« សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៨ ៖ ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៨ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៨
ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានរៀបចំសាសនាចក្ររបស់ទ្រង់ម្ដងទៀតនៅលើផែនដីនេះ ។ មេរៀននេះនឹងជួយសិស្សឲ្យពន្យល់ពីអ្វីដែលធ្វើឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជា « សាសនាចក្រតែមួយដែលពិត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣០ ) ។ សិស្សក៏នឹងសម្រេចពីរបៀបដែលពួកគេអាចចូលរួមកាន់តែពេញលេញថែមទៀតក្នុងសាសនាចក្រ ដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់បានស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៉ីធ ។
សូមអញ្ជើញសិស្សឲ្យស្រមៃថា នៅពេលពួកគេអញ្ជើញមិត្តម្នាក់ឲ្យមកព្រះវិហារ នោះនាងបានឆ្លើយថា ៖ « ព្រះវិហារគឺល្អ ប៉ុន្ដែខ្ញុំគិតថា ខ្ញុំអាចធ្វើជាមនុស្សល្អម្នាក់ដោយគ្មានសាសនាដែលរៀបចំដូច្នេះបាន ។ យើងទាំងអស់គ្នាមានផ្លូវផ្ទាល់ខ្លួនយើងទៅរកព្រះ មែនទេ ? »
-
តើមានការយល់ខុសអ្វីខ្លះ ដែលអាចរារាំងមិត្តរបស់បងប្អូនពីការយល់ដឹងអំពីតម្លៃនៃសាសនាចក្ររបស់ព្រះអម្ចាស់ ?
សូមអនុញ្ញាតឲ្យសិស្សពិភាក្សាគ្នាក្នុងក្រុមតូចៗរយៈពេលពីរបីនាទី ពីរបៀបដែលពួកគេអាចពន្យល់ដល់មិត្តនេះពីមូលហេតុដែលព្រះអម្ចាស់បានស្ថាបនាសាសនាចក្រនៅលើផែនដី ។ ( សូមលើកទឹកចិត្តសិស្សឲ្យប្រើអ្វី ដែលពួកគេបានរៀនមកពីការសិក្សាក្នុងសៀវភៅសិក្សាការរៀបចំ ) ។
សូមបង្ហាញរូបភាពដែលអមមកនៃផ្ទះរបស់ពេត្រុស វិតមើរ ស៉ីញ្ញ័រ នៅភូមិហ្វាយែត រដ្ឋនូវយ៉ោក ។ សូមឲ្យសិស្សនឹកចាំដល់អ្វីដែលពួកគេបានសិក្សាក្នុងផ្នែកទី ១ នៃសៀវភៅសិក្សាការរៀបចំ ដើម្បីពិពណ៌នាពីអ្វីដែលបានកើតឡើងក្នុងផ្ទះរបស់វិតមើរ នៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ។
សូមអាន មាត្រានៃសេចក្ដីជំនឿ ១:៦ រួមគ្នាក្នុងថ្នាក់ ហើយរកមើលអ្វីដែលយ៉ូសែប ស៊្មីធធ្លាប់បានសរសេរអំពីការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ បើចាំបាច់ បងប្អូនអាចចង្អុលបង្ហាញថា « ពួកគ្រូផ្សាយដំណឹងល្អ » អាចសំដៅទៅលើពួកអយ្យកោ ហើយ « ពួកគ្រូគង្វាល » សំដៅលើអ្នកកាន់តំណែងជាអធិបតីដូចជាប៊ីស្សព ។
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនពីសេចក្ដីថ្លែងការណ៍នេះ ? ( សេចក្ដីពិតមួយដែលយើងអាចរៀននោះគឺថា សាសនាចក្ររបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ ត្រូវបានរៀបចំដូចជាសាសនាចក្រនៅជំនាន់របស់ព្រះយេស៊ូវដែរ ) ។
សូមឲ្យសិស្សម្នាក់អានឃ្លាទីពីរនៃសេចក្ដីថ្លែងការណ៍របស់បងប្រុស ថាត អរ ខាលីស្ទើរ ឮៗក្នុងផ្នែកទី ២ នៃសៀវភៅសិក្សាការរៀបចំ ដែលចាប់ផ្ដើមដោយពាក្យ « ប្រសិនបើមនុស្សម្នាក់ត្រូវរកប្លង់មេ … » ។
សូមបង្ហាញសេចក្ដីយោងបទគម្ពីរដូចខាងក្រោមនេះ ។ សូមឲ្យសិស្សជ្រើសរើសយកសេចក្ដីយោងមួយ ឬច្រើនមកអានដោយស្ងាត់ស្ងៀម ហើយរកមើលអ្វីដែលបទគម្ពីរនោះបើកសម្ដែងពីការរៀបចំ ការអនុវត្ត និងការបង្រៀននៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនៅជំនាន់ព្រះគម្ពីរសញ្ញាថ្មី ។
កំណត់ចំណាំ ៖ សកម្មភាពនេះពុំត្រូវចំណាយពេលច្រើនឡើយ ។ វាគ្រាន់តែដើម្បីជួយសិស្សឲ្យស្គាល់របៀប ដែលសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់មានគន្លងដូចនឹងសាសនាចក្រកាលពីបុរាណរបស់ទ្រង់ប៉ុណ្ណោះ ។
-
តើបងប្អូនឃើញមានភាពស្រដៀងគ្នាណាខ្លះ រវាងសាសនាចក្រពិតរបស់ព្រះគ្រីស្ទ និងសាសនាចក្រនៅជំនាន់របស់យើង ? ហេតុអ្វីវាសំខាន់ដើម្បីដឹងថា សាសនាចក្ររបស់ព្រះអម្ចាស់នាសព្វថ្ងៃនេះត្រូវបានរៀបចំស្របតាមគន្លងនៃសាសនាចក្រពីបុរាណរបស់ទ្រង់ ?
សូមពន្យល់ថា ប្រហែលមួយឆ្នាំកន្លះក្រោយពីសាសនាចក្រត្រូវបានរៀបចំ ព្រះអម្ចាស់បានបង្រៀនអំពីភាពវិសេសនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ដោយស្ងាត់ស្ងៀម ហើយរកមើលអ្វីដែលព្រះអម្ចាស់បានប្រកាស ។
-
តើព្រះអម្ចាស់បានពិពណ៌នាសាសនាចក្ររបស់ទ្រង់នៅក្នុង ខទី ៣០ យ៉ាងដូចម្ដេច ? ( សូមជួយសិស្សឲ្យស្គាល់សេចក្ដីថ្លែងការណ៍នៃគោលលទ្ធិដូចតទៅនេះ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាសាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែននេះ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែស៉ីជម្រៅពីសេចក្តីពិតនេះ បងប្អូនអាចសូមសិស្សក្នុងថ្នាក់ឲ្យពិភាក្សាសំណួរដូចខាងក្រោម ។ សូមលើកទឹកចិត្តសិស្សឲ្យរំឭក និងគិតអំពីអ្វីដែលពួកគេបានរៀនមកពីផ្នែកទី ២ នៃសៀវភៅសិក្សារៀបចំអំឡុងពេលពិភាក្សា ។
-
តើបងប្អូននឹងពន្យល់ដោយម៉ឺងម៉ាត់ ប៉ុន្ដែទន់ភ្លន់ដល់នរណាម្នាក់ពីអត្ថន័យថា សាសនាចក្រនេះគឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល » យ៉ាងដូចម្ដេច ?
-
តើអ្វីដែលធ្វើឲ្យសាសនាចក្រនេះ « សកម្ម » ? ( វាអាចមានប្រយោជន៍ ដើម្បីបង្ហាញអ្វីមួយដែលមានជីវិតដូចជារុក្ខជាតិមួយ ហើយសូមឲ្យសិស្សពិពណ៌នាពីលក្ខណៈសម្បត្តិនៃរបស់មានជីវិតមួយ ប្រៀបធៀបទៅនឹងអ្វីមួយដែលគ្មានជីវិត ឬងាប់ ) ។
-
ហេតុអ្វីបងប្អូនគិតថា វាសំខាន់ដើម្បីយល់ថា ខណៈសេចក្ដីពិតដ៏អស់កល្បនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះមិនផ្លាស់ប្ដូរ នោះសាសនាចក្របន្ដរីកចម្រើន ហើយសម្របសម្រួលតាមរយៈវិវរណៈមកពីព្រះអម្ចាស់ ?
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយបងប្អូនឲ្យដឹងថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រតែមួយដែលពិត ហើយសកម្មរបស់ព្រះអង្គសង្គ្រោះ ?
សាសនាចក្ររបស់ព្រះអម្ចាស់ធ្វើឲ្យមានពរជ័យនៃដំណឹងល្អដល់មនុស្សគ្រប់គ្នា ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ៖
វាមានតម្លៃដើម្បីឈប់មួយភ្លែតពិចារណាពីហេតុផល ដែលទ្រង់ជ្រើសប្រើព្រះវិហារមួយជាសាសនាចក្ររបស់ទ្រង់… ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ និងព្រះវរបិតាទ្រង់ ។ ( « ហេតុអ្វីសាសនាចក្រនេះ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )
-
ហេតុអ្វីបងប្អូនគិតថា ព្រះយេស៊ូវគ្រីស្ទជ្រើសរើសប្រើព្រះវិហារមួយជាសាសនាចក្ររបស់ទ្រង់ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ និងព្រះវរបិតាទ្រង់ ?
សូមអាន មរ៉ូណៃ ៦:៣–៦ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:៨–៩ រួមគ្នាក្នុងថ្នាក់ ហើយរកមើលគោលបំណង និងពរជ័យមួយចំនួនដែលកើតមានតាមរយៈសមាជិកភាព និងការបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនពីវគ្គគម្ពីរទាំងនេះ ។
សូមឲ្យសិស្សមានពេលមួយនាទីដើម្បីរំឭកដោយសង្ខេបពីសេចក្ដីថ្លែងការណ៍របស់អែលឌើរ គ្រីស្តូហ្វឺសិន និង ស៉ិស្ទើរ បូនី អិល អូស្ការសុននៅក្នុងផ្នែកទី ៣ នៃសៀវភៅសិក្សាការរៀបចំ ។
-
តើការបង្រៀនណាខ្លះពីក្នុងសេចក្ដីថ្លែងការណ៍ទាំងនេះដែលមានអត្ថន័យជាពិសេសចំពោះបងប្អូន ? ( ក្រោយពីសិស្សឆ្លើយតបហើយ សូមបង្ហាញសេចក្ដីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់បានរៀបចំសាសនាចក្ររបស់ទ្រង់ដើម្បីជួយយើងឲ្យមករកទ្រង់ ទទួលបានពរជ័យដ៏ពេញលេញនៃដំណឹងល្អរបស់ទ្រង់ ហើយមានឱកាសផ្ដល់ការងារបម្រើដល់មនុស្សដទៃ ) ។
សូមឲ្យសិស្សគិតអំពីធាតុនីមួយៗនៃសេចក្ដីពិតនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេបានមើលឃើញសេចក្ដីពិតនេះបំពេញនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ បងប្អូនអាចសួរសំណួរតាមដានមួយចំនួនដូចខាងក្រោម ៖
-
តើអ្វីខ្លះជា « ពរជ័យដ៏ពេញលេញ » នៃដំណឹងល្អរបស់ព្រះអម្ចាស់ ?
-
តើសាសនាចក្រដើរតួយ៉ាងណានៅក្នុងការជួយបងប្អូនឲ្យក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌របស់បងប្អូន ?
សូមឲ្យសិស្សមានពេលខ្លះពិចារណា និងកត់ត្រាគំនិតរបស់ពួកគេអំពីសំណួរដូចខាងក្រោមនេះ ៖
-
តើខ្ញុំអាចចូលរួមយ៉ាងសកម្មក្នុងសាសនាចក្រ និងក្នុងការជួយសម្រេចបានគោលបំណងវាតាមរបៀបណាខ្លះ ?
ក្រោយពីផ្ដល់ពេលគ្រប់គ្រាន់ហើយ បងប្អូនអាចសួរសិស្សពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ដែលអាចជួយពួកគេឲ្យឆ្លើយនឹងសំណួររបស់មិត្តម្នាក់ដូចជាមិត្តដែលបានណែនាំក្នុងស្ថានភាព ដែលបានពិពណ៌នានៅដើមមេរៀននេះ ។ បងប្អូនអាចបញ្ចប់មេរៀនដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលបានបង្រៀននៅក្នុងមេរៀននេះ ។
សម្រាប់ពេលក្រោយ
សូមពន្យល់ថា ដោយសារតែការស្ដារឡើងវិញនៃដំណឹងល្អ នោះយើងអាចយល់កាន់តែច្រើនអំពីគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ និងពលិកម្មដ៏ធួនដែលគ្មាននរណាម្នាក់អាចធ្វើបានជិត ២០០០ ឆ្នាំមកហើយ ។ សូមឲ្យសិស្សគិតអំពីពរជ័យក្នុងការខិតមកកាន់តែព្រះអង្គសង្គ្រោះរបស់ពួកគេគឺ ព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញពួកគេឲ្យពង្រីកការយល់ដឹង និងសេចក្ដីជំនឿរបស់ពួកគេលើទ្រង់ តាមរយៈការសិក្សាសៀវភៅសិក្សាការរៀបចំសម្រាប់ថ្នាក់លើកក្រោយដោយប្រុងប្រយ័ត្ន ។