ថ្នាក់​វិទ្យាស្ថាន
ឯកសារគ្រូបង្រៀន មេរៀនទី ២៦ ៖ សាសនាចក្រនៅទិស​ខាងលិច


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២៦ ៖ សាសនាចក្រនៅទិស​ខាងលិច » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ​( ឆ្នាំ ២០១៩ )

« ឯកសារគ្រូបង្រៀន មេរៀន​ទី ២៦ » ឯកសារគ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារគ្រូបង្រៀន​​មេរៀនទី ២៦

សាសនាចក្រនៅទិស​ខាងលិច

ការស្ថាបនា​​សាសនាចក្រ​នៅទិស​ខាងលិច​នៃ​សហរដ្ឋ​អាមេរិក​គឺជា​រឿង​នៃ​សេចក្តីជំនឿ​ដ៏​អស្ចារ្យ ។ មេរៀន​នេះ​នឹង​ផ្តល់​​ឱកាសមួយ​​ឲ្យ​សិស្ស​​រៀន​មេរៀន​ចេញ​ពី​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់ ដែល​បាន​ស្ថាបនា​គ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បានពលី​ជីវិត​របស់​ពួកគេ​ដើម្បី​កសាង​នគរ​របស់​ទ្រង់ ។ វា​ក៏​នឹង​ជួយ​សិស្ស​ឲ្យ​​យល់​កាន់តែច្បាស់​ផងដែរ​ពី​ហេតុការណ៍​ដ៏​អន្តរាយ​មួយ​នៃ​ប្រវត្តិ​​សាសនា​ចក្រ ចាប់តាំង​ពី​ពេលនេះ​ដែល​បង្ហាញ​ពី​ការ​ចេញដំណើរ​ដ៏​ពិតប្រាកដ​នៃ​ការបង្រៀន​ដំណឹងល្អ​​របស់​ព្រះអង្គសង្រ្គោះ ៖ ភ្នំ​ម៉ៃដូស៍ ម៉ាស្សាក្រី ។

យោបល់​សម្រាប់​ការបង្រៀន

ពួកបរិសុទ្ធ​បាន​បន្ត​​កសាង​នគរ​របស់​ព្រះអម្ចាស់​តាមរយៈ​សេចក្តី​ជំនឿ និង​ពលិកម្ម ។

សូម​ដាក់តាំង​រូបភាពប៉ាក់​ដែល​ភ្ជាប់​មក​ជាមួយ ឬ​យក​រូបភាព​មួយ​របស់​អ្នក​ផ្ទាល់​មកថ្នាក់ ។ សូម​បញ្ជាក់ថា​សិស្ស​យល់ថា រូបភាព​ប៉ាក់​​​ត្រូវបាន​បង្កើតឡើង​ដោយ​ប៉ាក់​ចេញ​ពី​អំបោះ​ជាច្រើន​ចូលគ្នា​យ៉ាងស្មុគស្មាញ ហើយ​ផ្គុំចូលគ្នា​យ៉ាង​សាំញ៉ាំ​ដើម្បី​ផលិត​បាន​រូបភាព ឬ​ការ​រចនា​ដ៏​ស្រស់ស្អាតមួយ ។

រូបភាព​ប៉ាក់​របស់​ព្យាការី និង​ព្រះវិហារ​បរិសុទ្ធ

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ស្ទីវីន អ៊ី ស្នូ នៃ​ពួកចិតសិប​នាក់ ដែល​ពីមុន​បាន​បម្រើ​ជា​អ្នក​ប្រវត្តិសាស្រ្ត និង​អ្នក​កត់ត្រា​របស់​សាសនាចក្រ ។

ស្ទីវីន អ៊ី ស្នូ

ប្រសិនបើអ្នក​គិត​ពី​ប្រវត្តិ​សាសនាចក្រ​ដូចជា​ផ្ទាំង​ក្រណាត់​ដេរ​ភ្ជាប់គ្នា ឬ​ជារូបភាព​ប៉ាក់ នោះ​វា​គឺជា​រឿង​ដ៏​ស្រស់​ស្អាត​បំផុត​ដែល​ខ្ញុំ​មិនធ្លាប់ឃើញ ។ ប្រសិនបើ​អ្នក​ពិនិត្យមើល​វា​ដោយ​យកចិត្ត​ទុកដាក់ នោះ​អ្នក​នឹង​រក​ឃើញ​អំបោះ​ពិសេសៗ​មួយចំនួន​ក្នុង​ផ្ទាំង​ក្រណាត់​ដេរ​ភ្ជាប់​គ្នា ឬ​រូបភាព​ប៉ាក់​នោះ ហើយ​ប្រសិនបើ​អ្នក​ទាក់ចិត្ត​លើវា ហើយ​ខ្វល់​តែ​ពី​អំបោះ​ទាំងនោះ អ្នក​នឹង​រំលង​សារលិខិត​ដ៏​អស្ចារ្យ​នៃ​ប្រវត្តិ​សាស្រ្ត​របស់យើង ។ ប្រសិនបើ​អ្នក​នឹង​បោះជំហាន​ថយក្រោយ ហើយមើល​ទៅ​ផ្ទាំង​ក្រណាត់ដេរ​ភ្ជាប់គ្នា ឬ​រូបភាព​ប៉ាក់​នោះ វាស្រស់​ស្អាត​ណាស់ ។ ( ស្ទីវីន អ៊ី ស្នូ « Start with Faith: A Conversation with Elder Steven E. Snow » Religious Educator លេខ ៣ [ ឆ្នាំ ២០១៣ ] ទំព័រ ១១ )

សូម​ពន្យល់ថា ចេញពី​ប្រវត្តិ​​សាសនាចក្រ​នៅទិស​ខាងលិច​ពីដើម មាន​ដំណើររឿង​រាប់ពាន់​របស់​ពួក​បរិសុទ្ធ​​ដ៏​ស្មោះត្រង់ ដែល​ខិតខំ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​កសាង​សាសនាចក្រ​របស់ទ្រង់​ ​បាន​បង្កើត​​ជា​រូបភាព​ប៉ាក់​ដ៏ស្រស់ស្អាត​នៃ​សេចក្តី​ជំនឿ ។

សូមស្វែងរក​ថាតើ​សិស្ស​ណា​ម្នាក់​អាន​ដំណើររឿង​ណាមួយ​ពីក្នុង​ ផ្នែកទី ១ នៃ​ឯកសារ​​រៀបចំ ។ សម្រាប់​ដំណើររឿង​នីមួយៗ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ធ្វើ​ដូចខាងក្រោម ៖

  1. សូម​សង្ខេប​ដំណើររឿង​ដែល​ពួកគេ​បានអាន ។

  2. សូម​ពន្យល់​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ឬ​ពួក​បរិសុទ្ធ​នៅ​ក្នុងដំណើររឿង​​នោះ ​បាន​បង្ហាញ​សេចក្តីជំនឿ​របស់​ពួកគេ​​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់​ទ្រង់ ។

  3. សូម​ចែកចាយ​មេរៀន ឬ​គោលការណ៍​ដែល​ពួកគេ​បានរៀន​ចេញ​ពី​ដំណើរ​រឿង​នេះ ។

សូម​អនុញ្ញាត​សិស្ស​ដទៃទៀត​ដែល​បាន​​អាន​ដំណើររឿង​ដូចគ្នា​ឲ្យ​បន្ថែម​គំនិត​របស់ពួកគេ ពីមុន​ចូល​ទៅ​ដំណើររឿង​ថ្មីទៀត ។

សមាជិក​សាសនាចក្រ​ពីសម័យដើម​បាន​ដាក់ផែនការ និង​អនុវត្ត​ផែនការ​ភ្នំម៉ៃដូស៍ ម៉ាស្សាគ្រី ។

សូម​បង្ហាញ​រូបភាព​ភ្ជាប់​មកជាមួយ ហើយ​ពន្យល់​ទៅសិស្សថា នេះគឺជា​រូបភាព​​​បូជនីយដ្ឋាន​ទី​បញ្ចុះ​សព​នៅ​ភ្នំ​ម៉ៃដូស៍ ម៉ាស្សាក្រី ​ដែល​បាន​កសាង​ដោយ​សាសនាចក្រ​នៅ​ផ្នែក​ខាងត្បូង​រដ្ឋ​យូថាហ៍ ។ សូម​ពន្យល់ថា គួរឲ្យ​សោកស្តាយ​ហេតុការណ៍​អាក្រក់​នៅ​ភ្នំ​ម៉ៃដូស៍ គឺជា​ដំណើររឿង​ដែល​មិនអាច​បំភ្លេច​បាន​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ពួកបរិសុទ្ធ ។

បូជនីយដ្ឋាន​ភ្នំ​ម៉ៃដូស៍

សូមសួរ​សិស្ស​ពី​អ្វី​ដែលពួកគេ​បានរៀន​ចេញ​ពី​អំណាន​របស់ពួកគេ​អំពី​ភ្នំ​ម៉ៃដូស៍ ម៉ាស្សាគ្រី ។ សូម​បញ្ជាក់​ថា សិស្ស​យល់​ថា​នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៨៥៧ មាន​ពួកជីវពល​ក្នុង​មូលដ្ឋាន​ប្រមាណ​ជា ៥០ ទៅ ៦០ នាក់ នៅ​ភាគខាងត្បូង​នៃ​រដ្ឋ​យូថាហ៍ ដោយ​មាន​ជំនួយ​ពី​ពួក​អាមេរិកាំង​ដើម​មួយចំនួន បានសម្លាប់​ពួកអន្តោប្រវេសន៍​ប្រមាណ ១២០ នាក់​ដែល​​​បាន​ធ្វើដំណើរ​តាម​រទេះ​ទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា ។ មានតែ​ក្មេងៗ​ចំនួន ១៧ នាក់​ប៉ុណ្ណោះ​ដែល​នៅ​មាន​ជីវិត ។

  • តើ​មាន​ហេតុការណ៍ និង​ការជ្រើសរើស​អ្វីខ្លះទៀត​ដែល​បាន​ដឹកនាំ​ទៅរក​សោកនាដកម្ម​នៅ​ភ្នំ​ម៉ៃដូស៍ ? ( ប្រសិនបើ​ចាំបាច់ សូម​ឲ្យពេល​សិស្សពីរបីនាទី​ដើម្បី​មើល​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

សូមពិចារណា​សុំ​សិស្ស​ឲ្យចែកចាយ​គោលការណ៍ និង​សេចក្តីពិត​ទាំងឡាយ​ចេញ​ពី​ព្រះគម្ពីរ​ដែល​អាច​ជួយ​ដល់​ពួក​អ្នកតាំង​លំនៅដ្ឋាន​ទាំងនេះ​ឲ្យ​ធ្វើ​ការ​ជ្រើសរើស​ខុសគ្នា ។ ( ឧទាហរណ៍​មួយចំនួន​អាច​រួម​មាន សុភាសិត ២៨:១៣; នីហ្វៃទី ៣ ១២:២៤–២៥, ៤៣–៤៤; គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:៩–១១ ) ។

  • តើ​មេរៀន​អ្វី​ខ្លះ​ដែល​យើងអាច​រៀន​ចេញពី​សោកដនាកម្ម​នៅ​ភ្នំ​ម៉ៃដូស៍ ម៉ាស្សាក្រី ? ( សូម​គិត​ពី​ការសរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​លើ​ក្ដារខៀន ) ។

អ្នកអាច​ផ្តល់​ពេល​​ឲ្យសិស្ស​មួយនាទី ឬ​ពីរនាទី​ដើម្បី​សរសេរ ឬ​ចែកចាយ​ពីរបៀប​ដែល​គោលការណ៍​ទាំងនេះ​អាច​ការពារ​មិន​ឲ្យ​មានការឈឺចិត្ត​ដែល​មិនចាំបាច់​កើតឡើង​ក្នុង​ជីវិត​របស់ពួកគេ​ផ្ទាល់ ។

សូម​ពន្យល់ថា ពីព្រោះ​សមាជិក​សាសនាចក្រ​ក្នុងមូលដ្ឋាន​មួយចំនួន និង​ថ្នាក់ដឹកនាំ​​ទទួលខុសត្រូវ​លើ​ការ​ដាក់ផែនការ និង​ការអនុវត្ត​​ផែនការ​ភ្នំ​ម៉ៃដូស៍ ម៉ាស្សាក្រី នោះ​មាន​មនុស្ស​មួយចំនួន​បាន​បណ្តោយ​ឲ្យ​ហេតុការណ៍នេះ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ទស្សនៈ​របស់ពួកគេ​អំពី​សាសនាចក្រ ។

  • តើ​អ្នកអាច​និយាយ​អ្វី​ទៅកាន់នរណា​ម្នាក់​ដែល​គិត​អវិជ្ជមាន​អំពី​សាសនាចក្រ ដោយសារ​តែ​ការសម្លាប់​នៅ​​ភ្នំ​ម៉ៃដូស៍ ម៉ាស្សាក្រី ? ( សូម​អញ្ជើញ​សិស្ស​ឲ្យ​ទាញ​យក​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ផ្នែក​ទី ២នៃ​ឯកសារ​​រៀបចំ ) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន ហើយ​ស្វែងរក​គោលការណ៍​មួយចេញពី ​ហេលេមិន ៥:១២ ។ សូម​ដាក់តាំង​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​វា​​​ឲ្យឭៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ស្វែងរក​​របៀប​ដែល​វា​បង្ហាញ​ពីគោលការណ៍​ដែលបាន​បង្រៀន​នៅក្នុង ហេលេមិន ៥:១២ ។

ជេមស៍ សេនឌើរ ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែលជា​ជីតាទួត​របស់ ណេនស៊ី សាហ្រូណា ហ៊ហ្វ ជាក្មេង​ម្នាក់​ក្នុងចំណោម​ក្មេងដែល​នៅមាន​ជីវិត​ចេញ​ពី​ការសម្លាប់​នោះ ។ បងប្រុស សេនឌើរ បានចែកចាយ​អារម្មណ៍​ទាំងអស់នេះ​អំពី​ការសម្លាប់​នោះ​ថា ៖ « ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ឈឺចាប់ ហើយ​នៅតែ​មាន​អារម្មណ៍ថា ខឹង​ចំពោះ​អ្វី​ដែល​បានកើត​ឡើង​នៃការសម្លាប់​នោះ ។… ប៉ុន្តែ​ខ្ញុំដឹងថា មនុស្ស​ដែលបាន​ធ្វើ​រឿង​ទាំងនេះ​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ព្រះអម្ចាស់ ហើយ​វាក៏​នាំមក​ឲ្យ​ខ្ញុំ​នូវ​សន្តិភាព » ។ បងប្រុស សេនឌើរ បាន​និយាយថា « ការដឹង​ថា ​បុព្វការីជន ​[ ម្នាក់ ] ត្រូវបាន​សម្លាប់​នៅក្នុង​ការសម្លាប់​រង្គាល​​​នេះ ‹ មិនបាន​ជះឥទ្ធិពល​លើ​សេចក្តីជំនឿ​របស់​ខ្ញុំ​ទេ ពីព្រោះ​សេចក្តីជំនឿ​របស់​ខ្ញុំ​គឺ​លើ​ព្រះយេស៊ូវគ្រីស្ទ មិនមែន​លើ​បុគ្គលណា​ម្នាក់​ក្នុង​សាសនាចក្រ​នោះទេ › » ( នៅក្នុង Richard E. Turley Jr. « The Mountain Meadows Massacre » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២១ ) ។

  • តើ​គោលការណ៍​ដែល​បានបង្រៀន​នៅក្នុង​ហេលេមិន ៥:១២​នេះ​ បាន​បង្ហាញ​​ឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ ជេមស៍ សេនឌើរ យ៉ាងដូចម្តេច ? ( បន្ទាប់​ពីសិស្ស​ឆ្លើយ​រួច សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖​ការកសាង​សេចក្ដី​ជំនឿរបស់​យើង​នៅលើ​គ្រឹះ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​ជួយ​យើង​ឲ្យ​នៅ​រឹងមាំ ទោះជា​មាន​មនុស្ស​ឈប់​ធ្វើជា​សមាជិក​សាសនាចក្រ​ក្តី ) 

  • តើការ​ពឹងផ្អែក​ទៅលើ​សេចក្ដី​ជំនឿ​របស់​យើងនៅ​លើ​ព្រះយស៊ូវ​គ្រីស្ទ ជួយ​យើង​នៅពេល​យើង​មើល​ឃើញ ឬ​រៀន​ពី​ឧទាហរណ៍​ទាំងឡាយ​ដែល​សមាជិក​នៃ​សាសនាចក្រ​បរាជ័យ​ក្នុង​ការ​រស់នៅតាម​ការបង្រៀន​ដំណឹងល្អ យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​ធ្វើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​កសាង និង​រក្សា​សេចក្តីជំនឿ​របស់​អ្នក​លើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ទុក​​ពេលវេលា​ឲ្យ​​សិស្ស​គិត និង​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​នឹងធ្វើ​ដើម្បី​រក្សា ហើយ​ពង្រឹង​សេចក្តីជំនឿ​របស់ពួកគេនៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។

សូមថ្លែងទីបន្ទាល់​ពីសារៈសំខាន់​នៃ​ការរស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ និង​ការពឹងផ្អែក​សេចក្តីជំនឿ​របស់​យើង​លើទ្រង់ និង​ដំណឹងល្អ​របស់ទ្រង់ ទោះបីជា​មាន​មនុស្ស​ឈប់ធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​ក្តី ។ នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​អាច​ជួយ​ជំរុញ​នគរ​របស់​ព្រះគ្រីស្ទ ឆ្ពោះទៅមុខ​ដូចជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏ស្មោះត្រង់​បាន​ធ្វើ​ដែរ ។

សម្រាប់​ពេល​ក្រោយ

សូម​សួរ​សិស្ស ប្រសិនបើ​ពួកគេ​ធ្លាប់​ត្រូវ​បានគេ​សួរ​អំពី​មូលហេតុ​ដែល​សាសនា​ចក្រ​ត្រូវបាន​ដក​សិទ្ធិអំណាច​បព្វជិតភាព និង​ពិធី​បរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​មួយ​ចំនួន​​ចេញពី​ពួក​សមាជិក​អំបូរ​អាហ្រ្វិក​ស្បែក​ខ្មៅ​អស់​មួយ​រយៈពេល ។ សូម​ពន្យល់ថា នៅក្នុងការរៀបចំ​សម្រាប់​ថ្នាក់​ក្រោយទៀត សិស្ស​នឹង​មាន​ឱកាស​ដើម្បីរៀន​អំពី​ប្រធានបទនេះ និង​វិវរណៈ​ដែល​​ទាក់ទង​​នឹង​ប្រធានបទ​នេះ​នៅក្នុង​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២​ដែល​ព្យាការី​បាន​លៃលក​ទុក​ជា​មុន​អស់ជាច្រើន​ឆ្នាំ​មក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មករៀន​ដោយបាន​​រៀបចំ​ខ្លួន​ជាមុន​ដើម្បី​ពិភាក្សា​ពីអ្វី​ដែល​ពួកគេ​រៀន ហើយ​ឆ្លើយ​​សំណួរ​នានា​ដែល​ពួកគេ​មាន​​​អំពី​ប្រធាន​បទ​នេះ ។