« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៦ ៖ ព្រះវិហារបរិសុទ្ធខឺតឡង់ និង កូនសោបព្វជិតភាព » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៦ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៦
ព្រះវិហារបរិសុទ្ធខឺតឡង់ និង កូនសោបព្វជិតភាព
បទបញ្ញត្តិរបស់ព្រះឲ្យសង់« គេហដ្ឋាននៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ ) គឺជាផ្នែកដ៏សំខាន់នៃការស្ដារឡើងវិញនៃដំណឹងល្អ ។ សមាជិកនៃសាសនាចក្រជំនាន់មុនបានស្ម័គ្រចិត្តដើម្បីថ្វាយអ្វីៗទាំងអស់ដែលពួកគេមានដើម្បីទទួលបានពរជ័យដែលបានសន្យានៃការ « បានទទួលព្រះចេស្ដាមកពីស្ថានលើ »( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣២ ) ។ នៅពេលបងប្អូនសិក្សា សូមរកមើលពរជ័យដែលកើតចេញពីឆន្ទៈនៃការលះបង់របស់ពួកបរិសុទ្ធដើម្បីសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ។
ផ្នែកទី ១
តើខ្ញុំអាចរៀនអ្វីខ្លះ មកពីការលះបង់របស់ពួកបរិសុទ្ធជំនាន់មុនដើម្បីសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ?
នៅក្នុងវិវរណៈមួយដែលបានទទួលនៅថ្ងៃទី ២៧ និង ២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានបង្គាប់ពួកបរិសុទ្ធឲ្យសង់ព្រះវិហារបរិសុទ្ធមួយនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។
ដោយសំដៅទៅលើបទបញ្ញត្តិនេះ ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរថា « នេះគឺជាបន្ទូលរបស់ព្រះអម្ចាស់មកកាន់យើង ហើយយើងត្រូវតែ មែនហើយ ព្រះអម្ចាស់នឹងជួយយើង យើងនឹងគោរពប្រតិបត្តិស្របតាមលក្ខខណ្ឌនៃការគោរពប្រតិបត្តិរបស់យើង ដែលទ្រង់បានសន្យានូវរឿងដ៏អស្ចារ្យដល់យើង មែនហើយ ថែមទាំងបានយាងមកពីស្ថានសួគ៌ដើម្បីផ្ដល់កិត្តិយសដល់យើងជាមួយនឹងវត្តមានរបស់ទ្រង់ផ្ទាល់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤១៥ ) ។
អេលីហ្សា អ័រ ស្នូ ដែលបានរស់នៅទីក្រុងខឺត ឡង់នៅ ពេលដែលព្រះវិហារបរិសុទ្ធកំពុងសាងសង់ បានរំឭកថា
ពួកបរិសុទ្ធមានគ្នាតិចតួច ហើយពួកគេភាគច្រើនជាជនក្រីក្រ ប្រសិនបើពុំមែនដោយសារការអះអាងថាព្រះមានបន្ទូល ហើយបានបង្គាប់ថា ដំណាក់មួយគួរតែត្រូវបានសាងសង់ឡើងដើម្បីថ្វាយព្រះនាមរបស់ទ្រង់នោះទេ…ការប៉ុនប៉ងដើម្បីសាងសង់ព្រះវិហារបរិសុទ្ធនោះ នៅក្នុងកាលៈទេសៈបែបនោះ ដោយមានការខ្វល់ខ្វាយជាច្រើន នឹងត្រូវបានចាត់ទុកថាជារឿងមិនសមហេតុផល ។…
ដោយមានធនធានតិចតួច លើកលែងតែខួរក្បាល ឆ្អឹង និងសរសៃ រួមផ្សំនឹងការទុកចិត្តដ៏ឥតងាករេទៅលើព្រះ នោះបុរស ស្ត្រី ព្រមទាំងកុមារ បានធ្វើការអស់ពីកំលាំងពលំរបស់ពួកគេ … កម្លាំងរបស់ពួកគេត្រូវបានជំរុញដោយការចូលរួមនៅក្នុងពរជ័យនៃដំណាក់មួយដែលបានសាងសង់ឡើងក្រោមការដឹកនាំពីស្ថានសួគ៌ ហើយបានទទួលយកដោយទ្រង់ ។ ( នៅក្នុង Eliza R. Snow, an Immortal [ ឆ្នាំ ១៩៧៥ ] ទំព័រ ៥៤, ៥៧ )
ឧបសគ្គមួយទៀតក៏បានពន្យឺតដំណើរការនៃការសាងសង់ព្រះវិហារបរិសុទ្ធដែរ ៖
នៅរដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ ១៨៣៤ គឺជាគ្រាដ៏លំបាកសម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធ ដោយសារបុរសទាំងអស់នៅក្នុងសហគមន៍បានចេញទៅជាមួយនឹងយ៉ូសែប ស្ម៊ីធទៅកាន់រដ្ឋមិសសួរីនៅក្នុងជំរំនៃអ៊ីស្រាអែល … ដោយសារបុរសៗបានចេញទៅអស់ នោះស្ត្រីទៃងឡាយបានបន្តធ្វើកិច្ចការទាំងនោះ ។ ស្ត្រីខ្លះលាយថ្មកំបោរ ខ្លះទៀតបានបររទេះដឹកថ្ម ហើយនៅមានខ្លះទៀតបានដេរ ត្បាញ ហើយចាក់សម្លៀកបំពាក់ឲ្យពួកកម្មករ ។ ( Lisa Olsen Tait and Brent Rogers « A House for Our God » Revelations in Context [ ឆ្នាំ ២០១៦ ] ទំព័រ ១៧០ )
ដើម្បីជួយពួកបរិសុទ្ធនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីសង់ព្រះវិហារបរិសុទ្ធ នោះព្រះអម្ចាស់បានបើកសម្ដែងដល់ « យ៉ូសែប ស៊្មីធ និងទីប្រឹក្សារបស់លោកនៅក្នុងគណៈប្រធានទីមួយនូវការនិមិត្តដ៏អស្ចារ្យមួយ ដែលក្នុងនោះពួកលោកបានឃើញផែនការលម្អិតសម្រាប់ព្រះវិហារបរិសុទ្ធនោះ ។ ហ្វ្រែឌើរិក ជី វិលលាម្ស ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ ក្រោយមកបានរំឭកថា
យ៉ូសែប [ ស៊្មីធ ] បានទទួលបន្ទូលរបស់ព្រះអម្ចាស់ ឲ្យលោកនាំយកទីប្រឹក្សាទាំងពីររបស់លោក គឺ [ ហ្វ្រែឌើរិក ជី ] វិលលាម្ស និង[ ស៊ិឌនី ] រិកដុន មកចំពោះមុខព្រះអម្ចាស់ ហើយទ្រង់នឹងបង្ហាញពួកលោកពីផែនការ ឬគំរូនៃដំណាក់ដែលត្រូវសាងសង់ ។ យើងបានលុតជង្គង់ចុះ អំពាវនាវទៅដល់ព្រះអម្ចាស់ ហើយអគារនោះបានលេចឡើងនៅពីមុខយើង ខ្ញុំបានឃើញវាមុនគេ ។ បន្ទាប់មក យើងទាំងអស់គ្នាក៏បានមើលវារួមគ្នា ។ បន្ទាប់ពីយើងបានមើលយ៉ាងយកចិត្តទុកដាក់នៅផ្នែកខាងក្រៅ អគារនោះហាក់ដូចជានៅចំពីលើយើង ។ ( Teachings: Joseph Fielding Smith ទំព័រ ២៧១ )
បុរសម្នាក់ដែលបានលះបង់យ៉ាងច្រើនដើម្បីសង់ព្រះវិហារបរិសុទ្ធខឺតឡង់គឺជាអ្នកប្រែចិត្តជឿថ្មីម្នាក់ឈ្មោះ ចន ធេនណើរ ៖
[ ចន ] « បានទទួលការបំផុសគំនិតមួយតាមរយៈសុបិន ឬការនិមិត្តមួយនៅពេលយប់ថា លោក … ត្រូវទៅសាសនាចក្រភ្លាមៗ » នៅខឺតឡង់ ។ លោកបានដាក់បញ្ចាំទ្រព្យធនរបស់លោក—ដូចជា កសិដ្ឋានមួយចំនួន សណ្ឋាគារមួយ និងចម្ការដំណាំ—បានដឹកគ្រួសារជាច្រើននាក់ និងអ្នកជិតខាងមួយចំនួននៅក្នុងរទេះនៅព្រឹកថ្ងៃបុណ្យគ្រីស្ទម៉ាស់ ហើយបានឆ្លងកាត់ចម្ងាយផ្លូវជាងប្រាំបីរយគីឡូម៉ែត្រដើម្បីទៅដល់ទីក្រុងខឺតឡង់នៅថ្ងៃ អាទិត្យ ខែ មករា ឆ្នាំ ១៨៣៥ ។
គាត់ត្រូវបានគេត្រូវការជាចាំបាច់ ។ ការឲ្យខ្ចីប្រាក់ទិញបរិវេណព្រះវិហារបរិសុទ្ធដល់ថ្ងៃកំណត់ត្រូវបង់ប្រាក់ ហើយយោងតាមដំណើររឿងមួយចំនួន ព្យាការី យ៉ូសែប ស្ម៊ីធ ដ៏ក្រីក្រ និងបងប្អូនប្រុសមួយចំនួនបានអធិស្ឋានសូមជំនួយ ។
ចន ធេនណើរ ពុំបានស្ទាក់ស្ទើរឡើយ ។ លោកបានឲ្យព្យាការីខ្ចីប្រាក់ពីរពាន់ដុល្លារ ហើយលោកបានកត់ត្រាទុក បានឲ្យគណៈកម្មាការព្រះវិហារបរិសុទ្ធខ្ចីប្រាក់មួយម៉ឺនបីពាន់ដុល្លារ បានចុះហត្ថលេខាលើការកត់ចំណាំមួយសម្រាប់ទឹកប្រាក់មួយម៉ឺនបីពាន់ដុល្លារជាមួយនឹងព្យាការី ព្រមទាំងជាមួយមនុស្សដទៃទៀតសម្រាប់សម្ភារដែលបានទិញនៅទីក្រុងនូវយ៉ោក ហើយបានធ្វើ « ការបរិច្ចាគដោយស្មោះ » សម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធ ។ ( Leonard J. Arrington « The John Tanner Family » Ensign ខែ មីនា ឆ្នាំ ១៩៧៩ ទំព័រ ៤៦ ) ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានពន្យល់ពី ហេតុផលដែលពួកបរិសុទ្ធថ្ងៃចុងក្រោយមានឆន្ទៈលះបង់ដើម្បីសង់ព្រះវិហារបរិសុទ្ធ ហើយថ្វាយបង្គំព្រះអម្ចាស់នៅក្នុងអគារដ៏បរិសុទ្ធទាំងនេះ ៖
កម្រិតនៃការពលិកម្មមួយចំនួនមានជាប់ទាក់ទងនឹងការសាងសង់ព្រះវិហារបរិសុទ្ធ និង ការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ មានមនុស្សជាច្រើនបានខិតខំធ្វើការ ហើយបានជួបឧបសគ្គក្នុងការទទួលបានពរជ័យទាំងឡាយដែលមាននៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ។
ហេតុអ្វីបានជាមានមនុស្សជាច្រើន ស្ម័គ្រចិត្តដើម្បីលះបង់យ៉ាងច្រើន ដើម្បីទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ? អ្នកទាំងអស់ណាដែលយល់អំពីពរជ័យដ៏នៅអស់់កល្បជានិច្ច ដែលកើតចេញពីព្រះវិហារបរិសុទ្ធដឹងថា គ្មានការលះបង់ណាមួយដែលធំពេក គ្មានតម្លៃណាមួយដែលធ្ងន់ធ្ងរពេក គ្មានបញ្ហាណាមួយដែលលំបាកពេកដើម្បីទទួលបានពរជ័យទាំងនោះឡើយ ។ ( ថូម៉ាស អេស ម៉នសុន « The Holy Temple—a Beacon to the WorldEnsignឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ) ។
ផ្នែកទី ២
តើកូនសោបព្វជិតភាពដែលបានប្រគល់ឲ្យដោយសារទូតសួគ៌ានៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់អាចផ្ដល់ពរជ័យដល់ជីវិតខ្ញុំនៅសព្វថ្ងៃនេះតាមរបៀបណា ?
ព្រះបានប្រទានរង្វាន់ដល់ការលះបង់របស់ពួកបរិសុទ្ធក្នុងការសង់ព្រះវិហារបរិសុទ្ធខឺតឡង់ជាមួយនឹងការចាក់ស្រោចនៃការបើកបង្ហាញខាងវិញ្ញាណនៅប៉ុន្មានថ្ងៃមុន និងក្រោយការឧទ្ទិសឆ្លង ( សូមមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ២៣២–៣៥, ២៣៧–៣៩ ) ។
ពួកបរិសុទ្ធជាច្រើនបានថ្លែងទីបន្ទាល់ថា អង្គពីស្ថានសួគ៌បានមានវត្តមាននៅក្នុងពេលធ្វើកម្មវិធីឧទ្ទិសឆ្លងនោះ ។
អេលីហ្សា អ័រ ស្នូ បានថ្លែងថា « ពិធីឧទ្ទិសឆ្លងនោះអាចមានការហាត់សម ប៉ុន្តែគ្មានភាសាណាមួយនៅក្នុងលោកនេះដែលអាចរៀបរាប់ពីការបើកបង្ហាញសួគ៌ានៅថ្ងៃដ៏គួរឲ្យចងចាំនោះបានឡើយ ។ ពួកទេវតាបានបង្ហាញខ្លួនដល់មនុស្សមួយចំនួន ខណៈដែលអារម្មណ៍នៃវត្តមានរបស់ព្រះត្រូវបានដឹងដោយមនុស្សទាំងអស់ដែលមានវត្តមាន ហើយដួងចិត្តនីមួយៗត្រូវបានពេញដោយ ‹ សេចក្ដីអំណរដ៏ប្រសើរដែលរកថ្លែងមិនបាន › » [ សូមមើល ពេត្រុសទី ១ ១:៨ ] ។
នៅល្ងាចនោះ ពេលព្យាការីបានប្រមូលផ្ដុំជាមួយនឹងពួកអ្នកកាន់បព្វជិតភាពប្រមាណជា ៤០០ នាក់នៅក្នុងព្រះវិហារបរិសុទ្ធ « មានសំឡេងមួយត្រូវបានគេស្ដាប់ឮប្រៀបបាននឹងសំឡេងខ្យល់មួយដ៏ខ្លាំង ពេញព្រះវិហារបរិសុទ្ធ ហើយក្រុមជំនុំបានក្រោកឈរឡើងដំណាលៗគ្នា មានការរំជួលចិត្តដោយព្រះចេស្ដាដែលមើលមិនឃើញ » ។ យោងតាមព្យាការី « មនុស្សជាច្រើនបានចាប់ផ្ដើមនិយាយជាភាសា និងការព្យាករ ខ្លះទៀតបានឃើញការនិមិត្តដ៏រុងរឿង ហើយខ្ញុំបានឃើញព្រះវិហារបរិសុទ្ធពេញទៅដោយពួកទេវតា ដែលជាការពិតដែលខ្ញុំបានប្រកាសដល់ក្រុមជំនុំ » ( Teachings: Joseph Smith ទំព័រ ៣០៧–៨ ) ។
ការបើកបង្ហាញខាងវិញ្ញាណដ៏អស្ចារ្យបំផុតបានកើតឡើងនៅថ្ងៃ អាទិត្យ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦នៃបុណ្យអីស្ទើរ គឺមួយសប្ដាហ៍ក្រោយពីព្រះវិហារបរិសុទ្ធនោះត្រូវបានឧទ្ទិសឆ្លង ។ ខណៈពេលដែលពួកលោកកំពុងអធិស្ឋាននៅក្នុងព្រះវិហារបរិសុទ្ធ ការនិមិត្តមួយបានបើកឡើងដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ហើយព្រះអម្ចាស់យេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយទ្រង់ ។ ទ្រង់បានប្រកាសថា ទ្រង់បានទទួលយកព្រះវិហារបរិសុទ្ធនោះ ហើយបានសន្យាថានឹងចាក់ស្រោចពរជ័យទៅដល់ពួកបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១–១០ ) ។
បន្ទាប់ពីការយាងមកជួបនោះ មាននូវការលេចមកនូវសារទូតសួគ៌ាដែលបានប្រគល់កូនសោបព្វជិតភាពដែលចាំបាច់ដើម្បីសម្រេចកិច្ចការរបស់ព្រះនៅថ្ងៃចុងក្រោយ ។ បងប្អូនអាចគូសចំណាំវគ្គដូចតទៅនេះអំពីសារទូតដែលបានបង្ហាញខ្លួនដល់យ៉ូសែប និង អូលីវើរ និងកូនសោដែលពួកលោកបានប្រគល់ទៅក្នុងដៃរបស់ថ្នាក់ដឹកនាំក្នុងសាសនាចក្រ ៖
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ថា ៖
ម៉ូសេបានកាន់កូនសោនៃការប្រមូលផ្ដុំអ៊ីស្រាអែល ។ លោកបានដឹកនាំសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទចូលទៅក្នុងដែនដីកាណាន ។ វាគឺជាការណាត់ជួបរបស់លោកនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះដើម្បីមក ហើយស្ដារកូនសោទាំងនោះសម្រាប់ការប្រមូលផ្តុំនៅសម័យទំនើប ។ ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Church History and Modern Revelation [ ឆ្នាំ ១៩៥៣ ] ២:៤៨ )
« បុរសដែលមានឈ្មោះអេលីយ៉ាសបានរស់នៅក្នុងជំនាន់របស់អ័ប្រាហាំ បានប្រគល់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់អ័ប្រាហាំដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ … យើងគ្មានព័ត៌មានលម្អិតជាក់លាក់ស្ដីពីជីវប្រវត្តិ ឬការងារបម្រើរបស់លោកក្នុងជីវិតរបស់លោកឡើយ » ( Bible Dictionary « Elias » ) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បានពន្យល់ពីហេតុផលដែលអេលីយ៉ាសបានបង្ហាញខ្លួននៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ៖
បុរសដែលមានឈ្មោះអេលីយ៉ាសនាំត្រឡប់មកវិញនូវ « ដំណឹងល្អនៃអ័ប្រាហាំ » ជាសេចក្ដីសញ្ញាដ៏ធំរបស់អ័ប្រាហាំដែលពួកស្មោះត្រង់ទទួលបាននូវសេចក្ដីសន្យានៃការកើនឡើងដ៏នៅអស់កល្បជានិច្ច សេចក្ដីសន្យាថាតាមរយៈអាពាហ៍ពិពាហ៍សេឡេស្ទាល នោះពូជពង្សដ៏នៅអស់កល្បជានិច្ចរបស់ពួកគេនឹងមានចំនួនច្រើនដូចជាគ្រាប់ខ្សាច់នៅលើឆ្នេរសមុទ្រ ឬដូចជាផ្កាយនៅលើមេឃ ។ ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « The Keys of the Kingdom » Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ២២ ) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ៖
អំណាចនៃការផ្សារភ្ជាប់នេះដែលបានប្រគល់ដល់អេលីយ៉ា គឺជាអំណាចដែលចងភ្ជាប់ស្វាមី និងភរិយា ព្រមទាំងកូនៗទៅនឹងឪពុកម្ដាយសម្រាប់វេលាកាល និងសម្រាប់ភាពអស់កល្បជានិច្ច ។ វាគឺជាអំណាចនៃការចងភ្ជាប់ដែលមាននៅគ្រប់ពិធីបរិសុទ្ធនៃដំណឹងល្អ ។… តាមរយៈអំណាចនេះហើយដែលពិធីបរិសុទ្ធទាំងអស់សម្រាប់សេចក្ដីសង្គ្រោះត្រូវបានចងភ្ជាប់គ្នា ឬបានផ្សារភ្ជាប់ ហើយវាគឺជាបេសកកម្មរបស់អេលីយ៉ាដើម្បីមក ហើយស្ដារវាឡើងវិញ ។ ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Elijah the Prophet and His Mission [ ឆ្នាំ ១៩៥៧ ] ទំព័រ ៥ )
ការបង្ហាញខ្លួនរបស់ព្យាការីអេលីយ៉ានៃព្រះគម្ពីរសញ្ញាចាស់បានបំពេញការសន្យាដែលធ្វើឡើងដោយព្រះអម្ចាស់ទៅកាន់ព្យាការីម៉ាឡាគី ហើយបានរំឭកឡើងវិញដល់ព្យាការីយ៉ូសែប ស្ម៊ីធដោយមរ៉ូណៃ ពេលលោកបានបង្ហាញខ្លួនជាលើកដំបូងនៅបន្ទប់ដេករបស់យ៉ូសែបនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ ។