« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៥ ៖ ផែនការរបស់ព្រះវរបិតាសួគ៌ និង សក្តានុពលដ៏ទេវភាពរបស់យើង » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៥ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្សមេរៀនទី ១៥
ផែនការរបស់ព្រះវរបិតាសួគ៌ និង សក្តានុពលដ៏ទេវភាពរបស់យើង
ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសថា « ផែនការណ៍នៃសេចក្តីសង្គ្រោះដ៏ធំបំផុតគឺជាប្រធានបទមួយដែលគួរតែធ្វើឲ្យយើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយជាអំណោយទានដ៏ល្អបំផុតមួយដែលបានមកពីស្ថានសួគ៌សម្រាប់មនុស្សលោក » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២០៨ ) ។ តាមរយៈវិវរណៈ និងការនិមិត្ត នោះយ៉ូសែប ស៊្មីធបានយល់ដឹងពីផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់តាមរបៀបដែលនឹងផ្លាស់ប្ដូរជីវិតមនុស្សរាប់លាននាក់ជុំវិញពិភពលោក ។ មេរៀននេះអាចជួយឲ្យអ្នកឲ្យយល់ដឹងបន្ថែមទៀតថាតើអ្នកគឺជានរណា ហើយថាអ្វីទៅដែលជាសក្ដានុពលដ៏ទេវភាពរបស់អ្នក ។
ផ្នែកទី ១
តើសេចក្ដីពិតដែលបានស្ដារឡើងវិញស្ដីពីផែនការនៃសេចក្ដី សង្គ្រោះរបស់ព្រះបានជះឥទ្ធិពលនៅលើជីវិតរបស់ខ្ញុំតាមរបៀបណា ?
សូមនឹកស្រមៃពីការក្លាយជាអ្នកប្រែចិត្តជឿថ្មីម្នាក់ក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់នៅជំនាន់របស់យ៉ូសែប ស្ម៊ីធ ។ ការយល់ឃើញរបស់អ្នកអំពីផែនការរបស់ព្រះវរបិតាសួគ៌ពុំមានភាពពេញលេញនោះទេ ។ ប្រសិនបើអ្នកត្រូវបានធំឡើងជាគ្រីស្ទសាសនិក អ្នកអាចមានជំនឿស្រដៀងគ្នាដូចតទៅនេះ ៖ (១) ព្រះ ព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះតែមួយ ដោយគ្មានរូបកាយ អវៈយវៈ ឬចំណង់ចំណូលចិត្ត (២) ពីមុនជីវិតនេះគឺគ្មានមនុស្សទេ ហើយពួកគេត្រូវបានបង្កើតឡើងដោយព្រះ ដោយពុំប្រើអ្វីសោះ និង(៣) ព្រះមានភាពអាថ៌កំបាំង ហើយពុំអាចយល់បានឡើយ—គំនិតដែលថាមនុស្សគឺជាបុត្រាបុត្រីរបស់ទ្រង់គ្រាន់តែពាក្យប្រៀបប្រដូចមួយប៉ុណ្ណោះ ។
តាមរយៈវិវរណៈ យ៉ូសែប ស៊្មីធ និងពួកបរិសុទ្ធជំនាន់ដើមបានយល់ដឹងពីនិស្ស័យរបស់ព្រះវរបិតាសួគ៌នៃយើង និងផែនការនៃសេចក្ដីសង្គ្រោះដ៏ទេវភាពរបស់ទ្រង់ ។ សូមនឹកស្រមៃថាវានឹងមានអារម្មណ៍បែបណាទៅ ពេលពួកគេបានរៀនពីសេចក្ដីពិតមួយចំនួនដែលបានស្ដារឡើងវិញដែលយើងមាននៅសព្វថ្ងៃនេះអំពីផែនការរបស់ព្រះវរបិតាសួគ៌នោះ ។
ការយល់ដឹងយ៉ាងច្រើនរបស់យ៉ូសែបអំពីផែនការនៃសេចក្ដីសង្គ្រោះបានកើតឡើងតាមរយៈកិច្ចការរបស់លោកជាមួយនឹងព្រះគម្ពីរមរមន និងការបកប្រែដ៏បំផុសគំនិតរបស់លោកអំពីព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ។ កាលកំពុងបកប្រែព្រះគម្ពីរលោកុប្បត្តិក្នុងឆ្នាំ ១៨៣០ ព្យាការីយ៉ូសែបបានរៀនថា ម៉ូសេត្រូវបានយកទៅកាន់ភ្នំដ៏ខ្ពស់មួយ ហើយបានបង្ហាញឲ្យឃើញពីភាពធំធេងនៃការបង្កបង្កើតរបស់ព្រះ ។ វិវរណៈនេះគឺជាអ្វីដែលយើងស្គាល់ថាជាជំពូកទីមួយនៃគម្ពីរម៉ូសេក្នុងគម្ពីរមុក្តាដ៏មានតម្លៃមហិមាឥឡូវនេះ ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ម៉ូសេថា លោកគឺជាបុត្រាម្នាក់របស់ព្រះ ។ ព្រះក៏បានបង្រៀនពីសេចក្ដីពិតដ៏សំខាន់មួយដែលមាននៅក្នុង ម៉ូសេ ១ អំពីព្រះរាជបំណងនៃកិច្ចការរបស់ទ្រង់ផងដែរ ។
នៅពេលលើកឡើងអំពីអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចអែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
អំណោយទាននៃជីវិតដ៏នៅអស់កល្បជានិច្ចគឺមានតម្លៃដើម្បីសិក្សា រៀនសូត្រ និង អនុវត្តតាមផែនការនៃសេចក្តីសង្គ្រោះ ។ មនុស្សលោកទាំងអស់នឹងរស់ឡើងវិញ ហើយទទួលពរជ័យនៃអមតភាព ។ ប៉ុន្តែដើម្បីសម្រេចបាននូវជីវិតដ៏នៅអស់កល្បជានិច្ច—ជីវិតដែលព្រះដឹកនាំ—គឺមានតម្លៃស័ក្ដិសមនឹងការរស់នៅទៅតាមផែនការនៃសេចក្ដីសង្គ្រោះឲ្យអស់ពីដួងចិត្ត អស់ពីគំនិត និងអស់ពីកម្លាំងរបស់យើង ។ ( រ៉ូបឺត ឌី ហែល « The Plan of Salvation: A Sacred Treasure of Knowledge to Guide Us » Ensign ឬ Liahona ខែតុលា ឆ្នាំ២០១៥ ទំព័រ ២៥ )
សូមកត់សម្គាល់ថា អែលឌើរហែលបានឲ្យនិយមន័យជីវិតដ៏នៅអស់កល្បជានិច្ចថាជា « ជីវិតដែលព្រះដឹកនាំ » ។ សូមពិចារណាថា តើវាមានន័យយ៉ាងណាចំពោះអ្នកដែលកិច្ចការរបស់ព្រះវរបិតាសួគ៌គឺដើម្បីនាំអ្នកត្រឡប់ទៅវត្តមានរបស់ទ្រង់វិញ ដើម្បីអ្នកអាចរីករាយនឹងអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ។
នៅក្នងវិវរណៈមួយដែលបានទទួលនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធបានកត់ត្រាថា « កាលដើមដំបូង មនុស្សក៏បាននៅជាមួយនឹងព្រះដែរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៩ ) ។ ការបកប្រែគម្ពីរអ័ប្រាហាំរបស់យ៉ូសែប ស្ម៊ីធ ដែលត្រូវបានបោះពុម្ពនៅឆ្នាំ ១៨៤២ បានផ្ដល់ជាគំនិតយោបល់យ៉ាងអស្ចារ្យអំពីជីវិតរបស់យើងមុនឆាកជីវិតនេះ និងឱកាសនៃជីវិតរបស់យើងក្រោយឆាកជីវិតនេះ ។
ផ្នែកទី ២
តើការបង្រៀនអ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់ព្រះត្រូវបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៉ីធ ?
នៅឆ្នាំ ១៨៤៤ ប៉ុន្មានខែពីមុនការស្លាប់របស់លោក យ៉ូសែប ស៊្មីធបានថ្លែងនៅក្នុងសន្និសីទចុងក្រោយរបស់លោក ។ មិត្តរបស់លោកឈ្មោះ ឃីង ហ្វូឡេត ទើបតែស្លាប់ថ្មីៗដោយតែគ្រោះថ្នាក់មួយ ហើយគ្រួសារនោះបានសុំឲ្យយ៉ូសែបនិយាយនៅក្នុងពិធីបុណ្យសពនោះ ។ យ៉ូសែបបានបង្រៀនយ៉ាងម៉ឺងម៉ាតអំពីបុគ្គលិកលក្ខណៈរបស់ព្រះ និងសក្ដានុពលរបស់យើងដើម្បីប្រែក្លាយដូចជាទ្រង់ ។ នៅក្នុងអ្វីដែលត្រូវបានគេស្គាល់ថាជា ការបង្រៀនដល់ឃីង ហ្វូឡេត នោះយ៉ូសែបបានប្រកាសថា
មានមនុស្សតែតិចតួចប៉ុណ្ណោះនៅក្នុងពិភពលោកនេះដែលយល់ដឹងយ៉ាងត្រឹមត្រូវអំពីបុគ្គលិកលក្ខណៈរបស់ព្រះ ។ ប្រសិនបើមនុស្សពុំយល់អំពីបុគ្គលិកលក្ខណៈរបស់ព្រះទេ នោះពួកគេក៏ពុំយល់ពីខ្លួនឯងដែរ ។ …
មានគ្រាមួយព្រះក៏ដូចជាយើងនៅពេលនេះដែរ ហើយជាអង្គដែលបានតម្កើងឡើង ហើយគង់នៅលើបល្ល័ង្កនៃស្ថានសួគ៌ !… ប្រសិនបើអ្នកមើលឃើញទ្រង់នៅថ្ងៃនេះ អ្នកនឹងឃើញទ្រង់មានរូបរាងដូចជាមនុស្ស—ដូចជាអ្នកអញ្ចឹងដែរ ។ …
ពេលយើងយល់ពីបុគ្គលិកលក្ខណៈរបស់ព្រះ ហើយដឹងពីរបៀបទៅរកទ្រង់ នោះទ្រង់ចាប់ផ្ដើមបើកស្ថានសួគ៌ដល់យើង ហើយមានបន្ទូលប្រាប់យើងអំពីរឿងគ្រប់យ៉ាងនៅទីនោះ ។ …
…ព្រះទតឃើញថាអង្គទ្រង់ស្ថិតនៅក្នុងចំណោមពួកវិញ្ញាណ និងសិរីល្អ ដោយសារតែទ្រង់មានព្រះប្រាជ្ញាញាណដ៏ច្រើនលើសលប់ បានទតឃើញយ៉ាងត្រឹមត្រូវដើម្បីបង្កើតក្រឹត្យវិន័យដែលវិញ្ញាណផ្សេងទៀតអាចមានឯកសិទ្ធិដើម្បីអភិវឌ្ឍខ្លួនឲ្យដូចជាទ្រង់ ។ ទំនាក់ទំនងដែលយើងមានជាមួយនឹងព្រះដាក់យើងនៅក្នុងស្ថានភាពមួយដើម្បី អភិវឌ្ឍចំណេះដឹង ។ …
បន្ទាប់មកទៀតនេះគឺជាជីវិតដ៏នៅអស់កល្បជានិច្ច—ដើម្បីស្គាល់ព្រះដ៏ពិត ហើយមានព្រះប្រាជ្ញាញាណតែមួយអង្គគត់ ហើយអ្នកត្រូវរៀនពីរបៀបក្លាយទៅជាព្រះដោយខ្លួនឯង ព្រមទាំងក្លាយជាពួកស្ដេច និងពួកសង្ឃ[ ព្រមទាំងជាម្ចាស់ក្សត្រី និងពួកសង្ឃស្រី ]របស់ព្រះ … ដោយចេញពីកម្រិតតូចមួយទៅកម្រិតមួយទៀត ហើយចេញពីលទ្ធភាពតូចមួយទៅលទ្ធភាពមួយដ៏ធំ ចេញពីព្រះគុណមួយទៅព្រះគុណមួយទៀត ចេញពីភាពតម្កើងឡើងទៅកាន់ភាពតម្កើងឡើង ។ ( Teachings: Joseph Smith ទំព័រ ៣៩–៤០, ២១០, ២២១ )
កំណត់ចំណាំ ៖ ការបង្រៀនទាំងស្រុងដល់ឃីង ហ្វូឡេត អាចរកបាននៅក្នុង « Classics in Mormon Thought: The King Follett Sermon » Ensign ខែមេសា ឆ្នាំ១៩៧១ ទំព័រ ១២–១៧ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះរាជបំណងរបស់ព្រះគឺដើម្បីឲ្យយើង ដែលជាបុត្រាបុត្រីរបស់ទ្រង់អាចមានលទ្ធភាពដកពិសោធន៍នូវអំណរដ៏គ្មានទីបញ្ចប់ រស់់នៅជាមួយនឹងទ្រង់ដ៏នៅអស់កល្បជានិច្ច ហើយថែមទាំងក្លាយដូចជាទ្រង់ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧ )
ផ្នែកទី ៣
តើខ្ញុំអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាលតាមរបៀបណា ?
សូមនឹកស្រមៃម្ដងទៀតថា អ្នកកំពុងរស់នៅជាអ្នកប្រែចិត្តជឿម្នាក់នៅជំនាន់ដើមនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញ ។ អ្នកទំនងជានឹងមានជំនឿដូចជាគ្រីស្ទសាសនិកភាគច្រើននៅសម័យនោះដែរថា ពេលមនុស្សម្នាក់ស្លាប់ គាត់ ឬនាងបានឡើងទៅស្ថានសួគ៌ ឬចុះទៅស្ថាននរក ។ មនុស្សជាច្រើននៅជំនាន់យ៉ូសែប ស្ម៊ីធត្រូវបានគេស្គាល់ថាជាពួកក្រុមជំនុំ ឬពួកជាសាកល ។ ប្រសិនបើអ្នកមានទស្សនៈរបស់« ពួកក្រុមជំនុំ » អ្នកនឹងជឿថា មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលនឹងបានឡើងទៅស្ថានសួគ៌ ។ ប្រសិនបើអ្នកមានទស្សនៈរបស់« ពួកជាសាកល » អ្នកនឹងទំនងជាជឿថា ព្រះនឹងតម្រូវឲ្យមានការដាក់ទោសមួយចំនួនដល់ពួកអ្នកមានបាប ប៉ុន្តែនៅទីបំផុតមនុស្សទាំងអស់នឹងបានឡើងទៅស្ថានសួគ៌ ។
នៅខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រីកដុន មានការនិមិត្តមួយដែលបានជួយយើងឲ្យយល់កាន់តែច្បាស់អំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ។ បុរសពីរនាក់នោះកំពុងធ្វើការនៅលើការបកប្រែព្រះគម្ពីរសញ្ញាចាស់ដោយយ៉ូសែប ស្ម៊ីធ នៅជាន់លើនៃផ្ទះរបស់ចន ចនសិន ហើយបានផ្អាកការបកប្រែហើយធ្វើការសញ្ជឹងគិតអំពី យ៉ូហាន ៥:២៩ដែលទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សសុចរិត និងការរស់ឡើងវិញរបស់មនុស្សទុច្ចរិត ។ មានបុរសមួយចំនួនទៀតដែលបាននៅក្នុងបន្ទប់នោះជាមួយយ៉ូសែប និងស៊ីឌនីដែរ ពេលពួកលោកទាំងពីរបានមានបទពិសោធន៍នូវការនិមិត្តនោះ ហើយបានពិពណ៌នាពីអ្វី ដែលពួកលោកបានឃើញ ។ ការនិមិត្តនេះដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ជួយយើងឲ្យយល់កាន់តែច្បាស់ពីផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមពិចារណាគូសចំណាំពីសេចក្ដីពិតទាំងឡាយនៅក្នុងកណ្ឌនេះ ដែលពង្រីកការយល់ដឹងរបស់យើងអំពីជីវិតបន្ទាប់ពីជីវតនេះ ហើយបើកសម្ដែងពីព្រះរាជបំណងរបស់ព្រះរវបិតាសួគ៌ដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់គ្រប់ៗរូប ។