ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៦ ៖ ព្រះគម្ពីរ​មរមន—ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៦ ៖ ព្រះគម្ពីរ​មរមន—ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៦ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៦

ព្រះគម្ពីរ​មរមន—ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង

ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា « ព្រះ​គម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ( បុព្វ​កថា​នៃ​ព្រះគម្ពីរ​មរមន ) ។ មេរៀន​នេះ​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​ពន្យល់​ពី​មូលហេតុ ដែល​ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ឆ្លើយតប​នឹង​មតិរិះគន់​ទាស់​នឹង​ព្រះគម្ពីរ ។

យោបល់​សម្រាប់​ការបង្រៀន

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ផ្ដោត​លើ​ការជួយ​ដល់​សិស្ស ។ កាល​បងប្អូន​បង្រៀន សូម​ចាំ​ដើម្បី​ផ្ដោត​លើ​តម្រូវការ​របស់​សិស្ស​ម្នាក់ៗ ។ សូម​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ចំណុច​មេរៀន​សំខាន់​ជាង​សិស្ស​នៅក្នុង​ថ្នាក់រៀន​ឲ្យ​សោះ ។ សូម​បន្ដ​ឲ្យ​សិស្ស​ចូលរួម ហើយ​អនុញ្ញាត​ឲ្យ​មាន​ភាពបត់បែន​ល្មម​ក្នុង​ការពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ពួកគេ ។​

ព្រះគម្ពីរ​មរមន​គឺជា​ការណ៍​ដ៏​ចាំបាច់​ចំពោះ​សាសនាចក្រ​របស់​ព្រះ និង​ចំពោះ​ទីបន្ទាល់​របស់​យើង ។

បងប្អូន​អាច​ចាប់ផ្ដើម​បង្រៀន​ដោយ​ការលើក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឡើង ហើយ​ធ្វើ​ការពិភាក្សា​គ្នា​ខ្លី​មួយ​អំពី​សេចក្ដី​ថ្លែការណ៍ និង​សំណួរ​ដូច​ខាងក្រោម​នេះ ៖

ការវាយ​ប្រហារ​ជាច្រើន​ដែល​មកពី​មតិ​រិះគន់​ចំពោះ​សាសនាចក្រ​សំដៅ​លើ​ព្រះគម្ពីរ​មរមន ។ ហេតុអ្វី​បងប្អូន​គិត​ថា​ដូច្នេះ ?

សូម​ឲ្យ​សិស្ស​បើក ឬ​រកមើល​ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។ សូម​ពន្យល់​ថា នៅ​ថ្ងៃ អាទិត្យ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៨៤១ ព្យាការី យ៉ូសែប ស៊្មីធ​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​នៅក្នុង​ក្រុម​ប្រឹក្សា​ជាមួយ​ពួកសាវក​ដប់ពីរ​នាក់​នៅ​ផ្ទះ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ដែល​បាន​បម្រើ​ជា​ប្រធាន​កូរ៉ុម​នៅ​ពេល​នោះ ( សូម​មើល ប្រវត្តិ ១៨៣៨–១៨៥៦ [ Manuscript History of the Church ] វ៉ុល C-1 ទំព័រ ១២៥៥ នៅលើ​គេហទំព័រ josephsmithpapers.org ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​កថាខណ្ឌ​ទី​ប្រាំមួយ​ក្នុង បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ឮៗ​ដើម្បី​រកមើល​អ្វី​ដែល​យ៉ូសែប​បាន​ប្រាប់​ទៅ​ពួកសាវក ។ សូម​ឲ្យ​សិស្ស​ពិចារណា​គូស​ចំណាំ​សេចក្ដីពិត ដែល​យ៉ូសែប​បាន​បង្រៀន ។

  • តើ​មាន​នរណាម្នាក់​ស្ម័គ្រចិត្ត​ចែកចាយ​គំនិត ឬ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការបង្រៀន​ទាំងនេះ​ណាមួយ​ទេ ? ( កំណត់​ចំណាំ ៖ កាល​សិស្ស​ឆ្លើយតប សូម​ពិចារណា​ប្រើ​យោបល់​សម្រាប់​ការបង្រៀន​ដូច​តទៅ​នេះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សេចក្ដីពិត ដែល​យ៉ូសែប​បាន​បង្រៀន​ពួកដប់​ពីរ​នាក់ ) ។

ព្រះគម្ពីរ​មរមន​គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ។

បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​ឃ្លា « ព្រះគម្ពីរ​មរមន​គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ » ដោយ​ប្រើ​ព័ត៌មាន​ដែល​មាន​ក្នុង ផ្នែក​ទី ២ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ។

បងប្អូន​ក៏​អាច​ពន្យល់​ដល់​សិស្ស​ដែរ​ថា សេចក្ដី​ថ្លែងការណ៍​របស់ យ៉ូសែប ស៊្មីធ​ពុំ​មែន​មាន​ន័យ​ថា កំណែ​បោះពុម្ព​ព្រះគម្ពីរ​មរមន​មិន​មាន​កំហុស​នោះ​ទេ ។ ការកែ​កំហុស​បាន​ធ្វើ​ឡើង​មុន​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​នីមួយៗ​តាំង​ពី​ឆ្នាំ ១៨២៩ មក ។ ការកែ​កំហុស​ជួយ​ផ្លាស់ប្ដូរ​កំហុស​តូចៗ​លើ​ពាក្យ ឬ​ការប្រកប អព្ភន្តរសញ្ញា ឬ​ការប្រើ​អក្សរ​ធំ​តូច ។ ការប្រើ​ពាក្យ​ត្រឹមត្រូវ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​សំដៅ​លើ​សេចក្ដីពិត​ដ៏​មាន​អនុភាព ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ប៉ុន្ដែ​មិន​មែន​មាន​ន័យ​ថា អត្ថបទ​បោះពុម្ព​គ្មាន​កំហុស​នោះ​ទេ ។

ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។

កាល​សិស្ស​លើកឡើង​ថា​ព្រះគម្ពីរ​មរមន​គឺជា « មូលដ្ឋាន​នៃ​សាសនា​របស់​យើង » បងប្អូន​អាច​បង្ហាញ​រូបភាព​សិលា​គន្លឹះ ដូចជា​រូបភាព​មួយ​នៅក្នុង​សៀវភៅ​សិក្សា​ការរៀបចំ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា សិលា​គន្លឹះ​គឺជា​ការប្រៀបធៀប​ដ៏​ល្អ​មួយ​សម្រាប់​ព្រះគម្ពីរ​មរមន ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ឬ​សង្ខេប​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅក្នុង​ផ្នែក​ទី ៣ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ។ ( សេចក្ដី​ថ្លែងការណ៍​នេះ​ពន្យល់​ពី​របៀប​បី​យ៉ាង ដែល​ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ) ។ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ​ខ្លះ ឬ​ទាំងអស់​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៉ីជម្រៅ​ពី​ការបង្រៀន​របស់​ប្រធាន ប៊ែនសឹន អំពី​ការដែល​ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​មួយ ។

  • តើ​ព្រះគម្ពីរ​មរមន​បាន​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ​យេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​សាសនាចក្រ​ឈរ​ឡើង ឬ​ធ្លាក់​ចុះ​អាស្រ័យ​លើ​ភាពពេញ​លេញ​នៃ​ព្រះគម្ពីរ​មរមន​តាម​របៀប​ណា ?

  • តើ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន បាន​មានឥទ្ធិពល​លើ​ទីបន្ទាល់​របស់​បងប្អូន​អំពី​គោលលទ្ធិ និង ការបង្រៀន​ទាំងឡាយ​ក្នុង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះគម្ពីរ​មរមន​ក្លាយជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​ដែរ​ឬ​ទេ ? បើ​មែន តើ​តាម​របៀប​ណា ?

យើង​អាច​ខិត​ទៅ​កាន់តែ​ជិត​ព្រះ តាមរយៈ​ការធ្វើ​តាម​ការបង្រៀន​ក្នុង​ព្រះគម្ពីរ​មរមន ។

សូម​បំបែក​សិស្ស​ទៅជា​ក្រុម​តូចៗ ហើយ​សូម​ឲ្យ​ពួកគេ​ចែកចាយ និង​ពន្យល់​ពី​វគ្គ​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ខិតទៅ​ជិត​ព្រះ ។ ( សិស្ស​ដែល​បាន​សិក្សា​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ​អាច​សំដៅ​លើ​អ្វី ដែល​ពួកគេ​បាន​សរសេរ​នៅ​ចុង​បញ្ចប់​នៃ​ផ្នែក​ទី ៤ ) ។ បងប្អូន​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ក្នុង​ក្រុម​របស់​គេ អំពី​របៀប​ដែល​ការរស់នៅ​តាម​ការបង្រៀន​ដូច​បាន​កត់ត្រា​នៅក្នុង​វគ្គ ដែល​ពួកគេ​បាន​ជ្រើសរើស​នេះ ជួយ​ពួកគេ​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួកសត្រូវ​របស់​សាសនាចក្រ​ប៉ុនប៉ង​បង្ខូច​ព្រះគម្ពីរ​មរមន ។

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​បងប្រុស ថាត អរ ខាលីស្ទើរ ដែល​ជា​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

[ ព្រះគម្ពីរ​មរមន ] គឺ​ជា​ផ្នែក​មួយ​ដ៏​ធ្ងន់​នៅលើ​ជញ្ជីង​នៃ​សេចក្តីពិត​ដែល​ធ្ងន់​លើស​ពី​ទម្ងន់​រួម​គ្នា​នៃ​ការជជែក​វែកញែក​របស់​អ្នក​រិះគន់​ទាំងអស់ ។ ហេតុអ្វី ? ដោយសារ​ប្រសិនបើ​ព្រះគម្ពីរ​នេះ​ពិត នោះ​យ៉ូសែប ស្ម៉ីធ​គឺ​ជា​ព្យាការី ហើយ​នេះ​គឺ​ជា​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ដោយ​មិន​គិត​អំពី​ប្រវត្តិ ឬ​ការជជែក​វែកញែក​ផ្សេង​ទៀត​ដែល​ផ្ទុយ​នឹង​ការពិត​ទាំងនោះ​ឡើយ ។ ដោយសារ​ហេតុផល​នេះ អ្នក​រិះគន់​មាន​បំណង​បង្ហាញ​ថា ព្រះគម្ពីរ​មរមន​ខុស​ឆ្គង ប៉ុន្តែ​ឧបសគ្គ​ដែល​ពួកគេ​មាន​នោះ​គឺ​ធំពេក​ដែល​ពុំ​អាច​យក​ឈ្នះ​បាន​ឡើយ ដោយសារ​នេះ​ជា​ព្រះគម្ពីរ​ពិត ។( « សាក្សីដ៏​មាន​ឥទ្ធិពល​របស់​ព្រះ ៖ ព្រះគម្ពីរ​មរមន » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១០៧ )

សូម​ជួយ​សិស្ស​ឲ្យ​រកមើល​ធនធាន​អេឡិច​ត្រូនិច​ទុកចិត្ត​បាន​ដូច​ខាងក្រោម​នេះ ឬ​ផ្ដល់​ច្បាប់​ចម្លង​ក្រដាស​ខ្លះ​ដល់​ពួកគេ បើ​ចាំបាច់ ។ សូម​បែងចែក​ធនធាន​នេះ​ដល់​សិស្ស ហើយ​សូម​ឲ្យ​ពួកគេ​គិត ហើយ​រកមើល​អំណះអំណាង​ខ្លះ ដែល​មតិរិះគន់​លើកឡើង​ប្រឆាំង​នឹង​ព្រះគម្ពីរ​មរមន ហើយ​ពិចារណា​ពី​របៀប​ដែល​យើង​អាច​ប្រើ​ធនធាន​ខាងក្រោម​នេះ​ដើម្បី​ឆ្លើយតប​នឹង​មតិ​រិះគន់​បែប​នេះ កាល​យើង​ព្យាយាម​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​បង្កើន​ទីបន្ទាល់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​មួយ​ចំនួន​ដែល​ពួកគេ​រកឃើញ ។ ពួកគេ​អាច​ធ្វើ​ការណ៍​នេះ​ក្នុង​ក្រុម​តូចៗ ឬ​ជា​ថ្នាក់ ។

  • មរមន ៨:១៤–២២ ។ មរ៉ូណៃ​បញ្ចប់​កំណត់ត្រា​មរមន​របស់​ឪពុក​លោក​ដោយ​ការព្រមាន​ដល់​អស់​អ្នក​ដែល​រិះគន់​ព្រះគម្ពីរ​មរមន​នៅ​ថ្ងៃ​ចុងក្រោយ ។

  • អេធើរ ១២:២៣–២៩ ។ មរ៉ូណៃ​ខ្វល់ខ្វាយ​ថា មនុស្ស​មួយ​ចំនួន​អាច​រិះគន់​ភាពទន់ខ្សោយ​ក្នុង​ការសរសេរ​របស់​លោក ហើយ​ខកខាន​ពី​សារលិខិត​ដ៏​មាន​អនុភាព​នៃ​ព្រះគម្ពីរ​មរមន ។

  • ថាត អរ ខាលីស្ទើរ « សាក្សី​ដ៏​មាន​ឥទ្ធិពល​របស់​ព្រះ ៖ ព្រះគម្ពីរ​មរមន » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១០៧–៩ ) ( បងប្អូន​អាច​ប្រើ​តែ​សុន្ទរកថា​ពាក់​កណ្ដាល​ដំបូង​របស់​បងប្រុស ខាលីស្ទើរ ) ។ ឬ សិស្ស​អាច​មើល​វីដេអូ « Compelling Witness » ( ៧:៤៦ ) ។

  • « Critics of the Book of Mormon » Church History Topics នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ។

  • « ព្រះគម្ពីរ​មរមន និង ការសិក្សា ឌី អិន អេ » ប្រធាន​បទ​ដំណឹង​ល្អ topics.ChurchofJesusChrist.org ។ ( បងប្អូន​អាច​ប្រើ​តែ « The Ancestors of the American Indians » និង​ផ្នែក « Conclusion » ) ។

  • ជែហ្វ្រី អ័រ ហូឡិន « Safety for the Soul » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៨–៩០ ។ ( បងប្អូន​អាច​សិក្សា​តែ​សុន្ទរកថា​ពាក់​កណ្ដាល​ចុងក្រោយ​របស់​អែលឌើរ​ហូឡិន ) ។

បន្ទាប់ពី​សិស្ស​ពិភាក្សា​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម​មួយ ឬ​ច្រើន ៖

  • ហេតុអ្វី​បងប្អូន​គិត​ថា ព្រះ​មិន​ផ្ដល់​ភស្ដុតាង​ពេញលេញ​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ?

  • តើ​បងប្អូន​នឹង​ផ្ដល់​ការប្រឹក្សា​អ្វី​ដល់​មិត្ត ឬ​សមាជិក​គ្រួសារ ដែល​ប្រាប់​បងប្អូន​ថា គាត់​កំពុង​ស្មុគស្មាញ​នឹង​មតិ​រិះគន់​លើ​ព្រះគម្ពីរ​មរមន ? តើ​បងប្អូន​អាច​ធ្វើ​អ្វីផ្សេងទៀត​ដើម្បី​ជួយ ?

  • តើ​បងប្អូន​ធ្វើ​អ្វីខ្លះ ( ឬ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ) ប្រសិនបើ​មើល​ទៅ​ពុំ​មាន​ចម្លើយ​ល្អ​មួយ​ចំពោះ​មតិ​រិះគន់​ដែល​បងប្អូន​ឮ​នោះ ?

សូម​ផ្ដល់​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​គិត​ពី​ប្រសិទ្ធភាព​នៃ​ការសិក្សា​ព្រះគម្ពីរ​មរមន​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ដាក់​ផែនការ​ធ្វើការ​ផ្លាស់ប្ដូរ​ដូច​បាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​បញ្ចូល​ក្នុង​គម្រោង​របស់​ពួកគេ​នូវ​គោលដៅ​មួយ​ដើម្បី​សិក្សា និង​អធិស្ឋាន​បើ​ចាំបាច់ ដើម្បី​ប្រាកដ​ថា ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​ពួកគេ ។ កាល​ពួកគេ​សញ្ជឹងគិត បងប្អូន​អាច​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​អែលឌើរ ខេវីន ដបុលយូ ភើសុន នៃ​ក្រុម​ចិតសិប​នាក់ ៖

បើ​អ្នក​កំពុង​មាន​បញ្ហា ភាន់ច្រឡំ ឬ​វង្វេង​ខាង​វិញ្ញាណ ខ្ញុំ​សូម​ជំរុញ​អ្នក​ឲ្យធ្វើ​កិច្ចការ​មួយ ដែល​ខ្ញុំ​ដឹង​ថា​នឹង​នាំអ្នក​ឲ្យ​ត្រឡប់​មកលើ​ផ្លូវ​ត្រឹមត្រូវ​វិញ ។ ចូរ​ចាប់ផ្ដើម​ម្ដងទៀត​ដើម្បី​សិក្សា​ព្រះគម្ពីរ​មរមន​ដោយ​ការអធិស្ឋាន ហើយ​រស់នៅតាម​ការបង្រៀន​ជារៀងរាល់​ថ្ងៃ រាល់ថ្ងៃ រាល់ថ្ងៃ ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​ដ៏អស្ចារ្យ​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា វា​នឹង​ផ្លាស់ប្តូរ​ជីវិត​អ្នក ហើយ​ពង្រឹង​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ធ្វើតាម​ព្រះគ្រីស្ទ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​មើលឃើញ « ការណ៍​ដែល​ពួកគេ​ពិត​ជា​មាន » [ យ៉ាកុប ៤:១៣ ] ។ ទ្រង់​នឹង​បង្ហាញ​នូវ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​បន្ទាប់ ។ ( ខេវីន ដបុលយូ ភៀរសិន « Stay by the Tree » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ១១៦ )

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ ដែល​ចង់​ចែកចាយ​ទីបន្ទាល់​ខ្លី​មួយ​អំពី​ព្រះគម្ពីរ​មរមន​ឲ្យ​ឡើង​ចែកចាយ ។ បងប្អូន​ក៏​គួរ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​ផង​ដែរ ។

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​ភាពញឹកញាប់​នៃ​ការដែល​ពួកគេ​ដក​បទពិសោធន៍​នៃ​ពរជ័យ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​បព្វជិតភាព​រាល់​សប្ដាហ៍ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា​សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន​លើក​ក្រោយ​ស្ដីពី​ការស្ដារ​បព្វជិតភាព​ឡើងវិញ ហើយ​រកមើល​របៀប​ដែល​បព្វជិតភាព​អាច​ផ្ដល់​ឲ្យ​ពួកគេ​នូវ​អំណាច​ដ៏​សង្គ្រោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។