ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ២ ៖ ការនិមិត្ត​ដំបូង


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ២ ៖ ការនិមិត្ត​ដំបូង » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ២ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ២

ការនិមិត្ត​ដំបូង

ព្រះ​ជា​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​បានបង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៉ីធ ក្នុង​ឆ្នាំ ១៨២០ ។ មេរៀន​នេះ​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​នឹង​ដំណើររឿង​នៃ​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្គាល់​គោលលទ្ធិ និង​គោលការណ៍​នានា​ដែល​ពួកគេ​អាច​រៀន​ពី​ការនិមិត្ត​របស់​លោក ហើយ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ថា យ៉ូសែប ស៊្មីធ​បាន​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

កំណត់​ចំណាំ ៖ ការស្វែងរក​សេចក្ដីពិត​របស់ យ៉ូសែប ស៊្មីធ​ដូច​តំណាល​នៅក្នុង យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៥–១៣ នឹង​មាន​បញ្ជាក់​លម្អិត​ជាង​នេះ​នៅក្នុង​មេរៀន​ទី ៣ នៃ​វគ្គ​សិក្សា​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ព្រះកាយ​ចំពោះ​យ៉ូសែប ស៊្មីធ ។

សូម​បង្ហាញ​ប្រយោគ​ខាងក្រោម​នេះ​មកពី យ៉ូសែប ស្ម៉ីធ — ប្រវត្តិ ១:២១ ៖

« សព្វ​ថ្ងៃ​នេះ លែង​មាន​ការណ៍​អ្វី​ជា​ការនិមិត្ត ឬ​វិវរណៈ​ហើយ » ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ប្រយោគ​នេះ ?

  • តើ​ជីវិត​របស់​បងប្អូន​នឹង​ខុសប្លែក​យ៉ាង​ដូចម្ដេច បើ​បងប្អូន​បាន​ជឿ​លើ​ប្រយោគ​នេះ ?

សូម​ពន្យល់​ថា ប្រយោគ​នេះ​បាន​ថ្លែង​ដោយ​អាចារ្យ​ម្នាក់​ពី​ពួក​មេតូឌីស នៅពេល យ៉ូសែប ស៊្មីធ​វ័យ​ក្មេង​បាន​ប្រាប់​លោក​អំពី​ការនិមិត្ត​ដំបូង​របស់​លោក ។ សូម​ឲ្យ​សិស្ស​អាន យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:១៥–១៩ ហើយ​សូម​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ដែល​ការពិពណ៌នា​របស់​យ៉ូសែប​អំពី​អ្វី​ដែល​លោក​បាន​ដក​ពិសោធន៍ បដិសេធ​ការអះអាង​របស់​អាចារ្យ​នេះ ។ ក្រោយពី​ពួកគេ​អាន​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​គិត ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

អញ្ជើញ​សិស្ស​ឲ្យ​អាន​ក្នុង​ថ្នាក់ ។ ការអាន​នៅក្នុង​ថ្នាក់​អាច​ធ្វើ​ឡើង​តាម​របៀប​ផ្សេងៗ​ដូចជា សិស្ស​អាន​ពី​ព្រះគម្ពីរ​របស់​គេ​ផ្ទាល់​ដោយ​ស្ងាត់ស្ងៀម សិស្ស​ម្នាក់​អាន​ឮៗ សិស្ស​ប្ដូរ​វេន​គ្នា​អាន​ខគម្ពីរ​ឮៗ សិស្ស​អាន​ឮៗ​រួម​គ្នា​ជាដើម ។

សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖ ព្រះ​ជា​ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស៊្មីធ ហើយ​បាន​មាន​បន្ទូល​ជាមួយ​នឹង​លោក ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ ដែល​ចង់​ថ្លែង​ទីបន្ទាល់​អំពី​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ឲ្យ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​សាក្សី​ខាងវិញ្ញាណ​របស់​បងប្អូន​អំពី​ការនិមិត្ត​ដំបូង​កើត​មាន​ដល់​បងប្អូន​ដោយ​របៀប​ណា ?

យើង​រៀន​ពី​សេចក្ដីពិត​ដ៏​សំខាន់​ទាំងឡាយ​តាមរយៈ​ដំណើររឿង​ការនិមិត្ត​ដំបូង ។

សូម​រំឭក​សិស្ស​ថា យ៉ូសែប ស៊្មីធ​បាន​ផ្ដល់​ដំណើររឿង​បួន​ខុសៗ​គ្នា​អំពី​ការនិមិត្ត​ដំបូង ដែល​យើង​បាន​ដឹង ។ យើង​ក៏​មាន​ដំណើរ​រឿង​ប្រាំ​បន្ថែមទៀត​អំពី​ការនិមិត្តនេះ ដែល​ត្រូវបាន​សរសេរ​ដោយ​មនុស្ស​ដែល​បាន​ឮ​យ៉ូសែប​និយាយ​វា ។ ដូច​មាន​ភាពខុសគ្នា​ក្នុង​ដំណើររឿង​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​កត់ត្រា​ដោយ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន​ដែរ ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប​នីមួយៗ​គូស​បញ្ជាក់​ចំណុច​ខុសៗគ្នា​នៃ​បទពិសោធន៍​របស់​លោក ។ ប៉ុន្ដែ​ដំណើររឿង​ទាំងអស់​មាន​ធាតុ​សំខាន់​នៃ​អ្វី​ដែល​យ៉ូសែប​បាន​ឃើញ និង​បាន​ឮ ។ មនុស្ស​មួយ​ចំនួន​ប៉ុនប៉ង​លុបចោល​ការនិមិត្ត​ដំបូង ដោយសារតែ​ភាពខុសគ្នា​ក្នុង​ដំណើររឿង​ផ្សេងៗ​គ្នា ។ ( ឧទាហរណ៍ ដំណើរ​រឿង​ឆ្នាំ ១៨៣២ សង្កត់​ធ្ងន់​ថា យ៉ូសែប​បាន​ស្វែងរក​ការអភ័យទោស​ពី​អំពើបាប​របស់​លោក ហើយ​ក៏​ប្រើ​ចំណងជើង « ព្រះអម្ចាស់ » ជាជាង​សំដៅ​លើ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​ដាច់​ដោយ​ឡែក​ពី​គ្នា ។ ដំណើរ​រឿង​ឆ្នាំ ១៨៣៥ ពិពណ៌នា​ពី​ព្រះកាយ​របស់​ព្រះវរបិតាសួគ៌​មុន បន្ទាប់​មក​ព្រះអង្គ​សង្គ្រោះ ) ។

ដើម្បី​ជួយ​ពន្យល់​ពី​មូលហេតុ​នៃ​ភាពខុសគ្នា​នៅក្នុង​ដំណើររឿង​ទាំងនេះ សូម​ឲ្យ​សិស្ស​គិត​អំពី​បទពិសោធន៍​ដ៏​សំខាន់ ឬ​ដ៏​មាន​ន័យ​មួយ ដែល​ពួកគេ​បាន​មាន​ក្នុង​ជីវិត​របស់​ពួកគេ ។

  • តើ​ការតំណាល​របស់​បងប្អូន​ពី​បទពិសោធន៍​នោះ​ខុស​គ្នា​យ៉ាង​ដូចម្ដេច អាស្រ័យ​លើ​នរណា​ជា​អ្នកស្ដាប់​បងប្អូន ? តើ​វា​អាច​ផ្លាស់ប្តូរ​ដោយ​របៀប​ណា អាស្រ័យ​ទៅលើ​ពេលវេលា ឬ​មូលហេតុ​ដែល​បងប្អូន​បាន​ប្រាប់​ពី​បទពិសោធន៍​នោះ ?

  • តើ​បងប្អូន​នឹង​ឆ្លើយតប​ទៅកាន់​នរណាម្នាក់ ដែល​ប្រកែក​ថា​ភាពផ្សេង​គ្នា​ក្នុង​ដំណើររឿង​ខុសគ្នា​នៃ​ការនិមិត្ត​ដំបូង​នាំ​ឲ្យ​មាន​សំណួរ​អំពី​ភាពពិត​នៃ​បទពិសោធន៍​របស់​យ៉ូសែប​យ៉ាង​ដូចម្ដេច ? ( បើ​ចាំបាច់ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​នូវ​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ផ្នែក​ទី ២ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ) ។

សូម​បង្ហាញ​ប្រយោគ​មិន​ពេញលេញ​ដូច​តទៅ​នេះ ៖ យើង​រៀន​មកពី​ការនិមិត្ត​ដំបូង​ថា … ។

សូម​ពន្យល់​ថា យើង​អាច​រៀន​ពី​សេចក្ដីពិត​ដ៏​អស្ចារ្យ​ចេញពី​ដំណើររឿង​ទាំងអស់​នៃ​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ។ សូម​រំឭក​សិស្ស​ថា ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​រៀបចំ​បញ្ជី​នៃ​សេចក្ដីពិត​មួយ ដែល​ពួកគេ​បាន​រកឃើញ​ចេញពី​ដំណើររឿង​នៃ​ការនិមិត្ត​ដំបូង​ទាំងនេះ​សម្រាប់​មេរៀន​នេះ ។ ប្រសិនបើ​ចាំបាច់ សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​រំឭក​នូវ​អ្វី​ដែល​ពួកគេ​បាន​គូស​ចំណាំ និង​សេចក្ដីពិត​ដែល​ពួកគេ​កត់ចំណាំ​ទុក ។ ( បងប្អូន​គួរតែ​ផ្ដល់​ពេល​ឲ្យ​សិស្ស​សិក្សា​ដំណើររឿង​នៅក្នុង​ថ្នាក់ ប្រសិនបើ​បងប្អូន​បញ្ចូល​មេរៀន​ពីរ​ដំបូង​ចូល​គ្នា ហើយ​សិស្ស​មិន​បាន​រៀបចំ​សម្រាប់​មេរៀន​នេះ​ទេ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​សេចក្ដីពិត​មួយ​ចំនួន ដែល​ពួកគេ​បាន​រកឃើញ និង​ខគម្ពីរ​ទាំងឡាយ ឬ​ចំណែក​នៃ​ដំណើររឿង​ដែល​បង្រៀន​ពី​សេចក្ដីពិត​ទាំងនោះ​ផងដែរ ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​ក្រោម​ប្រយោគ​មិន​ពេញលេញ ដែល​អ្នក​ទើប​បាន​បង្ហាញ​នោះ ។

កំណត់​ចំណាំ ៖ សម្រាប់​ឧទាហរណ៍​នៃ​សេចក្ដីពិត​ដែល​យើង​អាច​រៀន​មកពី​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប សូមមើល​សុន្ទរកថា « The First Vision: Key to Truth » ( Ensign ខែ មិថុនា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៥ ) ដោយ​អែលឌើរ រីឆាត ជេ ម៉េណេស បាន​យោង​នៅក្នុង ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​សៀវភៅ​សិក្សា​ការរៀបចំ ។

កាល​សិស្ស​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ សូម​ពិចារណា​សួរ​សំណួរ​ពួកគេ​ពី​សំណួរ​តាមដាន​ទាំងនេះ​មួយ ឬ​ច្រើន ៖

  • ហេតុអ្វី​បងប្អូន​គិត​ថា សេចក្ដីពិត​នេះ​សំខាន់​ដើម្បី​យល់​ដឹង ?

  • តើ​ការដឹង​សេចក្ដីពិត​នោះ​បាន​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​យ៉ាង​ដូចម្ដេច ?

  • តើ​បងប្អូន​រៀន​អ្វី​ខ្លះ អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចេញមកពី​អ្វី​ដែល​បងប្អូន​បាន​សិក្សា​អំពី​ការនិមិត្ត​ដំបូង ?

យើង​អាច​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ការនិមិត្ត​ដំបូង ។

សូម​ពន្យល់​ថា មនុស្ស​ជាច្រើន​ក្នុង​សហគមន៍​របស់​យ៉ូសែប​បាន​បដិសេធ​ទីបន្ទាល់​របស់​លោក អំពី​អ្វី​ដែល​លោក​បាន​ឃើញ និង​បាន​ឮ ហើយ​ថា​មនុស្ស​ជាច្រើន​បាន​បៀតបៀន​លោក​ដោយសារ​ការណ៍​នេះ ( សូមមើល យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:២១–២៣ ) ។

សូម​ឲ្យ​សិស្ស​អាន យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:២៤–២៥ ហើយ​រកមើល​របៀប​ដែល​ព្យាការី​យ៉ូសែប ស្ម៉ីធ​ឆ្លើយតប​នឹង​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទីបន្ទាល់​របស់​លោក​អំពី​ការនិមិត្ត​នេះ ។

  • តើ​ឃ្លា​ក្នុង​ទីបន្ទាល់​របស់​យ៉ូសែប ស៊្មីធ​ណា​ខ្លះ​ដែល​បងប្អូន​ចាប់​អារម្មណ៍ ? ហេតុ​អ្វី​ទៅ ?

  • តើ​គំរូ​របស់ យ៉ូសែប ស៊្មីធ​អាច​ជួយ​បងប្អូន​ដោយ​របៀប​ណា ប្រសិនបើ​បងប្អូន​ប្រឈម​មុខ​នឹង​ការសើច​ចំអក ឬ​ឧបសគ្គ​ចំពោះ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ការនិមិត្ត​ដំបូង និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​បង្ហាញ ឬ​ចែក​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អស់​ជាង​មួយ​សតវត្សរ៍​កន្លះ​មក ពួកសត្រូវ ពួកអ្នករិះគន់ និង​ពួក​បញ្ញាវន្ដ​នា​អនាគត​មួយ​ចំនួន​បាន​ណាយ​នឹង​ជីវិត​របស់​ពួកគេ ក្នុង​ការ​ព្យាយាម​បញ្ជាក់​ថា​ការនិមិត្ត​នោះ​ពុំ​មាន​សុពលភាព​ឡើយ ។ ពិតប្រាកដណាស់ ពួកគេ​មិន​អាច​យល់​ពី​ការនិមិត្ត​នេះ​បាន​ឡើយ ។ ការណ៍​របស់​ព្រះ​ត្រូវ​យល់​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ ។ គ្មាន​អ្វី​អាច​ប្រៀបបាន​ឡើយ តាំង​ពី​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​យាង​មក​នៅលើ​ផែនដី​នេះ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់ ។ បើ​គ្មាន​វា​ជា​ថ្ម​គ្រឹះ​សម្រាប់​សេចក្ដី​ជំនឿ និង​អង្គភាព​របស់​យើង​ទេ នោះ​យើង​គ្មាន​អ្វី​សោះ​ឡើយ ។ ដោយសារ​ការនិមិត្ត​នេះ យើងក៏​មាន​អ្វី​គ្រប់យ៉ាង ។

មាន​អ្វី​ជាច្រើន​ត្រូវ​បាន​សរសេរ​មក ហើយ​នឹង​មាន​អ្វី​ជាច្រើន​នឹង​ត្រូវ​សរសេរ ក្នុង​កិច្ច​ខិតខំ​ដើម្បី​ពន្យល់​ពី​វា ។​… ប៉ុន្ដែ​ទីបន្ទាល់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​ដក​ពិសោធន៍​ដោយ​មនុស្ស​ជាច្រើន​រាប់​មិន​អស់ អស់​រយៈពេល​រាប់​ឆ្នាំ​មក​នេះ​តាំង​ពី​វា​បាន​កើតឡើង​មក ថ្លែង​ជា​សាក្សី​ថា វា​ពិត ថា​វា​បាន​កើតឡើង​ដូច យ៉ូសែប ស៊្មីធ​បាន​ប្រាប់​ថា​វា​បាន​កើតឡើង​មែន ។ ( ហ្គរដុន ប៊ី. ហ៊ិងគ្លី « Four Cornerstones of Faith » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៤ ទំព័រ ៥ )

សូម​លើក​ទឹកចិត្ត​សិស្ស ដែល​អាច​ចង់​បាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​អំពី យ៉ូសែប ស្ម៉ីធ និង​ការនិមិត្ត​ដំបូង​ឲ្យ​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប ក្នុង​ការស្វែងរក​សេចក្តីពិត​ដោយ​បន្ដ​សិក្សា​ដំណើររឿង​ទាំងនេះ និង​ទូល​សូម​ព្រះ​ឲ្យ​បញ្ជាក់​ពី​ភាពពិត​នៃ​ការនិមិត្ត​ដំបូង​ដល់​ពួកគេ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បងប្អូន​អាច​បញ្ចប់​មេរៀន​នេះ ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ការនិមិត្ត​ដំបូង និង ការស្ដារ​ដំណឹងល្អ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​គិត​អំពី​សំណួរ​ដ៏​ពិបាក ដែល​ពួកគេ ឬ​អ្នកផ្សេង​មាន​អំពី​ការបង្រៀន ការអនុវត្ត ឬ​ប្រវត្តិ​នៃ​សាសនាចក្រ ។ សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ក្រោយ ពួកគេ​នឹង​រៀន​ពី​អ្វី​ដែល​ត្រូវ​ធ្វើ នៅពេល​មាន​សំណួរ ឬ​បញ្ហា​ពិបាក​កើតឡើង ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​សៀវភៅ​សិក្សា​រៀបចំ​សម្រាប់​មេរៀន​ទី ៣ ដើម្បី​ពួកគេ​អាច​មក​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ជាមុន ហើយ​ពិភាក្សា​ពី​គោលការណ៍​នានា ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​ជាង​នេះ ។