« សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៧ ៖ ការស្ដារបព្វជិតភាពឡើងវិញ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៧ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៧
ការស្ដារបព្វជិតភាពឡើងវិញ
បន្ទាប់ការក្បត់សាសនាមួយរយៈ សិទ្ធិអំណាចបព្វជិតភាពរបស់ព្រះត្រូវបានស្ដារឡើងវិញមកកាន់ផែនដីនេះ ។ ការស្ដារឡើងវិញនេះបានរៀបចំផ្លូវសម្រាប់ការរៀបចំឡើងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅក្នុងមេរៀននេះ សិស្សនឹងរៀនពីមូលហេតុដែលបព្វជិតភាពសំខាន់ចំពោះសាសនាចក្ររបស់ព្រះអម្ចាស់ និងពីរបៀបដែលពិធីបរិសុទ្ធនឹងអនុញ្ញាតឲ្យយើងទទួលបានអំណាចរបស់ព្រះអង្គសង្គ្រោះ ។
យោបល់សម្រាប់ការបង្រៀន
បព្វជិតភាពគឺជាការណ៍ដ៏ចាំបាច់ចំពោះសាសនាចក្ររបស់ព្រះអម្ចាស់ ។
សូមពិចារណាដាក់បង្ហាញសំណួរដូចតទៅ នេះ មុនពេលសិស្សមកដល់ រួចហើយសូមឲ្យពួកគេចែកចាយគំនិតរបស់ពួកគេអំពីវា នៅពេលចាប់ផ្ដើមបង្រៀន ។
-
តើបងប្អូនបានមានអារម្មណ៍ថាមានពរជ័យ ដោយសារបព្វជិតភាពនៅពេលណាដែរ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍នៃគោលលទ្ធិខាងក្រោមដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
អំណាចបព្វជិតភាពរបស់ព្រះ ជាមួយនឹងកូនសោ ពិធីបរិសុទ្ធនានា ប្រភពកំណើតដ៏ទេវភាព និង សមត្ថភាពរបស់វាដើម្បីផ្សារភ្ជាប់នៅក្នុងស្ថានសួគ៌ ជាអ្វីដែលត្រូវបានផ្សារភ្ជាប់នៅលើផែនដី គឺជា ការណ៍ដ៏ចាំបាច់ចំពោះសាសនាចក្រដ៏ពិតនៃព្រះក៏ដូចជា ពិសេសចំពោះខ្លួនឯង ហើយបើគ្មានអំណាចនេះទេ នោះគ្មានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឡើយ ។ ( ជែហ្រ្វី អ័រ ហូឡែន « Our Most Distinguishing Feature » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ទំព័រ ៤៣, ការបញ្ជាក់ជាអក្សរដិតត្រូវបានបន្ថែម )
-
តើពាក្យ ឬឃ្លាណាខ្លះដែលបងប្អូនចាប់អារម្មណ៍ពីសេចក្ដីថ្លែងការណ៍របស់អែលឌើរ ហូឡិន ? ហេតុអ្វីទៅ ?
កាលបងប្អូនសម្របសម្រួលសិស្សឲ្យចែកចាយ និងពិភាក្សាគ្នា បងប្អូនអាចប្រើប្រធានបទ និងសំណួរខាងក្រោមនេះមួយចំនួន ដើម្បីជួយសិស្សឲ្យយល់ពីធាតុពីរបីនៃសេចក្ដីថ្លែងការណ៍របស់អែលឌើរហូឡិនកាន់តែច្បាស់ជាងនេះ ។ វាអាចសំខាន់ជាង ដើម្បីពិភាក្សាយ៉ាងហ្មត់ចត់អំពីសំណួរមួយ ឬពីរ ជាជាងព្យាយាមឆ្លើយគ្រប់សំណួរទាំងអស់ ។ ការពិភាក្សារបស់បងប្អូនអាចកាន់តែជ្រាលជ្រៅ កាលសិស្សចែកចាយអ្វីដែលពួកគេបានរៀនមកពីសៀវភៅសិក្សារៀបចំផងដែរ ។
កំណត់ចំណាំ ៖ បងប្អូននឹងពិភាក្សាពីពិធីបរិសុទ្ធនៅក្នុងមេរៀនពាក់កណ្ដាលចុងក្រោយ ។ សូមចងចាំដើម្បីទុកពេលឲ្យគ្រប់គ្រាន់សម្រាប់ការពិភាក្សានោះ ដើម្បីសិស្សអាចដឹង និងយល់កាន់តែច្បាស់អំពីសារសំខាន់នៃពិធីបរិសុទ្ធ ។
បព្វជិតភាពគឺជាការណ៍ដ៏ចាំបាច់ចំពោះសាសនាចក្ររបស់ព្រះអម្ចាស់ ( សូមមើល ផ្នែកទី ១ នៃសៀវភៅសិក្សារៀបចំ ) ។
-
ហេតុអ្វីបងប្អូនគិតថា បព្វជិតភាពគឺជាការណ៍ដ៏ចាំបាច់ចំពោះសាសនាចក្ររបស់ព្រះអម្ចាស់ ? តើយើងនឹងបាត់ចំណេះដឹង និងកូនសោអ្វីខ្លះ ប្រសិនបើបព្វជិតភាពពុំត្រូវបានស្ដារឡើងវិញទេនោះ ?
-
តើបព្វជិតភាពគឺជាការណ៍ដ៏ចាំបាច់ចំពោះជីវិតរបស់បងប្អូនផ្ទាល់តាមរបៀបណា ?
បព្វជិតភាពគឺមកពីប្រភពដើមដ៏ទេវភាព ( សូមមើល ផ្នែកទី ១ នៃសៀវភៅសិក្សាការរៀបចំ ) ។
-
តើបព្វជិតភាពត្រូវបានស្ដារឡើងវិញដោយរបៀបណា ?
-
តើការស្ដារឡើងវិញនៃបព្វជិតភាពបង្រៀនបងប្អូនអ្វីខ្លះ អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
កូនសោបព្វជិតភាពគឺជាការណ៍ដ៏ចាំបាច់ចំពោះសាសនាចក្ររបស់ព្រះអម្ចាស់ ( សូមមើល ផ្នែកទី ២ នៃសៀវភៅសិក្សាការរៀបចំ ) ។
-
តើកូនសោបព្វជិតភាពគឺជាអ្វី ?
-
តើកូនសោបព្វជិតភាពគឺជាពរជ័យនៅក្នុងជីវិតរបស់បងប្អូនតាមរបៀបណា ?
កាលសិស្សចែកចាយបទពិសោធន៍ និងថ្លែងទីបន្ទាល់អំពីបព្វជិតភាព និងការស្ដារឡើងវិញរបស់វា បងប្អូនក៏អាចចែកចាយការដឹងគុណ និងទីបន្ទាល់របស់បងប្អូនអំពី របៀបដែលការស្ដារឡើងវិញនៃបព្វជិតភាពបានផ្ដល់ពរជ័យដល់ជីវិតរបស់បងប្អូនផ្ទាល់ ។
ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃបព្វជិតភាពគឺជាការណ៍ដ៏ចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ។
សូមពន្យល់ថា នៅខែ កញ្ញា ឆ្នាំ ១៨៣២ ប្រហែលពីរឆ្នាំក្រោយពីទទួលបានបព្វជិតភាពមិលគីស្សាដែកមកពី ពេត្រុស យ៉ាកុប និង យ៉ូហាន យ៉ូសែប ស៊្មីធបានទទួលវិវរណៈមួយដែលជួយយើងឲ្យយល់ពីបព្វជិតភាពកាន់តែច្បាស់ ។ វារួមមានសេចក្ដីពិតថា ពិធីបរិសុទ្ធដ៏សង្គ្រោះ ដែលបានបម្រើតាមរយៈសិទ្ធិអំណាចបព្វជិតភាព ជួយរៀបចំយើងឲ្យត្រឡប់ទៅវត្តមានរបស់ព្រះវិញ ។ សូមអញ្ជើញសិស្សឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៨–២២ ហើយរកមើលរបៀបដែលពិធីបរិសុទ្ធរៀបចំយើងឲ្យត្រឡប់ទៅវត្តមានរបស់ព្រះវិញ ។
-
ស្របតាមខគម្ពីរទាំងនេះ តើមានពរជ័យដ៏សំខាន់អ្វីខ្លះដែលបានទទួលតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ?
-
តើអាចមានអត្ថន័យអ្វីខ្លះនៃឃ្លា « អំណាចនៃព្រះ » ? ( ក្រោយពីសិស្សឆ្លើយតបហើយ បងប្អូនអាចផ្ដល់យោបល់ថា « នៃព្រះ » មានន័យថា « ដូចជាព្រះ » ។ អំណាចនៃព្រះរួមមានអំណាចរបស់ព្រះដើម្បីជួយយើងឲ្យក្លាយដូចជាទ្រង់ ) ។
សូមបង្ហាញ និងអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែតណានៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សរកមើលអត្ថន័យនៃឃ្លា « អំណាចនៃព្រះ » ៖
ពិធីបរិសុទ្ធនៃបព្វជិតភាពបើកទ្វារ និងឲ្យយើងទទួលបានអំណាចនៃព្រះ ។… គំនិតរបស់មនុស្ស និងភាសានៃជីវិតរមែងស្លាប់មិនអាចឲ្យនិយមន័យបានត្រឹមត្រូវ ឬសមល្មមនឹងអត្ថន័យនៃឃ្លាក្នុងបទគម្ពីរនេះ « អំណាចនៃព្រះ » បានឡើយ ។ ប៉ុន្ដែការសរុបនៃពរជ័យនៃដង្វាយធួន—ការប្រោសលោះពីអំពើបាប កម្លាំងដើម្បីធ្វើល្អ និងក្លាយជាមនុស្សល្អ អំណោយទានខាងវិញ្ញាណនៃសេចក្ដីសុខសាន្ដផ្ទាល់ខ្លួន សមត្ថភាពតបសងដែលជួយយើងឲ្យប្រឈមនឹងការខកចិត្ត អយុត្តិធម៌ ភាពមិនស្មើគ្នា ការមិនមានតម្លៃដូចគ្នា និងអ្វីជាច្រើនថែមទៀត—រួមចំណែកយ៉ាងប្រាកដយ៉ាងហោចណាស់លើមួយចំណែកនៃអំណាចនៃព្រះ ។ ដើម្បីមករកព្រះអង្គសង្គ្រោះ ដំបូង បុគ្គលម្នាក់ត្រូវតែឆ្លងកាត់ទ្វារនៃបុណ្យជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ—រួចហើយបន្តដើរឆ្ពោះទៅមុខលើផ្លូវនៃសេចក្ដីសញ្ញា និងពិធីបរិសុទ្ធដែលដឹកនាំទៅរកព្រះអង្គសង្គ្រោះ និង ពរជ័យនៃដង្វាយធួនរបស់ទ្រង់ ( នីហ្វៃទី២ ៣១ ) ។ ពិធីបរិសុទ្ធនៃបព្វជិតភាពគឺជាការណ៍ដ៏ចាំបាច់ដើម្បី « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះក្នុងទ្រង់ » កាន់តែពេញលេញ ( មរ៉ូណៃ ១០:៣២, សូមមើលផងដែរខទី ៣០–៣៣ ) ។ បើគ្មានពិធីបរិសុទ្ធទាំងនេះទេ នោះមនុស្សម្នាក់មិនអាចទទួលពរជ័យទាំងអស់ ដែលកើតមានតាមរយៈការពលិកម្មធួនដ៏គ្មានទីបញ្ចប់ ហើយអស់កល្បរបស់ព្រះអម្ចាស់បានឡើយ ( សូមមើល អាលម៉ា ៣៤:១០–១៤ )—សូម្បីទាំងអំណាចនៃព្រះផងដែរ ។ ( ដេវីដ អេ បែដណា Power to Become [ ឆ្នាំ ២០១៤ ] ទំព័រ ៧៥–៧៧ )
-
តើយើងរៀនអ្វីខ្លះមកពីសេចក្ដីថ្លែងការណ៍របស់អែលឌើរបែដណាអំពី « អំណាចនៃព្រះ » ? តើយើងរៀនអ្វីខ្លះអំពីគោលបំណងនៃពិធីបរិសុទ្ធនៃបព្វជិតភាព ? ( ដោយប្រើពាក្យសម្ដីរបស់សិស្ស សូមសរសេរ ឬបង្ហាញសេចក្ដីពិតមួយស្រដៀងនឹងអ្វីដូចតទៅនេះ ៖ តាមរយៈពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃបព្វជិតភាព យើងអាចទទួលបានពរជ័យនៃដង្វាយធួនរបស់ព្រះអម្ចាស់ ដែលផ្ដល់អំណាចឲ្យយើងអាចក្លាយដូចជាព្រះ ) ។
-
តើបងប្អូនគិតថា ពិធីបរិសុទ្ធដ៏ជាក់លាក់នៃបព្វជិតភាពអើរ៉ុន និងមិលគីស្សាដែកភ្ជាប់យើងទៅនឹងពរជ័យនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះតាមរបៀបណា ? ( ប្រសិនបើចាំបាច់ សូមផ្ដល់ពេលសិស្សឲ្យរំឭកសេចក្ដីថ្លែងការណ៍នៅក្នុងផ្នែកទី ៣ នៃសៀវភៅសិក្សារៀបចំ ) ។
សូមផ្ដល់ពេលពីរបីនាទីឲ្យសិស្សសញ្ជឹងគិតពីពិធីបរិសុទ្ធនៃបព្វជិតភាព ដែលពួកគេទើបបានចូលរួមនាពេលថ្មីៗនេះ ។ សូមឲ្យពួកគេគិតអំពីអារម្មណ៍របស់ពួកគេ និងអត្ថន័យនៃពិធីបរិសុទ្ធទាំងនោះចំពោះការរីកចម្រើនដ៏អស់កល្បរបស់ពួកគេ ។ រួចហើយសូមបង្ហាញសំណួរដូចតទៅនេះឲ្យសិស្សពិចារណា ៖
-
តើមានពិធីបរិសុទ្ធអ្វី ដែលអាចកាន់តែមានអត្ថន័យថែមទៀតចំពោះបងប្អូន តាមរយៈការអនុវត្តអ្វីដែលបងប្អូនបានរៀននៅថ្ងៃនេះ ? ( សូមលើកទឹកចិត្តសិស្សឲ្យកត់ត្រា ហើយធ្វើសកម្មភាពតាមការបំផុសគំនិតទាំងនោះ ) ។
-
តើអ្វីខ្លះដែលបងប្អូនបានរៀន និងមានអារម្មណ៍ថ្ងៃនេះ ដែលបានបង្កើនបំណងប្រាថ្នារបស់បងប្អូនឲ្យចូលរួមក្នុងពិធីបរិសុទ្ធនៃបព្វជិតភាព ?
បើសមស្រប សូមឲ្យសិស្សចែកចាយទីបន្ទាល់របស់ពួកគេអំពីរបៀបដែលសិទ្ធិអំណាច កូនសោ និងពិធីបរិសុទ្ធនៃបព្វជិតភាពបានជួយពួកគេឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យពិចារណាពីតួនាទីនៃសាសនាចក្រក្នុងជីវិតរបស់ពួកគេ ។ នៅពេលពួកគេសិក្សាក្នុងសៀវភៅសិក្សាការរៀបចំសម្រាប់មេរៀនក្រោយ សូមលើកទឹកចិត្តពួកគេឲ្យរកមើលពរជ័យនានា ដែលព្រះអម្ចាស់មានសម្រាប់សមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។