« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៨ ៖ ស្ត្រីបរិសុទ្ធថ្ងៃចុងក្រោយ និង សមាគមសង្គ្រោះ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៨ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៨
ស្ត្រីបរិសុទ្ធថ្ងៃចុងក្រោយ និង សមាគមសង្គ្រោះ
នៅពេលថ្លែងអំពីសមាគមសង្គ្រោះ ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសថា « សាសនាចក្រនឹងមិនបានរៀបចំយ៉ាងល្អឥតខ្ចោះឡើយ រហូតដល់ក្រុមស្ដ្រីត្រូវបានរៀបចំឡើង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៥១ ) ។ សូមគិតអំពីសារលិខិតដែលសេចក្ដីថ្លែងការណ៍នេះបញ្ជូនដល់ពិភពលោកអំពីទីតាំងរបស់ស្ដ្រីនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។ កាលបងប្អូនសិក្សាចំណុចមេរៀនទាំងនេះ សូមពិចារណាពីសារសំខាន់នៃកិច្ចការរបស់ស្ដ្រីបរិសុទ្ធថ្ងៃចុងក្រោយ និងសមាគមសង្គ្រោះនៅក្នុងសាសនាចក្រ ដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
ផ្នែកទី ១
តើស្ត្រីបរិសុទ្ធថ្ងៃចុងក្រោយកសាងនគររបស់ព្រះដោយរបៀបណា ?
អែលឌើរ ជេមស៍ អ៊ី ថាលម៉េច ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ធ្លាប់បាននិយាយថា « ជើងឯកដ៏អស្ចារ្យបំផុតរបស់ស្ដ្រី និងភាពជាស្ដ្រីក្នុងពិភពលោកនេះគឺព្រះយេស៊ូវ ដែលជាព្រះគ្រីស្ទ » ( នៅក្នុង Daughters in My Kingdom [ ឆ្នាំ ២០១១ ] ទំព័រ ៣ ) ។
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
បងប្អូនស្រីរបស់យើងតែងតែជាផ្នែកដ៏សំខាន់ និងចម្បងចំពោះកិច្ចការរបស់ព្រះអម្ចាស់ ។ ស្ដ្រីដ៏ស្មោះត្រង់បានធ្វើការយ៉ាងក្លៀវក្លាក្នុងបុព្វហេតុនៃសេចក្ដីពិត និងសេចក្ដីសុចរិតតាំងពីមុនការបង្កើតពិភពលោកនេះម្ល៉េះ ។ … គ្រាកាន់កាប់ត្រួតត្រារបស់យើងមិនអាចកើតមានដោយគ្មានវីរនារីទាំងនេះឡើយ ។ ( អិម រ័សល បាឡឺដ « Women of Righteousness » Ensign ខែ មេសា ឆ្នាំ ២០០២ ទំព័រ ៦៩ )
អិមម៉ា ស្ម៊ីធ ដែលជាភរិយារបស់ព្យាការីយ៉ូសែប ស្ម៊ីធ ធ្វើជាគំរូមួយដល់ស្ដ្រីបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានបំពេញតាមតួនាទីដ៏សំខាន់មួយក្នុងការស្ដារឡើងវិញ ។ នៅក្នុងវិវរណៈមួយដល់ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានសំដៅទៅលើអិមម៉ាថាជា « ស្ដ្រីរើសតាំង » ម្នាក់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៣ ) ។ នៅពេលបងប្អូនអានវិវរណៈនេះខ្លះ សូមពិចារណាគូសចំណាំការទទួលខុសត្រូវ និងការប្រឹក្សានានា ដែលព្រះអម្ចាស់បានប្រទានដល់អិមម៉ា ។ សូមកត់ចំណាំថានៅក្នុង ខទី ១៦ ព្រះអម្ចាស់ប្រកាសថា ការប្រឹក្សារបស់ទ្រង់ដែលបានប្រទានដល់អិមម៉ាក៏អនុវត្តចំពោះយើងម្នាក់ៗផងដែរ ។
អិមម៉ា និងយ៉ូសែបបានរងទុក្ខនឹងការសាកល្បងដ៏ធំអំឡុងពេលពួកគេនៅរួមគ្នា ។ ពួកគេក៏បាននាំការលួងលោម និងសេចក្ដីអំណរដ៏ខ្លាំងដល់គ្នាទៅវិញទៅមកផងដែរ ។ ដោយនៅពិតចំពោះការហៅរបស់នាង អិមម៉ាគឺជាអ្នកលួងលោមដ៏អស្ចារ្យដល់យ៉ូសែប ដោយបានលើកទឹកចិត្ត និងលួងលោម ពេលឆ្លងកាត់ការបៀតបៀន និងការសាកល្បងទាំងឡាយ ។ ដោយគិតដល់ពេលដែលអិមម៉ាបានទៅសួរសុខទុក្ខលោក ខណៈលោកបានលាក់ខ្លួនពីគ្រោះថ្នាក់ នោះព្យាការីបានសរសេរថា « ជាថ្មីម្ដងទៀតនាងនៅទីនេះ គឺក្នុងបញ្ហាទីប្រាំពីរ គឺអិមម៉ាដ៏មិនរុញរា រឹងមាំ និងមិនខ្លាច មិនផ្លាស់ប្ដូរ និងគួរឲ្យស្រឡាញ់ » ( « Journal, December 1841–December 1842 » ទំព័រ ១៣៥ នៅលើគេហទំព័រ josephsmithpapers.org ) ។
អិមម៉ាបានបម្រើជាស្មៀនរបស់យ៉ូសែបមួយរយៈ ដោយបានជួយក្នុងការបកប្រែព្រះគម្ពីរមរមន ។ ពេញមួយជីវិតរបស់នាង នាងបានថ្លែងទីបន្ទាល់យ៉ាងមុតមាំអំពីព្រះគម្ពីរមរមន ។ មុនពេលនាងស្លាប់បន្ដិច នាងបានប្រាប់កូនប្រុសរបស់នាងថា ៖ « ជំនឿរបស់ម្ដាយគឺថា ព្រះគម្ពីរមរមនគឺមកពីយថាភាពរបស់ព្រះ—ម្ដាយមិនមានការសង្ស័យពីវាសូម្បីតែបន្ដិចឡើយ » ( Emma Smith, in « Last Testimony of Sister Emma » Saints’ Herald ថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៨៩៧ ទំព័រ ២៩០ ) ។ ដោយគោរពប្រតិបត្តិតាមការបញ្ជារបស់ព្រះអម្ចាស់ នោះអិមម៉ាក៏បានចងក្រងសៀវភៅទំនុកតម្កើងដំបូងរបស់សាសនាចក្រផងដែរ ។
អិមម៉ាបានបង្រៀនតាមរយៈគំរូ ៖ « នៅឯរដ្ឋញូវ យ៉ក នាងបានដេរសំលៀកបំពាក់សម្រាប់…អ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អ ។… នៅទីក្រុងខឺតឡង់ នាងបានធ្វើការជាមួយស្ដ្រីដទៃទៀតដើម្បីប្រមូលភួយ អាហារ និងសំលៀកបំពាក់ឲ្យពួកបរិសុទ្ធដែលពិបាកនៅរដ្ឋមិសសួរីតាមអ្នកដើរបោះជំរំក្រុងស៊ីយ៉ូន ។ នាងបានជួយរៀបចំអាហារ និងដេរ [ សំលៀកបំពាក់ ] សម្រាប់អ្នកធ្វើការសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ។ នាងបានទទួលមនុស្សដែលសង់ព្រះវិហារបរិសុទ្ធយ៉ាងច្រើនឲ្យមកស្នាក់នៅក្នុងផ្ទះ រហូតដល់នាង និងយ៉ូសែបត្រូវសម្រាន្ដនៅលើដី ។ នៅជំនាន់ដើមនៅក្រុងណៅវូ នាងបានលះបង់ពេលវេលាយ៉ាងច្រើន និងយកចិត្តទុកដាក់ថែទាំដល់អ្នកជំងឺគ្រុនចាញ់ជាច្រើននាក់ ដែលសម្រាកនៅតង់ខាងក្រៅផ្ទះរបស់នាង នៅតាមមាត់ទន្លេមិសស៊ីស៊ីបភី ។ តាមរបៀបទាំងនេះ និងរបៀបផ្សេងៗទៀត នាងបានធ្វើជាគំរូក្នុងការបម្រើរបស់បងប្អូនស្ដ្រីជាច្រើននៅក្នុងជំនាន់របស់នាង » ( Teachings: Joseph Smith ទំព័រ ៤៥០ ) ។
ផ្នែកទី ២
តើអ្វីទៅជាលក្ខណៈពិសេសអំពីអង្គការសមាគមសង្គ្រោះ ?
នៅរដូវផ្ការីកឆ្នាំ ១៨៤២ ពួកបរិសុទ្ធបានពិបាកក្នុងភាពក្រីក្ររបស់ពួកគេ ដើម្បីកសាងព្រះវិហារបរិសុទ្ធណៅវូ ។ បងប្អូនស្ដ្រីជាច្រើនមានបំណងចង់ធ្វើកិច្ចការបន្ថែមដើម្បីជួយ ។ ដោយដឹកនាំដោយ សារ៉ា ឃឹមបឹល និង ម៉ាហ្គារេត ឃុក បងប្អូនស្ដ្រីមួយក្រុមបានប្រជុំគ្នាតែងព្រាងធម្មនុញ្ញមួយ និងច្បាប់នានាសម្រាប់សមាគមស្ដ្រីថ្មីមួយ ដើម្បីដេរសំលៀកបំពាក់សម្រាប់ពួកអ្នកធ្វើការសង់ព្រះវិហារបរិសុទ្ធ ។ នៅពេលពួកគេបានប្រឹក្សាជាមួយនឹងព្យាការី យ៉ូសែប ស៊្មីធ នោះលោកបានប្រាប់ពួកគេថា ធម្មនុញ្ញរបស់ពួកគេគឺ « ល្អបំផុតដែលលោកធ្លាប់បានឃើញពីមុនមក » ( Teachings: Joseph Smith ទំព័រ ៤៥០ ) ។ លោកបានពោលថា « ប៉ុន្ដែ នេះមិនមែនជាអ្វីដែលបងប្អូនចង់បានទេ ។ សូមប្រាប់បងប្អូនស្ដ្រីថា ការថ្វាយរបស់ពួកគាត់ត្រូវបានព្រះអម្ចាស់ទទួលយក ហើយទ្រង់មានអ្វីមួយដែលប្រសើរជាងនេះសម្រាប់ពួកគាត់ ។ … ខ្ញុំសូមអញ្ជើញពួកគាត់ទាំងអស់គ្នាឲ្យមកជួបខ្ញុំ និងបងប្អូនប្រុសពីរបីនាក់… ហើយខ្ញុំនឹងរៀបចំស្ដ្រីនៅក្រោមបព្វជិតភាព គឺតាមគន្លងនៃបព្វជិតភាព » ( នៅក្នុង Daughters in My Kingdom ទំព័រ ១២ ) ។ អេលីហ្សា អ័រ ស្នូ បានរំឭកថា យ៉ូសែប ស៊្មីធបានបង្រៀនសមាគមសង្គ្រោះថា « អង្គការដូចគ្នានេះធ្លាប់មានពីមុននៅក្នុងសាសនាចក្រពីបុរាណ » ( នៅក្នុង Daughters in My Kingdom ទំព័រ ៧ ) ។
ស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនពីអត្ថន័យ ដែលសមាគមសង្រ្គោះត្រូវបានបង្កើតឡើងតាមគន្លងនៃបព្វជិតភាព ៖
សមាគមសង្គ្រោះគឺពិសេស ដោយសារវាត្រូវបានបង្កើតឡើងតាម « គន្លងនៃបព្វជិតភាព » [ យ៉ូសែប ស៊្មីធ បានដកស្រង់នៅក្នុង សារ៉ា អិម ឃឹមបឹល « Auto-biography » Woman’s Exponent ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៨៣ ទំព័រ ៥១ ] ។ … យើងប្រតិបត្តិការនៅក្នុងរបៀបនៃបព្វជិតភាព—គឺមានន័យថា យើងស្វែងរក ទទួល និងអនុវត្តតាមវិវរណៈ ហើយធ្វើការសម្រេចចិត្តជាក្រុមប្រឹក្សា ព្រមទាំងខ្វល់ខ្វាយចំពោះបុគ្គលម្នាក់ៗ ។ គោលបំណងរបស់យើងគឺជាគោលបំណងបព្វជិតភាព ដើម្បីរៀបចំខ្លួនសម្រាប់ពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈការចុះសេចក្ដីសញ្ញា និងគោរពតាមសេចក្ដីសញ្ញានោះ ។ ដូច្នេះ កិច្ចការរបស់យើងគឺជាកិច្ចការនៃសេចក្ដីសង្គ្រោះ ការបម្រើ និងការប្រែក្លាយជាមនុស្សម្នាក់ដ៏បរិសុទ្ធដូចជាបងប្អូនប្រុសរបស់យើង ដែលជាអ្នកកាន់បព្វជិតភាពផងដែរ ។ ( ជូលី ប៊ី ប៊េក « Relief Society: A Sacred Work » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១១០ )
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានគូសបញ្ជាក់បន្ថែមថា កិច្ចការរបស់សមាគមសង្គ្រោះបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាព ៖
ក្នុងការថ្លែងមួយទៅសមាគមសង្គ្រោះ ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ដែលនៅពេលនោះជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា ៖ « ខណៈដែលបងប្អូនស្រីពុំមានបព្វជិតភាព វាមិនត្រូវបានប្រគល់ឲ្យពួកគេ នោះមិនមានន័យថា ព្រះអម្ចាស់មិនប្រគល់សិទ្ធិអំណាចដល់ពួកគេឡើយ ។ … អ្នកអាចនិយាយដោយសិទ្ធិអំណាច ដោយសារព្រះអម្ចាស់បានដាក់សិទ្ធិអំណាចដល់អ្នក » ។ លោកក៏បានមានប្រសាសន៍ថា សមាគមសង្គ្រោះ « [ ត្រូវ ] បានប្រទានអំណាច និងសិទ្ធិអំណាចដើម្បីធ្វើការណ៍ដ៏អស្ចារ្យជាច្រើន ។ កិច្ចការដែលពួកគេធ្វើ គឺត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចដ៏ទេវភាព » [ « Relief Society—An Aid to the Priesthood » Relief Society Magazine ខែ មករា ឆ្នាំ ១៩៥៩ ទំព័រ ៤–៥ ] ។ …
…អ្នកណាក៏ដោយដែលមានតំណែង ឬការហៅមួយ បានទទួលពីអ្នកកាន់កូនសោបព្វជិតភាពដើម្បីអនុវត្តសិទ្ធិអំណាចបព្វជិតភាពក្នុងការធ្វើកាតព្វកិច្ចរបស់ខ្លួន ។ ( ដាល្លិន អេក អូក « កូនសោ និង សិទ្ធិអំណាចនៃបព្វជិតភាព » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥០–៥១ )
ផ្នែកទី ៣
តើស្ដ្រី និងសមាគមសង្គ្រោះជួយសម្រេចនូវគោលបំណងរបស់ព្រះ និងសាសនាចក្ររបស់ទ្រង់តាមរបៀបណា ?
ការប្រជុំសមាគមសង្គ្រោះលើកដំបូងបានធ្វើឡើងនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ នៅបន្ទប់ខាងលើនៃហាងឥដ្ឋក្រហមរបស់ យ៉ូសែប ស៊្មីធនៅទីក្រុងណៅវូ រដ្ឋអិលលីណយ ។ អិមម៉ាត្រូវបានជ្រើសរើស និងគាំទ្រឲ្យធ្វើជាប្រធាននៃអង្គការថ្មីនេះ ។ យ៉ូសែប បានក្រោកឈរ និងបានពន្យល់ថា ការណ៍នេះគឺជាការបំពេញដល់ការប្រកាសរបស់ព្រះអម្ចាស់ថា អិមម៉ាគឺជា « ស្ដ្រីរើសតាំង ជាអ្នកដែលយើងបានហៅ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៣ ) ។ មួយរយៈពេលខ្លីក្រោយមក ព្យាការីបានពោលថា ៖ « សមាគមនេះគឺត្រូវទទួលបានការណែនាំតាមរយៈលំដាប់លំដោយដែលព្រះបានស្ថាបនាឡើង—តាមរយៈអស់អ្នកដែលបានតែងតាំងឲ្យដឹកនាំ—ហើយឥឡូវនេះ ខ្ញុំប្រគល់កូនសោដល់អ្នកនៅក្នុងព្រះនាមរបស់ព្រះ ហើយសមាគមនេះនឹងអររីករាយ ហើយចំណេះដឹង និងប្រាជ្ញានឹងហូរចូលចាប់តាំងពីពេលនេះតទៅ » ( នៅក្នុង Daughters in My Kingdom ទំព័រ ១៤–១៥ ) ។
ស៊ិស្ទើរ អិមម៉ា ស៊្មីធ បានប្រកាសថា ស្ដ្រីនៃសាសនាចក្រនឹងធ្វើ « អ្វីមួយពិសេស » រួមគ្នា ( « Joseph Smith’s Teachings about Priesthood, Temple, and Women Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។ នៅពេលបងប្អូនសិក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ សូមពិចារណាគូសចំណាំអ្វីដែលបងប្អូនចាប់អារម្មណ៍អំពីគោលបំណង និងបេសកកម្មរបស់សមាគមសង្គ្រោះ ។
ស៊ីណា ឌី អេច យ៉ាង់ អតីតប្រធានសមាគមសង្គ្រោះទូទៅ បានរំឭកថា ៖
សមាគមសង្គ្រោះ… ត្រូវបានបង្កើតឡើងដំបូង… ដើម្បីប្រទានពរជ័យខាងសាច់ឈាមដល់ជនក្រីក្រ និងអ្នកត្រូវការ ៖ ហើយផ្ដល់ការលើកទឹកចិត្តដល់អ្នកទន់ខ្សោយ និងបង្ខាំងអ្នកធ្វើខុស ហើយសម្រាប់ការអភិវឌ្ឍកាន់តែប្រសើរ និងការអនុវត្តចិត្តសណ្ដោស និងសប្បុរសធម៌របស់ស្ដ្រី ដើម្បីនាងអាចមានឱកាសទទួលបានកម្លាំងខាងវិញ្ញាណ និងអំណាចដើម្បីសម្រេចបានកិច្ចការល្អដ៏អស្ចារ្យនៅក្នុងកិច្ចការនៃសេចក្ដីប្រោសលោះដល់ក្រុមគ្រួសារមនុស្សលោក ។ ( « First General Conference of the Relief Society » Woman’s Exponent ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៨៨៩ ទំព័រ ១៧២ )
ស៊ិស្ទើរ ប៊េក បានបង្រៀនថា ៖
យ៉ូសែប ស៊្មីធបានពោលថា ស្ដ្រីនៃសាសនាចក្រនេះត្រូវបានរៀបចំឡើងដើម្បី « ជួយសម្រាលដល់ជនទ័លក្រ ជនទុរគត៌ ស្រី្តមេម៉ាយ និងកុមារកំព្រា ព្រមទាំងសម្រាប់អនុវត្តនូវរាល់គោលបំណងដោយក្តីមេត្តា » [ នៅក្នុង History of the Church ៤:៥៦៧ ] ហើយ « មិនគ្រាន់តែសម្រាលទុកដល់ជនទ័លក្រប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដើម្បីសង្គ្រោះព្រលឹងផងដែរ » [ នៅក្នុង History of the Church ៥:២៥ ] ។ កិច្ចខិតខំដើម្បីសម្រាលបន្ទុកនោះត្រូវបានផ្ដល់និយមន័យបន្ថែមទៀតដោយអែលឌើរ ចន អេ វិតសូ ថាជា « ការសម្រាលភាពក្រីក្រ ការសម្រាលរោគា ការសម្រាលមន្ទិលសង្ស័យ ការសម្រាលភាពល្ងង់ខ្លី—ការសម្រាលពីអ្វីទាំងអស់ដែលរារាំងមិនឲ្យមាន … អំណរ និងការរីកចម្រើន ។ … » [ Evidences and Reconciliations, arr. G. Homer Durham វ៉ុល ៣ ក្នុងលេខ ១ ( ឆ្នាំ ១៩៦០ ) ទំព័រ ៣០៨ ]
… តាមរយៈសមាគមសង្គ្រោះ យើងអនុវត្តភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងរៀនអ្វីដែលទ្រង់ចង់ឲ្យយើងរៀន យើងធ្វើអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ ហើយយើងក្លាយជាអ្វីដែលទ្រង់ចង់ឲ្យយើងក្លាយជា ។ ( ជូលី ប៊ី ប៊េក « What Latter-day Saint Women Do Best: Stand Strong and Immovable » Ensign និង Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១១១, ១០៩ )
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានពន្យល់ពីមូលហេតុដែលបុរស និងស្ដ្រីទាំងឡាយត្រូវយល់ពីគោលបំណង និងបេសកកម្មរបស់សមាគមសង្គ្រោះ ៖
មានអំណាចនៅក្នុងអង្គការ [ សមាគមសង្គ្រោះ ] នេះ ដែលពុំទាន់បានអនុវត្តពេញលេញ ដើម្បីពង្រឹងដល់គេហដ្ឋាននៃស៊ីយ៉ូន និងស្ថាបនានគរព្រះនៅឡើយទេ—វានឹងមិនមានឡើយ រហូតដល់ទាំងបងប្អូនស្រី និង[ បងប្អូនប្រុស ] ក្នុងបព្វជិតភាពតោងចាប់បានទស្សនវិស័យនៃសមាគមសង្គ្រោះនេះ ។ ( ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅក្នុង Daughters in My Kingdom ទំព័រ ១៤២ អក្សរទ្រេតត្រូវបានបន្ថែម ។