ថ្នាក់​វិទ្យាស្ថាន
ឯកសារ​​​គ្រូបង្រៀន​មេរៀនទី ២៥ ៖ ការបន្ត​តំណែង​នៅក្នុង​គណៈប្រធាន​ទីមួយ និង ដំណើរ​ទៅ​ទិស​ខាង​លិច


« ឯកសារ​​គ្រូបង្រៀន​មេរៀនទី ២៥ ៖ ការបន្ត​តំណែង​នៅក្នុង​គណៈប្រធាន​ទីមួយ និង ដំណើរ​ទៅ​ទិស​ខាង​លិច » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​​គ្រូបង្រៀន​មេរៀនទី ២៥ » ឯកសារ​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​​គ្រូបង្រៀន​មេរៀនទី ២៥

ការបន្ត​តំណែង​នៅក្នុង​គណៈប្រធាន​ទីមួយ និង ដំណើរ​ទៅ​ទិស​ខាង​លិច

បន្ទាប់​ពី​ការ​ស៊ូ​ស្លាប់​ដើម្បី​ជំនឿ​របស់​យ៉ូសែប និង ហៃរុម ស៊្មីធ​មក ពួក​បរិសុទ្ធ​ជាច្រើន​បាន​ទទួល​សាក្សី​ដ៏​ទេវភាព​មួយ​ថា ព្រិកហាំ យ៉ង់ និង​ពួក​សាវក​ដប់ពីរ​នាក់​ត្រូវ​ដឹកនាំ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​បំផុស​គំនិត​របស់​ពួក​លោក នោះ​ពួក​បរិសុទ្ធ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ជ្រលង​ភ្នំ​សលត៍ លេក ។ មេរៀន​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​សិស្ស​ថា គណៈប្រធាន​ទីមួយ និង​ពួក​សាវក​ដប់​ពីរ​នាក់​កាន់​រាល់​កូនសោ​បព្វជិតភាព​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ ។ មេរៀន​នេះ​ក៏​នឹង​ជួយ​សិស្ស​ឲ្យ​ទុក​ចិត្ត​ថា ព្រះអម្ចាស់​នឹង​ដឹកនាំ​ជីវិត​របស់​ពួកគេ​ម្នាក់ៗ ពេល​ពួកគេ​គោរព​តាម​​សេចក្ដី​សញ្ញា​របស់​ពួកគេ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ពួក​សាវក​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​នគរ ។

សូម​ដាក់​បង្ហាញ​រូបភាព​ខាងក្រោម​នេះ​អំពី​យ៉ូសែប និង ហៃរុម ស៊្មីធ ។

យ៉ូសែប និង ហៃរុម ស៊្មីធ

សូម​ពន្យល់​ថា បងប្អូន​ប្រុស​ពីរ​រូប​នេះ​ត្រូវ​បាន​គេ​សម្លាប់​ដោយសារ​ជំនឿ​នៅ​ល្ងាច​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ​១៨៤៤ ។ លុះ​ព្រឹក​ស្អែក មិត្ត​របស់​ព្យាការី​ឈ្មោះ ផតធើរ រ៉ក់វ៉េល បាន​ជិះ​សេះ​ចូល​ទៅ​ក្នុង​ក្រុង​ណៅវូ ដោយ​ស្រែក​ឡើង​ថា « យ៉ូសែប​ត្រូវ​បាន​គេ​សម្លាប់ ! យ៉ូសែប ត្រូវ​បាន​គេ​សម្លាប់ ! ពួកគេ​បាន​សម្លាប់​លោក​ហើយ ! » ( Anson Call, Autobiography and journal, circa 1856–1889, 12, Church History Library, Salt Lake City, Utah ) ។

  • តើ​អ្នក​គិត​ថា ពួក​បរិសុទ្ធ​មាន​អារម្មណ៍​បែប​ណា​បន្ទាប់​ពី​ឮ​ដំណឹងនេះ ?

អ្នក​គួរ​សួរ​សិស្ស​ថាតើ​ពួកគេ​​ធ្លាប់​ស្ដាប់​ឮ​ដំណឹង​​​មរណភាព​របស់​ព្យាការី ហើយ​ថាតើ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​ដែរ ។

  • តើ​អ្នក​គិត​ថា​ពួក​បរិសុទ្ធ​ពី​ជំនាន់​មុន​មាន​សំណួរ និង​កង្វល់​អ្វីខ្លះ ពេល​ពួកគេ​បាន​ឮ​ពី​មរណភាព​របស់​យ៉ូសែប ស្ម៊ីធ ?

  • តើ​ព្រិកហាំ យ៉ង់​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​មរណភាព​របស់​យ៉ូសែប និង ហៃរុម ស៊្មីធ ? ( ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭកពី​​ប្រតិកម្ម​របស់​ព្រិកហាំ យ៉ង់​នៅ​ក្នុង​ផ្នែក​ទី ១​នៃ​ឯកសារ​រៀបចំ​ ) ។

  • ទោះ​លោក​មាន​ការ​ឈឺចាប់​នឹង​​មរណភាព​រ​បស់​ព្យាការី​ក្ដី តើ​មាន​អ្វី​ទៅ​ដែល​​បាន​លួង​លោម​ចិត្ត​ដល់​ព្រិកហាំ ?

សូម​ដាក់​បង្ហាញ​រូបភាព​របស់​ព្រិកហាំ យ៉ង់ និង​ស៊ីឌនី រិកដុន ។

ព្រិកហាំ យ៉ង់ លោក​ម៉ូសេ​របស់​អាមេរិក ដោយ ខេនណេធ អេ ខ័រប៊េត និង ស៊ីឌនី រិកដុន

សូម​រំឭក​សិស្ស​ថា ព្រិកហាំ យ៉ង់​គឺជា​សាវក​រៀម​ច្បង​នៅ​គ្រា​នៃ​មរណភាព​របស់​ព្យាការី ។ ស៊ីឌនី រិកដុន បាន​បម្រើ​ជា​ទីប្រឹក្សា​របស់​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ហើយ​បាន​មាន​អារម្មណ៍​ថា លោក​គួរ​ដឹកនាំ​សាសនាចក្រ​ក្នុង​នាម​ជា​អាណា​ព្យាបាល ។ ស៊ីឌនី​បាន​កោះហៅ​ការ​ប្រជុំ​ពិសេស​មួយ ដោយ​សង្ឃឹម​ថា សមាជិក​សាសនាចក្រ​នឹង​អនុម័ត​ការ​ទាមទារ​របស់​លោក​ជា​ថ្នាក់​ដឹកនាំ ។ ទាំង​ស៊ីឌនី និង​ព្រិកហាំ​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ពួក​បរិសុទ្ធ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែង​ការណ៍​ដោយ​ប្រធាន​ព្រិកហាំ យ៉ង់ ដែល​មាន​នៅ​ក្នុង​ផ្នែក​ទី ៣នៃ​ឯកសារ​រៀបចំ​ ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​មក​ពី​សេចក្ដី​ថ្លែង​ការណ៍​របស់​ព្រិកហាំ យ៉ង់​អំពី​សិទ្ធិ​អំណាច​នៃ​អ្នក​ដែល​បាន​តែង​តាំង​ជា​ពួក​សាវក ? ( បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ ​សូម​សរសេរ​សេចក្ដី​ពិត​ដូច​ត​ទៅ​នេះ​​នៅ​លើ​ក្ដារខៀន ៖ ពួក​សាវក​កាន់​រាល់​កូន​សោ​ទាំងឡាយ​នៃ​បព្វជិតភាព​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ ។ [ សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១២–១៣, ១១២:៣០–៣២ ] ) ។

សូម​ចង្អុល​បង្ហាញ​ថា ​នៅ​ជំនាន់​របស់​យើង ពេល​សាវក​មួយ​រូបៗ​ត្រូវ​បាន​តែង​តាំង លោក​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​រាល់​កូន​សោ​នៃ​បព្វជិតភាព​ដែល​​ព្រះអម្ចាស់​បាន​ស្ដារ​ឡើង​វិញ​មក​លើ​ផែនដី​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។ ប៉ុន្តែ មាន​តែ​ប្រធាន​នៃ​សាសនាចក្រ​ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិអំណាច​ដើម្បី​អនុវត្ត​គ្រប់​កូនសោ​ទាំង​អស់​នេះ ។ សមាជិក​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​អនុវត្ត​កូន​សោ​បព្វជិតភាព​របស់​ពួក​លោក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​សាសនាចក្រ ។

  • តើ​ឥឡូវ​មាន​អ្វី​កើត​ឡើង​ពេល​ប្រធាន​សាសនាចក្រ​ទទួល​មរណភាព ?

ប្រសិន​បើ​ចាំបាច់ សូមបង្ហាញ​សេចក្តី​ថ្លែងកា​រណ៍​ដូច​ខាង​ក្រោម ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វាឲ្យ​ឭៗ ៖

នៅពេល​ប្រធាន​នៃ​សាសនាចក្រ​ទទួល​មរណភាព គណៈប្រធានទីមួយ​ត្រូវ​បាន​រំលាយ​ដោយ​​ស្វ័យប្រវត្តិ ។ ពួក​បុរស​ដែល​ពី​មុន​បម្រើ​ជា​ទីប្រឹក្សា ត្រូវបាន​ត្រឡប់​ទៅ​កាន់​តំណែង​ក្នុង​កូរ៉ុម​នៃ​ពួកសាវកដប់ពីរនាក់​វិញ ហើយ​កូរ៉ុម​នោះ ទទួល​ជា​បន្ទុក​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​ដោយ​មាន​សាវក​រៀម​ច្បង​ធ្វើជា​ប្រធាន ។ … នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង សាវក​រៀមច្បង​តែង​តែ​ក្លាយ​ទៅ​ជា​អ្នក​បន្ដ​តំណែង​​ធ្វើ​ជា​ប្រធាន​នៃ​សាសនាចក្រ ។ ( « សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ »​ ថ្ងៃ​ទី ១៦ ខែ​ មករា ឆ្នាំ ​២០១៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សូម​ត្រឡប់​ទៅ​មើល​រូបភាព​របស់​ព្រិកហាំ និង ស៊ីឌនី វិញ ហើយ​សួរ​ថា

  • តើ​ពួក​បរិសុទ្ធ​ជាច្រើន​បាន​ជួប​អ្វី​ខ្លះ ពេល​ពួកគេ​បាន​មើល ហើយ​ស្ដាប់​ព្រិកហាំ យ៉ង់ មាន​ប្រសាសន៍ ? តើ​ការណ៍​នោះ​ជះឥទ្ធិពល​ដល់​ពួកគេ​យ៉ាង​ដូចម្ដេច ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។ សូម​ពន្យល់​ថា អែលឌើរ អាន់ឌើរសិន បាន​មាន​ប្រសាសន៍​ពី​ពាក្យ​ពេចន៍​ទាំង​នេះ​នៅ​ថ្ងៃ​ដែល​ប្រធាន រ័សុល អិម ណិលសុន ត្រូវ​បាន​គាំទ្រ​ជា​ប្រធាន​ថ្មី​របស់​សាសនាចក្រ ។

អែលឌើរ នែល អិល អាន់ឌើរសិន

យើង​មាន​ឯកសិទ្ធិ​ក្នុងនាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដើម្បី​ទទួល​សាក្សី​ផ្ទាល់​ខ្លួន​ថា ការ​ហៅ​ [ របស់​ព្យាការី ] ​គឺ​មក​ពី​ព្រះ ។ ( នែល អិល អាន់ឌើរសិន « ព្យាការី​នៃ​ព្រះ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៥–២៦ )

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ថា ព្យាការី​បច្ចុប្បន្ន​ត្រូវបាន​ហៅ​មក​ពី​ព្រះ និង​​ប្រហែលមក​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ទីបន្ទាល់​នោះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែង​រក​សាក្សី​របស់​ពួកគេ​ផ្ទាល់​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​ត្រូវ​បាន​ហៅ​ដោយ​ការ​បំផុស​គំនិត ។

ព្រិកហាំ យ៉ង់ និង​ពួក​ដប់​ពីរ​នាក់​ដឹកនាំ​ពួក​បរិសុទ្ធ​ទៅ​កាន់​ជ្រលង​ភ្នំ​សលត៍ លេក ។

ព្រះវិហារ​បរិសុទ្ធ​ណៅវូ

សូម​បង្ហាញ​រូបភាព​ពី​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ហើយ​សួរ​សិស្ស​ហេតុអ្វី​ពួក​បរិសុទ្ធ​បាន​ខិតខំ​ធ្វើ​ការ​ដើម្បី​បញ្ចប់​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ពីមុន​ពួកគេ​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ។ ( អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​របស់​សារ៉ា រីឆ ​នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

សូម​ពន្យល់​ថា ពេល​ពួក​បរិសុទ្ធ​ចាក​ចេញ​ពី​ទីក្រុង​ណៅវូ ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ពួកគេ​ដឹង​​ពី​រឿង​ដែល​នៅ​ចំពោះ​មុខ​ពួកគេ​តិច​តួច​ប៉ុណ្ណោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ អេរ៉ាស្តុស ស្នូ ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ជំនាន់​ដើម ហើយ​ក្រោយ​មក​ជា​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ អេរ៉ាស្តុស ស្នូ

ពេល​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​បាន​ចេញ​ដំណើរ​ទៅ [ ទិស​ខាង​លិច ]​… យើង​បាន​ស្វែង​រក​ប្រទេស​មួយ​ដែល​បាន​ចង្អុល​បង្ហាញ​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ​នៅ​កណ្ដាល​ជួរ​ភ្នំ​រ៉កគី ។​… ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ក្រុម​នោះ​បាន​ចេញ​ទៅ ដោយ​ពុំ​ដឹង​ថា​ពួកគេនឹង​ទៅ​ទីណា​ទេ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា​…ព្រះ​បាន​បង្គាប់​ពួកគេ​ឲ្យ​ទៅ​កាន់​ដែនដី​មួយ​ដែល​ទ្រង់​នឹង​បង្ហាញ​ដល់​ពួកគេ ។ ហើយ​នៅ​ពេល​ណា​ដែល​ព្យាការី ព្រិកហាំ យ៉ង់​…ត្រូវ​បាន​សួរ​សំណួរ​ថា—« តើ​លោក​នឹង​ទៅ​ទីណា ? »​ ចម្លើយ​តែ​មួយ​គត់​ដែល​លោក​ផ្ដល់​ឲ្យ​គឺ​—« ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក​ពេល​យើង​ជិត​ទៅ​ដល់​ទី​នោះ » ។ ការ​អធិស្ឋាន​របស់​ពួក​អ្នក​​ត្រួស​ត្រាយ​ផ្លូវ​ក្រុម​នោះ​បាន​ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​កាន់​ព្រះ​ជា​បន្ត​បន្ទាប់ ឲ្យ​ដឹកនាំ​យើងទៅ​កាន់​ដែនដី​មួយ ដូច​ដែល​ទ្រង់​បាន​សន្យា​ … ដែល​ទ្រង់​បាន​ប្រកាស​ថា​ទ្រង់​នឹង​ប្រទាន​ដល់​យើង ។( Journal of Discourses ១៦:២០៧ )

  • តើ​អ្នក​សម្គាល់​ឃើញ​អ្វីខ្លះ​មក​ពី​សេចក្ដី​ថ្លែង​ការណ៍​អំពី​សេចក្ដី​ជំនឿ​របស់​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ ?

សូម​ឲ្យ​សិស្ស​ពិចារណា​មួយ​នាទី​ពី​ដំណើរ​ជីវិត​ដែល​ពួកគេ​នឹង​ឆ្លង​កាត់ និង​ការ​ដឹកនាំ​អ្វី​ខ្លះ​មក​ពី​ស្ថានសួគ៌​ដែល​ពួកគេ​សង្ឃឹម​នឹង​ទទួល​បាន ។

  • តើ​ឧបសគ្គ​មួយ​ចំនួន​អ្វីខ្លះ​ដែល​ពួក​បរិសុទ្ធ​បាន​​ជួប ពេល​ពួកគេ​ចាក​ចេញ​ពី​ក្រុង​ណៅវូ ហើយ​​ចាប់ផ្ដើម​ដំណើរ​របស់​ពួកគេ​ទៅ​ទិស​ខាង​លិច ? ( ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​សិស្ស​មើល​ផ្នែក​ទី ២​នៃ​ឯកសារ​រៀបចំ​ ) ។

សូម​រំឭក​សិស្ស​ថា អំឡុង​រដូវ​រងារ​នៃ​ឆ្នាំ​១៨៤៦–៤៧ ខណៈ​ដែល​ពួក​បរិសុទ្ធ​ប្រជុំ​គ្នា​តាំង​ទី​លំនៅ​នៅ​​​ទីក្រុង​វិនទើរ ខ្វ័រទើរ្ស រដ្ឋ​នេប្រាស្កា នោះ​ព្រិកហាំ យ៉ង់​បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង ​គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៦ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:២២​ ដោយ​រក​មើល​ការ​សន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​បរិសុទ្ធ​ដែល​អាច​ផ្ដល់​ការ​លួង​លោម​ចិត្ត​ដល់​យើង នៅពេល​យើង​ខិតខំ​ស្វែង​រក ហើយ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​សម្រាប់​យើង​នៅ​ក្នុង​ជីវិត​របស់​យើង ។

អ្នក​អាច​​ចង្អុល​បង្ហាញ​ថា ឃ្លា « ​ព្រះ​ពាហុ​របស់​យើង​កំពុង​លើក​សន្ធឹង​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ »​ តំណាង​ឲ្យ​ព្រះចេស្ដា និង​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់​​ដែល​កំពុង​លាត​សន្ធឹង​ដល់​រាស្ត្រ​របស់​ទ្រង់ ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មកពី​ខគម្ពីរ​នេះ អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ចង់​ធ្វើ​សម្រាប់​រាស្ត្រ​របស់​ទ្រង់ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​ដាក់​បង្ហាញ ឬ​​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ចង់​ដឹកនាំ ហើយ​ជួយ​យើង​នៅ​ក្នុង​ជីវិត​របស់​យើង ) ។

  • តើ​វិធី​មួយ​ចំនួន​ណាខ្លះ​ដែល​ព្រះអម្ចាស់​ដឹកនាំ​យើង​នៅ​ក្នុង​ជីវិត​របស់​យើង ? តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​បែប​នេះ ? ( សូម​មើល​ឡើង​វិញ​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​ អូក​នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​ ) ។

សូម​សរសេរ​សេចក្ដី​ថ្លែង​ការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ខ្ញុំ​អាច​ទទួល​បាន​ការ​ដឹកនាំ និង​ជំនួយ​មក​ពី​ព្រះអម្ចាស់ ពេល​ខ្ញុំ … ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:២–៤, ៧–១១, ១៩–២៤ ដោយ​រកមើល​ថាតើ​មនុស្ស​បែប​ណា​ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​ប្រែ​ក្លាយ ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្ដារ​ខៀន​ដើម្បី​បំពេញ​គោលការណ៍​នោះ ។

  • ហេតុអ្វី​អ្នក​គិត​ថា ការ​ខិតខំ​ប្រែក្លាយ​ជា​មនុស្ស​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ជួយ​យើង​ឲ្យ​ទទួលបាន​ការ​ដឹកនាំ និង​ជំនួយ​របស់​ព្រះអម្ចាស់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​អ្វី​ដែល​ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍ ពេល​លោក​បាន​ឃើញ​ជ្រលង​ភ្នំ​សលត៍ លេក​ជា​លើក​ដំបូង ​( ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​ ) ។ សូម​សួរ​សិស្ស​ថាតើ​ពួកគេ​​ធ្លាប់​មាន​គ្រា​មួយ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ទេ ពេល​ព្រះអម្ចាស់​បាន​បញ្ជាក់​ដល់​ពួកគេ​ថា ពួកគេ​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ ឬ​ស្ថិត​នៅ​កន្លែង​ត្រឹមត្រូវ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

សូម​ផ្ដល់​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ដូច​តទៅ​នេះ ហើយ​កត់ត្រា​គំនិត និង​អារម្មណ៍​នានា​ដែល​ពួកគេ​អាច​ទទួល​បាន ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​ដែល​អ្នក​សង្ឃឹម​ចង់​បាន​មក​ពី​ព្រះអម្ចាស់ ?

សូម​បញ្ចប់​ដោយការ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើតាម​អារម្មណ៍​ដែល​ពួកគេ​បាន​ទទួល ហើយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងឡាយ ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​សិស្ស​ថា នៅ​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ក្រោយ ពួកគេ​នឹង​សិក្សាអំ​ពី​ព្រឹត្តិការណ៍​​ពេញ​ដោយ​សោកនាដកម្ម​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិ​សាសនាចក្រ ភ្នំ​​ម៉ៃដូស៍ ម៉ាសាក្រី ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​ពេលមក​ថ្នាក់​រៀន​ដើម្បី​ពិភាក្សា​ពី​មេរៀន​ដែល​យើង​អាច​រៀន​​មក​ពី​បទពិសោធន៍​នេះ ។