ថ្នាក់​វិទ្យាស្ថាន
សៀវភៅការ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៥ ៖ ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៥ ៖ ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៥ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៥

ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​បាន​កើតឡើង​តាម​របៀប​ដ៏​អព្ភូតហេតុ​មួយ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប ដែល​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ដោយ « អំណោយ​ទាន និង​ព្រះចេស្តានៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៣ ) ។ សិស្ស​ក៏​នឹង​គិត​ដល់ និង​មាន​ឱកាស​ចែកចាយ​សក្ខីភាព​របស់​ពួកគេ​អំពី​ភាពពេញលេញ​នៃ​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​មរមន ។

យោបល់​សម្រាប់​ការបង្រៀន

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

បង្រៀន​ឲ្យ​ប្រែចិត្ត​ជឿ ។ ប្រធាន ហិនរី ប៊ី អាវរិង​បាន​បង្រៀន​ថា ៖ « យើង​ត្រូវតែ​លើក​កម្ពស់​ការយល់ដឹង​របស់​យើង ។ យើង​ត្រូវតែ​រក្សា​គោលដៅ​ទាំងឡាយ ដែល​យើង​ត្រូវ​មាន​ជានិច្ច ៖ ការចុះ​ឈ្មោះ​ចូលរៀន ចូលរៀន​ទៀងទាត់ ការបញ្ចប់​ការសិក្សា ចំណេះដឹង​ពី​បទគម្ពីរ បទពិសោធន៍​នៃ​ការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​នូវ​សេចក្តីពិត ។ លើស​ពី​នេះ យើង​ត្រូវតែ​ដាក់​គោលដៅ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​សម្រាប់​តំបន់​បេសកកម្ម និង​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ​សិស្ស​ទាំងឡាយ​ត្រូវការ​ច្រើន​បន្ថែម​ទៀត​ក្នុង​ពេល ដែល​ពួកគេ​ជា​សិស្ស​របស់​យើង ។ …

ដំណឹងល្អ​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវតែ​ចូលជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់​សិស្ស​ទាំងឡាយ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ … គោលដៅ​របស់​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួកគេ​បាន​ប្រែក្លាយ​ជា​អ្នកប្រែ​ចិត្ត​ជឿ​យ៉ាង​ពេញលេញ​ចំពោះ​ដំណឹងល្អ ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ខណៈពេល​ពួកគេ​នៅ​ជាមួយ​នឹង​យើង » ( « We Must Raise Our Sights » [ សន្និសីទ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​អំពី​ព្រះគម្ពីរ​មរមន​ថ្ងៃ​ទី ១៤ ខែ សីហា ឆ្នាំ ២០០១ ] ទំព័រ​២ ) ។

ព្រះគម្ពីរ​មរមន​បាន​លេច​ចេញ​មក « ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃព្រះ » ។

សូម​បង្ហាញ​រូបភាព​មរ៉ូណៃ​កប់​ផ្ទាំង​ចំណារ​មាស ។

មរ៉ូណៃ​កប់​ផ្ទាំង​ចំណារ ដោយ ថម ឡូវេល

សូម​ឲ្យ​សិស្ស​ពិពណ៌នា​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​រូបភាព​នេះ ។ បងប្អូន​ក៏​អាច​សួរ​ពី​អ្វី​ដែល​ពួកគេ​គិត​ថា មរ៉ូណៃ​បាន​ដឹង​អំពី​ឥទ្ធិពល​ដែល​កំណត់ត្រា​នេះ​នឹង​មាន​លើ​មនុស្ស​ជំនាន់​អនាគត ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន មរ៉ូណៃ ៨:១២–១៦ ដោយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន​អំពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។

  • តើ​មរ៉ូណៃ​ចង់​បញ្ជាក់​អ្វី​ឲ្យ​ច្បាស់​អំពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ យ៉ូសែប ស៊្មីធ ដែល​លោក​បាន​ថ្លែង​ឡើង​វិញ​ជាញឹកញាប់ ពេល​គេ​សួរ​លោក​អំពី​ការបកប្រែ​ព្រះគម្ពីរ​មរមន ៖

ខ្ញុំ​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។ ( យ៉ូសែប ស៊្មីធ នៅក្នុង​ជេមស៍ ផាលមើរ សៀវភៅ​កំណត់​ហេតុ ៧៥ បណ្ណាល័យ​ប្រវត្តិសាស្រ្ត​សាសនាចក្រ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​លេច​ចេញ​មក « ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ » ។ ( ប្រសិនបើ​ចាំបាច់ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​ផ្នែក​ទី ១ ត្រួសៗ​នៃ​សៀវភៅ​សិក្សា​ការរៀបចំ ) ។ បងប្អូន​ក៏​អាច​សូម​ឲ្យ​ពួកគេ​សួរ​សំណួរ​នានា ដែល​ពួកគេ​អាច​មាន​មកពី​ការសិក្សា​របស់​គេ​អំពី​ការបកប្រែ​នៃ​ព្រះគម្ពីរ​មរមន​ផង​ដែរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​សេចក្ដី​ថ្លែងការណ៍​របស់​យ៉ូសែប ស៊្មីធ និង​អែលឌើរ នែល អេ ម៉ាកស្វែល នៅ​ចុងបញ្ចប់​នៃ​ផ្នែក​ទី ១ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ។ ( បងប្អូន​គួរតែ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​ឮៗ ) ។

  • ហេតុអ្វី​បងប្អូន​គិត​ថា យើង​គួរតែ​ខ្វល់​អំពី « ធាតុ​នៃ​ព្រះគម្ពីរ » ជាង​ពី « ដំណើរការ​ដែល​យើង​បាន​ទទួល​វា » ?

ព្រះ​សន្យា​ថា បុគ្គល​ទាំងអស់​អាច​ទទួល​បាន​ការបញ្ជាក់​សាក្សី​អំពី​ព្រះគម្ពីរ​មរមន ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ប៉ុន្មាន​នាក់​ដែល​ចង់​ឃើញ​ផ្ទាំង​ចំណារ​មាស​ដោយ​ខ្លួន​គេ​ផ្ទាល់ ហើយ​តើ​ហេតុអ្វី ។

  • ហេតុអ្វី​បងប្អូន​គិត​ថា ព្រះអម្ចាស់​មិន​បញ្ជាក់​ពី​ភាពពិសេស​នៃ​ព្រះគម្ពីរ​មរមន តាមរយៈ​ការអនុញ្ញាត​ឲ្យ​ពិភពលោក​នេះ​ឃើញ​ផ្ទាំង​ចំណារ និង​របស់​ផ្សេងទៀត ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:៣, ៦–៧ ដោយ​រកមើល​មូលហេតុ​ដែល​យ៉ូសែប​មិន​បាន​បង្ហាញ​ផ្ទាំង​ចំណារ​នេះ​ដល់​អស់​អ្នក​ដែល​ចង់​បាន​ភស្ដុតាង ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន ។

សូម​ពន្យល់​ថា វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ដល់​យ៉ូសែប​ជា​លទ្ធផល​មកពី​ម៉ាទិន ហារីស​បាន​សុំ​សាក្សី​មួយ​ថា យ៉ូសែប​ពិត​ជា​មាន​ផ្ទាំង​ចំណារ​មាស​មែន ។ ម៉ាទិន​គឺជា​មិត្ត​របស់​យ៉ូសែប ហើយ​មាន​សមត្ថភាព​ខាង​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​បោះពុម្ព​ព្រះគម្ពីរ​មរមន ពេល​វា​បាន​បកប្រែ​ហើយ ។ ភរិយា​របស់​ម៉ាទិន លូស៉ី បាន​នាំ​ពាក្យប្ដឹង​ផ្ដល់​ទៅ​តុលាការ​ក្នុងស្រុក ដោយ​ចោទ​ថា​យ៉ូសែប​បាន​បោក​បញ្ឆោត​ស្វាមី​របស់​នាង និង​មនុស្ស​ដទៃ​ទៀត​ដើម្បី​ទទួល​បាន​ផល​ចំណេញ​ខាង​ហិរញ្ញវត្ថុ ។ នៅ​ខែ មីនា ឆ្នាំ ១៨២៩ ម៉ាទិន​បាន​ទៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនស៉ីលវេនញ៉ា​ដើម្បី​សូម​យ៉ូសែប ស្ម៉ីធ មើល​ភស្តុតាង​ថា​ពិតជា​មាន​ផ្ទាំងចំណារ​មែន ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៥:១១–១៥ ដោយ​រកមើល​របៀប​មួយ ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​សេចក្ដីពិត​នៃ​កំណត់ត្រា​ព្រះគម្ពីរ​មរមន ។ សូម​សិស្ស​ឲ្យ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ខគម្ពីរ​ទាំងនេះ ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ម៉ាទិន ហារីស​អាច​ធ្វើ​ជា​សាក្សី​ម្នាក់​នៃ​សាក្សី​ទាំង​បី ប្រសិនបើ​គាត់ « ក្រាប​ចុះ » ហើយ « បន្ទាប​ខ្លួន​ដោយ​នូវ​ការអធិស្ឋាន និង​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង​ក្លា ឲ្យ​អស់​ពី​ដួង​ចិត្ត​លោក » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៥:២៤ ) ។ បី​ខែ​ក្រោយមក យ៉ូសែប​បាន​អញ្ជើញ​ម៉ាទិស ហារីស​ឲ្យ​ចូលរួម​នឹង អូលីវើរ ខៅឌើរី និង ដេវីឌ វិតមើរ ក្នុង​ការស្វែងរក​សាក្សី​ពិសេស ដែល​ព្រះអម្ចាស់​បាន​សន្យា ។

សូម​បង្ហាញ​រូបភាព​យ៉ូសែប ស៊្មីធ និង សាក្សី​ទាំង​បី​នាក់ ពី​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​នឹកចាំ​ពី​អ្វី​ដែល​បាន​កើតឡើង នៅពេល​បុរស​ទាំងនេះ​បាន​អធិស្ឋាន​ទូល​សូម​សាក្សី​មួយ​នៃ​ផ្ទាំង​ចំណារ ។

  • តើ​យ៉ូសែប ស៊្មីធ​បាន​មាន​អារម្មណ៍​យ៉ាង​ណា អំពី​សាក្សី​ទាំងបី​ដែល​បាន​ឃើញ​ផ្ទាំង​ចំណារ​នេះ ? ( ប្រសិនបើ​ចាំបាច់ សូម​សិស្ស​ឲ្យ​រំឭក​ពី​ដំណើររឿង​របស់​លូស៉ី ម៉ាក ស្ម៉ីធ ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ ) ។

  • តើ​ទីបន្ទាល់​នៃ​ពួកសាក្សី​ទាំង​បី​នាក់​ត្រូវបាន​ពង្រឹង​ដោយ​ការពិត​ដែល​ពួកគេ​មិន​អាច​បដិសេធ​សាក្សី​របស់​ពួកគេ ទោះជា​ពេល​ពួកគេ​ម្នាក់ៗ​បាន​ចាកចេញ​ពី​ព្យាការី និង​សាសនាចក្រ​ហើយ​ក្ដី​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៥:១៥–១៦ និង មរ៉ូណៃ ១០:៣–៥ ដោយ​រកមើល​របៀប​ដែល​មនុស្ស​ទាំងអស់​អាច​ទទួល​បាន​សាក្សី​មួយ​អំពី​ភាពពេញលេញ​នៃ​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​មរមន ។ ពេល​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​វគ្គ​បទគម្ពីរ​ទាំងនេះ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​គោលការណ៍​មួយ ដែល​ស្រដៀង​ទៅ​នឹង​អ្វី​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​នឹង​បើក​សម្ដែង​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​អ្នកទាំងអស់​ដែល​ស្វែងរក​សាក្សី​មួយ ។

  • តើ​សាក្សី​មួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រៀបបាន​ទៅនឹង​ភស្ដុតាង​រូបីយ​ដោយ​របៀប​ណា ដូចជា​ការឃើញ​ផ្ទាំងចំណារ ឬ​ការមាន​ចំណេះដឹង​ពេញលេញ​អំពី​សេចក្ដី​លម្អិត​ទាំងអស់​នៃ​ការបកប្រែ​ព្រះគម្ពីរ​មរមន ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើររឿង​ខាង​ក្រោម​មកពី​បងប្រុស ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ ៖

មិត្តភក្ដិ​ដ៏​ល្អ និង​វាងវៃ​ម្នាក់​របស់​ខ្ញុំ​បាន​ចាកចេញ​ពី​ព្រះវិហារ​អស់​មួយ​រយៈពេល ។ ថ្មីៗ​នេះ​គាត់​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​ប្រាប់​អំពី​ការត្រឡប់​មក​វិញ​របស់​គាត់ ៖ « ដំបូង ខ្ញុំ​ចង់​ឲ្យ​ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្តុតាង​ដល់​ខ្ញុំ​អំពី​ប្រវត្តិ ភូមិសាស្ត្រ ភាសាវិទ្យា និង​វប្បធម៌ ។ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ការផ្តោត​ចិត្ត​ទុកដាក់​របស់​ខ្ញុំ​ទៅលើ​ការបង្រៀន​នៃ​ព្រះគម្ពីរ​អំពី​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​សង្គ្រោះ​របស់​ទ្រង់ នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​ទទួលទីបន្ទាល់​អំពី​ភាពពោរពេញ​នៃ​សេចក្តីពិត​របស់​គម្ពីរ​នេះ ។ ថ្ងៃ​មួយ​អំឡុងពេល​អាន​ព្រះគម្ពីរ​មរមន​នៅក្នុង​បន្ទប់ ខ្ញុំ​បាន​ឈប់​មួយ​សន្ទុះ លុត​ជង្គង់​ចុះ ហើយ​បាន​អធិស្ឋាន​ដោយ​ស្មោះអស់​ពីដួងចិត្ត ហើយ​បាន​ទទួល​អារម្មណ៍​យ៉ាង​ច្បាស់លាស់​ថា ព្រះវរបិតាសួគ៌​បាន​ខ្សឹប​ប្រាប់​ដល់​វិញ្ញាណ​ខ្ញុំ​ថា សាសនាចក្រ និង​ព្រះគម្ពីរ​មរមន​គឺ​ពិតប្រាកដ​មែន ។ អំឡុងពេល​បី​ឆ្នាំ​កន្លះ​របស់​ខ្ញុំ​ក្នុង​ការ​រៀន​ពី​សាសនាចក្រ​ឡើង​វិញ បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​មក​កាន់​ភាពពោរពេញ​នៃ​សេចក្តីពិត​នៃ​ព្រះគម្ពីរ​នេះ​ទាំងស្រុង និង​ដោយ​ការជឿជាក់ » ។

ប្រសិនបើ​មនុស្ស​ម្នាក់​ឆ្លៀតពេល​អាន​ដោយ​រាបសា និង​ពិចារណា​អំពី​ព្រះគម្ពីរ​មរមន ដូច​ជា​មិត្ត​ខ្ញុំ​បាន​ធ្វើ ហើយ​ស្តាប់​តាម​ផលផ្លែ​ដ៏​ផ្អែមល្ហែមនៃ​ព្រះវិញ្ញាណ នោះ​ទីបំផុត​គាត់​នឹង​ទទួល​បាន​នូវ​សាក្សីដែល​គាត់​ប៉ង​ប្រាថ្នា ។

ព្រះគម្ពីរ​មរមន​គឺ​ជា​អំណោយ​មួយ​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន​មកពី​ព្រះ​សម្រាប់​ពួកយើង ។ ( ថាត អរ ខាលីស្ទើរ « God’s Compelling Witness: The Book of Mormon » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១០៩ )

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ? ( សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សៀវភៅ​សិក្សា​ការរៀបចំ​របស់​ពួកគេ​នៅ​ចុង​បញ្ចប់​នៃ​ផ្នែក​ទី ២ ) ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ខណៈ​យើង​មិន​បាន​ឃើញ​ផ្ទាំង​ចំណារ​មាស ហើយ​ក៏​មិន​មាន​វត្តមាន​នៅពេល​ព្រះគម្ពីរ​មរមន​បាន​បកប្រែ ក៏​យើង​អាច​អាន និង​សិក្សា​គម្ពីរ​នេះ ហើយ​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​មួយ​សម្រាប់​ខ្លួន​យើង​ថា វា​ពិតជា​ព្រះបន្ទូល​របស់​ព្រះ​មែន ។

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​មូលហេតុ​ដែល​មតិ​រិះគន់​ដល់​សាសនាចក្រ​របស់​ព្រះអម្ចាស់​វាយ​លុក​សំដៅ​លើ​ព្រះគម្ពីរ​មរមន​យ៉ាង​ខ្លាំង ។ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​សិក្សា​សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន​លើក​ក្រោយ ហើយ​រកមើល​របៀប​ដែល​ពួកគេ​អាច​បង្កើន​សមត្ថភាព​របស់​គេ​ដើម្បី​ការពារ​ព្រះគម្ពីរ​មរមន ។