« ឯកសារគ្រូបង្រៀន មេរៀនទី ២៣ ៖ បេសកកម្មរបស់ព្យាការី និងទុក្ករកម្មព្យាការី យ៉ូសែប ស្ម៊ីធ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសារគ្រូបង្រៀន មេរៀនទី ២៣ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសារគ្រូបង្រៀន មេរៀនទី ២៣
បេសកកម្មរបស់ព្យាការី និងទុក្ករកម្មព្យាការី យ៉ូសែប ស្ម៊ីធ
នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និង ហៃរុម ស៊្មីធ ត្រូវបានគេធ្វើទុក្ករកម្មនៅក្រុង កាតធេច រដ្ឋ អិលលីណោយ ។ ការស្លាប់របស់ពួកលោកបានបន្ថែមអំណាចទៅលើការផ្សារភ្ជាប់នឹងទីបន្ទាល់របស់ពួកលោកអំពីដំណឹងល្អ ដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១, ៣ ) ។ មេរៀននេះត្រូវបានរៀបចំដើម្បីជួយពង្រឹងទីបន្ទាល់របស់សិស្សអំពីបេសកកម្មជាព្យាការីរបស់យ៉ូសែប ស្ម៊ីធ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប និង ហៃរុម ស្ម៊ីធ ត្រូវបានគេធ្វើទុក្ករកម្មនៅគុកកាតធេច ។
សូមពិចារណាច្រៀងពីរបីវគ្គ ( រួមទាំង វគ្គទី ៧ ) នៃទំនុកតម្កើង « អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាក » ។ សូមពន្យល់ថា ទំនុកតម្កើងនេះ និងសារលិខិតរបស់វាអំពីការបម្រើដល់ព្រះអង្គសង្គ្រោះគឺជាបទចំណូលចិត្តមួយរបស់យ៉ូសែប ស៊្មីធ ។ ព្យាការីបានសូមឲ្យយ៉ូហាន ថេលើរ ច្រៀងវានៅក្នុងគុកកាតធេច មុនពេលក្រុមឧក្រិដ្ឋជនវាយប្រហារបន្ដិច ។
សូមឲ្យសិស្សពន្យល់អ្វីដែលពួកគេដឹងអំពីព្រឹត្តិការណ៍ ដែលបាននាំទៅរកការចាប់ខ្លួន និងការដាក់គុកយ៉ូសែប និង ហៃរុម ស៊្មីធនៅក្នុងក្រុងកាតធេច រដ្ឋអិលលីណោយ ។ ( សូមលើកទឹកចិត្តសិស្សឲ្យទាញយកអ្វីដែលពួកគេបានរៀនមកពីឯកសាររៀបចំ ) ។
-
តើអ្នកគិតថា ពាក្យពេចន៍នៅក្នុងបទ « អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាក » អាចបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់យ៉ូសែបចំពោះព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេចដែរ ? ( ប្រសិនបើចាំបាច់ អ្នកអាចទុកពេលមួយនាទីឲ្យសិស្សរំឭកឡើងវិញនូវពាក្យពេចន៍នៃទំនុកតម្កើងនេះ កាលពួកគេឆ្លើយនឹងសំណួរនេះ ) ។
សូមពន្យល់ថា យ៉ូសែបបានដឹងថា លោកបានប្រឈមនឹងការស្លាប់ជាក់ជាប្រាកដ ប្រសិនបើលោកទៅកាន់ទីក្រុងកាចធេចដើម្បីទទួលការកាត់ក្ដី ។ សមាជិកសាសនាចក្រ ដេន ចូនស៍ ដែលបាននៅជាមួយព្យាការីនៅទីក្រុងណៅវូកាលលោកបានរៀបចំខ្លួនធ្វើដំណើរទៅទីក្រុងកាតធេច បានរំឭកថា ៖
ខ្ញុំនឹងមិនភ្លេចពីទិដ្ឋភាពនោះបានឡើយ ពេល [ ព្យាការី ] បានក្រោកឈរ … ហើយមើលទៅជុំវិញខ្លួនលោក រួចមើលទៅទីក្រុង និងប្រជាជនដ៏ជាទីស្រឡាញ់របស់លោក នោះលោកបានមានប្រសាសន៍ថា « បើខ្ញុំពុំទៅទីនោះទេ [ កាតធេច ] នោះនឹងនាំមកនូវការបំផ្លាញដល់ទីក្រុងនេះ និងប្រជាជនទាំងឡាយ ហើយខ្ញុំពុំអាចមើលឃើញបងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ និងកូនៗរបស់ពួកគេរងទុក្ខដូចនៅរដ្ឋមិសសួរីម្ដងទៀត នៅក្នុងរដ្ឋណៅវូនេះបានទេ ទេ វាជាការល្អជាងដើម្បីឲ្យប្អូនប្រុសរបស់អ្នក យ៉ូសែប ស្លាប់ជំនួសបងប្អូនប្រុសស្រីវិញ ដ្បិតខ្ញុំស្ម័គ្រស្លាប់ជំនួសពួកគេ ។ កិច្ចការរបស់ខ្ញុំបានបញ្ចប់ហើយ » ។ ( Dan Jones, in Ronald D. Dennis, trans., « The Martyrdom of Joseph Smith and His Brother, Hyrum » BYU Studies វ៉ុលទី ២៤ លេខ ១ [ ឆ្នាំ ១៩៨៤ ] ទំព័រ ៨៥ )
-
តើពាក្យពេចន៍ និងសកម្មភាពរបស់ព្យាការីបើកសម្ដែងអ្វីខ្លះអំពីចរិតលក្ខណៈរបស់លោក ?
អ្នកអាចចង្អុលបង្ហាញថា យ៉ូសែប ស៊្មីធបានធ្វើតាមគំរូសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ដោយការស្ម័គ្រចិត្តលះបង់ជីវិតរបស់លោកដើម្បីការពារពួកបរិសុទ្ធ ( សូមមើល យ៉ូហាន ១៥:១៣ ) ។
សូមបង្ហាញរូបភាពគុកកាតធេច ។ សូមឲ្យសិស្សរំឭកអ្វីដែលពួកគេដឹងអំពីព្រឹត្តិការណ៍នៅគុកកាតធេចនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ពេលដែលយ៉ូសែប និង ហៃរុម ស៊្មីធត្រូវបានគេសម្លាប់ ។ ( សូមលើកទឹកចិត្តសិស្សឲ្យនឹកដល់អ្វី ដែលពួកគេបានរៀនមកពីក្នុងឯកសាររៀបចំ ) ។
សូមពន្យល់ថា សេចក្ដីប្រកាសពីការស្លាប់របស់ព្យាការី ដែលឥឡូវនេះបានរួមបញ្ចូលនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥ បានដកស្រង់ពីដំណើររឿងសាក្សីផ្ទាល់ភ្នែករបស់អែលឌើរ យ៉ូហាន ថេលើរ និង វីលើត រីឆាត ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:១–២, ៤–៦ ជាមួយនឹងសិស្សក្នុងថ្នាក់ ។
-
តើអ្នកគិត និងមានអារម្មណ៍យ៉ាងណា កាលអ្នកពិចារណាពីការលះបង់ដែលយ៉ូសែប និង ហៃរុម ស៊្មីធបានស្ម័គ្រចិត្តធ្វើសម្រាប់ជាទីបន្ទាល់ដល់ដំណឹងល្អដែលបានស្ដារឡើងវិញ ?
សូមអញ្ជើញសិស្សឲ្យអានប្រយោគពីរចុងក្រោយនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ ( ចាប់ពីត្រង់ « លោកបានរស់ដោយអស្ចារ្យ … » ) និង សេចក្ដីសញ្ញា ១៣៦:៣៩ ហើយរកមើលអ្វីដែលយើងរៀនអំពីការស្លាប់របស់យ៉ូសែប និងហៃរុម ។
-
តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់នៃការស្លាប់របស់យ៉ូសែប និងហៃរុម ? ( សិស្សអាចនឹងសម្គាល់ឃើញសេចក្ដីពិតមួយដែលស្រដៀងគ្នាដូចនេះ ៖ យ៉ូសែប និង ហៃរុម ស៊្មីធបានបិទត្រាទីបន្ទាល់របស់ពួកលោកអំពីដំណឹងល្អដែលបានស្ដារឡើងវិញនឹងឈាមរបស់ពួកលោក ) ។
សូមពន្យល់ថា ទង្វើនៃការបិទត្រាទីបន្ទាល់របស់ពួកលោកនឹងឈាមរបស់ពួកលោកនេះ បានស្ថាបនាទីបន្ទាល់របស់ពួកលោក និងបេសកកម្មដ៏ទេវភាពរបស់ពួកលោកជាមួយនឹងការស្ដារដំណឹងល្អឡើងវិញជារៀងរហូតតទៅ ។
ដើម្បីជួយសិស្សឲ្យយល់ពីសេចក្ដីពិតនេះកាន់តែច្បាស់ សូមពិចារណាបង្ហាញវីដេអូ « ទីបន្ទាល់នៃព្រះគម្ពីរមរមន » ( ៤:៣៩ ) ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញឲ្យសិស្សគិតអំពីការតាំងចិត្តដ៏មិនវៀចវេររបស់យ៉ូសែប និង ហៃរុម ស៊្មីធ ដែលបានបង្ហាញដល់ទីបន្ទាល់របស់ពួកលោកអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ទោះបីប្រឈមនឹងការស្លាប់ក្ដី ។
-
តើការស្ម័គ្រចិត្តរបស់យ៉ូសែប ស្ម៊ីធដើម្បីលះបង់ជីវិតរបស់លោកសម្រាប់ដំណឹងល្អដែលបានស្ដារឡើងវិញ ជួយពង្រឹងដល់ទីបន្ទាល់របស់អ្នកអំពីលោកក្នុងនាមជាព្យាការីរបស់ព្រះដោយរបៀបណា ?
ពរជ័យរបស់ព្រះមានដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌តាមរយៈការងារបម្រើរបស់ព្យាការីយ៉ូសែប ស្ម៊ីធ ។
សូមអញ្ជើញសិស្សឲ្យអានប្រយោគដំបូងក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ ដែលបង្រៀនថា យ៉ូសែប ស៊្មីធបានធ្វើអ្វីជាច្រើនសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សក្នុងពិភពលោកនេះ ជាងជនណាៗទាំងអស់លើកលែងតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំសេចក្ដីពិតនេះ នៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេនឹងពន្យល់ពីសេចក្ដីពិតនេះដល់មិត្តម្នាក់ ដែលមានសេចក្ដីជំនឿគ្រីស្ទានផ្សេងទៀត ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៣ ទាំងប៉ុន្មានទៀត ដោយរកមើលការរួមចំណែកដែលព្យាការី យ៉ូសែប ស៊្មីធបានធ្វើឡើងដើម្បីជួយដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យទទួលបានសេចក្ដីសង្គ្រោះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ អ្នកអាចសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។
-
តើអ្នកនឹងបន្ថែមអ្វីខ្លះទៀតទៅលើបញ្ជីរួមចំណែកដែលព្យាការី យ៉ូសែប ស៊្មីធបានធ្វើឡើងសម្រាប់សេចក្ដីសង្គ្រោះនៃពិភពលោកនេះ ?
សូមឲ្យសិស្សជ្រើសរើសយកសំណួរមួយខាងក្រោមនេះមកឆ្លើយ ។ សូមឲ្យសិស្សមានពេលខ្លះដើម្បីកត់ត្រាគំនិតរបស់ពួកគេ ។
-
តើអ្នកបានមានបទពិសោធន៍អ្វីខ្លះ ដែលបានជួយអ្នកឲ្យទទួលបានទីបន្ទាល់អំពីព្យាការី យ៉ូសែប ស្ម៊ីធ ?
-
តើជីវិតរបស់អ្នកបានរងឥទ្ធិពល និងមានពរជ័យយ៉ាងណាខ្លះ ដោយសារយ៉ូសែប ស៊្មីធបានបំពេញបេសកកម្មជាព្យាការីរបស់លោក ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់អំពីអ្វីដែលពួកគេបានសរសេរ ។ សូមបញ្ចប់មេរៀន ដោយចែកចាយទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។
សម្រាប់ពេលក្រោយ
សូមឲ្យសិស្សស្រមៃថា តើវាអាចមានអារម្មណ៍យ៉ាងណាទៅ ដែលត្រូវបានហៅឲ្យដឹកនាំក្នុងសាសនាចក្រ ពេលមានបទពិសោធន៍តិចតួច និងចំណុចខ្សោយជាច្រើននោះ ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតថាតើពួកគេនឹងមានសេចក្ដីជំនឿ និងទំនុកចិត្តថា ព្រះអម្ចាស់នឹងជួយពួកគេក្នុងការហៅបម្រើបែបនោះដែរឬទេ ។ សូមលើកទឹកចិត្តឲ្យសិស្សសិក្សាក្នុងឯកសាររៀបចំសម្រាប់មេរៀនលើកក្រោយដោយគិតដល់សំណួរនេះក្នុងចិត្ត ៕