« ឯកសារគ្រូបង្រៀនមេរៀនទី ១៤ ៖ ព្រះអម្ចាស់បើកសម្ដែងបទគម្ពីរបន្ថែមទៀត » ឯកសារគ្រូបង្រៀនស្ដីពីមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសារគ្រូបង្រៀនមេរៀនទី ១៤ » ឯកសារគ្រូបង្រៀនស្ដីពីមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសារគ្រូបង្រៀនមេរៀនទី ១៤
ព្រះអម្ចាស់បើកសម្ដែងបទគម្ពីរបន្ថែមទៀត
ដូចជានៅក្នុងគ្រាកាន់កាប់ត្រួតត្រាមុនៗដែរ ព្រះអម្ចាស់បន្តបើកសម្ដែងបទគម្ពីរបន្ថែមទៀតតាមរយៈពួកព្យាការីរបស់ទ្រង់ដែលនៅរស់ ។ មេរៀននេះផ្ដល់ឱកាសមួយឲ្យសិស្សចែកចាយពីរបៀបដែលបទគម្ពីរនៅថ្ងៃចុងក្រោយស្ដារឡើងវិញ ហើយជួយបញ្ជាក់សេចក្ដីពិតនៃដំណឹងល្អ ។ សិស្សក៏គួតែរៀបចំខ្លួនដើម្បីលើកឡើងនូវសំណួរទាំងឡាយដែលទាក់ទងនឹងគម្ពីរអ័ប្រាហាំ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់បានបើកសម្ដែងបទគម្ពីរបន្ថែមទៀតតាមរយៈព្យាការី យ៉ូសែប ស្ម៉ីធ ។
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា មានមិត្តម្នាក់បានសួរសំណួរដោយស្មោះថា « ហេតុអ្វីព្រះវិហាររបស់អ្នកមានបទគម្ពីរច្រើនលើសពីព្រះគម្ពីរប៊ីប ? ខ្ញុំបានគិតថា ព្រះគម្ពីរប៊ីបមាននូវរាល់បន្ទូលរបស់ព្រះ » ។ សូមឲ្យសិស្សលើកដៃឡើង ប្រសិនបើពួកគេធ្លាប់បានគេសួរនូវសំណួរបែបនេះ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយពីរបៀបដែលពួកគេបានឆ្លើយ( ឬរបៀបដែលពួកគេនឹងឆ្លើយ ) ។
សូមពន្យល់ថា ព្រះគម្ពីរមរមនមាននូវកំណត់ត្រាមួយដែលសរសេរឡើងដោយនីហ្វៃស្ដីពីការនិមិត្តមួយ ដែលលោកបានឃើញបន្ទូលក្នុងព្រះគម្ពីរប៊ីបចេញទៅកាន់ពិភពលោក ។ លោកក៏បានឃើញដែរនូវផ្នែក « ដ៏ច្បាស់ » និង« ពិសេសៗ »( សូមមើល នីហ្វៃទី១ ១៣:២៦ ) ជាច្រើននៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះត្រូវបានដកចេញពី ព្រះគម្ពីរប៊ីប ( សូមមើល នីហ្វៃទី១ ១៣:២៤–២៦ ) ។
សូមអាន នីហ្វៃទី១ ១៣:៣៨–៤១ រួមគ្នាក្នុងថ្នាក់រកមើលថា តើនីហ្វៃបានឃើញកំណត់ត្រាអ្វីខ្លះដែលនឹងមានសម្រាប់មនុស្សនៅថ្ងៃចុងក្រោយ ។ អ្នកអាចឈប់អានបន្ដិចបន្ទាប់ពីខគម្ពីរនីមួយៗ ហើយឲ្យសិស្សពន្យល់ថាតើនីហ្វៃកំពុងសំដៅទៅលើកំណត់ត្រាអ្វី ។ ឧទាហរណ៍ ពាក្យថា « គម្ពីរផ្សេងទៀត »ដែលបានលើកឡើងនៅក្នុងខទី ៣៩រួមមាន ព្រះគម្ពីរមរមន គោលលទ្ធិ និង សេចក្តីសញ្ញា មុក្តាដ៏មានតម្លៃមហិមា និងការបកប្រែដោយយ៉ូសែប ស្ម៊ីធអំពីព្រះគម្ពីរប៊ីប ។
-
យោងតាម ខទី ៤០ និង៤១ តើការបើកសម្ដែងបទគម្ពីរបន្ថែមទាំងនេះតាមរយៈយ៉ូសែប ស្ម៊ីធគឺមានគោលបំណងអ្វីខ្លះ ? ( ដោយប្រើចម្លើយរបស់សិស្ស សូមកំណត់ពីសេចក្ដីពិតមួយដូចតទៅនេះ ៖តាមរយៈយ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានបើកសម្ដែងបទគម្ពីរបន្ថែមទៀតដែលបញ្ជាក់សេចក្ដីពិតនៃព្រះគម្ពីរប៊ីប ស្ដារសេចក្ដីពិតដ៏ច្បាស់ និងពិសេសៗឡើងវិញ ហើយជួយនាំមនុស្សឲ្យបែមករកព្រះយេស៊ូវគ្រីស្ទ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅពីសេចក្តីពិតនេះ សូមពិចារណាប្រើយោបល់សម្រាប់ការបង្រៀនមួយចំនួនដូចតទៅនេះដើម្បីជួយសិស្សឲ្យចែកចាយ និងពិភាក្សា ។
គោលលទ្ធិ និង សេចក្តីសញ្ញា
សូមរំឭកដល់សិស្សថា នៅឯការប្រជុំមួយក្នុងឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និងពួកអែលឌើរមួយចំនួនបានសម្រេចចិត្តបោះពុម្ពវិវរណៈដែលបានទទួលរហូតមកដល់ពេលនោះ ។ អំឡុងការប្រជុំនោះ ព្រះអម្ចាស់បានបើកសម្ដែងពីអារម្ភកថារបស់ទ្រង់ផ្ទាល់ចំពោះគម្ពីរនៃបទបញ្ញត្តិទាំងឡាយ( ឥឡូវនេះហៅថា គោលលទ្ធិ និង សេចក្តីសញ្ញា )តាមរយៈយ៉ូសែប ស្ម៊ីធ ។ អារម្ភកថានេះគឺជា គោលលទ្ធិ និង សេចក្ដីសញ្ញា ១ ។
សូមឲ្យសិស្សមានពេលមួយនាទីដើម្បីមើលឡើងវិញគោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧, ២១–២៣, ៣៧ នៃឯកសាររៀបចំ ។ សូមឲ្យពួកគេរកមើលអ្វី ដែលព្រះអម្ចាស់បានបង្រៀនអំពីវិវរណៈទាំងនោះ( ដែលបានលើកឡើងថាជា« បទបញ្ញត្តិ »នៅក្នុងអត្ថបទនោះ ) ។ សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។
នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំខ្លួន សិស្សត្រូវបានសុំឲ្យរកវគ្គបទគម្ពីរមួយនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាដែលបានពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមទុកពេលឲ្យសិស្សចែកចាយបទគម្ពីររបស់ពួកគេជាមួយនឹងគ្នា ។ អ្នកអាចធ្វើសកម្មភាពនេះជាក្រុមតូចៗ ឬជាថ្នាក់ទាំងមូល ។ ពួកគេក៏អាចចែកចាយចម្លើយរបស់ពួកគេនឹងគ្នាចំពោះសំណួរដូចតទៅនេះផងដែរ ៖
-
តើបទគម្ពីរទាំងនេះបញ្ជាក់ពីសេចក្ដីពិតនៃព្រះគម្ពីរប៊ីប ការស្ដារសេចក្ដីពិតដ៏ច្បាស់ ហើយពិសេសៗឡើងវិញ ឬនាំយើងឲ្យខិតជិតព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
ការបកប្រែដោយ យ៉ូសែប ស៊្មីធនៃព្រះគម្ពីរប៊ីប និង គម្ពីរមុក្ដាដ៏មានតម្លៃមហិមា
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍របស់យ៉ូសែប ស្ម៊ីធអំពីព្រះគម្ពីរប៊ីបដែលមាននៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។ សូមពន្យល់ថា តាមរយៈការបកប្រែដោយយ៉ូសែប ស្ម៊ីធនៃព្រះគម្ពីរប៊ីប ព្រះអម្ចាស់បានស្ដារឡើងវិញនូវសេចក្ដីពិតដ៏ច្បាស់ ហើយពិសេសៗជាច្រើនដែលបានបាត់បង់ទៅ ។
ជាផ្នែកមួយនៃការរៀបចំខ្លួនរបស់ពួកគេ សិស្សបានសិក្សានូវសេចក្ដីពន្យល់ថាតើអ្វីទៅជាការបកប្រែដោយយ៉ូសែប ស្ម៊ីធ និង មុក្តាដ៏មានតម្លៃមហិមា ។ សូមឲ្យសិស្សពីរបីនាក់ធ្វើការសង្ខេបនូវអ្វីដែលពួកគេបានរៀនអំពីគម្ពីរនីមួយៗ ។
ប្រសិនបើចាំបាច់ សូមរំឭកដល់សិស្សថា ផ្នែកខ្លះនៃការបកប្រែដោយយ៉ូសែប ស្ម៊ីធត្រូវបានដាក់បញ្ចូលនៅក្នុងមុក្ដាដ៏មានតម្លៃមហិមាជាគម្ពីរម៉ូសេ និងយ៉ូសែប ស្ម៊ីធ—ម៉ាថាយ ។ ការកែតម្រូវដ៏បំផុសគំនិតផ្សេងទៀតអាចមាននៅក្នុងលេខយោង និងសេចក្ដីបន្ថែមនៃកំណែមួយចំនួននៃព្រះគម្ពីរប៊ីបនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងនៅលើគេហទំព័រscriptures.ChurchofJesusChrist.org ។ សូមពិចារណាសុំឲ្យសិស្សបើកធនធានណាមួយដែលពួកគេមានដើម្បីប្រាកដថា ពួកគេស្គាល់ពីរបៀបចូលទៅប្រើបទគម្ពីរទាំងនេះ ។
សូមដាក់បង្ហាញពីបញ្ជីនៃវគ្គបទគម្ពីរមកពីគម្ពីរម៉ូសេ និងអ័ប្រាហាំ និងការបកប្រែដោយយ៉ូសែប ស្ម៊ីធដែលមាននៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។ សូមឲ្យសិស្សធ្វើការរំឭកឡើងវិញនូវវគ្គបទគម្ពីរដោយសង្ខេបដែលពួកគេបានជ្រើសរើសដោយខ្លួនឯង ឬចេញមកពីបញ្ជី ។
បន្ទាប់ពីអ្នកទុកពេលមួយនាទីឲ្យពួកគេរំឭករួចហើយ សូមអញ្ជើញសិស្សឲ្យចែកចាយនឹងដៃគូណាម្នាក់អំពីសេចក្ដីពិតដ៏ច្បាស់ ហើយពិសេសៗដែលបទគម្ពីរទាំងនេះបង្រៀន ឬរបៀបដែលពួកគេធ្វើឲ្យចំណេះដឹងរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែស៊ីជម្រៅ ។ អ្នកក៏អាចចែកចាយទីបន្ទាល់របស់អ្នកអំពីបទគម្ពីរនៅថ្ងៃចុងក្រោយ និងឥទ្ធិពលរបស់វាដែលមាននៅក្នុងជីវិតរបស់អ្នកជាមួយនឹងសិស្សផងដែរ ។
យើងអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅ ពេលដែលយើងលើកឡើងនូវសំណួរអំពីការបកប្រែនៃព្រះគម្ពីរអ័ប្រាហាំ ។
សូមដាក់បង្ហាញរូបភាពដូចតទៅនេះ ហើយពន្យល់ថា វាគឺជាផ្នែកមួយនៃក្រដាសបបុសរបស់សាសន៍អេស៊ីព្ទដែលយ៉ូសែប ស៊្មីធ ធ្លាប់មាន ។
សូមអញ្ជើញសិស្សឲ្យពន្យល់ពីអ្វីដែលពួកគេដឹងអំពីវត្ថុដែលមាន និងប្រវត្តិនៃឯកសារប្របុសនេះ( ផ្នែកទី ៣ និង៤ នៃឯកសាររៀបចំ ) ។
-
តើមានសំណួរអ្វីខ្លះបានត្រូវបានលើកឡើងដោយសារតែការសិក្សាផ្នែកនៃឯកសារប្របុសដែលមាន ? ( សូមអញ្ជើញសិស្សឲ្យរំឭកពីអ្វីដែលពួកគេបានរៀនមកពីផ្នែកទី ៤ នៃឯកសាររៀបចំ ) ។
-
តើអ្នកនឹងចែកចាយអ្វីខ្លះជាមួយនឹងមនុស្សម្នាក់ដែលមានកង្វល់ជាទូទៅអំពីការបកប្រែនៃគម្ពីរអ័ប្រាហាំ ?
ពេលសិស្សឆ្លើយសំណួរទាំងនោះ អ្នកអាចប្រើសំណួរតាមដានមួយ ឬច្រើនខាងក្រោមដើម្បីបន្តការពិភាក្សានោះ ។ ជាផ្នែកមួយនៃការពិភាក្សា សូមទុកពេលឲ្យសិស្សពិចារណាពីអ្វីដែលពួកគេបានអាននៅក្នុងឯកសាររៀបចំ ហើយសួរសំណួរនានាដែលពួកគេមានអំពីគម្ពីរអ័ប្រាហាំ ។
-
តើអ្នកធ្វើអ្វីខ្លះ ពេលអ្នកពុំអាចស្វែងរកចម្លើយជាក់លាក់ចំពោះសំណួរអំពីដំណឹងល្អ ដូចជាសំណួរអំពីគម្ពីរអ័ប្រាហាំ ?
-
តើមានភស្តុតាងមួយចំនួនណាខ្លះដែលបានបង្ហាញចាប់តាំងពីការបោះពុម្ពនៃគម្ពីរអ័ប្រាហាំមក ដែលគាំទ្រភាពដើមរបស់វា ? ( សូមមើល« គម្ពីរអ័ប្រាហាំ និងសម័យបុរាណ »នៅក្នុងផ្នែកទី ៤ នៃឯកសាររៀបចំ ) ។
-
តើអ្នកនឹងណែនាំអ្វីខ្លះដល់មនុស្សម្នាក់តាមវិធីមួយដែលអាចទុកចិត្តបាន ដើម្បីកំណត់ពីសេចក្ដីពិតដ៏ពេញលេញនៃគម្ពីរអ័ប្រាហាំ ? ហេតុអ្វី ?
សូមបញ្ចប់ដោយទុកពេលឲ្យសិស្សចែកចាយវគ្គបទគម្ពីរដែលពួកគេចូលចិត្តមកពីគម្ពីរអ័ប្រាហាំ និងថ្លែងទីបន្ទាល់ពីគម្ពីរនោះ និងពីបទគម្ពីរផ្សេងទៀតនៃការស្ដារឡើងវិញ ។
សម្រាប់ពេលក្រោយ
សូមឲ្យសិស្សពិចារណាពីរបៀបដែលពួកគេតែងតែគិតពីខ្លួនឯង ។ សូមអញ្ជើញពួកគេពិចារណាពីឥទ្ធិពលដ៏មានសក្ដានុពលរបស់ពួកគេនៅក្នុងជីវិតនេះ និងនៅក្នុងពេលដ៏អស់កល្បជានិច្ចផងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យមកកាន់ថ្នាក់លើកក្រោយដោយរៀបចំខ្លួនដើម្បីពិភាក្សាពីសេចក្ដីពិតដែលបានស្ដារឡើងវិញអំពីផែនការរបស់ព្រះសម្រាប់ពួកគេ និងអនាគតរបស់ពួកគេ ។