« ឯកសារគ្រូបង្រៀន មេរៀនទី ២៤ ៖ ព្យាការី យ៉ូសែប ស្ម៊ីធ—អ្នកមើលឆុតម្នាក់ដ៏ជម្រើស » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសារគ្រូបង្រៀន មេរៀនទី ២៤ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសារគ្រូបង្រៀន មេរៀនទី ២៤
ព្យាការី យ៉ូសែប ស្ម៊ីធ—អ្នកមើលឆុតជម្រើសម្នាក់
ព្រះអម្ចាស់បានពិពណ៌នាអំពីព្យាការីយ៉ូសែប ស្ម៊ីធថាជា « អ្នកមើលឆុតម្នាក់ដ៏ជម្រើស » ម្នាក់ដែលនឹង « បានតម្កើងខ្ពស់ » ដោយប្រជាជនរបស់លោក ( នីហ្វៃទី ២ ៣:៧ ) ។ ប៉ុន្តែទោះជារឿងល្អៗដែលព្រះអម្ចាស់បានធ្វើតាមរយៈយ៉ូសែប ស្ម៊ីធក្ដី ក៏ព្យាការីបានរងការរិះគន់ជាច្រើនដែរ ។ មេរៀននេះនឹងរៀបចំសិស្សឲ្យឆ្លើយតបដោយសេចក្ដីជំនឿចំពោះការរិះគន់ទាស់នឹងយ៉ូសែប ស្ម៊ីធ ហើយពង្រឹងការជឿជាក់របស់ពួកគេថា ព្រះអម្ចាស់លើកតម្កើងដល់អស់អ្នកដែលទ្រង់ហៅ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់បានហៅយ៉ូសែប ស្ម៊ីធនៅក្នុងភាពទន់ខ្សោយរបស់លោក ហើយបានលើកតម្កើងលោកឲ្យក្លាយជាអ្នកមើលឆុតម្នាក់ដ៏ជម្រើស ។
សូមដាក់បង្ហាញរូបគំនូរខាងក្រោមនេះអំពីយ៉ូសែប ស្ម៊ីធ វ័យក្មេង ។
សូមអញ្ជើញសិស្សឲ្យចែកចាយពាក្យ និងឃ្លាក្នុងផ្នែកទី ១ នៃឯកសាររៀបចំដែលពិពណ៌នាពីអារម្មណ៍ដែលយ៉ូសែបមានចំពោះសមត្ថភាពរបស់លោកផ្ទាល់នៅគ្រាដែលលោកត្រូវបានហៅឲ្យជួយស្ដារដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញ ។
សូមអញ្ជើញសិស្សឲ្យគិតពីពេលដែលពួកគេមានការថប់បារម្ភ ឬគិតថាខ្វះសមត្ថភាពដើម្បីធ្វើអ្វីដែលព្រះអម្ចាស់ ឬពួកអ្នកបម្រើរបស់ទ្រង់បានសុំឲ្យពួកគេធ្វើ ។
សូមពន្យល់ថា ការហៅរបស់ព្រះអម្ចាស់ទៅកាន់យ៉ូសែប ស្ម៊ីធបង្រៀនពីគោលការណ៍ដ៏អស្ចារ្យមួយដែលអាចជួយយើងពេលយើងមានអារម្មណ៍ថាទន់ខ្សោយ ឬខ្វះសមត្ថភាពនៅក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ នៅក្នុងព្រះគម្ពីរមរមន ព្យាការីលីហៃបានរំឭកនូវការព្យាករអំពីយ៉ូសែបនៅស្រុកអេស៊ីព្ទ ។ សូមអាននីហ្វៃទី២ ៣:៦–១១, ១៥ រួមគ្នា ដោយរកមើលពាក្យ ឬឃ្លាដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាអំពីព្យាការីម្នាក់នាពេលអនាគតដែលនឹងមានឈ្មោះថាយ៉ូសែបដែរ ។
-
តើពាក្យ ឬឃ្លាណាខ្លះដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាអំពីយ៉ូសែប ស្ម៊ីធ និងកិច្ចការដែលទ្រង់នឹងជួយលោកឲ្យសម្រេចបាន ?
-
តើព្រះអង្គសង្គ្រោះសន្យាថានឹងដើរតួនាទីអ្វីខ្លះនៅក្នុងកិច្ចការដែលយ៉ូសែបនឹងត្រូវបានហៅឲ្យធ្វើ ?
សូមអាន នីហ្វៃទី ២ ៣:១៣ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១ រួមគ្នាក្នុងថ្នាក់ រកមើលពីរបៀបដែលព្រះអម្ចាស់បានពិពណ៌នាអំពីយ៉ូសែប ស្ម៊ីធ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើបងប្អូនគិតថា ព្រះប្រាជ្ញាញាណរបស់ព្រះអម្ចាស់ត្រូវបានបង្ហាញដោយការហៅ « ពួកកម្សោយនៃផែនដី » ឲ្យធ្វើកិច្ចការរបស់ទ្រង់ដោយរបៀបណា ? ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១ ) ។
-
តើយើងអាចរៀនមេរៀនអ្វីខ្លះមកពីការដែលព្រះអម្ចាស់ហៅយ៉ូសែប ស្ម៊ីធនៅក្នុងភាពទន់ខ្សោយរបស់លោក ?
សូមដាក់បង្ហាញគោលការណ៍ខាងក្រោមនេះដែលបានបង្រៀនដោយអែលឌើរ នែល អេ ម៉ាកស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយអញ្ជើញសិស្សម្នាក់ឲ្យអានវាឮៗ ៖
សារលិខិតដ៏អស្ចារ្យមួយដែលកើតមានមកពីការដែលព្រះអម្ចាស់ប្រើយ៉ូសែប ស្ម៊ីធធ្វើជា ‹ អ្នកមើលឆុតម្នាក់ដ៏ជម្រើស › នៅថ្ងៃចុងក្រោយគឺថា មានសេចក្ដីសង្ឃឹមដ៏ជ្រាលជ្រៅសម្រាប់យើងម្នាក់ៗ ! ព្រះអម្ចាស់អាចហៅយើងនៅក្នុងភាពទន់ខ្សោយរបស់យើង ប៉ុន្តែទ្រង់នឹងលើកតម្កើងយើងសម្រាប់ព្រះរាជបំណងរបស់ទ្រង់ ។ ( នែល អេ ម៉ាក់ស្វែល « A Choice Seer » Ensign ខែ សីហា ឆ្នាំ ១៩៨៦ ទំព័រ ១៤, បានបន្ថែមអក្សរទ្រេត ) ។
-
តើគោលការណ៍នេះអាចជួយមនុស្សដែលមានបញ្ហាជាមួយនឹងកំហុសមនុស្ស ដែលពួកគេបានឃើញនៅក្នុងខ្លួនពួកគេ ថ្នាក់ដឹកនាំសាសនាចក្ររបស់ពួកគេ និងសមាជិកដទៃទៀតតាមរបៀបណា ?
-
តើនៅពេលណាដែលបងប្អូនបានទទួលអារម្មណ៍ថា ព្រះអម្ចាស់ជួយតម្កើងដល់សមត្ថភាពរបស់បងប្អូនឲ្យធ្វើកិច្ចការរបស់ទ្រង់ ទោះជាបងប្អូនមានភាពទន់ខ្សោយក្ដី ? តើនៅពេលណាដែលបងប្អូនបានឃើញព្រះអម្ចាស់ធ្វើកិច្ចការនេះសម្រាប់មនុស្សដទៃ ?
-
តើ យ៉ូសែប ស៊្មីធ បានធ្វើអ្វីខ្លះ ដើម្បីទទួលបានអំណាចនៃការពង្រឹងរបស់ព្រះអម្ចាស់ ? ( បងប្អូនអាចអញ្ជើញសិស្សឲ្យរំឭកសេចក្ដីថ្លែងការណ៍របស់អែលឌើរ ម៉ាកឺស ប៊ី ណាស ដែលមាននៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
សូមទុកពេលមួយភ្លែតឲ្យសិស្សសញ្ជឹងគិតដោយការអធិស្ឋាន ហើយប្រហែលជាកត់ត្រាពីអ្វីដែលពួកគេអាចធ្វើដើម្បីអញ្ជើញព្រះចេស្ដារបស់ព្រះអម្ចាស់ចូលមកក្នុងជីវិតរបស់ពួកគេ ដើម្បីលើកតម្កើងពួកគេសម្រាប់ព្រះរាជបំណងរបស់ទ្រង់ ។
ឈ្មោះរបស់យ៉ូសែប ស្ម៊ីធនឹងមាន « ដើម្បីសេចក្ដីល្អ និងសេចក្ដីអាក្រក់នៅក្នុងគ្រប់ទាំងសាសន៍ » ។
សូមពន្យល់ថា ទោះជារាល់សេចក្ដីល្អដែលយ៉ូសែប ស្ម៊ីធបានធ្វើក្ដី ក៏លោកមានអ្នករិះគន់ និងការទិតៀនជាច្រើនដែរ ។ ប៉ុន្តែការណ៍នេះពុំបានធ្វើឲ្យយ៉ូសែបភ្ញាក់ផ្អើលទេ ។ នៅពេលមរ៉ូណៃបានលេចមកឯយ៉ូសែបកាលពីអាយុ ១៧ ឆ្នាំ នោះលោកបានផ្ដល់ការយល់ដឹងដល់យ៉ូសែបអំពីអនាគតរបស់លោក ។ សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៣៣ ដោយរកមើលរបៀបដែលមនុស្សទូទៅនឹងមានអារម្មណ៍យ៉ាងណាចំពោះយ៉ូសែប ។
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីវគ្គបទគម្ពីរនេះ ? ( សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ឈ្មោះរបស់យ៉ូសែប ស្ម៊ីធនឹងត្រូវបានលើកឡើងទាំងសម្រាប់សេចក្ដីល្អ និងសេចក្ដីអាក្រក់នៅក្នុងចំណោមមនុស្សទូទៅ ) ។
-
តើយើងកំពុងមើលឃើញការព្យាករនេះត្រូវបានបំពេញនៅសព្វថ្ងៃនេះតាមរបៀបណា ?
សូមពន្យល់ថា ព្រះអម្ចាស់បានលួងលោមយ៉ូសែបអំឡុងគ្រាដ៏ខ្មៅងងឹតបំផុតមួយនៃជីវិតរបស់លោក នៅពេលដែលលោកបានជាប់ឃុំនៅលីប៊ើរធី រដ្ឋមិសសួរី ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:១–៣ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់បានអះអាងដល់យ៉ូសែប ស្ម៊ីធ ។
-
តើយើងអាចរៀនអ្វីខ្លះចេញពីបទគម្ពីរនេះអំពីរបៀបដែលមនុស្សស្មោះត្រង់នឹងឆ្លើយតបចំពោះយ៉ូសែប ស្ម៊ីធ និងបេសកកម្មរបស់លោកជាព្យាការី ? ( ខណៈដែលមនុស្សមួយចំនួនចំអកដល់យ៉ូសែប ស្ម៊ីធ នោះអ្នកដែលមានចិត្តបរិសុទ្ធនឹងពុំងាកមកទាស់នឹងលោកឡើយ ប៉ុន្តែនឹងស្វែងរកពរជ័យដែលកើតមានតាមរយៈការងារបម្រើរបស់លោកវិញ ) ។
សូមឲ្យសិស្សរំឭកសេចក្ដីថ្លែងការណ៍នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំមកពីអ្នកដែលបានស្គាល់យ៉ូសែប ស្ម៊ីធ ហើយចែកចាយអ្វីដែលពួកគេបានមានការចាប់អារម្មណ៍ ។
-
តើអ្នកមានអារម្មណ៍ និងទីបន្ទាល់យ៉ាងណាខ្លះអំពីព្យាការី យ៉ូសែប ស្ម៊ីធ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់ធ្វើការអានវាឮៗ ៖
មតិអវិជ្ជមានអំពីព្យាការី យ៉ូសែប ស៊្មីធនឹងកើនឡើង ពេលយើងដើរឆ្ពោះទៅរកការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សេចក្ដីពិតពាក់កណ្ដាល និងការបោកបញ្ឆោតដ៏ប្រសប់នឹងមិនអន់ថយឡើយ ។ នឹងមានសមាជិកគ្រួសារ និងមិត្តភក្ដិដែលនឹងត្រូវការជំនួយពីអ្នក ។ ( នែល អិល អាន់ឌើរសិន « Joseph Smith » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ ) ។
សូមពិភាក្សារួមគ្នា ឬជាក្រុមតូចៗអំពីរបៀបដែលសិស្សអាចជួយសមាជិកគ្រួសារ ឬមិត្តដែលមានបញ្ហាពីមតិអវិជ្ជមានដែលពួកគេស្ដាប់ឮ ឬបានអានអំពីព្យាការី យ៉ូសែប ស៊្មីធ ។ ជាផ្នែកមួយនៃការពិភាក្សានោះ ក្រុមនីមួយៗគួរតែរំឭកសេចក្ដីថ្លែងការណ៍របស់អែលឌើរ អាន់ឌើរសិននៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។ សំណួរដូចតទៅនេះក៏អាចមានប្រយោជន៍ដែលអាចដាក់បញ្ចូលទៅក្នុងការពិភាក្សានោះផងដែរ ៖
-
ហេតុអ្វីបងប្អូនគិតថា វាមានសារៈសំខាន់ដើម្បីលើកទឹកចិត្តមនុស្សម្នាក់ឲ្យសិក្សាធនធានដែលអាចទុកចិត្តបាន ដោយអញ្ជើញបុគ្គលនោះឲ្យពិចារណា ហើយអធិស្ឋាន នៅពេលស្វែងរកចម្លើយចំពោះសំណួរអំពីយ៉ូសែប ស្ម៊ីធ និងបេសកកម្មរបស់លោកជាព្យាការី ?
-
តើបងប្អូននឹងលើកទឹកចិត្តមនុស្សម្នាក់ឲ្យធ្វើអ្វីខ្លះ ដើម្បីទទួលបានសាក្សីខាងវិញ្ញាណមួយ ឬដើម្បីពង្រឹងសាក្សីរបស់គាត់អំពីបេសកកម្មមកពីព្រះរបស់យ៉ូសែប ស្ម៊ីធ ?
សូមបញ្ចប់ដោយថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការទទួលបានសាក្សីខាងវិញ្ញាណមកពីព្រះថា យ៉ូសែប ស៊្មីធគឺជាព្យាការីរបស់ទ្រង់ ត្រូវបានហៅនៅក្នុងភាពទន់ខ្សោយរបស់លោក ហើយបានតម្កើងឡើងដោយព្រះអម្ចាស់ឲ្យធ្វើជាអ្នកមើលឆុតដ៏ជម្រើសនៃការស្ដារឡើងវិញ ។
សម្រាប់ពេលក្រោយ
សូមសួរដល់សិស្ស ប្រសិនបើពួកគេធ្លាប់មានការព្រួយបារម្ភ ហើយអធិស្ឋានពីការសម្រេចចិត្តដែលជះឥទ្ធិពលដល់អនាគតរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យសិក្សាឯកសាររៀបចំសម្រាប់សិស្សសម្រាប់ពេលក្រោយ ។ នៅក្នុងឯកសារនោះ ពួកគេនឹងរៀនអំពីភាពពុំជាក់លាក់ដែលពួកបរិសុទ្ធបានដកពិសោធន៍ បន្ទាប់ពីមរណភាពរបស់យ៉ូសែប ស្ម៊ីធ និងសេចក្ដីជំនឿដ៏អស្ចារ្យរបស់ពួកគេនៅក្នុងការធ្វើតាមថ្នាក់ដឹកនាំថ្មីចូលទៅក្នុងទីរហោស្ថាន ។ សូមអញ្ជើញសិស្សឲ្យត្រៀមខ្លួនជាស្រេច ហើយមកថ្នាក់រៀនដើម្បីពិភាក្សាពីអ្វីដែលពួកគេបានរៀនមកពីពួកបរិសុទ្ធអំឡុងគ្រាដ៏លំបាកនេះ ។