« សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ១ ៖ សេចក្ដីផ្ដើមនៃការស្ដារឡើងវិញ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ១ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ១
សេចក្ដីផ្ដើមនៃការស្ដារឡើងវិញ
ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានបញ្ចប់ការក្បត់សាសនាដ៏ធំ នៅពេលទ្រង់បានស្ដារដំណឹងល្អរបស់ទ្រង់ឡើងវិញ ហើយបានរៀបចំសាសនាចក្ររបស់ទ្រង់ឡើងវិញម្ដងទៀតនៅលើផែនដីនេះ ។ ក្រោយពីចូលរួមក្នុងមេរៀននេះ សិស្សគួរតែអាចស្គាល់ព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងព្រឹត្តិការណ៍នានា ពីមុនមានការស្ដារឡើងវិញ ហើយពន្យល់ពីតម្រូវការដើម្បីមានសេចក្ដីពិតម្ដងទៀតដល់បុត្រាបុត្រីរបស់ព្រះនៅជំនាន់របស់យើង ។
កំណត់ចំណាំ ៖ ប្រសិនបើអាច សូមទាក់ទងសិស្ស ដែលចុះឈ្មោះចូលរៀនវគ្គសិក្សានេះ ពីមុនថ្ងៃចូលរៀនដំបូងរបស់ពួកគេ ហើយអញ្ជើញពួកគេឲ្យអានសៀវភៅសិក្សារៀបចំសម្រាប់មេរៀនទី ១ ពីមុនមកកាន់ថ្នាក់រៀន ។ ប្រសិនបើបងប្អូននឹងបង្រៀនមេរៀនទី ១ និង ទី ២ រួមគ្នា សូមអញ្ជើញសិស្សឲ្យសិក្សាសៀវភៅសិក្សារៀបចំសម្រាប់មេរៀនទី ២ ផងដែរ ។
យោបល់សម្រាប់ការបង្រៀន
សូមបង្ហាញសិស្ស ដែលមិនធ្លាប់ដឹងពីសម្ភាររៀបចំមេរៀន និងពុំដឹងរបៀបទទួលបានសម្ភារមេរៀនទាំងនេះជាអេឡិចត្រូនិច ។ បងប្អូនក៏អាចចែកជាក្រដាសចម្លងដល់សិស្ស ដែលមិនមានឧបករណ៍អេឡិចត្រូនិចផងដែរ ។
ការក្បត់សាសនាដ៏ធំបានធ្វើឲ្យការស្ដារឡើងវិញនៃដំណឹងល្អចាំបាច់ ។
សូមឲ្យសិស្សម្នាក់អានឮៗក្នុងសេចក្ដីផ្ដើមនៃសម្ភារដែលត្រូវរៀបចំមេរៀនទី ១ ។
សូមបង្ហាញរុក្ខជាតិមានជីវិតមួយ និងរុក្ខជាតិងាប់ ឬជិតងាប់មួយ ( ឬ មែកឈើងាប់មួយដែលប្រឡាក់ដីបន្ដិច ) ។ ឬ បង្ហាញរូបភាពដែលភ្ជាប់មកជាមួយ ប្រសិនបើមិនមានរុក្ខជាតិមែនទែនទេនោះ ។
-
ហេតុអ្វីបងប្អូនគិតថា រុក្ខជាតិទាំងនេះមើលទៅខុសគ្នា ? តើយើងអាចបង្កើតរឿងស្រដៀងគ្នាប្រភេទអ្វីខ្លះ អំពីស្ថានភាពខាងវិញ្ញាណរបស់យើងផ្ទាល់ដោយប្រើរុក្ខជាតិទាំងនេះ ?
សូមពន្យល់ថា ព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ម្នាក់ឈ្មោះថា អេម៉ុស បានព្រមានប្រជាជនអ៉ីស្រាអែលដ៏ទុច្ចរិតថា ពួកគេនឹងដកពិសោធន៍គ្រោះអំណត់មួយ ។ សូមសិស្សឲ្យអាន អេម៉ុស ៨:១១–១២ ដោយរកមើលប្រភេទអំណត់ដែលអេម៉ុសបានព្រមាននោះ ។
សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវសម្ភារដែលត្រូវរៀបចំ ផ្នែកទី ១ ហើយរកមើលអ្វីដែលបានបាត់បង់អំឡុងការក្បត់សាសនាដ៏ធំនេះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
សូមបង្ហាញវីដេអូ « Dispensations: The Pattern of Apostasy and Restoration » ( ៦:៥២ ) ដល់សិស្ស ។ កាលពួកគេមើលវីដេអូនេះ សូមអញ្ជើញសិស្សឲ្យគិតអំពីគំរូនៃការក្បត់សាសនា និងការស្ដារឡើងវិញអ្វីដែលបានបង្ហាញនៅក្នុងវីដេអូ ដែលបង្រៀនយើងអំពីព្រះវរបិតាសួគ៌ ។
-
តើបងប្អូនគិតថា គំរូនៃការក្បត់សាសនា និងការស្ដារឡើងវិញនេះបង្រៀនយើងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ?
-
ហេតុអ្វីគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់នេះខុសគ្នាពីគ្រាកាន់កាប់ត្រួតត្រាផ្សេងៗទៀត ? តើបងប្អូនគិត ឬមានអារម្មណ៍យ៉ាងណាអំពីការរស់នៅក្នុងជំនាន់នេះ ?
ព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អ ។
សូមបង្ហាញសេចក្ដីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អ ។
សូមអញ្ជើញសិស្សឲ្យបង្កើតជាក្រុមតូចៗ រួចហើយប្ដូរវេនគ្នាអានចេញពីផ្នែកទី ២ នៃសម្ភារដែលត្រូវរៀបចំ ហើយរកមើលព្រឹត្តិការណ៍អ្វីដែលបានរៀបចំផ្លូវសម្រាប់ការស្ដារដំណឹងល្អឡើងវិញ ។ ( ប្រសិនបើសិស្សរបស់បងប្អូនភាគច្រើនអាចអានសម្ភារដែលត្រូវរៀបចំពីមុនមកកាន់ថ្នាក់រៀន នោះបងប្អូនអាចអញ្ជើញពួកគេឲ្យសង្ខេបមាតិកានៅក្នុងផ្នែកទី ២ បាន ) ។ សូមបង្ហាញសំណួរដូចខាងក្រោមនេះ ហើយផ្ដល់ពេលឲ្យក្រុមនីមួយៗពិភាក្សារួមគ្នា ។
-
តើព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់ការស្ដារឡើងវិញឲ្យកើតឡើងបានដោយរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអម្ចាស់ តាមរយៈរបៀបដែលទ្រង់បានរៀបចំផ្លូវសម្រាប់យ៉ូសែប ស្ម៉ីធ និងការស្ដារឡើងវិញ ?
សិស្សអាចដើរតួយ៉ាងសកម្មនៅក្នុងការរៀនសូត្រដំណឹងល្អរបស់ពួកគេ ។
សូមបង្ហាញបញ្ជីចំណងជើងមេរៀនមួយសម្រាប់វគ្គសិក្សានេះ ( បងប្អូនអាចរកវាបាននៅក្នុងតារាងមាតិកា ) ។ សូមពន្យល់ថា វគ្គសិក្សានេះនឹងផ្ដោតលើព្រឹត្តិការណ៍មូលដ្ឋានគ្រឹះ គោលលទ្ធិ និងបទគម្ពីរនៃការស្ដារឡើងវិញ ក៏ដូចជាថ្លែងពីប្រធានបទពិបាកនានា ដែលពេលខ្លះកើតមានក្នុងប្រវត្តិសាសនាចក្រ ។ សូមពិចារណាអញ្ជើញសិស្សឲ្យអានបញ្ជីមេរៀនបន្ដបន្ទាប់ៗ ហើយចែកចាយជាមួយសិស្សក្នុងថ្នាក់ពីប្រធានបទណាមួយ ដែលពួកគេចង់រៀនខ្លាំងបំផុត ។ សូមកត់ចំណាំចម្លើយរបស់ពួកគេ ដើម្បីបងប្អូននឹងដឹងថា មេរៀនណាមួយដែលបងប្អូនអាចសង្កត់ធ្ងន់បន្ថែមបន្ដិចអំឡុងវគ្គសិក្សានេះ ។
សូមពន្យល់ថា សម្ភារដែលត្រូវរៀបចំគឺជាផ្នែកសំខាន់មួយនៃវគ្គសិក្សានេះ ហើយអាចពង្រីកការរៀនសូត្រផ្ទាល់ខ្លួនរបស់សិស្សបាន និងជួយរៀបចំពួកគេឲ្យចូលរួមចំណែកយ៉ាងមានអត្ថន័យអំឡុងពេលបង្រៀន ។
ដើម្បីជួយសិស្សឲ្យយល់ពីពរជ័យដែលអាចកើតមានមកពីការរៀបចំសម្រាប់បទពិសោធន៍រៀនសូត្រនីមួយៗ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ គីម ប៊ី ក្លាក ក្នុងពួកចិតសិបនាក់ ៖
ប្រសិនបើបងប្អូនពិតជាចង់រៀនសូត្រយ៉ាងស៉ីជម្រៅ ប្រសិនបើដួងចិត្ត និងគំនិតរបស់បងប្អូនបើកទូលាយដើម្បីរៀនសូត្រ ហើយប្រសិនបើបងប្អូនធ្វើសកម្មភាពតាមបំណងប្រាថ្នានោះ ព្រះអម្ចាស់នឹងប្រទានពរដល់បងប្អូន ។ នៅពេលបងប្អូនធ្វើផ្នែករបស់បងប្អូន—អធិស្ឋានដោយសេចក្ដីជំនឿ រៀបចំខ្លួន សិក្សា ចូលរួមយ៉ាងសកម្ម និងធ្វើឲ្យអស់ពីសមត្ថភាពរបស់បងប្អូន—នោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនបងប្អូន បង្កើនលទ្ធភាពរបស់បងប្អូនដើម្បីធ្វើសកម្មភាពតាមអ្វីដែលបងប្អូនបានរៀន ហើយជួយបងប្អូនឲ្យក្លាយជាអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនក្លាយទៅជា ។ ( គីម ប៊ី ក្លាក « Learning for the Whole Soul » Ensign ខែ សីហា ឆ្នាំ ២០១៧ ទំព័រ ២៧ )
សូមអញ្ជើញសិស្សឲ្យពិចារណាដោយប្រុងប្រយ័ត្ន អំពីរបៀបដែលពួកគេនឹងឆ្លើយសំណួរដូចតទៅនេះ ៖
-
តើការចូលរួមដោយអស់ពីចិត្តក្នុងវគ្គសិក្សានេះ នឹងជួយដល់ការរីកចម្រើនខាងវិញ្ញាណរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
តើខ្ញុំមានឆន្ទៈដើម្បីសិក្សាដោយខ្លួនខ្ញុំ ពីមុនទៅកាន់ថ្នាក់រៀននីមួយៗ ដើម្បីឲ្យខ្ញុំអាចមករៀនដោយបានរៀបចំខ្លួន ហើយរៀនបានកាន់តែស៉ីជម្រៅដែរឬទេ ? តើខ្ញុំនឹងតាំងចិត្ត ដើម្បីដាក់ការសិក្សា និងការរៀបចំផ្ទាល់ខ្លួនជាអាទិភាពក្នុងកាលវិភាគរបស់ខ្ញុំនៅពេលណា ?
សូមពិចារណាលើកទឹកចិត្តសិស្សឲ្យកត់ត្រាគោលដៅរបស់ពួកគេ ទាក់ទងទៅនឹងសំណួរទាំងនេះ ។ បងប្អូនក៏អាចពិភាក្សាជាថ្នាក់ពីរបៀប ដែលពួកគេអាចជួយគ្នាទៅវិញទៅមកឲ្យរៀបចំខ្លួនជាស្រេចដើម្បីរៀនបានកាន់តែស៉ីជម្រៅផងដែរ ។ ( គំនិតនានាអាចរួមមាន ការបង្កើតក្រុមផ្ញើសារជាថ្នាក់រៀន ក្រុមសិក្សា របៀបដើម្បីរំឭកគ្នាពីគោលដៅរបស់ពួកគេ ឬវេទិកាពិភាក្សាដែលពួកគេអាចចែកចាយការយល់ដឹងពីការសិក្សារបស់ពួកគេ ) ។
សម្រាប់ពេលក្រោយ
សូមពន្យល់សិស្សថា សម្ភារដែលត្រូវរៀបចំសម្រាប់ថ្នាក់លើកក្រោយមានផ្នែកខ្លះនៃដំណើររឿងដំបូងនៃការនិមិត្តដំបូងរបស់ព្យាការី យ៉ូសែប ស៊្មីធ ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលយើងអាចរៀនចេញពីដំណើររឿងផ្សេងៗ ក៏ដូចជាសារសំខាន់នៃការមានទីបន្ទាល់ផ្ទាល់ខ្លួនយើងអំពីភាពពិតនៃការនិមិត្តដំបូង ។