ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៣ ៖ ច្បាប់​របស់​ព្រះ


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៣ ៖ ច្បាប់​របស់​ព្រះ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៣ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៣

ច្បាប់​របស់​ព្រះ

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​ច្បាប់ និង​ព្រះបញ្ញត្តិ​របស់​ទ្រង់​ម្ដងទៀត​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​តាមរយៈ យ៉ូសែប ស៊្មីធ និង​ព្យាការី​បន្ដ​បន្ទាប់ ។ មេរៀន​នេះ​នឹង​រៀបចំ​សិស្ស​ឲ្យ​ពន្យល់​ពី​គោលបំណង​ដ៏​ទេវភាព​របស់​ព្រះ ដែល​បាន​ប្រទាន​ព្រះបញ្ញតិ្ត​ទាំងឡាយ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ សិស្ស​ក៏​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​សម្រេច​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ឲ្យ​បាន​កាន់តែ​ស្មោះត្រង់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​ច្បាប់ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។

សូម​បង្ហាញ​សិស្ស​នូវ​វីដេអូ « Why Does God Give Us Commandments? » ( ០:៣៩ ) ហើយ​សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​វា​បង្ហាញ​អំពី​របៀប​ដែល​មនុស្ស​មួយ​ចំនួន​អាច​មើល​ទៅ​ព្រះបញ្ញត្តិ​របស់​ព្រះ ។

  • តើ​វីដេអូ​នេះ​បង្ហាញ​អ្វីខ្លះ អំពី​ឥរិយាបថ​របស់​យុវមជ្ឈិមវ័យ​មួយ​ចំនួន​ដែល​អាច​មាន​ទៅលើ​ច្បាប់ និង​ព្រះបញ្ញត្តិ​របស់​ព្រះ ?

  • តើ​មនុស្ស​មួយ​ចំនួន​ដែល​មើល​ទៅ​ច្បាប់​របស់​ព្រះ​ថា​តឹងរឹង​នោះ​អាច​យល់​ខុស​អ្វីខ្លះ ?

សូម​ពន្យល់​ថា មាន​គោលបំណង​ដ៏​កាន់តែ​សំខាន់​សម្រាប់​ច្បាប់​របស់​ព្រះ ជាជាង​ការគ្រាន់តែ​ការពារ​ខាង​រូបកាយ ឬ​ការសាកល្បង​ខាង​សីលធម៌ ។ នៅក្នុង​វិវរណៈ​របស់​ទ្រង់​ទៅកាន់​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​បង្រៀន​ពួកបរិសុទ្ធ​ពី​មូលហេតុ​ដ៏កាន់តែ​ខ្ពស់​មួយ​ចំនួន​ដែល​ព្រះ​ប្រទាន​ច្បាប់ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៩–២០ ដោយ​ស្ងៀមស្ងាត់ ហើយ​សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០:២០–២១ ដោយ​ស្ងៀមស្ងាត់ ។ សូម​ឲ្យ​សិស្ស​រកមើល​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​ដល់​អស់​អ្នក​ដែល​រក្សា​ច្បាប់ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​បង្ហាញ​ថា « ភាពពោរពេញ » របស់​ព្រះ​ដែល​សរសេរ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៩–២០ គឺជា​សេចក្ដី​សន្យា​នៃ​ជីវិត​ដ៏​អស់កល្ប—​ដើម្បី​ចូល​ទៅកាន់​វត្តមាន​របស់​ព្រះ ហើយ​កា្លយ​ដូចជា​ព្រះវរបិតា និង​ព្រះរាជបុត្រា ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៩៤ ) ។

  • តើ​បងប្អូន​នឹង​សង្ខេប​សេចក្ដីពិត​មួយ​មកពី​វគ្គ​ខគម្ពីរ​ទាំងនេះ អំពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ព្រះបញ្ញត្តិ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ដោយ​របៀប​ណា ? ( ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​នៅលើ​ក្ដារខៀន ឬ​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​នៃ​គោលលទ្ធិ​មួយ​ស្រដៀង​គ្នា​ដូច​តទៅ​នេះ ៖ ព្រះវរបិតាសួគ៌​ប្រទាន​ព្រះបញ្ញត្តិ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ដើម្បី​ទ្រង់​អាច​ប្រទាន​ពរ​ដល់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ) ។

ដើម្បី​ជួយ​ពង្រីក​ការយល់ដឹង​របស់​សិស្ស​ឲ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្ដីពិត​នេះ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌេល ជី រេនឡាន់ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

ផែនការ​របស់​ព្រះ​រួម​មាន​នូវ​ការណែនាំ​សម្រាប់​យើង​នៅក្នុង​ព្រះគម្ពីរ យើង​ហៅ​ការណែនាំ​នោះ​ថា​ជា​បទបញ្ញត្តិ ។ បទបញ្ញត្តិ​ទាំងនេះ​ពុំមែន​ជា​អ្វី​ដែល​ហួស​សម័យ ហើយ​ក៏​ពុំ​មែន​ជា​ការប្រមូលផ្តុំ​តាម​ទំនើង​ចិត្ត​នៃ​ការរំលោភ​លើ​ច្បាប់​ក្នុង​គោលបំណង ដើម្បី​គ្រាន់តែ​បំពាក់​បំប៉ន​យើង​ឲ្យ​គោរព​ប្រតិបត្តិ​នោះ​ទេ ។ បទបញ្ញត្តិ​ទាំងនេះ​ផ្សារភ្ជាប់​ទៅនឹង​ការអភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​របស់​យើង​ស្តីពី​ភាពជា​ព្រះ ការត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​យើង​វិញ និង​ការទទួល​អំណរ​ដ៏​យូរ​អង្វែង ។( « ចូរអ្នក​ជ្រើសរើស​ថ្ងៃនេះ​ចុះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៥ )

  • តើ​ព្រះបញ្ញត្តិ​គឺជា​ការបង្ហាញ​មួយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​យើង ពេល​យើង​មើល​ទៅ​ព្រះបញ្ញត្តិ​ថា​ជា​ការណែនាំ​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ដែល​នឹង​ជួយ​យើង​ឲ្យ​ទទួល​បាន​លក្ខណៈ​សម្បត្តិ​នៃ​ភាពជា​ព្រះ និង​ទទួល​បាន​សេចក្ដី​អំណរ ?

ព្រះអម្ចាស់​ប្រទាន​ច្បាប់​របស់​ទ្រង់​ដល់​ពួកបរិសុទ្ធ ។

សូម​រំឭក​សិស្ស​ថា មិន​យូរ​ប៉ុន្មាន​ក្រោយពី​ព្យាការី យ៉ូសែប ស៊្មីធ​បាន​ប្ដូរ​ទៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ លោក​បាន​ទទួល​វិវរណៈ​មួយ​ដែល​រួមមាន​នូវ​ច្បាប់​របស់​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២ ) ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​នោះ ព្រះអម្ចាស់​បាន​បង្រៀន​ច្បាប់​របស់​ទ្រង់​បន្ថែម​ទៀត​ដល់​ពួកបរិសុទ្ធ ។

  • តើ​មាន​ច្បាប់ និង​ព្រះបញ្ញត្តិ​ពី​បុរាណ​មួយ​ចំនួន​ណាខ្លះ ដែល​ព្រះអម្ចាស់​បាន​បញ្ជាក់​សារ​ជាថ្មី​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង ?

សូម​រំឭក​សិស្ស​ពី​កិច្ចការ ដែល​ពួកគេ​មាន​នៅក្នុង​ឯកសារការរៀបចំ ។ សូម​ផ្ដល់​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​រំឭក​ច្បាប់​នោះ ឬ​ច្បាប់​ទាំងឡាយ​ដែល​ពួកគេ​បាន​សិក្សា ។ សូម​ឲ្យ​សិស្ស​ដែល​មិន​បាន​សិក្សា​ច្បាប់​មួយ ដែល​មាន​នៅក្នុង​សៀវភៅ​សិក្សា​រៀបចំ អាន​ច្បាប់​នោះ​អំឡុង​ពេល​នេះ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ការពិភាក្សា និង​កិច្ចការ​ជា​ក្រុម​តូចៗ​អាច​ជួយ​សិស្ស​ឲ្យ​រៀន​បាន​កាន់តែ​ស៊ីជម្រៅ ។ ការបែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​ដៃគូ ឬ​ក្រុម​តូចៗ​អនុញ្ញាត​ឲ្យ​សិស្ស​ជាច្រើន​បង្ហាញ​ពី​យោបល់ និង​អារម្មណ៍​របស់​ពួកគេ ហើយ​បង្រៀន​គ្នា​ទៅវិញ​ទៅមក ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​មួយ សូម​ប្រាកដ​ថា ពួកគេ​យល់​ពី​គោលបំណង និង​ភាពទាក់ទង​នៃ​អ្វី​ដែល​ពួកគេ​កំពុង​ពិភាក្សា​នោះ ពីមុន​ពួកគេ​ចាប់ផ្ដើម​ពិភាក្សា ។ បងប្អូន​ក៏​អាច​ចាត់​ឲ្យ​មាន​ការពិភាក្សា​មួយ​នៅពេល​ក្រោយ ឬ​ចាត់​ឲ្យ​សិស្ស​ម្នាក់​ចែកចាយ​ជាមុន​សិន​ផងដែរ ។

ក្រោយពី​ទុកពេល​គ្រប់គ្រាន់​ហើយ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​ក្រុម​តូចៗ ( សិស្ស​ពីរ​ទៅ​ប្រាំ​នាក់​ក្នុង​មួយ​ក្រុម ) ស្រប​ទៅតាម​ច្បាប់​ដែល​ពួកគេ​បាន​ជ្រើសរើស​សិក្សា ។ ឧទាហរណ៍ សិស្ស​ពីរ​ទៅ​ប្រាំ​នាក់​ដែល​បាន​ជ្រើសរើស​សិក្សា​ច្បាប់​នៃ​ការថ្វាយ​នឹង​បង្កើត​ជា​ក្រុម​មួយ ។ បងប្អូន​ក៏​អាច​មាន​ក្រុម​ច្រើន​ដែល​ពិភាក្សា​ច្បាប់​តែមួយ ប្រសិនបើ​មាន​សិស្ស​ច្រើន​ជាង​ប្រាំ​នាក់​បាន​ជ្រើសរើស​សិក្សា​ច្បាប់​ដូចគ្នា​នេះ ។ ( ប្រសិនបើ​ថ្នាក់​របស់​បងប្អូន​តូច ឬ​ប្រសិនបើ​មាន​តែ​សិស្ស​ម្នាក់​បាន​ជ្រើសរើស​សិក្សា​ច្បាប់​ជាក់លាក់​មួយ សូម​កែសម្រួល​សកម្មភាព​នេះ​ឲ្យ​បំពេញ​តាម​តម្រូវការ​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​គាត់​បាន​រៀន​ជាមួយ​នឹង​បងប្អូន ឬ​ជាមួយ​ក្រុម​មួយ​ដែល​បាន​សិក្សា​ប្រធានបទ​ខុសគ្នា​មួយ ) ។

សូម​ឲ្យ​សិស្ស​ចាត់​ឲ្យ​មាន​សមាជិក​ក្រុម​ម្នាក់​ធ្វើ​ជា​មេក្រុម ។ សូម​ចែក​សំណៅ​ចម្លង​ក្រដាស​ចែក « ច្បាប់​របស់​ព្រះ » ខាងក្រោម​នេះ​ដល់​មេ​ក្រុម​នីមួយៗ​មួយ​ច្បាប់ ។

ច្បាប់​របស់​ព្រះ

សេចក្ដី​ណែនាំ​ដល់​មេក្រុម ៖ សូម​ដឹកនាំ​ក្រុម​របស់​បងប្អូន​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ដូច​ខាងក្រោម​នេះ​នៅក្នុង​ការពិភាក្សា​ដ៏​មាន​អត្ថន័យ​មួយ ។ សូម​ប្រាកដ​ថា​បាន​រួម​បញ្ចូល​សមាជិក​គ្រប់គ្នា​ក្នុង​ក្រុម​នៅក្នុង​ការពិភាក្សា​របស់​បងប្អូន ។

  1. តើ​បងប្អូន​បាន​រៀន​សេចក្ដីពិត​អ្វីខ្លះ​មកពី​ការសិក្សា​របស់​បងប្អូន ?

  2. តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ដែល​ជាប់​ទាក់ទង​ជាមួយ​នឹង​ការគោរព​តាម​ច្បាប់​នេះ​នាពេល​សព្វថ្ងៃ ហើយ​តើ​ពួកគេ​អាច​យក​ឈ្នះ​ឧបសគ្គ​នោះ​ដោយ​របៀប​ណា ?

  3. តើ​បងប្អូន ឬ​គ្រួសារ​របស់​បងប្អូន​បាន​ទទួល​ពរជ័យ​អ្វីខ្លះ​តាមរយៈ​ការកាន់តាម​ច្បាប់​នេះ ?

  4. តើ​ការកាន់តាម​ច្បាប់​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​តាម​របៀប​ណា ?

កាល​បងប្អូន​បញ្ចប់​មេរៀន​នេះ សូម​ហៅ​សិស្ស​ម្នាក់​ដែល​នឹង​ស្ម័គ្រចិត្ត​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​ចំណុច​ជាក់ច្បាស់​ពីរ​បី​មកពី​ការពិភាក្សា​ក្រុម​របស់​បងប្អូន ។

ច្បាប់​របស់​ព្រះ

ក្រដាស​ចែក​ច្បាប់​របស់​ព្រះ

សូម​ឲ្យ​ក្រុម​មាន​ពេល ១០ នាទី ឬ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការពិភាក្សា​ដ៏​មាន​អត្ថន័យ​មួយ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​តំណាង​ក្រុម​មកពី ក្រុម​នីមួយៗ​ឡើង​មក​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល នូវ​ចំណុច​ជាក់ច្បាស់​ពីរ​បី​មកពី​ការពិភាក្សា​របស់​ពួកគេ ។ សូម​ពិចារណា​លើក​ទឹកចិត្ត​អ្នកតំណាង​ម្នាក់ៗ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការកាន់​តាម​ច្បាប់ ដែល​គាត់​បាន​សិក្សា​នោះ​អាច​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ។

សូម​ចែកចាយ​ទីបន្ទាល់ និង​បទពិសោធន៍​របស់​បងប្អូន​អំពី​របៀប​ដែល​ការកាន់​តាម​ច្បាប់ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​បងប្អូន និង​បាន​ជួយ​បងប្អូន​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ ។

សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម ។ សូម​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត​អំពី​សំណួរ​នេះ កត់ត្រា​ទុក​នូវ​ចំណាប់​អារម្មណ៍​របស់​ពួកគេ ហើយ​ស្គាល់​សកម្មភាព​ដែល​ពួកគេ​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើតាម ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ និង​ការដឹកនាំ​ពី​ព្រះវរបិតាសួគ៌​ក្នុង​ការអធិស្ឋាន ដើម្បី​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល ។ បងប្អូន​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សម្រេច​ពី​ពេល​មួយ ដើម្បី​ធ្វើការ​តាមដាន​លើ​អ្វី​ដែល​ពួកគេ​បាន​តាំងចិត្ត​ធ្វើ​នេះ​ផងដែរ ។

  • តើ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​មួយ​ណា​ដែល​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ ដែល​ខ្ញុំ​អាច​កាន់តាម​កាន់តែ​ស្មោះត្រង់ ?

  • តើ​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​ឲ្យ​ជាក់លាក់ ត្រូវ​ចាប់ផ្ដើម​ធ្វើ​អ្វី ឬ​ឈប់​ធ្វើ​អ្វី​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​នេះ​ឲ្យ​កាន់តែ​ពេញលេញ ?

  • តើ​ពរជ័យ គុណលក្ខណៈ​នៃ​ភាព​ជា​ព្រះ និង​សេចក្ដី​អំណរ​អ្វីខ្លះ ដែល​កើត​មាន​ដល់​ជីវិត​ខ្ញុំ​តាមរយៈ​ការធ្វើ​តាម​ព្រះបញ្ញត្តិ​នេះ​ឲ្យ​កាន់តែ​ពេញលេញ និង​ដោយ​ភាពស្មោះត្រង់​កាន់តែ​ខ្លាំង​នោះ ?

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​ថា ជំនឿ​ពិសេស​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ថា ព្រះ​បន្ដ​ដឹកនាំ​បុត្រា​បុត្រី​របស់​ទ្រង់​តាមរយៈ​ការផ្ដល់​បទគម្ពីរ​បន្ថែម​ទៀត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ហើយ​មក​រៀន​ដោយ​បាន​ការរៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​របៀប​ដែល​បទគម្ពីរ​បន្ថែម​បញ្ជាក់​ច្បាស់ និង​ពង្រីក​ការយល់ដឹង​របស់​យើង​អំពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។