ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ១០ ៖ ការធ្វើតាម​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ១០ ៖ ការធ្វើតាម​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ១០ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ១០

ការធ្វើតាម​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់

សេចក្ដីពិត​គ្រឹះ​មួយ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​គឺ​ថា ព្រះអម្ចាស់​បន្ដ​ហៅ​ព្យាការី​នៅរស់​ឲ្យ​បើក​សម្ដែង​ព្រះទ័យ និង​គោលលទ្ធិ​របស់​ទ្រង់​ដល់​រាស្ដ្រ​របស់​ទ្រង់ ។ មេរៀន​នេះ​ត្រូវបាន​រៀបចំ​ដើម្បី​ជួយ​ពង្រឹង​ការតាំងចិត្ត​របស់​សិស្ស ក្នុង​ការធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បញ្ជា​ពួកបរិសុទ្ធ​ឲ្យ​គោរព​តាម​ពាក្យ​សម្ដី​របស់​ព្យាការី​ទ្រង់ ។

សូម​បង្ហាញ​រូបភាព​មួយ​របស់​ប្រធាន​សាសនាចក្រ ហើយ​សួរ​សិស្ស​ថា តើ​ពួកគេ​គិត និង​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ពួកគេ​ឃើញ​រូបភាព​នេះ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អូលីសេស សូរ៉េស នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​ដែល​មាន​នៅក្នុង​សៀវភៅ​សិក្សា​ការរៀបចំ ៖

ការមាន​ពួក​ព្យាការី​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។ ( អូលីសេស សូរ៉េស « ពួក​ព្យាការី​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៩ )

  • តើ​ព្យាការី​នៅរស់​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​តាម​របៀប​ណា ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ផ្នែក​ទី ១ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ) ។

សូម​ពន្យល់​ថា នៅ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ ព្យាការី យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​មួយ​មកពី​ព្រះអម្ចាស់ ដែល​មាន​បទបញ្ញត្តិ​មួយ និង​ការសន្យា​ដល់​សមាជិក​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:៤–៥ ជាមួយ​សិស្ស ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ ។

  • តើ​សេចក្ដីពិត​អ្វី​ដែល​យើង​អាច​ស្គាល់​ចេញ​ពី​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដល់​ពួកបរិសុទ្ធ ? ( ដោយ​ប្រើ​សម្ដី​របស់​សិស្ស សូម​រកមើល​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នា​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​ត្រាស់​បង្គាប់​យើង​ឲ្យ​ទទួល​យក​ពាក្យ​សម្ដី​របស់​ព្យាការី ហាក់​ដូចជា​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​ផ្ទាល់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ ) ។

  • ហេតុអ្វី​ពេល​ខ្លះ​វា​តម្រូវ​ឲ្យ​មាន​ការ​អត់ធន់ និង​សេចក្ដីជំនឿ​ដើម្បី​ទទួល​យក និង​ស្ដាប់​ពាក្យ​សម្ដី​របស់​ព្យាការី ?

ជា​ថ្នាក់​ទាំងមូល ឬ​ជា​ក្រុម​តូចៗ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ស្ថានភាព​ខាងក្រោម​នេះ ហើយ​ពិភាក្សា​សំណួរ​ដែល​មាន​បន្ដ ៖

ខណៈ​ជជែក​ជាមួយ​មិត្ត​ម្នាក់​អំពី​សន្និសីទ​ទូទៅ​ថ្មី​មួយ មិត្ត​របស់​បងប្អូន​ប្រាប់​បងប្អូន​អំពី​ការស្មុគស្មាញ​របស់​នាង​ក្នុង​ការទទួល​យក​អ្វីមួយ ដែល​បាន​បង្រៀន​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ម្នាក់ ។ នាង​សួរ​ថា « តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី ប្រសិនបើ​ខ្ញុំ​មិន​យល់ស្រប​នឹង​អ្វីមួយ​ដែល​ព្យាការី​ម្នាក់​បានបង្រៀន​នោះ ? »

  • ហេតុអ្វី​ការណ៍​នេះ​អាច​ជា​ការខ្វល់ចិត្ត​ដ៏​ខ្លាំង​មួយ​សម្រាប់​សមាជិក​សាសនាចក្រ ?

  • តើ​បងប្អូន​អាច​ចែកចាយ​អ្វីខ្លះ​ជាមួយ​មិត្ត​របស់​បងប្អូន ដើម្បី​លើក​ទឹកចិត្ត​នាង​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ កាល​នាង​ព្យាយាម​ដោះស្រាយ​កង្វល់​របស់​នាង ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី ឬ​បើ​ចាំបាច់​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ផ្នែក​ទី ២ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ) ។

  • តើ​អ្វី​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ ? ឬ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​មកពី​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់​ដែល​បងប្អូន​បាន​ជជែក​ជាមួយ​អំពី​សំណួរ​នេះ ( ដូច​បាន​ស្នើ​នៅក្នុង​ផ្នែក​ទី ២ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ) ?

សូម​សរសេរ​នៅលើ​ក្ដារខៀន ( ឬ​សូម​បង្ហាញ ) គោលការណ៍​មិន​ពេញលេញ​ដូច​តទៅ​នេះ ៖ កាល​យើង​គោរព​តាម​ពាក្យ​សម្ដី​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ …

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:៦ ជាមួយ​សិស្ស ដោយ​ស្វែងរក​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអម្ចាស់ សម្រាប់​ការធ្វើតាម​ព្យាការី​របស់​ទ្រង់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា « ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ » ? ថា​ព្រះអម្ចាស់​នឹង « កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញពី​អ្នក​ទៅ »? ថា​ស្ថានសួគ៌​នឹង « ញាប់ញ័រ​ដើម្បី​សេចក្ដីល្អ​ដល់​អ្នក » ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន​នៅ​ក្រោម​សេចក្ដីថ្លែងការណ៍​នៃ​គោលការណ៍​មិន​ពេញលេញ​នោះ ) ។

  • តើ​មាន​ការបង្រៀន​ថ្មីៗ​ណាខ្លះ​មកពី​ព្យាការី​របស់​ព្រះអម្ចាស់ ដែល​អាច​ជួយ​ការពារ​យើង​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​បណ្ដាល​ឲ្យ​ស្ថានសួគ៌​ញាប់ញ័រ​ដើម្បី​សេចក្ដី​ល្អ​របស់​យើង ? ( សូម​ពិចារណា​រៀបចំ​ចែកចាយ​ឧទាហរណ៍​ពីរ​បី ) ។

  • តើ​នៅពេល​ណា​ដែល​ឆន្ទៈ​របស់​បងប្អូន​ដើម្បី​ធ្វើតាម​ការប្រឹក្សា​របស់​ព្យាការី​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ បាន​នាំ​ទៅរក​ពរជ័យ​ទាំងនេះ​មួយ​ចំនួន ?

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​សញ្ជឹងគិត​ដោយ​ការអធិស្ឋាន​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ​ជាង​នេះ ។ ការណ៍នេះ​អាច​រួមមាន​ការគិត​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើសកម្មភាព​តាម​ការអញ្ជើញ និង​ការប្រឹក្សា​របស់​ព្យាការី​នា​ពេល​ថ្មីៗ​នេះ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​គិត​ដល់ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត​នានា ដែល​ពួកគេ​ទទួល​បាន​មកពី​ព្រះវិញ្ញាណ ។

ព្យាការី​របស់​ព្រះអម្ចាស់​ទទួល​វិវរណៈ និង​ប្រកាស​ពី​គោលលទ្ធិ​សម្រាប់​សាសនាចក្រ​ទាំងមូល ។

សូម​ឲ្យ​សិស្ស​នឹកចាំ​ដល់​បទពិសោធន៍​ជាមួយ​ហៃរាំ ភេច និង​ត្បូង​របស់​លោក​តាមរយៈ​ការសិក្សា​របស់​ពួកគេ​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ ។

  • តើ​វិវរណៈ​អះអាង​របស់​ហៃរាំ ភេច បាន​បណ្ដាល​ឲ្យមាន​បញ្ហា​អ្វីខ្លះ​ដល់​សមាជិក​សាសនាចក្រ ?

សូម​រំឭក​សិស្ស​ថា ហៃរាំ ភេច​មិន​ត្រឹមតែ​បាន​អះអាង​ថា​បាន​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វិវរណៈ​អះអាង​របស់​គាត់​ថែមទាំង​ផ្ទុយ​ពី​គោលលទ្ធិ ដែល​បាន​បង្រៀន​នៅក្នុង​បទគម្ពីរ និង​វិវរណៈ​ដែល​បាន​ទទួល​ដោយ​យ៉ូសែប ស្ម៉ីធ ពីមុនៗ​មក​ផងដែរ ។ អស់​អ្នក​ដែល​បាន​ទទួល​យក​វិវរណៈ​របស់​ហៃរាំ ភេច​រួមមាន​សមាជិក​គ្រួសារ​វិតមើរ និង អូលីវើរ ខៅឌើរី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:១–៧ ដោយ​រកមើល​ការបង្រៀន​របស់​ព្រះអម្ចាស់​ដល់ អូលីវើរ ខៅឌើរី និង​សមាជិក​សាសនាចក្រ ។ សូម​ចង្អុល​បង្ហាញ​ថា « សេចក្ដី​អាថ៌កំបាំង » ដែល​បាន​លើក​ឡើង​នៅក្នុង​ខទី ៧ សំដៅ​ទៅលើ « សេចក្ដីពិត​ខាង​វិញ្ញាណ​ដែល​ដឹង​បាន​តែ​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អាថ៌កំបាំង​នៃ​ព្រះ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វី​ខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ អំពី​អ្នក​ដែល​អាច​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ? ( សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ផ្សេង​គ្នា រួម​ទាំង​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ មានតែ​អស់​អ្នក​ដែល​កាន់​កូនសោ​ដឹកនាំ​សាសនាចក្រ​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​អំណាច​ទទួល​បាន​វិវរណៈ និង​ស្ថាបនា​គោលលទ្ធិ​សម្រាប់​សាសនាចក្រ​ទាំងមូល​បាន ) ។

  • តើ​ការយល់ដឹង​ពី​សេចក្ដីពិត​នេះ​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការត្រូវបាន​បោក​បញ្ឆោត​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា មាន​ភាពខ្ជាប់ខ្ជួន​ដ៏​អស្ចារ្យ​នៅក្នុង​គោលលទ្ធិ​ដែល​បាន​បង្រៀន​ដោយ​ព្យាការី​ដ៏​ជម្រើស​របស់​ព្រះអម្ចាស់​នៅក្នុង​ប្រវត្តិសាស្ដ្រ​សាសនាចក្រ​ទាំងមូល ។ ទោះយ៉ាងណា សមាជិក​មួយ​ចំនួន​អាច​ឆ្ងល់​ថា​ត្រូវ​ធ្វើ​អ្វី នៅពេល​ពួកគេ​ឃើញ​សេចក្ដី​ថ្លែងការណ៍​មួយ​ធ្វើ​ឡើង​ពី​អតីតកាល​ដោយ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់ ដែល​មើល​ទៅ​មិន​ខ្ជាប់ខ្ជួន​នឹង​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​សព្វថ្ងៃនេះ ។

  • តើ​មាន​គោលការណ៍​អ្វីខ្លះ ដែល​អាច​ដឹកនាំ​ឲ្យ​ស្គាល់​គោលលទ្ធិ​របស់​ព្រះអម្ចាស់ ដូច​បាន​បង្រៀន​ដោយ​ពួកព្យាការី​នៅរស់​របស់​ទ្រង់ ? ( បងប្អូន​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង នែល អិល អាន់ឌើរសិន នៅក្នុង​ផ្នែក​ទី ៣ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ) ។

ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ បងប្អូន​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

អ្នក​អាច​នឹង​មិន​យល់​ការប្រកាស​ចេញ​ពី​ព្យាការី ដែល​កំពុង​រស់នៅ​ជានិច្ច​នោះ​ទេ ។ ប៉ុន្តែ​ពេល​អ្នក​ដឹង​ថា ព្យាការី​គឺ​ជា​ព្យាការី នោះ​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះអម្ចាស់​ដោយ​ការបន្ទាបខ្លួន និង សេចក្ដី​ជំនឿ រួច​ទូល​សុំ​សាក្សី​ផ្ទាល់​ខ្លួន​អំពី​អ្វី​គ្រប់​យ៉ាង ដែល​ព្យាការី​បាន​ប្រកាស ។ ( រ័សុល អិម ណិលសុន « Stand as True Millennials » Ensign ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៣១ )

សូម​ពិចារណា​បញ្ចប់​មេរៀន​នេះ​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្យាការី​នៅរស់ និង​ពរជ័យ​នៃ​ការធ្វើ​តាម​ពួកលោក​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​ថា ថ្នាក់​លើក​ក្រោយ​នឹង​ផ្ដោត​លើ​ប្រធានបទ​មួយ​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​សំដៅ​ទៅ​ថា​ជា « ឧបសគ្គ​ដ៏​អស្ចារ្យ​បំផុត បុព្វហេតុ​ដ៏​អស្ចារ្យ​បំផុត និង​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ » ( « សេចក្ដី​សង្ឃឹម​នៃ​អ៉ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​យុវវ័យ​ទូទាំង​ពិភពលោក​នៅ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បំពេញ​បន្ថែម​ឲ្យ New Era និង Ensign ៤–៥ នៅលើ​គេហទំព័រ ChurchofJesusChrist.org; អក្សរ​ទ្រេត​ដើម ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ហើយ​មក​រៀន​ដោយ​បាន​ការរៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​គោលបំណង និង​ពរជ័យ​នៃ​ការចូលរួម​ក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ​នេះ និង​កិច្ចការ​នៃ​ការប្រមូល​ផ្ដុំ​អ៉ីស្រាអែល ។