« ឯកសារគ្រូបង្រៀន មេរៀនទី ២៨ ៖ ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសារគ្រូបង្រៀន មេរៀនទី ២៨ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសារគ្រូបង្រៀន មេរៀនទី ២៨
ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់
យើងរស់នៅក្នុងគ្រាមួយដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣ ) ។ មេរៀននេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងសេចក្ដីជំនឿរបស់សិស្សថា កិច្ចការរបស់ព្រះអម្ចាស់នឹងឆ្ពោះទៅមុខ ទោះជាមានឧបសគ្គក្ដី ហើយដើម្បីជួយសិស្សឲ្យបង្កើតផែនការមួយដើម្បីជួយព្រះអម្ចាស់យ៉ាងឧស្សាហ៍ព្យាយាម នៅក្នុងការពន្លឿនកិច្ចការរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស៊្មីធ បានបង្រៀនថា កិច្ចការរបស់ព្រះអម្ចាស់នឹងឆ្ពោះទៅមុខទោះបីជាមានឧបសគ្គក្ដី ។
សូមបង្ហាញរូបភាពផ្ទះឈើរបស់ពេត្រុស វិតមើរ ស៊ីញ្ញ័រ ដល់សិស្ស ( សូមមើល ឯកសាររៀបចំ ) ហើយសុំឲ្យពួកគេចែកចាយពីអ្វីដែលពួកគេដឹងអំពីការរីកចម្រើននៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ចាប់តាំងពីការរៀបចំឡើងនៅឆ្នាំ១៨៣០ ។ ( សិស្សគួរមើលផ្នែកទី ១នៃឯកសាររៀបចំ ) ។
-
តើព្យាការីបានមានប្រសាសន៍អ្វីខ្លះអំពីអនាគតនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ? តើអ្នកគិតថា ហេតុអ្វីបានជាសំខាន់ដើម្បីយល់ដឹងពីជោគវាសនានៃសាសនាចក្ររបស់ព្រះអម្ចាស់ ?
សូមពន្យល់ថា នៅខែ មីនា ឆ្នាំ ១៨៤២ យ៉ូសែប ស៊្មីធ បានរៀបរាប់ពីជោគវាសនានៃដំណឹងល្អរបស់ព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ ពេលលោកបានសរសេរលិខិតមួយឆ្លើយតបទៅនឹងការស្នើសុំព័ត៌មានមួយអំពីជំនឿរបស់សាសនាចក្រពីសំណាក់លោក ចន វ៉េនវ័ធ ដែលជានិពន្ធនាយកសារព័ត៌មានមួយនៅទីក្រុងស៊ីកាហ្គូ រដ្ឋអិលលីណយ ។ ក្នុងលិខិតនោះ ព្យាការីបានរៀបរាប់ពី « ការក្រោកឡើង ការរីកចម្រើន ការបៀតបៀន និងសេចក្ដីជំនឿនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( Teachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៣៧ ) ។
សូមបង្ហាញផ្នែកដូចខាងក្រោមនៃលិខិតនោះ ហើយសូមអញ្ជើញសិស្សម្នាក់ឲ្យអានឲឭៗ ៖
បទដ្ឋាននៃសេចក្ដីពិតត្រូវបានបង្កើតឡើង គ្មានដៃមិនបរិសុទ្ធណាមួយអាចបញ្ឈប់កិច្ចការនេះមិនឲ្យរីកចម្រើនបានឡើយ ការបៀតបៀនអាចនឹងកើនឡើង ពួកមនុស្សកំណាចអាចនឹងប្រមូលផ្ដុំគ្នា ពួកសត្រូវអាចនឹងរួមដៃគ្នា ការបង្ខូចកេរ្ដិ៍ឈ្មោះអាចនឹងធ្វើឡើង ប៉ុន្តែសេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខដោយក្លៀវក្លា ថ្លៃថ្នូរ និងឯករាជ្យរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បានឮដល់គ្រប់ត្រចៀក រហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមានឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ ។ ( Teachings: Joseph Smith ទំព័ រ៤៤៤ )
ប្រសិនបើចាំបាច់ សូមពន្យល់ថាពាក្យការបង្ខូចកេរ្តិ៍ឈ្មោះសំដៅទៅលើសេចក្ដីថ្លែងការណ៍ខុសឆ្គងដែលមានចេតនាចង់បំផ្លាញកេរ្ដិ៍ឈ្មោះរបស់មនុស្សម្នាក់ ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះអំពីកិច្ចការរបស់ព្រះមកពីសេចក្ដីថ្លែងការណ៍របស់យ៉ូសែប ស្ម៊ីធ និងអ្វីដែលអ្នកបានសិក្សានៅក្នុងឯកសាររៀបចំ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមដាក់បង្ហាញសេចក្ដីពិតដូចតទៅនេះ ៖ ទោះបីមានឧបសគ្គក្ដី ក៏កិច្ចការរបស់ព្រះនឹងឆ្ពោះទៅមុខរហូតដល់ព្រះរាជបំណងរបស់ទ្រង់ត្រូវបានសម្រេច ) ។
សូមពន្យល់ថា ប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ថា ការព្យាកររបស់យ៉ូសែប ស៊្មីធបន្តបំពេញនៅជំនាន់របស់យើង ។ សូមបង្ហាញសេចក្តីថ្លែងការណ៍ដូចខាងក្រោម ហើយសូមអញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឭៗ ៖
ការបៀតបៀនបានកើនឡើង ។ ការបង្ខូចកេរ្ដិ៍ឈ្មោះ ព្រមទាំងពាក្យកុហក និងការបង្ហាញខុសបានប៉ុនប៉ងធ្វើឡើង ។ ប៉ុន្តែនៅគ្រប់ទសវត្សរ៍ចាប់តាំងពីគ្រានៃការស្ដារឡើងវិញមក សេចក្ដីពិតនៃព្រះបានឆ្ពោះទៅមុខ « ដោយក្លៀវក្លា ថ្លៃថ្នូរ និងឯករាជ្យ » ។ សាសនាចក្រតូចដែលបានចាប់ផ្ដើមឡើងនៅឆ្នាំ ១៨៣០ ដែលមានសមាជិកបន្តិចបន្តួច ឥឡូវនេះមានពួកបរិសុទ្ធថ្ងៃចុងក្រោយ [ រាប់លាន់នាក់ ] នៅក្នុងជាតិសាសន៍ជាច្រើនជុំវិញពិភពលោក ហើយយើងស្ថិតនៅលើផ្លូវរបស់យើងដើម្បីជ្រាបចូលទៅគ្រប់ទ្វីប គ្រប់តំបន់ គ្រប់ប្រទេស ហើយបានស្ដាប់ឮដល់គ្រប់ត្រចៀក ។
នេះគឺជាកិច្ចការរបស់ព្រះ ហើយកិច្ចការរបស់ព្រះនឹងមិនរសាយឡើយ ។ ( អិម រ័សុល បាឡឺដ « The Truth of God Shall Go Forth » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៨៣ )
សូមដាក់សំណួរដូចខាងក្រោមនេះ ហើយទុកពេលឲ្យសិស្សមួយនាទីដើម្បីពិចារណាពីមុនពួកគេឆ្លើយ ៖
-
តើគំរូមួយចំនួនណាខ្លះមកពីប្រវត្តិសាសនាចក្រ ឬជំនាន់បច្ចុប្បន្នរបស់យើងដែលបង្ហាញថា ទោះជាមានការបៀតបៀនក្ដី ក៏កិច្ចការរបស់ព្រះបន្តឆ្ពោះទៅមុខ ?
-
តើការដឹងថា កិច្ចការរបស់ព្រះពុំអាចបញ្ឈប់បាន ជួយរៀបចំអ្នកប្រឈមមុខនឹងឧបសគ្គចំពោះជំនឿរបស់អ្នកយ៉ាងដូចម្ដេច ?
ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។
សូមដាក់បង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពីប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាលលោកបានបម្រើជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ ៖
ពេលខ្លះយើងគិតពីការស្ដារឡើងវិញនៃដំណឹងល្អថាជាអ្វីមួយដែលបានបំពេញរួចហើយ—យ៉ូសែប ស៊្មីធបានបកប្រែព្រះគម្ពីរមរមន លោកបានទទួលកូនសោបព្វជិតភាព សាសនាចក្រត្រូវបានរៀបចំឡើងអស់ហើយ ។ តាមពិត ការស្ដារឡើងវិញគឺជាដំណើរការគ្មានទីបញ្ចប់មួយ ដ្បិតពេលនេះយើងកំពុងរស់នៅក្នុងសម័យនៃការស្ដារឡើងវិញ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Are You Sleeping through the Restoration? » Ensignឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩ )
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ដឹងថា ការស្ដារឡើងវិញកំពុងតែបន្ត ?
សូមពន្យល់ថា នៅចុងខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានបង្គាប់ពួកអែលឌើរនៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ឲ្យរៀបចំខ្លួន « ចេញទៅក្នុងចំណោមពួកសាសន៍ដទៃនៅពេលចុងក្រោយបង្អស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨៤ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៣–៧៤, ៨០–៨១ ជាមួយនឹងសិស្ស ហើយអញ្ជើញពួកគេឲ្យពិចារណាគូសចំណាំការសន្យារបស់ព្រះអម្ចាស់ និងបទបញ្ញត្តិដែលទាក់ទង ។
ដើម្បីជួយសិស្សឲ្យយល់ពីការសន្យានេះ សូមអញ្ជើញពួកគេអាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន រ័សុល អិម ណិលសុន ដែលមាននៅក្នុងសេចក្ដីផ្ដើមនៃឯកសាររៀបចំសម្រាប់មេរៀននេះ ៖
នេះគឺជាគ្រាដ៏គួរឲ្យរំភើបរីករាយ ។ ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់នៅចំពោះមុខយើង ។ វាជារឿងរំភើបចិត្ត ។ វាប្រកបដោយការលំបាក ។ មានតម្រូវការជាច្រើនដែលទាមទារពីយើង—ដែលមិនធ្លាប់មានពីមុនមក ។ ហើយមានរឿងជាច្រើនត្រូវបានផ្ដល់ឲ្យ ។ ( រ័សុល អិម ណិលសុន « Personal Invitation » នៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើយើងអាចរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ និងមកពីសេចក្ដីថ្លែងការណ៍របស់ប្រធានណិលសុនអំពីតួនាទីរបស់យើងនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ? ( សិស្សអាចចែកចាយគំនិតស្រដៀងគ្នានឹងសេចក្ដីពិតដូចតទៅនេះ ៖ យើងមានការទទួលខុសត្រូវមួយនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ) ។
សូមអញ្ជើញសិស្សឲ្យគិតពីទិដ្ឋភាពនៃកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់ដែលពួកគេបានរៀននៅក្នុងវគ្គសិក្សានេះ ។ អ្នកអាចពិនិត្យមើលគម្រោងវគ្គសិក្សានេះ ឬបញ្ជីចំណងជើងមេរៀនដើម្បីជួយសិស្សឲ្យចាំពីប្រធានបទសំខាន់ៗ ។ អ្នកក៏អាចសុំឲ្យសិស្សចែកចាយពីអ្វីដែលបានបំផុសគំនិតពួកគេពីវគ្គបទគម្ពីរ និងការអញ្ជើញមកពីថ្នាក់ដឹកនាំសាសនាចក្រដែលមាននៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។
-
តើអ្វីខ្លះជាទិដ្ឋភាពមួយចំនួននៃកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់ ដែលយើងមានការទទួលខុសត្រូវដើម្បីចូលរួមនោះ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ ទិដ្ឋភាពទាំងនេះអាចរួមមាន ការប្រមូលផ្ដុំអ៊ីស្រាអែល ការប្រកាសដំណឹងល្អ ការប្រោសលោះមរណជន ការធ្វើតាមព្យាការី ការលះបង់សម្រាប់មនុស្សដទៃ ការងារបម្រើ ការផ្ដល់ជំនួយដល់អ្នកខ្វះខាត ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការគោរពថ្ងៃឈប់សម្រាក ) ។
-
តើវិធីជាក់លាក់អ្វីខ្លះដែលអ្នកកំពុងមើលឃើញថា ព្រះអម្ចាស់បានពន្លឿនកិច្ចការរបស់ទ្រង់នៅក្នុងចំណុចដែលយើងបានលើកឡើងនេះ ?
សូមឲ្យសិស្សចំណាយពេលពីរបីនាទីពិចារណាប្រកបដោយការអធិស្ឋានពីរបៀបដែលព្រះអម្ចាស់ចង់ឲ្យពួកគេចូលរួមដោយផ្ទាល់នៅក្នុងការពន្លឿនកិច្ចការរបស់ទ្រង់ ។ សូមទុកពេលឲ្យពួកគេសរសេរផែនការមួយពីអ្វីដែលពួកគេនឹងធ្វើដើម្បីជួយព្រះអម្ចាស់ ។ នៅពេលពួកគេបង្កើតផែនការរបស់ពួកគេ អ្នកអាចណែនាំឲ្យពួកគេដាក់បញ្ចូលព័ត៌មានជាក់លាក់អំពីរបៀប និងពេលវេលាកំណត់ដែលពួកគេនឹងធ្វើ ។
សូមពិចារណាសរសេរផែនការផ្ទាល់ខ្លួនរបស់អ្នកពីមុនចាប់ផ្ដើមបង្រៀន ដោយរៀបរាប់ពីរឿងមួយចំនួនដែលអ្នកនឹងធ្វើ ( ឬនឹងបន្តធ្វើ ) ដើម្បីចូលរួមនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។ ពីមុនសិស្សសរសេរផែនការរបស់ពួកគេ សូមពិចារណាចែកចាយផែនការរបស់អ្នកជាគំរូមួយសិន ។
ក្រោយពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់ពីអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍ ពេលពួកគេបានចូលរួមនៅក្នុងវគ្គសិក្សានេះ ។ សូមចែកចាយទីបន្ទាល់ និងការអះអាងរបស់អ្នកដោយសង្ខេបអំពីពរជ័យដែលសិស្សនឹងទទួល ពេលពួកគេបន្តចូលរួមយ៉ាងសកម្មនៅ ក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។