ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២២ ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២២ ៖ អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២២ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២២

អាពាហ៍ពិពាហ៍​ពហុពន្ធភាព

អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង ស្ត្រី​ម្នាក់ គឺ​ជា​ក្រិត្យ​វិន័យ​របស់​ព្រះ​លុះត្រា​តែ​ទ្រង់​បញ្ជា​ផ្សេង​ទៀត​ប៉ុណ្ណោះ ( សូមមើល យ៉ាកុប ២:២៧–៣០ ) ។ តាមរយៈ​វិវរណៈ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​រស់នៅ​តាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ហើយ​បង្រៀន​វា​ដល់​សមាជិក​សាសនាចក្រ​ពីដើម​មួយ​ចំនួន ។ អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​បាន​បន្ដ​នៅក្នុង​សាសនាចក្រ​រហូតដល់​ព្រះអម្ចាស់​បាន​ប្រកាស​តាមរយៈ​វិវរណៈ​ថា ពួកបរិសុទ្ធ​គួរតែ​បញ្ឈប់​ការអនុវត្ត​នេះ ( សូមមើល សេចក្ដី​ប្រកាស​ជាផ្លូវការ ១ ) ។ មេរៀន​នេះ​ត្រូវបាន​រៀបចំ​ដើម្បី​ពង្រឹង​ដល់​ការធានា​របស់​សិស្ស​ថា យ៉ូសែប ស៊្មីធ និង​សមាជិក​សាសនាចក្រ​ពីដើម​បាន​ធ្វើ​សកម្មភាព​ក្រោម​ការដឹកនាំ​ពី​ព្រះអម្ចាស់ នៅពេល​ពួកគេ​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ វា​ក៏​នឹង​ជួយ​សិស្ស​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់​កាន់តែ​ពេញលេញ នៅពេល​ពួកគេ​ខិតខំ​គោរព​តាម​ព្រះទ័យ​របស់​ទ្រង់ ហើយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​បើកបង្ហាញ​នូវ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

ព្រះ​បាន​តែងតែ​តម្រូវ​ឲ្យ​បុត្រាបុត្រី​ទ្រង់​ដែល​ធ្វើ​សេចក្ដី​សញ្ញា ធ្វើ​កិច្ចការ​ដ៏​លំបាកៗ ។ ( រ័សុល អិម ណិលសុន « Stand as True Millennials » Ensign ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ២៧ )

  • តើ « កិច្ចការ​ដ៏​លំបាក » ដែល​ព្រះ​បាន​សុំ​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ​នៅ​ជំនាន់​យើង​នេះ​មាន​អ្វីខ្លះ ? ( បងប្អូន​អាច​រាយ​ចម្លើយ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ការគោរព​ប្រតិបត្តិ​ផ្ទាល់ខ្លួន​របស់​គេ​តាម​បទបញ្ញតិ្ត​ទាំងនេះ​ពេញ​មួយ​មេរៀន​នេះ ) ។

  • ហេតុអ្វី​បងប្អូន​គិត​ថា ព្រះអម្ចាស់​សុំ​ឲ្យ​បុត្រា​បុត្រី​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់​ធ្វើ​ការណ៍​ទាំងនេះ ?

សូម​បង្ហាញ​ថា សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពីដើម​ជាច្រើន តម្រូវការ​ដ៏​ពិបាក​បំផុត​មួយ​មកពី​ព្រះ​នោះ​គឺ ឲ្យ​ពួកគេ​រស់នៅ​តាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​រំឭក​សិស្ស​ថា នៅ​ដើម​ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ​បាន​អធិស្ឋាន​ទូល​សូម​យល់​ពី​មូលហេតុ​ដែល​ព្យាការី​ពី​បុរាណ​មួយ​ចំនួន និង​ស្ដេច​សាសន៍​អ៊ីស្រាអែល​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ( សូមមើល​ក្បាល​កណ្ឌ និង​ខទី ១ នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៤–៣៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ព្យាការី ។

  • សូម​ដាក់​បង្ហាញ​សំណួរ​ដូច​តទៅ​នេះ ៖ ហេតុអ្វី​អ័ប្រាហាំ​បាន​រៀបការ​នឹង​នាង​ហាកា​ជា​ប្រពន្ធ​ទី​ពីរ ?

  • យោង​តាម ខទី ៣៦–៣៧ តើ​ព្រះអម្ចាស់​បាន​បង្រៀន​គោលការណ៍​អ្វី​ដល់​យ៉ូសែប ស៊្មីធ​ស្ដីពី​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ស្ម័គ្រចិត្ត​គោរព​តាម​អ្វី​ក៏ដោយ​ដែល​ព្រះអម្ចាស់​ត្រាស់​បង្គាប់ នោះ​វាត្រូវ​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់ [ យើង ] វិញ ) ។

  • តើ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ឲ្យ​អ័ប្រាហាំ​ថ្វាយ​អ៊ីសាក អាច​ប្រៀបធៀប​ទៅនឹង​ព្រះបញ្ញត្តិ​របស់​ទ្រង់​ឲ្យ​យ៉ូសែប ស៊្មីធ និង​ពួកបរិសុទ្ធ​ពីដើម​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​បាន​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា មួយ​រយៈ​ក្រោយពី​ព្រះអម្ចាស់​បាន​បើក​សម្ដែង​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ដល់​យ៉ូសែប ស៊្មីធ នោះ​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​ព្យាការី​រស់នៅ​តាម​គោលការណ៍​នេះ ហើយ​បង្រៀន​វា​ដល់​មនុស្ស​ដទៃ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

យោងតាម ហេឡែន ម៉ា ឃឹមបឹល យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « ការអនុវត្ត​គោលការណ៍​នេះ​គឺជា​ការសាកល្បង​ដ៏​លំបាក​បំផុត​ដែល​ពួកបរិសុទ្ធ​ធ្លាប់​បាន​ជួប​ពីមុន​មក​ក្នុង​ការសាកល្បង​សេចក្ដីជំនឿ​របស់​ពួកគេ » ។ ទោះបីជា​វា​គឺជា​ការសាកល្បង​មួយ « ដ៏​លំបាក​បំផុត » នៃ​ជីវិត​របស់​នាង នាង​បាន​ថ្លែងទីបន្ទាល់​ថា វា​ក៏​ជា « ពរជ័យ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែរ »( « Plural Marriage in Kirtland and Nauvoo » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

  • តើ​យ៉ូសែប ស្ម៊ីធ មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព នៅពេល​វា​ត្រូវបាន​ណែនាំ​លើក​ដំបូង ? ( ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​សិស្ស​រំឭក​សេចក្ដី​ថ្លែងការណ៍​របស់​ស៊ិស្ទើរ អេលីហ្សា អរ ស្នូ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា​ពី​គំរូ​របស់​អ័ប្រាហាំ និង យ៉ូសែប ស៊្មីធ ។

  • តើ​ឆន្ទៈ​របស់​ពួកបរិសុទ្ធ​ពីដើម​ក្នុង​ការគោរព​តាម​បទបញ្ញត្តិ​ដ៏​ពិបាក​បែប​នោះ បង្ហាញ​អ្វីខ្លះ​អំពី​ចរិត​លក្ខណៈ និង​សេចក្ដីជំនឿ​របស់​ពួកគេ ?

សូម​ពន្យល់​ថា ពួកបរិសុទ្ធ​ពីដើម​ជាច្រើន​បាន​បន្សល់​ទុក​នូវ​ការពិពណ៌នា​នៃ​ការពុះពារ​ក្នុង​ចិត្ត​ដែល​ពួកគេ​បាន​ដក​ពិសោធន៍ នៅពេល​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ត្រូវបាន​ណែនាំ​ដល់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​ចងចាំ​ពី​ដំណើររឿង ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។

សូម​បង្ហាញ​ដំណើររឿង​ខាងក្រោម​នេះ​មកពី ហ្វែប វូឌដ្រុព្វ ជា​ភរិយា​របស់​ប្រធាន វិលហ្វួឌ វូឌដ្រុព្វ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វគ្គ​នេះ​ឮៗ ៖

នៅពេល​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ត្រូវបាន​បង្រៀន​ជា​លើក​ដំបូង ខ្ញុំ​បាន​គិត​ថា វា​ជា​រឿង​ដ៏​ទុច្ចរិត​បំផុត​មួយ​ដែល​ខ្ញុំ​ធ្លាប់​បាន​ឮ ។ … ប៉ុន្ដែ​ពេល​ខ្ញុំ​ជឿ​ភ្លាម​ថា វា​ជា​វិវរណៈ​មួយ​ដែល​បាន​មក​ពី​ព្រះ​តាមរយៈ​យ៉ូសែប ហើយ​ដោយ​ដឹង​ថា​លោក​គឺជា​ព្យាការី​ម្នាក់ នោះ​ខ្ញុំ​បាន​តស៊ូ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​នៅក្នុង​ការអធិស្ឋាន​ដ៏​ក្លៀវក្លា ដើម្បី​ទទួល​បាន​ការណែនាំ​ដ៏​ត្រឹមត្រូវ​នៅក្នុង​គ្រា​ដ៏​សំខាន់​ខ្លាំង​នៅក្នុង​ជីវិត​ខ្ញុំ​នោះ ។ ចម្លើយ​បាន​មក​ដល់ ។ សេចក្ដី​សុខសាន្ដ​បាន​ជ្រាប​ចូល​មក​ក្នុង​គំនិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដឹងថា នោះ​គឺជា​ព្រះទ័យ​របស់​ព្រះ ។ ( Phebe Woodruff, in Edward Tullidge, The Women of Mormondom [ ឆ្នាំ ១៨៧៧ ] ទំព័រ ៤១៣ )

  • តើ​គំរូ​របស់​ហ្វែប​អាច​ជួយ​នរណាម្នាក់​នា​សព្វថ្ងៃ​នេះ ដែល​អាច​ពុះពារ​ក្នុង​ការគោរព​តាម​បទបញ្ញត្តិ​មួយ​របស់​ព្រះ​ដោយ​របៀប​ណា ? តើ​គំរូ​របស់​នាង​អាច​ជួយ​នរណាម្នាក់​ដែល​អាច​មាន​សំណួរ​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ក្នុង​ចំណោម​ពួកបរិសុទ្ធ​ពី​ដើម​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន សុភាសិត ៣:៥–៦ ឲ្យឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​គោលការណ៍​មួយ ដែល​អាច​ទាក់ទង​នឹង​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​សម័យ​ដើម​ទាំងនេះ ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ចេញពី​វគ្គ​គម្ពីរ​នេះ និង​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​ពី​ដើម ? ( ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​នៅលើ​ក្ដារខៀន ( ឬ​បង្ហាញ ) គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់​ពី​ចិត្ត​របស់​យើង ហើយ​មិន​ពឹងផ្អែក​លើ​ការយល់ដឹង​របស់​យើង​ផ្ទាល់​ទេ នោះ​ទ្រង់​នឹង​ដឹកនាំ​ជីវិត​របស់​យើង ) ។

សូម​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​បងប្អូន​គិត​ថា វា​មាន​ន័យ​យ៉ាងណា​សម្រាប់​នរណាម្នាក់​ដែល​បារម្ភ​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​សម័យ​ដើម ដើម្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់​ឲ្យ​អស់​ពី​ដួងចិត្ត​របស់​គេ ហើយ​មិន​ពឹងផ្អែក​លើ​ការយល់ដឹង​របស់​គេ​ផ្ទាល់​នោះ ?

សូម​ពន្យល់​ថា តាមធម្មតា សមាជិក​សាសនាចក្រ​មាន​សំណួរ ឬ​កង្វល់​អំពី​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ។ ព្រះ​បាន​បើក​សម្ដែង ហើយ​មិន​តម្រូវ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​នៅ​សព្វថ្ងៃ​នេះ​យល់​ពី​សេចក្ដី​លម្អិត​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ឡើយ ។ ទោះ​យ៉ាង​ណា ពួកបរិសុទ្ធ​ទាំងអស់​ត្រូវបាន​សន្យា​ថា ពួកគេ​អាច​ទទួល​បាន​សាក្សី​មួយ​ថា យ៉ូសែប ស៊្មីធ​គឺជា​ព្យាការី​របស់​ព្រះ ដែល​ទទួល​បាន​បទបញ្ញត្តិ និង​វិវរណៈ​មកពី​ទ្រង់ ហើយ​ថា​យ៉ូសែប​បាន​រស់នៅ​យ៉ាង​ស្មោះត្រង់ តាម​ការបញ្ជា​របស់​ព្រះអម្ចាស់ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

បងប្អូន​អាច​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ពិបាកៗ​បាន ។ ការផ្ដល់​ដល់​សិស្ស​នូវ​ព័ត៌មាន​ត្រឹមត្រូវ និង​ការជួយ​ពួកគេ​ឲ្យ​ចេះ​រក​ប្រភព​ដែល​ទុកចិត្ត​បាន អាច​ជួយ​ពួកគេ​ឲ្យ​គិត និង​ពន្យល់​ពី​ប្រធានបទ​ប្រឈម​នានា​តាម​របៀប​ដ៏​ត្រឹមត្រូវ​មួយ ។ ប្រសិនបើ​សិស្ស​ចង់​រៀន​បន្ថែម​ទៀត​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នៅក្នុង​ប្រវត្តិ​សាសនាចក្រ​កាល​ពី​ដើម សូម​ឲ្យ​ពួកគេ​សិក្សា​ប្រកប​ដោយ​ការអធិស្ឋាន​ក្នុង​ធនធាន​បន្ថែម​ដែល​មាន​ចែង​មក​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? នៃ​ឯកសារ​រៀបចំ ។

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​ពេល​នានា​ក្នុង​ជីវិត​របស់​ពួកគេ ពេល​ដែល​ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​បាន​គោរព​តាម​បទបញ្ញត្តិ​ដ៏​ពិបាក​មួយ​—​ឬ​ពេល​ដែល​ពួកគេ « មិន​ត្រូវ​ពឹងផ្អែក​លើ​ការយល់ដឹង​របស់​ពួកគេ​ផ្ទាល់ » កាល​ពួកគេ​ស្រាវជ្រាវ​រក​ចម្លើយ​ចំពោះ​សំណួរ​ពិបាកៗ​នោះ ។ បងប្អូន​អាច​សុំឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ផ្លូវ​របស់​ពួកគេ ។

សូម​ពិចារណា​ផ្ដល់​ពេល​ឲ្យ​សិស្ស​គិត​អំពី​សំណួរ​ខាង​សាសនា ឬ​ផ្ទាល់ខ្លួន​ដែល​ពួកគេ​មាន ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​រកឃើញ​ចម្លើយ ឬ​ការធានា​អះអាង​អំពី​សំណួរ​ទាំងនេះ ដើម្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ពឹងផ្អែក​លើ​ទ្រង់ ។ ពួកគេ​អាច​ថែម​ទាំង​កត់ត្រា​គំនិត​យោបល់​របស់​ពួកគេ​ទុក​ក្នុង​សៀវភៅ​កំណត់ហេតុ​មួយ ឬ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះអម្ចាស់​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ទៀត​ផង ។

ព្រះអម្ចាស់​បាន​បើក​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន​ក្នុង​ការអនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

សូម​ពន្យល់​ថា យើង​មិន​យល់​ពី​គោលបំណង​របស់​ព្រះ​ទាំងអស់​ស្ដីពី​ការនាំ​មក អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​នោះ​ទេ ប៉ុន្ដែ​ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​មូលហេតុ​របស់​ទ្រង់​មួយ​ចំនួន ។ ឧទាហរណ៍ ព្រះអម្ចាស់​បាន​បង្រៀន​ព្យាការី យ៉ូសែប ស៊្មីធ​ថា ការអនុវត្ត​នោះ​គឺជា​ផ្នែក​នៃ​ការស្ដារ​ឡើង​វិញ​នៃ « ការណ៍​គ្រប់​យ៉ាង » មកពី​គ្រា​កាន់កាប់​ត្រួតត្រា​មុនៗ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤០, ៤៥ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ាកុប ២:៣០ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​មួយ​ទៀត ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​សម្រាប់​ការបញ្ជា​ឲ្យ​រាស្ដ្រ​របស់​ទ្រង់​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( សិស្ស​គួរតែ​បញ្ចូល​នៅក្នុង​ចម្លើយ​របស់​ពួកគេ​ថា ការត្រាស់​បញ្ជា​នេះ​ត្រូវបាន​ប្រទាន​ទុក​ជា​វិធី​មួយ​ដើម្បី​បង្កើន​ចំនួន​កូនចៅ ដែល​កើត​មក​នៅក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ ។ តាម​វិធី​នេះ រាស្ដ្រ​របស់​ព្រះអម្ចាស់ « បង្កើន​ពូជ » ដល់​ទ្រង់ ) ។

សូម​បង្ហាញ​ថា កិច្ចខំប្រឹង​របស់​ពួកបរិសុទ្ធ​ពីដើម​ក្នុង​ការគោរព​តាម​បទបញ្ញត្តិ​នេះ « ផ្ដល់​ជា​លទ្ធផល​ឲ្យ​មាន​ចំនួន​កំណើត​កូនចៅ​ច្រើន​នៅក្នុង​គេហដ្ឋាន​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់ » ( « Plural Marriage and Families in Early Utah » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

ក្រោយមក ព្រះអម្ចាស់​បាន​បើក​បង្ហាញ​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គួរតែ​បញ្ឈប់​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

សូម​ឲ្យ​សិស្ស​ម្នាក់​ដែល​បាន​សិក្សា​ក្នុង​ឯកសារ​រៀបចំ ( ផ្នែក​ទី ២ ) ឲ្យ​តំណាល​ពី​អ្វី​ដែល​បាន​ដឹកនាំ​ទៅរក​ទីបញ្ចប់​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​នេះ ។

  • តើ​បងប្អូន​នឹង​ពន្យល់​ពី​គោលជំហរ​របស់​សាសនាចក្រ​នា​ពេលនេះ​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ដល់​នរណាម្នាក់​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​មកពី​កថាខណ្ឌ​ទីមួយ និង​ទី​ប្រាំពីរ​នៃ « សេចក្ដី​សម្រង់​មកពី​សុន្ទរកថា​បី​ដោយ​ប្រធាន វិលហ្វួឌ វូឌដ្រុព្វ ទាក់ទង​នឹង​ការបើក​បង្ហាញ » ដែល​មាន​បន្ទាប់​ពី សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ ១ ។

  • តើ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ​បាន​បង្រៀន​ដល់​ពួកបរិសុទ្ធ​អ្វីខ្លះ ? ( សិស្ស​គួរតែ​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​នឹង​មិន​ដែល​អនុញ្ញាត​ឲ្យ​ប្រធាន​សាសនាចក្រ​ដឹកនាំ​សាសនាចក្រ​ឲ្យ​វង្វេង​នោះទេ ) ។

  • តើ​សេចក្ដីពិត​នេះ​អាច​ប៉ះពាល់​ដល់​របៀប​ដែល​យើង​ឆ្លើយតប​ផ្ទាល់​ទៅនឹង​ការប្រឹក្សា និង​ការបង្រៀន​របស់​ពួក​ព្យាការី​នៅរស់​នៃ​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ព្យាការី យ៉ូសែប ស៊្មីធ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ពី​ដើម​ផ្សេងទៀត​គឺជា​ព្យាការី​ដ៏​ពិត​របស់​ព្រះ ដែល​បាន​ធ្វើតាម​ដោយ​ការគោរព​ប្រតិបត្តិ និង​បាន​បង្រៀន​ពី​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​សិស្ស​ថា នៅពេល​ពួកគេ​សិក្សា​សម្រាប់​មេរៀន​ក្រោយ ពួកគេ​នឹង​មាន​ឱកាស​រៀន​បន្ថែម​ទៀត​អំពី​សេចក្ដី​លម្អិត​ជុំវិញ​ការស្លាប់​របស់​យ៉ូសែប និង ហៃរុម ស៊្មីធ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មក​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​គំនិត​របស់​ពួកគេ ស្ដីពី​អ្វី​ដែល​យ៉ូសែប ស៊្មីធ​បាន​សម្រេច​បាន​ក្នុង​នាម​ជា​ព្យាការី​របស់​ព្រះ ។