ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៨ ៖ ស្ត្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង សមាគម​សង្គ្រោះ


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៨ ៖ ស្ត្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង សមាគម​សង្គ្រោះ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៨ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៨

ស្ត្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង សមាគម​សង្គ្រោះ

សមាគម​សង្គ្រោះ​គឺជា​អង្គការ​ដ៏​ចំណាស់​ជាងគេ​បំផុត​មួយ ដែល​មាន​សមាជិក​ជាង ៧.១ លាន​នាក់ ហើយ​ជា​អង្គការ​ស្ដ្រី​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​នេះ ។ សមាគម​សង្គ្រោះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បានស្ដារ​ឡើង​វិញ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​អាច​ចែកចាយ​ថា តើ​សមត្ថភាព​ដ៏​វិសេស និង​ការរួម​ចំណែក​ដ៏​សំខាន់​របស់​ស្ដ្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សំខាន់​ចាំបាច់​ប៉ុណ្ណា​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សិស្ស​ក៏​នឹង​សម្រេច​ពី​របៀប​ដែល​ពួកគេ​អាច​ចូលរួម​កាន់តែ​ពេញលេញ​ថែមទៀត ឬ​គាំទ្រ​សមាគម​សង្គ្រោះ​ឲ្យ​សម្រេច​បាន​គោលបំណង​របស់​វា​បាន​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ស្ត្រី​ដែល​រក្សា​សេចក្ដី​សញ្ញា​ធ្វើ​ការរួម​ចំណែក​ដ៏​វិសេស និង​សំខាន់​មួយ​ក្នុង​ការកសាង​នគរ​របស់​ព្រះ ។

សូម​បង្ហាញ​រូបភាព ឬ​ពិពណ៌នា​អំពី​ស្ដ្រី​ដ៏​សុចរិត​ម្នាក់​នៅក្នុង​ជីវិត​របស់​បងប្អូន ។ សូម​ចែកចាយ​ដោយ​សង្ខេប​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​ស្ដ្រី​ម្នាក់​ក្លាយ​ជា​ស្ដ្រី​គំរូ ហើយ​តើ​នាង​បាន​រួម​ចំណែក​ក្នុង​ការកសាង​នគរ​របស់​ព្រះ​តាម​របៀប​ណា ។

សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ស្ដ្រី​សុចរិត​ម្នាក់ ដែល​ពួកគេ​ស្គាល់ និង​ឥទ្ធិពល​ដែល​ស្ដ្រី​នោះ​មាន​សម្រាប់​សេចក្ដី​ល្អ​ក្នុង​ការកសាង​នគរ​របស់​ព្រះ ។ ( កិច្ចការ​នេះ​គឺជា​កិច្ចការ​ដែល​សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​សញ្ជឹងគិត​នៅក្នុង​ឯកសារ​រៀបចំ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​សេចក្ដី​បង្រៀន​របស់​ប្រធាន​ណិលសុន​ស្តី​អំពី​ស្ដ្រី​សុចរិត​ក្នុង​សាសនាចក្រ ។

បងប្អូន​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បងប្អូន​… គឺជា​ចំណែក​ដ៏​សំខាន់​របស់​យើង​អំឡុងពេល​ដ៏​វិលវល់​នេះ ។ … គុណធម៌ ពន្លឺ ក្ដីស្រឡាញ់ ចំណេះដឹង ភាពក្លាហាន អត្តចរិត សេចក្ដីជំនឿ និង​ជីវិត​ដ៏​សុចរិត​របស់បងប្អូន នឹង​នាំ​ស្ត្រីល្អៗ​នៃ​ពិភពលោក​មកកាន់​សាសនាចក្រ​ក្នុង​ចំនួន​ដ៏នឹកស្មាន​មិន​ដល់​មួយ ដោយ​ដើរ​ជាមួយ​នឹង​ក្រុមគ្រួសារ​បងប្អូន !

យើង​ជា​បងប្អូន​ប្រុស​របស់​បងប្អូន ត្រូវការ​កម្លាំង ជំនឿ​ស៊ប់ ការផ្លាស់​ប្រែចិត្ត​ជឿ លទ្ធភាព​ដឹកនាំ ប្រាជ្ញា និង​សំឡេង​របស់បងប្អូន ។ នគរ​ព្រះ​គឺ​ពុំ​មាន និង​ពុំអាច​មាន​ពេញលេញ​ដោយ​គ្មាន​ស្ត្រី ដែល​ធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ រួចហើយ​រក្សា​សេចក្ដី​សញ្ញា ជា​ស្ត្រី​ដែល​អាច​និយាយ​ដោយ​អានុភាព និង​សិទ្ធិអំណាច​នៃ​ព្រះ​បាន​ទេ ! ( រ័សុល អិម ណិលសុន « ការអង្វរ​ដល់​បងប្អូន​ស្ត្រី​របស់​ខ្ញុំ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៦ )

  • តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វីខ្លះ​ពី​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ?

  • តើ​បងប្អូន​នឹង​សង្ខេប​សេចក្ដីពិត​មួយ ដែល​យើង​អាច​រៀន​មកពី​ការបង្រៀន​របស់​ប្រធាន​ណិលសុន អំពី​ស្ដ្រី​ដែល​រក្សា​សេចក្ដី​សញ្ញា​ក្នុង​សាសនាចក្រ​នេះ​យ៉ាង​ដូចម្ដេច ? ( ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​នៅលើ​ក្ដារខៀន ឬ​បង្ហាញ​សេចក្ដីពិត​មួយ​ស្រដៀង​គ្នា​ដូច​តទៅ​នេះ ៖ ឥរិយាបថ ភាពដឹកនាំ និង​សំឡេង​របស់​ស្ដ្រី​ដែល​រក្សា​សេចក្ដី​សញ្ញា​មាន​សារសំខាន់​ណាស់​ក្នុង​ការកសាង​នគរ​របស់​ព្រះ ) ។

  • ហេតុអ្វី​បងប្អូន​គិត​ថា នគរ​របស់​ព្រះ « គឺ​ពុំ​មាន និង​ពុំអាច​មាន​ពេញលេញ » ដោយ​គ្មាន​សំឡេង និង​ការរួម​ចំណែក​ពី​ស្ត្រី​ដែល​រក្សា​សេចក្ដី​សញ្ញា ?

សូម​ពន្យល់​ថា ដូច​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥ ព្រះអម្ចាស់​បាន​ហៅ អិមម៉ា ស្ម៊ីធ ឲ្យ​ប្រើ​សំឡេង​របស់​នាង ទេពកោសល្យ និង​សមត្ថភាព​របស់​នាង​ដើម្បី​ជួយ​កសាង​នគរ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:៥–៧, ១០–១៦ ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ហើយ​សូម​ឲ្យ​ពួកគេ​រកមើល​ការប្រឹក្សា និង​ការទទួល​ខុសត្រូវ​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អិមម៉ា ។

សូម​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​ពី​ខគម្ពីរ​ទាំងនេះ និង​ប្រាប់​ពី​មូលហេតុ​ផង ។ សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​នាទី​គិត​អំពី​ចំណុច​ណាមួយ​ក្នុង​យោបល់​ប្រឹក្សា ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ទទួល​យក និង​រស់នៅ​ឲ្យ​កាន់តែ​ពេញលេញ ។

ព្រះអម្ចាស់​បាន​រៀបចំ​សមាគម​សង្គ្រោះ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

សូម​បង្ហាញ​រូបភាព​ហាង​ឥដ្ឋ​ក្រហម​របស់ យ៉ូសែប ស៊្មីធ​នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណយ ហើយ​សូម​ពន្យល់​ថា វា​នៅ​ត្រង់​នេះ​ឯង​ដែល​សមាគម​សង្គ្រោះ​ត្រូវបាន​បង្កើត​ឡើង​នៅ​ខែ មីនា ឆ្នាំ ១៨៤២ ។

ហាង​ឥដ្ឋ​ក្រហម​របស់ យ៉ូសែប ស៊្មីធ​នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណយ

សូម​ឲ្យ​សិស្ស​នឹកចាំ​ពី​ស្ថានភាព​ដែល​បាន​ដឹកនាំ​ទៅរក​ការបង្កើត​សមាគម​សង្គ្រោះ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ( ឬ​សូម​ឲ្យ​សិស្ស​ម្នាក់​រៀបចំ​ធ្វើ​ដូច្នោះ​មុន​ពេល​ចាប់ផ្ដើម​បង្រៀន ) ។

  • តើ​យ៉ូសែប ស៊្មីធ បាន​និយាយ​ថា​សមាគម​សង្គ្រោះ​នេះ​ត្រូវបាន​បង្កើត​តាម​គន្លង​អ្វី​ដែរ ? ( សមាគម​សង្រ្គោះ​ត្រូវបាន​បង្កើត​ឡើង​តាម​គន្លង​នៃ​បព្វជិតភាព ) ។

  • តើ​វា​មាន​ន័យ​យ៉ាង​ណា ដែល​សមាគម​សង្រ្គោះ​ត្រូវបាន​បង្កើត​ឡើង​តាម​គន្លង​នៃ​បព្វជិតភាព ? ហេតុអ្វី​ការណ៍​នេះ​សំខាន់​ដើម្បី​ឲ្យ​យើង​ដឹង​ពី​រឿង​នេះ ? ( បើ​ចាំបាច់ សូម​ឲ្យ​សិស្ស​រំឭក​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​បងប្អូន​នឹង​សង្ខេប​គោលបំណង​នៃ​សមាគម​សង្គ្រោះ​ដោយ​របៀបណា ? ( បងប្អូន​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ​ស៊ិស្ទើរ ស៊ីណា ឌី អេច យ៉ង់ និង ស៊ិស្ទើរ ជូលី ប៊ី ប៊េក នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្ដីពិត​មួយ​ស្រដៀង​នឹង​អ្វី​ដូច​តទៅ​នេះ ៖ សមាគម​សង្គ្រោះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការសម្រាល​បន្ទុក​ដល់​អ្នកទ័លក្រ និង​ដើម្បី​ជួយ​សង្គ្រោះ​ព្រលឹង ) ។

  • តើ​បងប្អូន​បាន​ឃើញ​ស្ដ្រី​ក្នុង​សមាគម​សង្គ្រោះ​ជួយ​បំពេញ​តាម​គោលបំណង​ទាំងនេះ​តាម​របៀប​ណាខ្លះ ? ( បងប្អូន​ក៏​អាច​ចែកចាយ​អំពី​គំរូ ឬ​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​មួយ​ផ្ទាល់ខ្លួន​របស់​បងប្អូន​បាន​ដែរ ) ។

សូម​ទុក​ពេល​ឲ្យ​បងប្អូន​ស្ដ្រី​ពីរ​បី​នាក់​ក្នុង​ថ្នាក់​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ពរជ័យ​នៃ​សមាគម​សង្គ្រោះ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ដែល​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ពិចារណា​នៅក្នុង​ឯកសារការ​រៀបចំ ៖

  • តើ​ទាំង​ស្ដ្រី និង​បុរស​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើតាម​ចក្ខុវិស័យ​របស់​សមាគម​សង្គ្រោះ និង​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​សម្រេច​ឲ្យ​បាន​គោលបំណង​នេះ ?

សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​សូម​ឲ្យ​សិស្ស​គិត​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​សំណួរ​នេះ រួច​ហើយ​សរសេរ​គោលដៅ​មួយ​ក្នុង​សៀវភៅ​កំណត់​ហេតុ ឬ​សៀវភៅ​កត់​ចំណាំ​របស់​ពួកគេ ៖

  • បងប្អូន​ស្រី តើ​បងប្អូន​នឹង​ចូលរួម​ឲ្យ​បាន​កាន់តែ​ពេញលេញ​ក្នុង​ការសម្រេច​បាន​គោលបំណង​របស់​សមាគម​សង្គ្រោះ តាមរយៈ​សមត្ថភាព សេចក្ដី​ជំនឿ សំឡេង និង​ភាពដឹកនាំ​របស់​បងប្អូន​ដោយ​របៀប​ណា ?

  • បងប្អូន​ប្រុស តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​គាំទ្រ លើក​ទឹកចិត្ត និង​ធ្វើការ​ជាមួយ​ស្ដ្រី​ឲ្យ​បាន​កាន់តែ​ប្រសើរ​ក្នុង​ការកសាង​នគរ​របស់​ព្រះ ?

ប្រសិនបើ​ពេលវេលា​អនុញ្ញាត សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

កែសម្រួល​យោបល់​សម្រាប់​ការបង្រៀន ។ បងប្អូន​អាច​ជ្រើស​រើស​ប្រើប្រាស់​យោបល់​សម្រាប់​ការបង្រៀន​សម្រាប់​បណ្តុំ​បទគម្ពីរ​ទាំងអស់ ឬ​តែ​មួយ​ចំនួន​នៅក្នុង​មេរៀន​នីមួយៗ ហើយ​បងប្អូន​អាច​កែសម្រួល​យោបល់​នោះ​ស្របតាម​ការណែនាំ​ពី​ព្រះវិញ្ញាណ និង​តម្រូវការ ព្រមទាំង​ស្ថានភាព​ក្នុង​ថ្នាក់រៀន​របស់​បងប្អូន ។ នៅពេល​កែសម្រួល​យោបល់​សម្រាប់​ការបង្រៀន ឬ​ជំនួស​ចំណុច​មេរៀន​ដោយ​គំនិត​ផ្ទាល់​របស់​បងប្អូន​ផ្ទាល់ សូម​ពិចារណា​ពី​លទ្ធផល​រៀនសូត្រ​របស់​សិស្ស​ដែល​បាន​ចូលរួម ហើយ​ជ្រើសរើស​យោបល់​សម្រាប់​ការបង្រៀន​ជម្រើស ដែល​នឹង​នាំ​មក​នូវ​លទ្ធផល​ស្របតាមបំណង ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ពិចារណា​ធ្វើ​តាម​អ្វី​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ៖

  1. សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​ឆ្លើយតប​នឹង​នរណាម្នាក់ ដែល​អះអាង​ថា ស្ដ្រី​មាន​ទីតាំង និង​តួនាទី​ថយចុះ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ដោយ​របៀប​ណា ។

  2. សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដែល​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​នេះ ។

  3. សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ការអញ្ជើញ​ដូច​តទៅ​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

វា​គឺជា​ស្ត្រី​ដែល​បាន​ផ្លាស់ប្រែ​ចិត្តជឿ ជា​ស្ត្រី​រក្សា​សេចក្ដី​សញ្ញា … ដែល​រស់នៅ​សុចរិត​ដែល​នឹង​មាន​ភាពលេចធ្លោ​នៅក្នុង​ពិភពលោក​កំពុងតែចុះ​អាប់អួរ​នេះ ហើយ​ដែល​នឹង​ត្រូវបាន​គេ​មើលឃើញ​ខុសប្លែក និង​មាន​លក្ខណៈ​ផ្សេង​នៅក្នុង​របៀប​ដ៏រីករាយ​បំផុត​នោះ ។

… ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ស្រី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​របស់​ខ្ញុំ​ឲ្យ​បោះ​ជំហាន​ទៅមុខ ! សូម​ទទួល​យក​កន្លែង​ត្រឹមត្រូវ និង​ដែល​តម្រូវ​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន​នៅក្នុង​សហគមន៍ និង​នគរ​នៃ​ព្រះ--ច្រើនជាង​បងប្អូន​ធ្លាប់​ធ្វើពី​មុន ។ ( រ័សុល អិម ណិលសុន « ការអង្វរ​ដល់​បងប្អូន​ស្ត្រី​របស់​ខ្ញុំ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៧, អក្សរ​ទ្រេត​ដើម )

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​ដល់​សិស្ស​ថា ពេល​ពួកគេ​ជួបគ្នា​លើក​ក្រោយ ពួកគេ​នឹង​ផ្ដោត​លើ​ផ្នែក​មួយ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ដែល​ព្យាការី​យ៉ូសែប ស៊្មីធ បាន​សំដៅ​ថា​ជា​ការទទួល​ខុសត្រូវ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​នេះ ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( សូមមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧៥ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១៩ ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​មក​រៀន​ដោយ​បាន​ការរៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​សេចក្ដីសន្យា​របស់​ព្យាការី​ដ៏​អស្ចារ្យ ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ជួយ​សម្រេច​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន ។