« ឯកសារគ្រូបង្រៀន មេរៀនទី ១៧ ៖ បន្តស្មោះត្រង់នៅក្នុងការណ៏ផ្ទុយ និងទុក្ខវេទនា » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសារគ្រូបង្រៀន មេរៀនទី ១៧ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសារគ្រូបង្រៀន មេរៀនទី ១៧
បន្តស្មោះត្រង់នៅក្នុងការណ៏ផ្ទុយ និងទុក្ខវេទនា
អំឡុងរយៈពេលចន្លោះឆ្នាំ ១៨៣៧ ដល់ ១៨៣៩ ពួកបរិសុទ្ធបានជួបនឹងវិញ្ញាណគំរាមកំហែងមួយនៃការក្បត់សាសនានៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ និងការបៀតបៀនដ៏ព្រៃផ្សៃនៅឯរដ្ឋមិសសួរី ។ មេរៀននេះនឹងជួយសិស្សឲ្យសម្រេចពីរបៀបដែលពួកគេអាចងាកទៅរកព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទក្នុងពេលលំបាក និងការផ្ទុយ ហើយទុកចិត្តលើទ្រង់ និងពឹងពាក់លើទ្រង់កាន់តែពេញលេញ ។
យោបល់សម្រាប់ការបង្រៀន
សមាជិកមួយចំនួននៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ បានចាកចេញពីសាសនាចក្រ ខណៈអ្នកដទៃនៅបន្ដស្មោះត្រង់ ។
សូមចាប់ផ្ដើមបង្រៀនដោយការសូមសិស្សឲ្យពិពណ៌នាពីរបៀបដែលមនុស្សដែលពួកគេស្គាល់ឆ្លើយតបនឹងឧបសគ្គពិបាកៗនៅក្នុងជីវិតរបស់ពួកគេ ។ បងប្អូនក៏អាចសួរផងដែរថា តើពួកគេរៀនបានអ្វីខ្លះមកពីគំរូបែបនោះ ។
សូមឲ្យសិស្សសញ្ជឹងគិតពីឧបសគ្គដែលពួកគេ ឬមនុស្សជាទីស្រឡាញ់របស់ពួកគេកំពុងជួបនាពេលនេះ ហើយពិចារណាពីអ្វីដែលព្រះអម្ចាស់អាចបង្រៀនពួកគេនៅថ្ងៃនេះអំពីរបៀបឆ្លើយតបទៅនឹងឧបសគ្គបែបនោះ ។
-
តើមានឧបសគ្គ និងការពិបាកមួយចំនួនណាខ្លះ ដែលពួកបរិសុទ្ធសម័យដើមបានជួបនៅរដ្ឋអូហៃអូ ? ( បងប្អូនអាចសូមឲ្យសិស្សបើកទៅឯកសាររៀបចំរបស់ពួកគេ ដើម្បីជួយពួកគេឲ្យចងចាំ ) ។ តើយើងអាចរៀនអ្វីខ្លះមកពីអស់អ្នកដែលបានរងទុក្ខដោយឧបសគ្គនៅរដ្ឋអូហៃអូ ?
សូមរំឭកសិស្សថា នៅរដូវក្ដៅក្នុងឆ្នាំ ១៨៣៧ ថូម៉ាស ប៊ី ម៉ាស ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានធ្វើដំណើរពីរដ្ឋមិសសួរី ទៅកាន់ទីក្រុងខឺតឡង់ដើម្បីជួបនឹងសមាជិកក្នុងកូរ៉ុមនោះ និងជួបជាមួយព្យាការី យ៉ូសែប ស៊្មីធ ។
-
តើមានឧបសគ្គ និងកង្វល់មួយចំនួនណាខ្លះ ដែលថូម៉ាស ប៊ី ម៉ាសបានប្រឈមពីមុនលោកបានមកដល់ទីក្រុងខឺតឡង់ ?
សូមពន្យល់ថា ក្រោយពីថូម៉ាស ប៊ី ម៉ាស និងយ៉ូសែប ស៊្មីធបានជួបគ្នា ហើយបានដោះស្រាយការខ្វែងយោបល់គ្នាទាំងប៉ុន្មានហើយ នោះព្យាការីបានទទួលវិវរណៈមួយមកពីព្រះអម្ចាស់ដែលមានបន្ទូលទៅកាន់ថូម៉ាស ។ សូមអញ្ជើញសិស្សឲ្យអាន ឬរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១០–១៥ ដោយស្ងៀមស្ងាត់ ហើយរកមើលការប្រឹក្សា និងគោលការណ៍នានាដែលព្រះអម្ចាស់បានបង្រៀន ថូម៉ាស ប៊ី ម៉ាស និងសមាជិកផ្សេទៀតក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ។ សូមឲ្យសិស្សចែកចាយ និងពិភាក្សាពីអ្វីដែលពួកគេបានរកឃើញ ។
បើចាំបាច់ សូមជួយសិស្សឲ្យស្គាល់ និងពិភាក្សាពីគោលការណ៍មួយមកពី ខទី ១៣ ដោយការសួរសំណួរខាងក្រោមនេះខ្លះ ៖
-
តើព្រះអម្ចាស់បានសន្យាថាទ្រង់នឹងធ្វើអ្វីខ្លះ សម្រាប់បងប្អូនទាំងឡាយក្នុងពួកដប់ពីរនាក់ ដែលបានជ្រើសរើសមិនធ្វើចិត្តរឹងរូស ពេលសេចក្ដីជំនឿរបស់ពួកគេត្រូវបានសាកល្បងនោះ ? ( បន្ទាប់ពីសិស្សបានឆ្លើយតបហើយ សូមបង្ហាញគោលការណ៍ដូចតទៅនេះ ឬសរសេរវានៅលើក្ដារខៀន ៖ ប្រសិនបើយើងមិនធ្វើចិត្តយើងឲ្យរឹងរូស នៅពេលសេចក្ដីជំនឿរបស់យើងត្រូវបានសាកល្បងទេនោះ ព្រះអម្ចាស់នឹងគង់នៅជាមួយយើង ហើយជួយពង្រឹងការប្រែចិត្តជឿរបស់យើង ) ។
-
តើមនុស្សមួយចំនួនអាចធ្វើចិត្តរឹងរូសដោយរបៀបណា នៅពេលសេចក្ដីជំនឿរបស់ពួកគេត្រូវបានសាកល្បង ? តើមានគ្រោះថ្នាក់អ្វីខ្លះក្នុងការធ្វើដូច្នោះ ?
-
តើបងប្អូនបានឃើញនរណាម្នាក់ឆ្លើយតបនឹងការសាកល្បងសេចក្ដីជំនឿដោយមានដួងចិត្តទន់ទាន និងគំនិតទូលំទូលាយនៅពេលណា ? តើបងប្អូនបានកត់ចំណាំថាមានអ្វីកើតឡើងចំពោះបុគ្គលនេះ កាលគាត់បានឆ្លើយតបតាមរបៀបនេះ ?
ព្យាការី យ៉ូសែប ស៊្មីធបានមានពរជ័យដោយសារសេចក្ដីស្មោះត្រង់របស់លោកអំឡុងពេលសាកល្បងនៅក្នុងគុកលិបើធី ។
សូមដាក់បង្ហាញសំណួរខាងក្រោម ៖ ហេតុអ្វីព្រះអនុញ្ញាតឲ្យមានរឿងអាក្រក់ៗកើតឡើងដល់មនុស្សល្អ ?
សូមសួរដល់សិស្សថា តើពួកគេធ្លាប់ឆ្ងល់ ឬ ធ្លាប់សួរសំណួរនេះដែរឬទេ ។ សូមពន្យល់ថា យ៉ូសែប ស៊្មីធបានសួរសំណួរស្រដៀងគ្នានេះ ក្រោយពីត្រូវបានគេចាប់ដាក់គុកដោយអយុត្តិធម៌នៅក្នុងក្រុងលិបើធី រដ្ឋមិសសួរី ។ កាលសិស្សពិភាក្សាពីបទពិសោធន៍របស់យ៉ូសែប សូមឲ្យពួកគេពិចារណាពីរបៀបដែលពួកគេនឹងឆ្លើយសំណួរនេះ ប្រសិនបើមានមិត្តម្នាក់សួរគេនូវសណួរនេះ ។
សូមបង្ហាញរូបភាពគុកលិបើធីដូចខាងក្រោមនេះ ៖
សូមឲ្យសិស្សនឹកចាំដល់ព្រឹត្តិការណ៍ ដែលបានដឹកនាំទៅដល់ការដាក់គុកយ៉ូសែប ស៊្មីធនៅក្នុងគុកលិបើធី ។ ( ប្រសិនបើចាំបាច់ សូមដឹកនាំសិស្សឲ្យរំឭកផ្នែកទី ៣ នៃឯកសាររៀបចំ ) ។
-
តើវាមានស្ថានភាពដូចម្ដេចសម្រាប់យ៉ូសែប ស៊្មីធ និងមនុស្សដទៃទៀតនៅក្នុងគុកលិបើធី ?
សូមរំឭកសិស្សថា ព្យាការី យ៉ូសែប ស៊្មីធបានចំណាយពេលជាងបួនខែនៅក្នុងគុកលិបើធី អំឡុងរដូវរងារដ៏ត្រជាក់ខ្លាំង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១–៣ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលសំណួរដែលព្យាការីបានសួរនៅក្នុងសំបុត្រប្រកបដោយការអធិស្ឋាននេះ ។
-
តើសំណួរទាំងនេះបង្ហាញឲ្យឃើញអ្វីខ្លះ អំពីអារម្មណ៍ដែលយ៉ូសែប ស៊្មីធអាចមាននៅពេលនោះ ?
-
តើរយៈពេលនេះអាចជាការសាកល្បងមួយដល់សេចក្ដីជំនឿរបស់យ៉ូសែបដោយរបៀបណា ?
សូមរំឭកសិស្សថា ខណៈនៅក្នុងគុក យ៉ូសែប ស៊្មីធបានផ្ញើសំបុត្រពីរច្បាប់ទៅកាន់សាសនាចក្រ ។ សូមបែងចែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ សូមឲ្យពួកគេរំឭក ឬអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧–១០; ១២២:៧–៩ រួចហើយចែកចាយឃ្លា និងគោលការណ៍ដែលពួកគេចាប់អារម្មណ៍ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយឃ្លា ឬគោលការណ៍មួយ ដែលពួកគេបានពិភាក្សាជាមួយក្រុមរបស់ពួកគេ ។ សូមពិចារណាដាក់បង្ហាញគោលការណ៍ ឬឃ្លាទាំងនេះ ឬសរសេរវានៅលើក្ដារខៀន ។ គោលការណ៍មួយចំនួនដែលសិស្សរកឃើញអាចបង្ហាញ ឬសង្ខេបដូចតទៅនេះ ៖ នៅពេលយើងងាកទៅរកព្រះអម្ចាស់ ហើយពឹងពាក់លើទ្រង់អំឡុងពេលសាកល្បងរបស់យើង នោះទ្រង់នឹងប្រទានពរដល់យើងឲ្យទទួលបានវិវរណៈ ការលួងលោម និងការលើកទឹកចិត្ត ។ ប្រសិនបើយើងបន្ដនៅស្មោះត្រង់ នោះទុក្ខវេទនា និងការសាកល្បងអាចផ្ដល់ជាបទពិសោធន៍ឲ្យយើង និងទុកជាការល្អដល់យើងវិញ ។
-
តើគោលការណ៍ និងឃ្លាទាំងឡាយដែលបងប្អូនបានរកឃើញនេះ អាចជួយនរណាម្នាក់ដែលកំពុងជួបនឹងឧបសគ្គ ឬការសាកល្បងសេចក្ដីជំនឿមួយដោយរបៀបណា ?
ជាផ្នែកនៃការពិភាក្សារបស់បងប្អូន បងប្អូនអាចបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ។
បងប្អូនអាចមានបទពិសោធន៍ដឹកនាំដ៏ពិសិដ្ឋ ដ៏មានវិវរណៈយ៉ាងជ្រាលជ្រៅជាមួយនឹងព្រះអម្ចាស់ នៅក្នុងបទពិសោធន៍ដ៏ឈឺចាប់ក្នុងជីវិតបងប្អូន—នៅក្នុងដំណើរដ៏អាក្រក់បំផុត ខណៈស៊ូទ្រាំនឹងភាពអយុត្តិធម៌ដ៏ខ្លោចផ្សា នៅពេលប្រឈមមុខនឹងរឿងរ៉ាវដែលពុំអាចឈ្នះបាន និងការសង្កត់សង្កិនដែលបងប្អូនធ្លាប់បានជួបប្រទះពីមុន ។ …
…មេរៀននៅរដូវរងារក្នុងឆ្នាំ ១៨៣៨–៣៩ បង្រៀនយើងថា គ្រប់បទពិសោធន៍ទាំងអស់អាចក្លាយជាបទពិសោធន៍ដ៏ប្រោសលោះមួយ ប្រសិនបើយើងបន្ដនៅជាប់នឹងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌រហូតដល់ការលំបាកនោះបានបញ្ចប់ ។ មេរៀនដ៏ពិបាកទាំងនេះបង្រៀនយើងថា ចំណុចពិបាកខ្លាំងរបស់មនុស្សគឺជាឱកាសរបស់ព្រះ ហើយប្រសិនបើយើងនឹងបន្ទាបខ្លួន និងស្មោះត្រង់ ប្រសិនបើយើងបន្ដជឿ ហើយមិនដាក់បណ្ដាសាព្រះដោយសារបញ្ហារបស់យើងទេនោះ ទ្រង់អាចបង្វែរការណ៍អយុត្តិធម៌ និងអមនុស្សធម៌ និងច្រវាក់ចាប់ចងនៃជីវិតរបស់យើងទៅជាព្រះវិហារបរិសុទ្ធ—ឬយ៉ាងហោចណាស់ទៅជាស្ថានភាពមួយ ដែលអាចនាំមកនូវការលួងលោម និងវិវរណៈ ដៃគូមកពីព្រះ និងសេចក្ដីសុខសាន្ដ ។ ( ជែហ្វ្រី អ័រ ហូឡិន « Lessons from Liberty Jail » Ensign ខែ កញ្ញា ឆ្នាំ ២០០៩ ទំព័រ ២៨ )
-
តើបងប្អូនគិតថា ការសាកល្បងអាចក្លាយជាបទពិសោធន៍ « ដ៏ប្រោសលោះ » មានន័យយ៉ាងដូចម្តេច ?
-
តើការស៊ូទ្រាំនឹងឧបសគ្គនៃជីវិតដោយស្មោះត្រង់ អាចជួយយើងឲ្យកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើបងប្អូនបានងាកទៅរក និងពឹងពាក់លើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើងអំឡុងពេលមានឧបសគ្គដែលបានសាកល្បងសេចក្ដីជំនឿរបស់បងប្អូនតាមរបៀបណាខ្លះ ? តើបងប្អូនបានរៀនអ្វីខ្លះមកពីការធ្វើដូច្នោះ ?
សូមឲ្យសិស្សចែកចាយជាមួយមិត្តរួមថ្នាក់ម្នាក់អំពីរបៀបដែលពួកគេនឹងឆ្លើយនឹងសំណួរ ដែលបងប្អូនបានបង្ហាញពីមុននេះអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យរឿងអាក្រក់ៗកើតឡើងដល់បុត្រាបុត្រីរបស់ទ្រង់ ។
រួចហើយសូមអញ្ជើញសិស្សឲ្យពិចារណាបង្ហាញពាក្យ និងឃ្លានានាដែលពួកគេបានជ្រើសរើសពីវគ្គបទគម្ពីរ ដែលបានពិភាក្សាពីមុនមកនៅកន្លែងដែលពួកគេអាចឃើញវាញឹកញាប់ ឬទន្ទេញវាឲ្យចាំ ឬចែកចាយវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ សូមថ្លែងទីបន្ទាល់ថា ពេលយើងងាកទៅរកព្រះអង្គសង្គ្រោះនៅក្នុងឧបសគ្គរបស់យើង នោះទ្រង់នឹងប្រទានដល់យើងនូវសេចក្ដីសុខសាន្ដ លួងលោមយើង ហើយពង្រឹងការប្រែចិត្តជឿរបស់យើង ។
សម្រាប់ពេលក្រោយ
នៅពេលបងប្អូនបញ្ចប់មេរៀននេះ សូមពិចារណាពន្យល់ថា អង្គការស្ដ្រីដ៏ធំបំផុតមួយនៅក្នុងពិភពលោកនាសព្វថ្ងៃនេះ គឺសមាគមសង្គ្រោះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៤២ ដោយព្យាការី យ៉ូសែប ស៊្មីធ ។ សូមឲ្យសិស្សដឹងថា នៅពេលពួកគេរៀបចំខ្លួនសម្រាប់មេរៀនក្រោយ ពួកគេនឹងមានឱកាសរៀនបន្ថែមទៀតអំពីរបៀប និងមូលហេតុដែលអង្គការទូទាំងពិភពលោកនេះត្រូវបានបង្កើតឡើង ។ សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ។