល់បានមានពីមុនបានចាកចេញទៅ ។ ( Brigham Young នៅក្នុង History ឆ្នាំ ១៨៣៨–១៨៥៦ វ៉ុល F-១ ទំព័រ ២៩៥ នៅលើគេហទំព័រ josephsmithpapers.org )
នៅថ្ងៃបន្ទាប់ ពួកបរិសុទ្ធនៅណៅវូបានជួបជុំគ្នាដើម្បីស្តាប់ស៊ីឌនី រិកដុន ប្រកាសពីភាពជាអ្នកដឹកនាំរបស់ខ្លួន ។ បន្ទាប់ពីសុន្ទរកថារបស់លោក ព្រិកហាំ យ៉ង់ បាននិយាយខ្លីៗ ដោយគាំទ្រថា កូរ៉ុមនៃពួកសាវក ដែលជាអ្នកមានកូនសោបព្វជិតភាពទាំងអស់ដែលបានស្តារឡើងវិញដល់យ៉ូសែប ស្ម៊ីធ ត្រូវដឹកនាំសាសនាចក្រពីឥឡូវនេះតទៅ ។
នៅពេល អិមម៉ាលី [ ហូយ ] បានស្តាប់ព្រិកហាំ យ៉ង់ និយាយ គាត់បានព្យាយាមមើលទៅលោកដើម្បីបញ្ជាក់ថា លោកមិនមែនជាយ៉ូសែប កំពុងនិយាយទេ ។ លោកមានទឹកមុខរបស់យ៉ូសែប របៀបនៃការប្រើប្រាស់ហេតុផលរបស់គាត់ ហើយសូម្បីតែសំឡេងរបស់យ៉ូសែបទៀតផង ។…
ប្រាំពីរឆ្នាំក្រោយមក អិមម៉ាលី បានកត់ត្រាពីបទពិសោធន៍របស់គាត់ពីការមើល ព្រិកហាំ យ៉ង់ និយាយទៅកាន់ពួកបរិសុទ្ធ ដោយថ្លែងទីបន្ទាល់ថា លោកទាំងមើល និងសំឡេងដូចជាយ៉ូសែបខ្លាំងណាស់នៅលើវេទិកានោះ ។ នៅប៉ុន្មានឆ្នាំក្រោយមក ពួកបរិសុទ្ធជាច្រើននាក់បានបន្ថែមសាក្សីរបស់ពួកគេទៅនឹងគាត់ ដោយពិពណ៌នាពីរបៀបដែលពួកគេបានឃើញភាពជាព្យាការីរបស់យ៉ូសែបមាននៅក្នុងព្រិកហាំ យ៉ង់ នៅថ្ងៃនោះ ។ ( ពួកបរិសុទ្ធ ១ ៖ ៥៦៥–៦៦ )
វិលហ្វួឌ វូឌដ្រុព្វ បានសរសេរថា « ប្រសិនបើខ្ញុំមិនបានឃើញលោក [ ព្រិកហាំ យ៉ង់ ] ដោយភ្នែករបស់ខ្ញុំផ្ទាល់ទេ នោះគ្មាននរណាអាចបញ្ចុះបញ្ចូលខ្ញុំថា លោកមិនមែនយ៉ូសែប ស្ម៊ីធ នោះទេ » ( នៅក្នុង History of the Church ៧:២៣៦ ) ។
ជាមួយសេចក្តីប្រកាសរបស់ព្រិកហាំ យ៉ង់អំពីការប្រគល់កូនសោបព្វជិតភាព និងអំណាចនៃភាពជាសាវកនៅលើពួកដប់ពីរនាក់ និងការបញ្ជាក់ភាពជាសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកបរិសុទ្ធបានយល់ពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ ហើយបានគាំទ្រដល់កូរ៉ុមនៃពួកសាវកដប់ពីរនាក់ថាជាថ្នាក់ដឹកនាំនៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
ផ្នែកទី ២
តើព្រះអម្ចាស់អាចដឹកនាំយើងយ៉ាងដូចម្តេច បើពេលអនាគតមើលទៅមានភាពមិនច្បាស់លាស់ ?
នៅខែ មករា ឆ្នាំ ១៨៤៦ ក្នុងចំណោមនៃការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងពួកបរិសុទ្ធ នោះពួកសាវកដប់ពីរនាក់បានដាក់ផែនការចុងក្រោយដើម្បីចាកចេញពីទីក្រុងណៅវូ ហើយទៅភាគខាងលិច។ ក្នុងឆ្នាំ ១៨៤២ យ៉ូសែប ស៊្មីធ បានព្យាករថា « ពួកបរិសុទ្ធនឹងបន្តជួបទុក្ខលំបាកជាច្រើន ហើយនឹងត្រូវបណ្តេញចេញទៅភ្នំរ៉កគី… [ ហើយធ្វើ ] ការតាំងលំនៅដ្ឋាន និងសាងសង់ទីក្រុង និង …ក្លាយជាប្រជាជនដ៏រឹងមាំនៅភ្នំរ៉កគី » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៥១៧ ) ។
ខណៈពេលដែលពួកបរិសុទ្ធរៀបចំខ្លួនចាកចេញពីទីក្រុងណៅវូ ពួកគេក៏បានធ្វើការដើម្បីបង្ហើយព្រះវិហារបរិសុទ្ធណៅវូផងដែរ ។ នៅពេលវាជិតហើយ ក្រុមពួកបរិសុទ្ធរាប់ពាន់នាក់នៅព្រះវិហារបរិសុទ្ធទាំងថ្ងៃ និងយប់ដើម្បីទទួលអំណោយទានពិសិដ្ឋ និងផ្សារភ្ជាប់ពិធីបរិសុទ្ធទាំងឡាយ ។ ស៊ីស្ទើរ សារ៉ា រីច បានសង្កេតឃើញថា ៖
ប្រសិនបើវាមិនមែនសេចក្តីជំនឿ និងចំណេះដឹងដែលត្រូវបានប្រគល់ឲ្យយើងនៅក្នុងព្រះវិហារបរិសុទ្ធ តាមរយៈឥទ្ធិពល និងជំនួយនៃព្រះវិញ្ញាណនៃព្រះអម្ចាស់ទេ នោះការធ្វើដំណើររបស់យើងដូចជាមនុស្សម្នាក់ដើរក្នុងភាពងងឹតដូច្នោះដែរ ។… ប៉ុន្តែ យើងមានសេចក្តីជំនឿលើព្រះវរបិតាសួគ៌របស់យើង និងដាក់ទីទុកចិត្តរបស់យើងទៅលើទ្រង់ ហើយមានអារម្មណ៍ថា យើងគឺជាប្រជាជនដ៏ជម្រើសរបស់ទ្រង់ ។ ( Sarah Rich, in Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ៣០)
អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បាននិយាយពីពួកបរិសុទ្ធដែលបាននៅទីក្រុងណៅវូនៅពេលនោះថា ៖
សេចក្តីសញ្ញារបស់ពួកគេជាមួយព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធណៅវូ គឺជាការការពារមួយសម្រាប់ពួកគេនៅអំឡុងពេលធ្វើដំណើររបស់ពួកគេទៅកាន់ភាគខាងលិច ក៏ដូចជាសម្រាប់យើងម្នាក់ៗនៅសព្វថ្ងៃនេះ និងនៅក្នុងជីវិតរបស់យើងផងដែរ ។ ( រ៉ូបឺត ឌី ហែល « Temple Blessings » New Era ខែ កុម្ភៈ ឆ្នាំ ២០១៤ ទំព័រ ៤ )
នៅពេលការធ្វើទុក្ខបុកម្នេញកាន់តែមានភាពខ្លាំងក្លា នោះពួកបរិសុទ្ធក៏ដាក់ផែនការចុងក្រោយ ហើយជាលើកដំបូងដែលមានពួកបរិសុទ្ធក្រុមធំចាប់ផ្តើមធ្វើដំណើរឆ្លងកាត់រដ្ឋអាយអូវ៉ានៅក្នុងខែ កុម្ភៈ ឆ្នាំ ១៨៤៦ ។ ពួកគេប្រឈមមុខនឹងរដូវរងារដ៏ត្រជាក់ គ្មានវត្ថុបម្រុងទុកគ្រប់គ្រាន់ និងគ្មានការរៀបចំឡើយ ។ ភ្លៀងធ្លាក់ជាប្រចាំនៅនិទាឃរដូវ អូរតូចៗពេញដោយទឹក និងភក់ ធ្វើឲ្យពួកបរិសុទ្ធលំបាកធ្វើដំណើរក្នុងរយៈចម្ងាយ ៤៨៣ គីឡូម៉ែត្រក្នុងរយៈពេល ១៣១ ថ្ងៃ ។ ដោយសារហេតុផលនៃការពន្យារពេល និងខ្វះធនធាននានានេះហើយ ទើបព្រិកហាំ យ៉ង់បានបញ្ឈប់ការធ្វើដំណើរ ហើយបានស្ថាបនាទីតាំងមួយហៅថា វីនធើរ ខ្វលធើរ ។ នៅរដូវស្លឹកឈើជ្រុះ អត្រាប្រជាជននៃវីនធើរ ខ្វលធើរ បានកើនឡើងដល់ ៧០០០ នាក់ ។
មនុស្សជាច្រើនបានឈឺដោយសារខ្វះចំណីអាហារ និងពន្លឺ ហើយសេចក្តីជំនឿរបស់មនុស្សមួយចំនួនក៏បានជួបនឹងឧបសគ្គ ។ កាលៈទេសៈដែលពុះពារទាំងនេះធ្វើឲ្យរដូវរងារឆ្នាំ ១៨៤៦–៤៧ ជាអំឡុងពេលដ៏លំបាកបំផុតសម្រាប់ជីវិតរបស់ព្រិកហាំ យ៉ង់ ។ គាត់បានមានអារម្មណ៍ថា « ដូចជាឪពុកម្នាក់ដែលមានកូនច្រើននៅជុំវិញគាត់ » ហើយក្រោយមកបាននឹកឃើញថា ការទទួលខុសត្រូវរបស់លោកបានដាក់សម្ពាធមកលើលោកដូចជា« ទម្ងន់ម្ភៃប្រាំតោន » ( « This Shall Be Our Covenant » Revelations in Context [ ឆ្នាំ ២០១៦ ] ទំព័រ ៣០៧–៨, សូមមើលផងដែរ Saints: The Story of the Church of Jesus Christ in the Latter Days វ៉ុល ២ No Unhallowed Hand, 1846–1893 [ ឆ្នាំ២០២០ ] ទំព័រ ៤០–៤៤, ៤៦–៥១ ) ។
ដោយស្ថិតនៅក្រោមទម្ងន់នេះ ព្រិកហាំ យ៉ង់ បានទូលអង្វរព្រះអម្ចាស់សូមការដឹកនាំ ហើយបានទទួលវិវិរណៈមួយស្ដីពី « បន្ទូល និងព្រះឆន្ទៈរបស់ព្រះអម្ចាស់ស្ដីពីជំរំនៃសាសន៍អ៊ីស្រាអែលនៅក្នុងការធ្វើដំណើររបស់ពួកគេទៅទិសខាងលិច » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១ ) ។ ពេលអ្នកសិក្សាផ្នែកខាងក្រោមនៃវិវរណៈនេះ សូមពិចារណាគូសចំណាំការណែនាំ និងសេចក្ដីសន្យារបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធ ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានផ្ដល់ការយល់ដឹងដ៏សំខាន់ពីការកំណត់ពេលវេលានៃវិវរណៈនេះដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦ ។ លោកបានមានប្រសាសន៍ថា
មូលដ្ឋានគ្រឹះចំពោះការខិតខំណាមួយដើម្បីទទួលបានវិវរណៈ គឺជាការតាំងចិត្តដើម្បីធ្វើឲ្យអស់ពីលទ្ធភាពរបស់យើងដោយប្រើការខិតខំ និងការវិនិច្ឆ័យរបស់យើងផ្ទាល់ ។ នេះមានន័យថា យើងចាំបាច់ត្រូវបម្រើ ហើយធ្វើកិច្ចការ ។
ការឈានទៅមុខជាមួយនឹងការបម្រើ និងកិច្ចការរបស់យើង គឺជារបៀបដ៏សំខាន់មួយដើម្បីមានគុណសម្បត្តិទទួលបានវិវរណៈ ។ នៅក្នុងការសិក្សាព្រះគម្ពីររបស់ខ្ញុំ ខ្ញុំបានកត់សម្គាល់ថា វិវរណៈដែលមានដល់បុត្រាបុត្រីព្រះ ភាគច្រើនបំផុត បានកើតមាននៅពេលពួកគេធ្វើកិច្ចការ មិនមែនពេលពួកគេកំពុងអង្គុយក្នុងលំនៅដ្ឋានរបស់ពួកគេ រង់ចាំឲ្យព្រះអម្ចាស់ប្រាប់ពួកគេពីជំហានទីមួយដែលត្រូវធ្វើនោះទេ ។
ឧទាហរណ៍ វាគឺជារឿងដ៏សំខាន់ដើម្បីកត់ចំណាំថា វិវរណៈដែលត្រូវបានគេស្គាល់ថាជា « បន្ទូល និងព្រះឆន្ទៈរបស់ព្រះអម្ចាស់ស្ដីពីជំរុំនៃសាសន៍អ៊ីស្រាអែល » ( គ.&ស. ១៣៦:១ ) ពុំត្រូវបានប្រទានឲ្យនៅទីក្រុងណៅវូ ពេលកូរ៉ុមនៃពួកដប់ពីរនាក់បានដាក់ផែនការធ្វើដំណើរចេញពីក្រុងណៅវូ …ឬត្រូវបានប្រទានឲ្យនៅមាត់ច្រាំងភាគខាងលិចនៃទន្លេមីស៊ីស៊ីពីនោះទេ ។… វិវរណៈដើម្បីដឹកនាំចលនានៃពួកបរិសុទ្ធឆ្លងកាត់ទីវាលនេះត្រូវបានប្រទានឲ្យនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៨៤៧ នៅពេលពួកបរិសុទ្ធបានចេញដំណើរប្រហែលជាមួយភាគបីទៅកាន់ជ្រលងភ្នំរួចទៅហើយ ។ ( ដាល្លិន អេក អូក « In His Own Time, in His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២២, ២៤ )
សូមធ្វើការពិចារណាមួយនាទីអំពីរបៀបដែលគំនិតខាងវិញ្ញាណមកពីប្រធាន អូក នេះឆ្លើយតបសំណួរ និងការសម្រេចចិត្តរបស់អ្នកផ្ទាល់ ដែលជះឥទ្ធិពលដល់អនាគតរបស់អ្នក ។
នៅដើមខែ មេសា ឆ្នាំ ១៨៤៧ ព្រិកហាំ យ៉ង់ បានចាកចេញពីវិនធើរ ខ្វលធើរ ជាមួយពួកបរិសុទ្ធក្រុមដំបូង ។ ពួកគេបានធ្វើដំណើរអស់ ១៦៦០ គីឡូម៉ែត្រ ក្នុងរយៈពេលបួនខែ ហើយបានមកដល់ជ្រលងភ្នំសលត៍ លេក នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ ។ វិលហ្វួឌ វូឌដ្រុព្វ បានកត់ត្រាថា នៅពេល ព្រិកហាំ យ៉ង់ បានឃើញជ្រលងភ្នំ « គាត់បានស្ថិតក្នុងការនិមិត្តអស់ជាច្រើននាទី ។… នៅពេលការនិមិត្តបានបញ្ចប់ទៅ នោះលោកបានមានប្រសាសន៍ថា ‹ វាគ្រប់គ្រាន់ហើយ ។ នេះជាកន្លែងត្រឹមត្រូវហើយ ។ បន្តមក » ( នៅក្នុង Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ១៤៦ ) ។ ត្រឹមខែ តុលា ពួកបរិសុទ្ធប្រហែលជា ១៧០០ នាក់បានបោះទីលំនៅក្នុងរដ្ឋយូថាហ៍ ។ ទោះជាយ៉ាងណាក្តី ពួកបរិសុទ្ធប្រហែលជា ១០,០០០ នាក់ទៀតនៅតែរស់នៅទន្លេមីស៊ីស៊ីពី ក្នុងរដ្ឋអាយអូវ៉ា និងនេបាស្កា ហើយនឹងធ្វើដំណើរទៅទិសខាងលិចក្នុងរយៈពេលប្រាំឆ្នាំ ( សូមមើល « Sustaining a New First Presidency in 1847 » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
អស់រយៈពេលជាងបីឆ្នាំ ពួកសាវកដប់ពីរនាក់បានដឹកនាំសាសនាចក្រនៅក្នុងអវត្តមាននៃគណៈប្រធានទីមួយ ។ នៅខែ ធ្នូ ឆ្នាំ ១៨៤៧ ពួកសាវកបានជួបនៅក្នុងខោនស៊ីល ប្លូហ្វ រដ្ឋអាយអូវ៉ា ជាកន្លែងដែលពួកបរិសុទ្ធជាច្រើនបានរស់នៅ ។ ពួកគេបានជួបជុំគ្នានៅក្នុងផ្ទះឈើតូចមួយដើម្បីពិភាក្សាពីការរៀបចំជាថ្មីនូវគណៈប្រធានទីមួយ ។ « ការបង្ហាញដ៏អស្ចារ្យមួយនៃព្រះវិញ្ញាណបរិសុទ្ធបានចាក់មកលើអស់អ្នកដែលមានវត្តមាននៅទីនោះ » ហើយពួកដប់ពីរនាក់បានឯកច្ឆន្ទគ្នាគាំទ្រព្រិកហាំ យ៉ង់ ធ្វើជាសាវកជាន់ខ្ពស់ ដែលជាប្រធាននៃសាសនាចក្រ ( Autobiography of Bathsheba W. Smith, ១២, Church History Library, Salt Lake City; spelling standardized; សូមមើលផងដែរ ពួកបរិសុទ្ធ ២:៨៧–៨៩, ៩២–៩៥ ) ។