« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២០ ៖ ពិធីបរិសុទ្ធ និងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២០ » ឯកសារគ្រូបង្រៀន មូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២០
ពិធីបរិសុទ្ធ និងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនថា « យើងគឺជាប្រជាជនដែលសាងសង់ ហើយចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធ » ( « Do Not Fear » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥ ) ។ ពេលបងប្អូនសិក្សាឯកសារនេះ សូមពិចារណាពីហេតុផលដែលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធគឺជាផ្នែកដ៏សំខាន់មួយនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ។ សូមកំណត់ពីអ្វីដែលបងប្អូនអាចធ្វើដើម្បីធ្វើឲ្យការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់បងប្អូនផ្ទាល់ ។
ផ្នែកទី ១
តើការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធអាចផ្ដល់ពរជ័យដល់ជីវិតខ្ញុំយ៉ាងដូចម្ដេច ?
នៅឆ្នាំ ២០១៩ គណៈប្រធានទីមួយបានចែកចាយថា
នៅពេលណាដែលព្រះអម្ចាស់បានដាក់ប្រជាជនមួយក្រុមនៅលើផែនដីដែលនឹងគោរពប្រតិបត្តិតាមបន្ទូលរបស់ទ្រង់ នោះពួកគេត្រូវបានបង្គាប់ឲ្យសង់ព្រះវិហារបរិសុទ្ធ ។ បទគម្ពីរកត់ត្រាពីគំរូនៃការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធតាំងពីជំនាន់របស់អ័ដាម និងអេវ៉ា ម៉ូសេ សាឡូម៉ូន នីហ្វៃ និងមនុស្សផ្សេងទៀត ។
ដោយមានការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ នោះការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធក៏ត្រូវបានស្ដារឡើងវិញដើម្បីផ្ដល់ពរជ័យដល់ជីវិតមនុស្សជុំវិញពិភពលោក និងនៅផ្នែកម្ខាងទៀតនៃវាំងននផងដែរ ។ … ព្រះវិហារបរិសុទ្ធមួយដែលបានឧទ្ទិសឆ្លងគឺជាកន្លែងថ្វាយបង្គំដ៏បរិសុទ្ធបំផុតនៅលើផែនដីនេះ ។( « First Presidency Statement on Temples » ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៩ នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org )
ព្រះវិហារបរិសុទ្ធទីមួយដែលត្រូវបានសាងសង់នៅគ្រាកាន់កាប់ត្រួតត្រារបស់យើងគឺព្រះវិហារបរិសុទ្ធខឺតឡង់នៅឆ្នាំ ១៨៣៦ ។ ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនោះបានចាប់ផ្ដើមនូវគ្រាដ៏អស្ចារ្យមួយនៃការបើកសម្ដែងខាងវិញ្ញាណ ។ ពួកស្មោះត្រង់បានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយខ្លះបាននិយាយជាភាសាដទៃ បានឃើញការនិមិត្ត ឬបានឃើញពួកទេវតា ។ ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៃគ្រានេះគឺការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរីនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ មិនយូរប៉ុន្មានបន្ទាប់ពីព្រះវិហារបរិសុទ្ធនោះត្រូវបានឧទ្ទិសឆ្លង ។ នៅគ្រានោះព្រះអង្គសង្គ្រោះបានមានបន្ទូលថា « យើងបានទទួលដំណាក់នេះហើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៧ ) ។
នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ យ៉ូសែប ស៊្មីធ បានធ្វើការអធិស្ឋានឧទ្ទិសឆ្លងមួយ( ពាក្យពេចន៍ដែលលោកបានទទួលដោយវិវរណៈមកពីព្រះអម្ចាស់ ) សម្រាប់ព្រះវិហារបរិសុទ្ធខឺតឡង់ ។ ការអធិស្ឋានឧទ្ទិសឆ្លងត្រូវបានកត់ត្រាជា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩ ។ នៅក្នុងការអធិស្ឋាននេះ យ៉ូសែបបានទូលសូមព្រះអម្ចាស់ឲ្យប្រទានពរជ័យជាក់លាក់ដល់អ្នកដែលថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ ។
ស៊ិស្ទើរ ជីន អេ ស្ទីវិន អតីតទីប្រឹក្សាទីមួយក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ បានថ្លែងពីពរជ័យដែលយើងទទួលបាននៅក្នុងព្រះវិហារបរិសុទ្ធ ៖
ប្រសិនបើយើងចង់ទទួលបានរាល់ពរជ័យដែលព្រះប្រទានដោយសប្បុរសបំផុត នោះផ្លូវនៅលើផែនដីរបស់យើងត្រូវដឹកនាំទៅរកព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធគឺជាការបង្ហាញមួយនៃសេចក្ដីស្រឡាញ់របស់ព្រះ ។ ទ្រង់អញ្ជើញយើងគ្រប់គ្នាឲ្យមករៀនអំពីទ្រង់ ទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយទទួលបានពិធីបរិសុទ្ធនៃបព្វជិតភាពដែលចាំបាច់សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងទ្រង់ ។ សេចក្ដីសញ្ញានីមួយៗត្រូវបានធ្វើឡើងម្ដងមួយៗ ។ រាល់ការផ្លាស់ប្ដូរដួងចិត្តដ៏ធំមានសារៈសំខាន់ណាស់ចំពោះព្រះអម្ចាស់ ។ ហើយការផ្លាស់ប្ដូររបស់យើងអ្នកនឹងធ្វើឲ្យមានភាពខុសប្លែកទាំងស្រុងចំពោះអ្នក ។ ត្បិតនៅពេលអ្នកទៅដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ យើងអាចត្រូវបាន « ប្រដាប់ដោយព្រះចេស្ដារបស់ទ្រង់… ព្រះនាមរបស់ទ្រង់…នៅក្នុង [ ពួកយើង ]… សិរីល្អរបស់ទ្រង់នៅជុំវិញ [ ពួកយើង ] ហើយពួកទេវតារបស់ទ្រង់ថែរក្សា [ ពួកយើង ] » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:២២ ] ។
…គឺតាមរយៈព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ទើបគ្រប់សេចក្ដីសង្ឃឹម គ្រប់សេចក្ដីសន្យា និងគ្រប់ពរជ័យនៃព្រះវិហារបរិសុទ្ធត្រូវបានបំពេញ ។ ( ជិន អេ ស្ទីវិន « Covenant Daughters of God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១១៧ )
ផ្នែកទី ២
ហេតុអ្វីព្រះអម្ចាស់បង្គាប់រាស្ត្ររបស់ទ្រង់ឲ្យសង់ព្រះវិហារបរិសុទ្ធ ?
សូម្បីតែពីមុនព្រះអម្ចាស់បានបង្គាប់ដល់ពួកបរិសុទ្ធឲ្យសង់ព្រះវិហារបរិសុទ្ធមួយនៅទីក្រុងខឺតឡង់ក្ដី និងពួកបរិសុទ្ធនៅមិសសួរីបានឧទ្ទិសទីតាំងមួយដើម្បីសង់ព្រះវិហារបរិសុទ្ធមួយនៅទីក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ។ ក្រោយមកទៀត ពួកគេបានបញ្ចុះខណ្ឌសីមាសម្រាប់ព្រះវិហារបរិសុទ្ធមួយនៅទីក្រុងហ្វាវែស្ទ រដ្ឋមិសសួរី ។ ព្រះវិហារបរិសុទ្ធទាំងពីរនេះពុំបានសង់ចប់សព្វគ្រប់ទេ ដោយសារតែពួកបរិសុទ្ធត្រូវបានគេបណ្ដេញចេញពីផ្ទះសម្បែងរបស់ពួកគេ ។ នៅក្នុងសន្និសីទខែ តុលា ឆ្នាំ ១៨៤០ ពួកបរិសុទ្ធបានទទួលយកការអំពាវនាវរបស់ព្យាការីដើម្បីសង់ព្រះវិហារបរិសុទ្ធមួយនៅទីក្រុងណៅវូ ។ ជាថ្មីម្ដងទៀត ដោយមានស្មារតីនៃការលះបង់ ពួកបរិសុទ្ធបានចាប់ផ្ដើមបរិច្ចាគកម្លាំងពលកម្ម ប្រាក់ និងធនធានផ្សេងៗទៀតដើម្បីជួយដល់ការសាងសង់ ។ នៅខែ មករា ឆ្នាំ ១៨៤១ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយដែលផ្ដល់ហេតុផលបន្ថែមទៀតដែលព្រះអម្ចាស់បានតម្រូវឲ្យសង់ព្រះវិហារបរិសុទ្ធនេះឡើង ។ ការប្រឹក្សានេះត្រូវកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤ ។ ពេលបងប្អូនសិក្សាខគម្ពីរដូចតទៅនេះ សូមពិចារណាពីហេតុផលមួយចំនួនដែលព្រះអម្ចាស់បង្គាប់យើងឲ្យសង់ព្រះវិហារបរិសុទ្ធនៅថ្ងៃចុងក្រោយ ។
នៅក្នុងព្រះវិហារបរិសុទ្ធ ពួកបរិសុទ្ធបានទទួលពិធីបរិសុទ្ធសំខាន់ៗដែលព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការី រួមមានទាំងពិធីអំណោយទានពិសិដ្ឋផងដែរ ។
នៅក្នុងចំណោមពិធីបរិសុទ្ធទាំងនេះក្នុង [ ព្រះវិហារបរិសុទ្ធ ] មានពិធីមួយដែលឈ្មោះថា អំណោយទានពិសិដ្ឋ ដែលបានពង្រីកទៅលើពិធីលាងជម្រះ និងពិធីចាក់ប្រេងតាំងដែលយ៉ូសែបបានណែនាំនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់នៅឆ្នាំ ១៨៣៦ ។ ដោយសារការភ័យខ្លាចថា លោកនឹងត្រូវគេផ្ដាច់ជីវិតពីមុនព្រះវិហារបរិសុទ្ធនោះត្រូវបានសង់ចង់សព្វគ្រប់ នោះយ៉ូសែប ស៊្មីធបានហៅពួកបរុសជាច្រើននាក់នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ១៨៤២ ឲ្យរៀបចំបន្ទប់ខាងលើនៃហាងឥដ្ឋពណ៌ក្រហមរបស់លោកដើម្បីជាតំណាងឲ្យ « ផ្នែកខាងក្នុងនៃព្រះវិហារបរិសុទ្ធតាមដែលអាចធ្វើទៅបាន » ។ លុះស្អែកឡើង យ៉ូសែប បានធ្វើពិធីអំណោយទានពិសិដ្ឋជាលើកដំបូងដល់បុរសមួយក្រុមដែលមានគ្នាប្រាំបួននាក់ ។( « Temple Endowment » Church History Topics លើគេហទំព័រ ChurchofJesusChrist.org/study/church-history )
ពិធីអំណោយទានពិសិដ្ឋនេះ « បានបង្រៀនពីសេចក្ដីពិតដែលតម្កើងឡើង ។ វាបានលើកឡើងពីដំណើររឿងក្នុងបទគម្ពីរអំពីការបង្កបង្កើត និងសួនច្បារអេដែន … ដើម្បីណែនាំដល់បុរសទាំងនោះមួយជំហានម្ដងៗនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។ ដូចជាអ័ប្រាហាំ និងពួកព្យាការីបុរាណផ្សេងទៀតដែរ ពួកគេបានទទួលចំណេះដឹងដែលនឹងជួយពួកគេឲ្យត្រឡប់ទៅវត្តមានរបស់ព្រះវិញ ។ នៅក្នុងពិធីនោះដែរ បុរសទាំងនោះបានចុះសេចក្ដីសញ្ញាដើម្បីរស់នៅក្នុងជីវិតសុចរិត ហើយបរិសុទ្ធ ហើយថ្វាយខ្លួនបម្រើព្រះអម្ចាស់ » ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ៤៥៣ ) ។
នៅ [ ឬពីមុន ] ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ១៨៤៣ អិមម៉ា ស្ម៊ីធបានក្លាយជាស្ត្រីដំបូងដើម្បីទទួលអំណោយទានពិសិដ្ឋនោះ ។ ការសន្យារបស់យ៉ូសែបថា សមាជិកក្នុងសមាគមសង្គ្រោះនឹងឃើញពី « ពរជ័យនៃអំណោយទានពិសិដ្ឋនឹងបន្ត » ត្រូវបានបញ្ជាក់ ពេលអិមម៉ាបានចាប់ផ្ដើមជួយធ្វើពិធីបរិសុទ្ធដល់ស្ត្រីផ្សេងទៀត ។ ( Jill Mulvay Derr and others, eds., The First Fifty Years of Relief Society: Key Documents in Latter-day Saint Women’s History [ ឆ្នាំ ២០១៦ ] ទំព័រ ១០ )
ទោះជាដំបូងឡើយ យ៉ូសែបបានអញ្ជើញតែមនុស្សប៉ុន្មាននាក់ដើម្បីចូលរួមក្នុងពិធីអំណោយទានពិសិដ្ឋនោះក្ដី ក៏លោកមានចេតនាយ៉ាងច្បាស់ឲ្យពិធីក្នុងព្រះវិហារបរិសុទ្ធបានទូលំទូលាយដល់ពួកបរិសុទ្ធថ្ងៃ ចុងក្រោយដែលស័ក្ដិសមដែរ ។ … វិល្លដ រីឆាដ បានពន្យល់ថា « គ្មានអ្វីមួយដែលប្រាប់ឲ្យយើងបានដឹងនោះទេ ប៉ុន្តែអ្វីដែលនឹងធ្វើឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយបានដឹង រំពេចណាពួកគេបានរៀបចំខ្លួនទទួលហើយ នោះ [ ព្រះវិហារបរិសុទ្ធ ] ត្រូវបានរៀបចំឡើងដើម្បីប្រាស្រ័យទាក់ទងនឹងពួកគេ » ។( « Anointed Quorum (‘Holy Older’) » Church History Topics លើគេហទំព័រ ChurchofJesusChrist.org/study/church-history )
ផ្នែកទី ៣
តើខ្ញុំ និងមនុស្សដែលខ្ញុំស្រឡាញ់អាចមានពរតាមរយៈអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធតាមរបៀបណា ?
នៅក្នុងសន្និសីទទូទៅខែ មេសា ឆ្នាំ ២០១៩ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានអញ្ជើញសមាជិកសាសនាចក្រគ្រប់រូបឲ្យរៀនស្គាល់ពីធនធានដែលមាននៅលើគេហទំព័រ temples.ChurchofJesusChrist.org ( សូមមើល « Prepared to Obtain Every Needful Thing » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០៣–៤ ) ។ នៅក្នុងគេហទំព័រនេះ យើងរៀនពីចំណុចដូចតទៅនេះអំពីអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ៖
ពាក្យអំណោយទានពិសិដ្ឋមានន័យថា « អំណោយមួយ » ។ នៅក្នុងបរិបទនេះ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធគឺពិតជាអំណោយទានមួយមកពីព្រះ ដែលទ្រង់ប្រទានពរជ័យពិសិដ្ឋមកលើបងប្អូន [ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ] ។ អំណោយទានពិសិដ្ឋអាចទទួលបានតែតាមរបៀបរបស់ទ្រង់ និងនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ប៉ុណ្ណោះ ។ អំណោយទានមួយចំនួនដែលបងប្អូនទទួលតាមរយៈអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធរួមមាន ៖
ចំណេះដឹងដ៏ធំអស្ចារ្យអំពីព្រះរាជបំណង និងការបង្រៀនរបស់ព្រះអម្ចាស់ ។
អំណាចដើម្បីធ្វើរឿងគ្រប់យ៉ាងដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើ ។
ការដឹកនាំ និងការការពាររបស់ព្រះ ពេលយើងបម្រើព្រះអម្ចាស់ ក្រុមគ្រួសារយើង និងមនុស្សដទៃ ។
សេចក្ដីសង្ឃឹម ការលួងលោមចិត្ត និងសេចក្ដីសុខសាន្តកើនឡើង ។
ពរជ័យដែលបានសន្យានៅពេលនេះ និងជានិរន្តរ ។ …
រួមជាមួយនឹងពិធីបរិសុទ្ធទាំងនេះ បងប្អូននឹងត្រូវបានអញ្ជើញឲ្យធ្វើសេចក្ដីសញ្ញាជាក់លាក់ជាមួយនឹងព្រះ ។ សេចក្ដីសញ្ញាទាំងនេះរួមមាន ៖
ក្រឹត្យវិន័យនៃការគោរពប្រតិបត្តិ
ក្រឹត្យវិន័យនៃយញ្ញបូជា
ក្រឹត្យវិន័យនៃដំណឹងល្អ
ក្រឹត្យវិន័យនៃព្រហ្មចារីភាព
ក្រឹត្យវិន័យនៃការថ្វាយ
ជាការតបមកវិញ ព្រះសន្យានូវពរជ័យអស្ចារ្យនៅក្នុងជីវិតនេះ និងឱកាសដើម្បីត្រឡប់ទៅរស់នៅជាមួយនឹងទ្រង់ជារៀងរហូត ។ ( « About the Temple Endowment » លើគេហទព័រ temples.ChurchofJesusChrist.org )
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីសារៈសំខាន់នៃអំណោយទានពិសិដ្ឋនេះថា
អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធត្រូវបានប្រទានឲ្យតាមវិវរណៈ ។ ដូច្នេះ វាគួរតែត្រូវបានយល់ដឹងដោយវិវរណៈ ស្វែងយល់យ៉ាងម៉ឺងម៉ាត់ដោយដួងចិត្តដ៏បរិសុទ្ធ ។ ប្រធាន ព្រិកហាំ យ៉ង់ បានពន្យល់ថា « ដើម្បីទទួលបានរាល់ពិធីបរិសុទ្ធទាំងនោះនៅក្នុងដំណាក់របស់ព្រះអម្ចាស់ដែលចាំបាច់ចំពោះអ្នក បន្ទាប់ពីបានចាកចេញពីជីវិតនេះទៅ នោះអំណោយទានពិសិដ្ឋរបស់អ្នកផ្ដល់លទ្ធភាពឲ្យអ្នកអាចដើរត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតា ដោយឆ្លងកាត់ពួកទេវតាដែលឈរជាឆ្មាំចាំយាម … ហើយទទួលបានភាពតម្កើងឡើងដ៏អស់កល្បជានិច្ចរបស់អ្នក » [ Discourses of Brigham Young, sel. John A. Widtsoe ( ឆ្នាំ ១៩៤៥ ) ទំព័រ ៤១៦ ] ។ ( រ័សុល អិម ណិលសុន « Prepare for the Blessings of the Temple » Ensign ខែ តុលា ឆ្នាំ ២០១០ ទំព័រ ៤២ )