ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១២ ៖ ការស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១២ ៖ ការស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១២ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១២

ការស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន

ក្រោយពី​បាន​ទទួល​បង្គាប់​ពី​ព្រះអម្ចាស់​ឲ្យ​ស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន​ហើយ ពួកបរិសុទ្ធ​សម័យ​ដើម​បាន​ចាប់ផ្ដើម​កសាង​កន្លែង​ប្រជុំ​គ្នា​មួយ​នៅ​ភូមិ​ចាកសុន រដ្ឋ​មិសសួរី ។ មេរៀន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​របៀប​នានា ដែល​ពួកគេ​អាច​ជួយ​កសាង​ក្រុង​ស៊ីយ៉ូន​នៅ​ជំនាន់​របស់​យើង ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​ត្រាស់​បង្គាប់​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ចំនួន​ដង​ដែល​ពួកគេ​បាន​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ទូល​សូម​ជំនួយ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ពួកគេ​ធ្វើ​ក្នុង​ជីវិត​របស់​ពួកគេ ។

សូម​ពន្យល់​ថា នៅ​រដូវ​ផ្ការីក​ឆ្នាំ ១៨២៩ គឺ​ពីមុន​សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​ជំនួស​ឲ្យ អូលីវើរ ខៅឌើរី, ហៃរុម ស្ម៊ីធ និង យ៉ូសែប ណៃត ។ បុរស​ទាំងនេះ​ម្នាក់ៗ​បាន​ប្រាថ្នា​ចង់​ដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​ធ្វើ ។ សូម​សរសេរ​គម្ពីរ​យោង​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៦; ១១:៦; ១២:៦ ។

សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​នេះ​ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​បុរស​ទាំងនេះ​ម្នាក់ៗ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដោយ​យ៉ូសែប ស៊្មីធ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ ឬ អ្នក​អាច​បង្ហាញ​វីដេអូ « Teachings of Joseph Smith: Preparing for Zion » )( ១:៤២ ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល យ៉ូសែប ស៊្មីធ​បាន​បង្រៀន​អំពី​ក្រុង​ស៊ីយ៉ូន ។

  • ហេតុអ្វី​អ្នក​គិត​ថា ក្រុង​ស៊ីយ៉ូន​គឺជា​បុព្វហេតុ​ដែល​បាន​ទាក់ទាញ​ចិត្ត​របស់​រាស្ដ្រ​នៃ​ព្រះ​ទាំងអស់ ? ( សូម​ឲ្យ​សិស្ស​នឹក​ដល់​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ក្នុង​ឯកសារ​រៀបចំ ) ។

សូម​សរសេរ​ឃ្លា​ពុំ​ពេញលេញ​ដូចតទៅ​នេះ នៅលើ​ក្ដារខៀន ៖ យើង​អាច​កសាង​ក្រុង​ស៊ីយ៉ូន​បាន​តាមរយៈ …

សូម​ពន្យល់​ថា នៅ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ក្នុង​ឆ្នាំ ១៨៣០ កាល​យ៉ូសែប ស៊្មីធ​បាន​ធ្វើការ​បកប្រែ​ដ៏​បំផុស​គំនិត​របស់​លោក​លើ​ព្រះគម្ពីរ​ប៊ីប លោក​បាន​ទទួល​វិវរណៈ​ជាច្រើន​អំពី​ព្យាការី​ពី​បុរាណ​ម្នាក់​ឈ្មោះ អេណុក និង​ប្រជាជន​របស់​លោក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសេ ៧:១៨–១៩, ២១ ហើយ​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២១ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ការពិពណ៌នា​របស់​ព្រះអម្ចាស់​អំពី​ក្រុង​ស៊ីយ៉ូន ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញ​ពី​ការពិពណ៌នា​របស់​ព្រះអម្ចាស់​អំពី​ក្រុង​ស៊ីយ៉ូន ដែល​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​កសាង​ក្រុង​ស៊ីយ៉ូន​នៅ​ជំនាន់​របស់​យើង ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន​នៅ​ក្រោម​ឃ្លា​ពុំ​ពេញលេញ​នោះ ។ ចម្លើយ​របស់​សិស្ស​នឹង​ខុស​ពី​គ្នា ប៉ុន្ដែ​អាច​រួមមាន​ឧទាហរណ៍​ដូច​តទៅ​នេះ ៖ យើង​អាច​កសាង​ក្រុង​ស៊ីយ៉ូន​បាន​តាមរយៈ​ការមាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ តាមរយៈ​ការរស់នៅ​ដោយ​សុចរិត តាមរយៈ​ការថែទាំ​ដល់​មនុស្ស​ក្រីក្រ និង​ទ័លច្រក ហើយ​តាមរយៈ​ការខិតខំ​មាន​ចិត្ត​បរិសុទ្ធ ) ។

  • តើ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​យ៉ាង​ណា​ទៅ នៅក្នុង​គ្រួសារ វួដ ឬ​សាខា​មួយ នៅពេល​គ្រប់គ្នា​មាន « ចិត្ត​តែមួយ និង​គំនិត​តែមួយ » នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​ឲ្យ​សិស្ស​រកមើល​របៀប​ដែល​យើង​អាច​មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ ។ ក្រោយពី​ពួកគេ​រាយការណ៍​ហើយ អ្នក​អាច​បន្ថែម ការដាក់​ព្រះអង្គ​សង្គ្រោះ​ជា​ស្នូល​នៃ​ជីវិត​យើង និង​ការធ្វើតាម​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ ទៅក្នុង​បញ្ជី​នៅលើ​ក្ដារខៀន​បាន ។

  • តើ​អ្នក​គិត​ថា ការដាក់​ព្រះអង្គ​សង្គ្រោះ​ជា​ស្នូល​នៃ​ជីវិត​យើង និង​ការធ្វើតាម​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​រាស្ដ្រ​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​របៀប​ណា ?

ពួកបរិសុទ្ធ​បាន​ប៉ុនប៉ង​កសាង​ក្រុង​ស៊ីយ៉ូន​នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ។

សូម​ពន្យល់​ថា ពួកបរិសុទ្ធ​បាន​រៀន​មកពី​ម៉ូសេ ៧ ថា ពីមុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​រាស្ដ្រ​របស់​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​គ្នា​ម្ដងទៀត ហើយ​នឹង​បង្កើត​ជា​ក្រុង​ស៊ីយ៉ូន​មួយ​ទៀត ( សូមមើល ម៉ូសេ ៧:៦២ ) ។ ពីរ​បី​ខែ​ក្រោយពី​ទទួល​បាន​វិវរណៈ​ដូច​បាន​កត់ត្រា​នៅក្នុង ម៉ូសេ ៧ ព្យាការី យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​មួយ​ទៀត​នៅអំឡុង​សន្និសីទ​សាសនាចក្រ​មួយ ដែល​បាន​បើក​សម្ដែង​ថែម​ទៀត​ទាក់ទង​ទៅនឹង​ក្រុង​ស៊ីយ៉ូន​នា​ពេល​អនាគត​នេះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ ) ។

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៦–៧១ រួមគ្នា ហើយ​រកមើល​ការពិពណ៌នា​អំពី​ក្រុង​ស៊ីយ៉ូន ។

  • តើ​អ្នក​ស្រមៃ​ឃើញ​ថា វិវរណៈ​នេះ​បាន​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​ពួកបរិសុទ្ធ​សម័យ​ដើម ?

សូម​រំឭក​សិស្ស​ថា ក្រោយមក​យ៉ូសែប ស៊្មីធ​បាន​ដឹង​តាមរយៈ​វិវរណៈ​ថា « កន្លែង​កណ្ដាល » សម្រាប់​ក្រុង​ស៊ីយ៉ូន​គឺ​ត្រូវ​នៅ អ៊ិនឌីប៉ែនដែនស៍ ស្រុក​ចាកសុន រដ្ឋ​មិសសួរី ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧:៣ ) ។

  • តើ​មាន​ឧបសគ្គ​អ្វីខ្លះ ដែល​បាន​រារាំង​ពួកបរិសុទ្ធ​ពី​ការកសាង​ក្រុង​ស៊ីយ៉ូន​នៅ​ស្រុក​ចាកសុន ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ផ្នែក​ទី ២នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ពួកបរិសុទ្ធ​អាច​បាន​សួរ​សំណួរ​អ្វីខ្លះ ក្រោយ​ពី​ពួកគេ​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ស្រុក​ចាកសុន ?

ក្រុង​ស៊ីយ៉ូន​អាច​ត្រូវ​បាន​ស្ថាបនា​ឡើង​តែ​នៅលើ​គោលការណ៍​នៃ​សេចក្ដីសុចរិត​ប៉ុណ្ណោះ ។

សូម​ពន្យល់​ថា ប៉ុន្មាន​ខែ​បន្ទាប់ពី​ការបណ្ដេញ​ពួកបរិសុទ្ធ​យ៉ាង​ហិង្សា​ចេញពី​ស្រុក​ចាកសុន​ដោយ​ពួកឧក្រិដ្ឋជន​រដ្ឋ​មិសសួរី នោះ​យ៉ូសែប ស៊្មីធ​បាន​ពិបាក​នឹង​ឆ្លើយ​សំណួរ​ថា « ហេតុអ្វី​ព្រះ​បាន​រងទុក្ខ​លំបាក​ដ៏​ធំ​ខ្លាំង​ម្ល៉េះ​ដើម្បី​មកកាន់​ក្រុង​ស៊ីយ៉ូន » និង​ថា « តាមរយៈ​មធ្យោបាយ​អ្វី​ដែល​ទ្រង់​នឹង​បញ្ជូន [ ក្រុង​ស៊ីយ៉ូន ] ត្រឡប់​មកកាន់​មរតក [ របស់​វា ] វិញ » ( « Letter to Edward Partridge and Others, 10 December 1833 » នៅលើ​គេហទំព័រ josephsmithpapers.org ) ។ នៅ​ទីបំផុត ព្រះអម្ចាស់​បាន​ប្រទាន​ការយល់ដឹង​ដល់​យ៉ូសែប​អំពី​មូលហេតុ ដែល​ពួកបរិសុទ្ធ​ត្រូវបាន​គេ​បៀតបៀន និង​បណ្ដេញ​ចេញ ។

សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:២–៣, ៦–៨ ហើយ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៣–៦ ដែល​ជា​វគ្គ​គម្ពីរ​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​សំណួរ​ខាងក្រោម​នេះ ដែល​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ពិចារណា ៖

  • តើ​មាន​អ្វី​ដែល​បាន​រារាំង​ពួកបរិសុទ្ធ​ពី​ការស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន​នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ?

  • តើ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​អស់​អ្នក​ដែល​នៅ​ថ្ងៃ​ចុងក្រោយ ដែល​មាន​បំណង​ប្រាថ្នា​ចង់​កសាង​ស៊ីយ៉ូន​ឲ្យ​មាន​សកម្មភាព និង​ឥរិយាបថ​អ្វី ? ( សូម​បន្ថែម​ចម្លើយ​របស់​សិស្ស​ទៅក្នុង​បញ្ជី​នៅលើ​ក្ដារខៀន ៖ យើង​អាច​កសាង​ក្រុង​ស៊ីយ៉ូន​បាន​តាមរយៈ … )

សូម​ពន្យល់​ថា ខណៈ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី​គឺជា « កន្លែង​កណ្ដាល » នៃ​ក្រុង​ស៊ីយ៉ូន ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧:៣ ) ក៏​ព្យាការី យ៉ូសែប ស៊្មីធ​បាន​បង្រៀន​ដែរ​ថា « កន្លែង​ណា​ក៏​ដោយ​ដែល​ពួកបរិសុទ្ធ​ប្រជុំគ្នា​គឺជា​ក្រុង​ស៊ីយ៉ូន » ( ការបង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦ ) ។ សព្វថ្ងៃនេះ ការណ៍​រួម​បញ្ចូល​ស្ដេក​ទាំងអស់​ក្នុង​សាសនាចក្រ​ទូទាំង​ពិភពលោក ។

សូម​បង្ហាញ​សម្ដី​សម្រង់​ដូច​តទៅ​នេះ​ដោយ យ៉ូសែប ស៊្មីធ ៖

« យើង​គួរ​តែមាន​ការបង្កើត​ក្រុង​ស៊ីយ៉ូន​ជា​គោលដៅ​ដ៏​ធំ​បំផុត​របស់​យើង » ( ការបង្រៀន ៖ យ៉ូសែប ស៊្មីធ ទំព័រ ១៨៦ ) ។

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ក្រុង​ស៊ីយ៉ូន តើ​អ្នក​គិត​ថា ការកសាង​ក្រុង​ស៊ីយ៉ូន​គួរតែ​គោលដៅ​ដ៏​ធំ​បំផុត​របស់​យើង​មួយ ?

សូម​ទុក​ពេល​ឲ្យ​សិស្ស​រំឭក​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​សម័យ​ដើម និង​វិវរណៈ​អំពី​ការកសាង​ក្រុង​ស៊ីយ៉ូន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​នា​ពេលនេះ ដើម្បី​ជួយ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​នៅក្នុង​គេហដ្ឋាន វួដ និង​សាខា​របស់​ពួកគេ ។ អ្នក​អាច​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​កត់ត្រា​គំនិត និង​ការបំផុស​គំនិត​នានា​ដែល​ពួកគេ​ទទួល​បាន ។ អ្នក​ក៏​អាច​សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ផងដែរ ។ សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន​ពេក​នោះទេ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​ថា ដើម្បី​ជួយ​ពួកបរិសុទ្ធ​របស់​ទ្រង់​ឲ្យ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ព្រះអម្ចាស់​បាន​បើក​សម្ដែង​ក្រិត្យវិន័យ​នៃ​ការថ្វាយ សីលធម៌ សុខភាព និង​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ចំណោម​ច្បាប់​ផ្សេងៗ​ទៀត ។ សូម​គូស​បញ្ជាក់​ថា សិស្ស​នឹង​មាន​ឱកាស​សិក្សា​ពី​ប្រធានបទ​ទាំងនេះ​មួយ ឬ​ច្រើន កាល​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​ក្រោយ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មកកាន់​ថ្នាក់រៀន​លើក​ក្រោយ ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អ្វីមួយ​ពិសេស ដែល​ពួកគេ​បាន​រកឃើញ​អំពី​ច្បាប់​ទាំងនេះ​មួយ ឬ​ច្រើន ។