« សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៣ ៖ ការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៣ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន មេរៀនទី ៣
ការទទួលបានចំណេះដឹងខាងវិញ្ញាណ
ព្រះអម្ចាស់បានបើកសម្ដែងពីគោលការណ៍នានា ដែលអាចដឹកនាំយើងក្នុងការស្វែងរកសេចក្ដីពិតរបស់យើង ( សូមមើល « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ [ ឆ្នាំ ២០១៨ ] ) ។ មេរៀននេះនឹងបង្កើនសមត្ថភាពរបស់សិស្សក្នុងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងការទទួលបានធនធានដែលទុកចិត្តបាន ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់បានប្រទានគំរូមួយដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមបង្ហាញសំណួរដូចតទៅនេះ ៖ តើវាមិនអីទេឬ ដែលមានសំណួរអំពីសាសនាចក្រ ? ហេតុអ្វីអី ឬមិនអី ? សូមអញ្ជើញសិស្សពីរ ឬបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។
សូមអានក្នុងថ្នាក់រួមគ្នាក្នុង យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៨–១០ ហើយរកមើលពាក្យ ឬឃ្លានានាដែលយ៉ូសែបបានប្រើ ដើម្បីពិពណ៌នាពីសំណួរ និងកង្វល់ខាងសាសនារបស់លោក ។ សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ និងអ្វីដែលពួកគេបានរៀនអំពីការសួរសំណួរ ចេញពីដំណើររឿងរបស់យ៉ូសែប ។
សូមសរសេរសេចក្ដីថ្លែងការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ ខ្ញុំអាចទទួលបានចំណេះដឹងខាងវិញ្ញាណ កាលខ្ញុំ … ។
សូមឲ្យសិស្សរកមើលគោលការណ៍បីចេញពីសៀវភៅសិក្សារៀបចំ ដែលបំពេញសេចក្ដីថ្លែងការណ៍នេះ ។ ( កាលសិស្សឆ្លើយតប សូមធានាថា គោលការណ៍ខាងក្រោមនេះត្រូវបានសិស្សរកឃើញ និងបានដាក់បង្ហាញ ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
សូមឲ្យសិស្សពន្យល់នូវអ្វីដែលពួកគេយល់អំពីគោលការណ៍ទាំងនេះនីមួយៗ ។ ប្រសិនបើចាំបាច់ សូមផ្ដល់ពេលបន្ដិចឲ្យពួកគេរំឭកក្នុងសៀវភៅសិក្សារៀបចំ ។
សូមឲ្យសិស្សអាន យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:១១–១៤ ហើយរកមើលរបៀបដែលសកម្មភាពរបស់យ៉ូសែប ស្ម៉ីធបានបង្ហាញពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទាំងនេះ កាលលោកបានស្វែងរកចម្លើយចំពោះសំណួរ និងកង្វល់របស់លោក ។ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ។
សូមជ្រើសរើស ហើយបង្ហាញសំណួរមួយ ឬច្រើនដែលបងប្អូនបានទទួលពីសិស្ស ដែលពួកគេអាចអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ( សូមមើល សកម្មភាព « កត់ត្រាគំនិតរបស់បងប្អូន » នៅក្នុង ផ្នែកទី ១ នៃសៀវភៅសិក្សាការរៀបចំ ) ។ សូមពន្យល់ថា ខណៈបងប្អូនអាចនឹងប្រើតែសំណួរដែលដាក់មកពីរបីអំឡុងមេរៀននេះ ក៏បងប្អូននឹងរកមើលកន្លែងនៅពេលក្រោយក្នុងកម្មវិធីសិក្សានេះ ដើម្បីឆ្លើយតបនឹងសំណួរផ្សេងទៀត ដែលបងប្អូនបានទទួល ។
កំណត់ចំណាំ ៖ គោលបំណងនៃសកម្មភាពនេះគឺ ដើម្បីអនុញ្ញាតឲ្យសិស្សមានឱកាសមួយជជែកអំពីរបៀបដែលពួកគេនឹងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណចំពោះសំណួរផ្សេងៗ ។ វាមិនត្រូវបានរៀបចំដើម្បីផ្ដល់ចម្លើយចំពោះសំណួរជាក់លាក់ណាមួយឡើយ ។ សូមប្រុងប្រយ័ត្នមិនត្រូវជាប់គាំងនឹងសេចក្ដីលម្អិតនៃសំណួរ ឬបញ្ហាមួយនោះទេ ។
សូមពិភាក្សាពីរបៀបដែលសិស្សនឹងប្រើគោលការណ៍ ដែលបានដាក់បង្ហាញនៅលើក្ដារខៀន ដើម្បីស្វែងរកចម្លើយចំពោះសំណួរដែលបានជ្រើសរើស ឬសំណួរទាំងអស់ ។ សំណួរតាមដានខាងក្រោមនេះអាចជាផ្នែកនៃការពិភាក្សារបស់បងប្អូន ៖
-
តើយើងអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿ កាលយើងស្វែងរកចម្លើយចំពោះសំណួរនេះដោយរបៀបណា ?
-
តើទស្សនវិស័យដ៏អស់កល្បមួយអាចជួយយើងឲ្យឆ្លើយនឹងសំណួរនេះដោយរបៀបណា ? តើយើងដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ដែលអាចជួយយើងឲ្យមើលទៅសំណួរនេះ ចេញពីទស្សនវិស័យដ៏អស់កល្បមួយ ?
-
តើប្រភពដែលបានប្រទានមកពីព្រះណាខ្លះ ដែលអាចជួយយើងឲ្យយល់ពីប្រធានបទនេះកាន់តែច្បាស់ ? តើមានប្រភពដែលអាចទុកចិត្តបានផ្សេងទៀតណាខ្លះដែលអាចជួយ ?( កំណត់ចំណាំ ៖ វាអាចមានប្រយោជន៍ដើម្បីនាំសិស្សទៅកាន់ទំព័រប្រធានបទដំណឹងល្អនៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីបង្ហាញពីប្រភពដែលអាចទុកចិត្តបាន ដែលចង្អុលទៅតំណភ្ជាប់បទគម្ពីរ និងសុន្ទរកថារបស់ព្យាការីផងដែរ ) ។
សូមឲ្យសិស្សម្នាក់ ឬពីរនាក់ឡើងចែកចាយពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទាំងនេះ ផ្ដល់ពរជ័យដល់ពួកគេនៅក្នុងការស្រាវជ្រាវរកចំណេះដឹងខាងវិញ្ញាណរបស់ពួកគេ ។
យើងអាចវាយតម្លៃប្រភពដែលអាចទុកចិត្តបាន ។
សូមបង្ហាញវីដេអូមួយចំណែក « Divinely Appointed Sources » ( កូដពេលវេលា ០:០០ ដល់ ៤:១៩ ) ។
សូមឲ្យសិស្សរកមើលប្រភេទប្រភពព័ត៌មានដែលអាចទុកចិត្តបានបំផុត និងដែលមានសក្ដានុពលដើម្បីធ្វើឲ្យខូចខាតដល់ការយល់ដឹងពីសេចក្ដីពិតរបស់យើង ។
ក្រោយពីបងប្អូនផ្អាកវីដេអូ សូមពិចារណាសួរសំណួរខ្លះៗដូចខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យពិចារណាពីភាពខុសគ្នារវាងប្រភពមកពីព្រះ ប្រភពដែលអាចទុកចិត្តបាន និងប្រភពដែលមិនអាចទុកចិត្តបាន ឬថែមទាំងបំផ្លាញយើងទៀត ៖
-
តើអ្វីជាប្រភពដ៏បរិសុទ្ធបំផុត ដែលយើងអាចស្វែងរកចម្លើយបាន ?
-
តើបងប្អូនបែងចែកថាតើប្រភពព័ត៌មានមួយអាចទុកចិត្តបាន ឬមិនបានដោយរបៀបណា ?
-
តើបងប្អូនធ្វើអ្វីខ្លះ នៅពេលបងប្អូនប្រទះនឹងប្រភពព័ត៌មាន ដែលមានបំណងចង់បំផ្លាញសេចក្ដីជំនឿនោះ ?
ដើម្បីបង្ហាញពីសារសំខាន់នៃការប្រើប្រភពដែលអាចទុកចិត្តបាន នៅពេលសិក្សាប្រវត្តិសាសនាចក្រ សូមឲ្យសិស្សស្រមៃពីស្ថានភាពដូចតទៅនេះ ៖ បងប្អូនកំពុងស្វែងរកព័ត៌មានបន្ថែមទៀតអំពីពួកសាក្សីបីនាក់នៃព្រះគម្ពីរមរមន ។ ក្នុងការស្រាវជ្រាវរនោះ បងប្អូនបានប្រទះនឹងសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះមកពី ស្ទេហ្វិន ប៊ើរណិត ដែលបានរស់នៅក្នុងជំនាន់ដូចគ្នានឹងម៉ាទិន ហារីស ហើយបងប្អូនមិនប្រាកដថា សេចក្ដីថ្លែងការណ៍នេះពិតឬអត់ទេ ៖
ខ្ញុំបានគិតយ៉ាងយូរ និងដោយមានគោលបំណងអំពីប្រវត្តិសាសនាចក្រ ហើយបានថ្លឹងថ្លែងភស្ដុតាងសម្រាប់វា និងប្រឆាំងនឹងវា ។… ប៉ុន្ដែនៅពេលខ្ញុំមកស្ដាប់ម៉ាទិន ហារីសនិយាយក្នុងទីសាធារណៈថា គាត់មិនដែលបានឃើញផ្ទាំងចំណារដោយផ្ទាល់ភ្នែករបស់គាត់ គឺតែក្នុងការនិមិត្ត ឬការស្រមៃ [ ហើយ ] អូលីវើរ និងដាវីឌក៏មិនដែលបានឃើញដែរ …អំណះអំណាងចុងក្រោយនេះហាក់ត្រូវ ។ ( Stephen Burnett, in Richard Lloyd Anderson, Investigating the Book of Mormon Witnesses [ ឆ្នាំ ១៩៨១ ] ទំព័រ ១៥៥ )
-
តើបងប្អូនអាចធ្វើតាមជំហានអ្វីខ្លះ មុនពេលសម្រេចចិត្តថាត្រូវទទួលយកការអះអាងរបស់ស្ទេហ្វិន ប៊ើរណិតអំពីម៉ាទិន ហារីសឬអត់នោះ ?
សូមឲ្យសិស្សលើកឡើងនូវអ្វីដែលពួកគេបានរៀនអំពីការវាយតម្លៃប្រភពមកពីផ្នែកនៃសៀវភៅសិក្សារៀបចំដែលមានចំណងជើងថា « សំណួរដើម្បីវាយតម្លៃប្រភព » ។
ដោយមានសេចក្ដីណែនាំទាំងនេះដើម្បីវាយតម្លៃប្រភពនានាក្នុងចិត្ត សូមចែកសំណៅ « សាវតាប្រវត្តិសាស្ដ្រស្ដីពីសេចក្ដីថ្លែងការណ៍របស់ស្ទេហ្វិន ប៊ើរណិត » ដល់សិស្ស ហើយសូមឲ្យសិស្ស ( ជាថ្នាក់ ឬក្នុងក្រុមតូចៗ ) រកមើលព័ត៌មានដែលនឹងជួយពួកគេឲ្យទទួលបានអំណះអំណាងនៃការចោទប្រកាន់របស់ស្ទេហ្វិន ប៊ើរណិតថា ម៉ាទិន ហារីសមិនបានឃើញផ្ទាំងចំណារមាសនោះទេ ។
ក្រោយពីសិស្សបានមានពេលគ្រប់គ្រាន់ដើម្បីអាន និងពិភាក្សាអំពីសំណៅចែកនេះហើយ សូមសួរសំណួរខាងក្រោម ៖
-
តើមានព័ត៌មានអ្វីខ្លះចេញពីសំណៅចែកនេះមិនទុកចិត្តលើសេចក្ដីថ្លែងការណ៍របស់ស្ទេហិ្វន ប៊ើរណិត ?
-
បន្ថែមលើការសាកល្បងលើភាពជឿបាននៃប្រភពនានា តើបងប្អូនអាចរកឃើញថា ទីបន្ទាល់របស់ពួកសាក្សីបីនាក់ពិតដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនពីបទពិសោធន៍នេះ ។ សូមពិចារណាបញ្ចប់មេរៀននេះដោយការមើលបញ្ចប់វីដេអូ « Divinely Appointed Sources” ( កូដពេលវេលា ៤:២០ ដល់ ៩:១៦ ) ហើយចែកចាយទីបន្ទាល់របស់បងប្អូនអំពីគុណតម្លៃ នៃការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សម្រាប់ពេលក្រោយ
សូមសួរសិស្សថា តើពួកគេធ្លាប់ពិបាកដឹងថាពេលណាព្រះអម្ចាស់មានបន្ទូលមកកាន់ពួកគេ ឬបើពួកគេធ្លាប់ចង់ដឹងពីរបៀបទទួលបានវិវរណៈផ្ទាល់ខ្លួន និងការដឹកនាំក្នុងជីវិតរបស់ពួកគេកាន់តែប្រសើរដែរឬទេ ។ សូមឲ្យពួកគេសិក្សាក្នុងសៀវភៅសិក្សាការរៀបចំសម្រាប់មេរៀនលើកក្រោយស្ដីពីគោលលទ្ធិនៃវិវរណៈដោយប្រុងប្រយ័ត្ន ហើយមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយដល់សិស្សក្នុងថ្នាក់អំពីអ្វីដែលពួកគេបានរកឃើញ ។