« ឯកសារគ្រូបង្រៀន មេរៀនទី ២១ ៖ គោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បជានិច្ច » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសារគ្រូបង្រៀន មេរៀនទី ២១ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសារគ្រូបង្រៀន មេរៀនទី ២១
គោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បជានិច្ច
ជាផ្នែកនៃការស្ដារឡើងវិញ ព្រះអម្ចាស់បានបើកសម្ដែងព្រះទ័យរបស់ទ្រង់ទាក់ទងទៅនឹងអាពាហ៍ពិពាហ៍ និងគ្រួសារដ៏នៅអស់កល្បជានិច្ច ។ មេរៀននេះរៀបចំឡើងដើម្បីជួយសិស្សឲ្យកាន់តែចេះអាចពន្យល់ពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏នៅអស់កល្បជានិច្ច ហើយសម្រេចពីអ្វីដែលពួកគេអាចធ្វើបានដើម្បីទទួលបានពរជ័យទាំងនេះ ។
យោបល់សម្រាប់ការបង្រៀន
អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់មានគោលបំណងមួយនៅក្នុងផែនការនៃព្រះ ។
សូមចាប់ផ្ដើមថ្នាក់ដោយការសួរសំណួរដូចខាងក្រោមនេះ ( សូមរំឭកសិស្សកុំឲ្យប្រើសម្ដីដែលវិនិច្ឆ័យចំពោះមនុស្សដទៃ ) ៖
-
តើមានទស្សនៈ និងឥរិយាបថបច្ចុប្បន្នមួយចំនួនណាខ្លះដែលបងប្អូនឃើញនៅក្នុងពិភពលោកនេះស្ដីពីអាពាហ៍ពិពាហ៍ ?
សូមពន្យល់ថា ដូចនៅក្នុងជំនាន់របស់យើងដែរ មនុស្សមួយចំនួននៅជំនាន់របស់ យ៉ូសែប ស៊្មីធបានមានទស្សនៈខុសៗគ្នាអំពីអាពាហ៍ពិពាហ៍ ។ សូមឲ្យសិស្សរំឭក ផ្នែកទី ១ នៃឯកសាររៀបចំនូវអ្វីដែលពួកគេបានរៀន អំពីជំនឿរបស់ពួកសេកើរចំពោះអាពាហ៍ពិពាហ៍ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥–១៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលគោលលទ្ធិដែលព្រះអម្ចាស់បានបើកសម្ដែងអំពីអាពាហ៍ពិពាហ៍ ។
-
តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះអំពីអាពាហ៍ពិពាហ៍នៅក្នុងវគ្គបទគម្ពីរនេះ ? ( សិស្សអាចរកឃើញសេចក្ដីពិតមួយចំនួន ដែលរួមមានដូចតទៅនេះ ៖ អាពាហ៍ពិពាហ៍ត្រូវបានតែងតាំងមកពីព្រះ ។ ស្វាមី និងភរិយាត្រូវបានបញ្ជាឲ្យមានកូន ។ នៅពេលបុរស និងស្ដ្រីរៀបការ ហើយមានកូន នោះពួកគេជួយបំពេញតាមគោលបំណងរបស់ព្រះក្នុងការបង្កបង្កើតផែនដីនេះ ។ សូមពិចារណាបង្ហាញ ឬ សរសេរយោបល់ទាំងនេះខ្លះ ឬទាំងអស់ដាក់លើក្ដារខៀន ) ។
សូមពិចារណាពន្យល់ថាឃ្លា « បានពេញទៅដោយមនុស្ស » នៅក្នុង ខទី ១៧ សំដៅទៅលើបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ ដែលទ្រង់បានរៀបចំឲ្យរស់នៅលើផែនដីនេះ ។ សូមពន្យល់ផងដែរថាឃ្លា « អាពាហ៍ពិពាហ៍ត្រូវបានតែងតាំងមកពីព្រះ » នៅក្នុង ខទី ១៥ មានន័យថា អាពាហ៍ពិពាហ៍ត្រូវបានប្រកាស និងស្ថាបនាឡើងដោយព្រះ ។ នៅក្នុងឆ្នាំ ១៩៩៥ ព្រះអម្ចាស់បានគូសបញ្ជាក់សារជាថ្មីតាមរយៈពួកព្យាការីរបស់ទ្រង់នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ថា « អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានតែងតាំងឡើងដោយព្រះ » ។
សូមឲ្យសិស្សរំឭកដោយសង្ខេបនូវសេចក្ដីថ្លែងការណ៍របស់អែលឌើរ ដាវីឌ អេ បែដណា មកពីផ្នែកទី ១ នៃឯកសាររៀបចំ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលមូលហេតុដែលអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់គឺសំខាន់ចំពោះផែនការរបស់ព្រះវរបិតាសួគ៌ ។
-
តើការបង្រៀនរបស់អែលឌើរ បែដណា ពង្រីកការយល់ដឹងរបស់បងប្អូនអំពីមូលហេតុដែលអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់គឺសំខាន់ចំពោះផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេចដែរ ?
ពួកបរិសុទ្ធពីដើមបានដឹងអំពីពរជ័យនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ។
ប្រសិនបើបងប្អូនមានសិស្សម្នាក់ ដែលបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ សូមពិចារណាសួរគាត់ថា តើវាមានអត្ថន័យយ៉ាងណាចំពោះគាត់ដែលបានរៀបការសម្រាប់ភាពដ៏អស់កល្ប ។ សូមពន្យល់ថា ពីមុនការបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធណៅវូ យ៉ូសែបបានបង្រៀនពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចដល់សមាជិកសាសនាចក្រដ៏ស្មោះត្រង់ពីរបីនាក់ ហើយបានផ្សារភ្ជាប់ពួកគេរួមគ្នា ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលអ្វីដែលព្យាការីបានបង្រៀន ។
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀន អំពីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមកពីខគម្ពីរទាំងនេះ ? ( ក្រោយពីសិស្សឆ្លើយហើយ សូមបង្ហាញគោលការណ៍ដូចតទៅនេះ ៖ ដើម្បីទទួលបានលំដាប់ខ្ពស់បំផុតនៃនគរសេឡេស្ទាល នោះយើងត្រូវតែចូលទៅក្នុងសេចក្តីសញ្ញាថ្មី ហើយដ៏អស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ ។ បងប្អូនអាចបង្ហាញថា វាមានតែនៅក្នុងលំដាប់ដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាលប៉ុណ្ណោះ ដែលយើងទទួលបានភាពតម្កើងឡើង ) ។
សូមបង្ហាញដល់សិស្សថានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩ ព្រះអម្ចាស់បានបង្រៀនបន្ថែមទៀតថា យើងត្រូវ « នៅជាប់ក្នុងសេចក្ដីសញ្ញា [ របស់ទ្រង់ ] » ដើម្បីទទួលបានពរជ័យនៃភាពតម្កើងឡើង ។
-
តើការ « នៅជាប់ក្នុងសេចក្ដីសញ្ញា [ របស់ទ្រង់ ] » មានអត្ថន័យយ៉ាងណាចំពោះបងប្អូន កាលវាទាក់ទងទៅនឹងអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ?
បងប្អូនអាចគូសបញ្ជាក់ថា វាមិនគ្រប់គ្រាន់ទេដែលគ្រាន់តែបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធនោះ ។ ទាំងពីរនាក់ប្ដីប្រពន្ធត្រូវតែខិតខំដោយឧស្សាហ៍ព្យាយាមដើម្បីកាន់តាមសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធរបស់ពួកគេ ហើយបង្កើតឲ្យមានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមួយ ។
សូមបន្ថែម « ហើយនៅជាប់នៅក្នុង » ទៅលើគោលការណ៍ដែលបានបង្ហាញនោះ ដើម្បីឲ្យវាអានទៅថា « … យើងត្រូវតែចូលទៅក្នុងសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ » ។
សូមឲ្យសិស្សសរសេរពរជ័យផ្សេងទៀតមួយចំនួនអំពីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចដាក់នៅលើក្ដារខៀន ។ ( សូមឲ្យសិស្សទាញយកអ្វីដែលពួកគេបានរៀនមកពីផ្នែកទី ២ នៃឯកសាររៀបចំ ) ។
-
តើពរជ័យទាំងនេះណាមួយដែលសំខាន់បំផុតចំពោះបងប្អូន ? ហេតុអ្វី ?
សូមរំឭកសិស្សថា នៅក្នុងឯកសាររៀបចំ ពួកគេត្រូវបានសូមឲ្យនិយាយជាមួយដៃគូស្វាមីភរិយារៀបការហើយមួយគូ ដែលពួកគេស្គាល់ដែលមានជីវិតអាពាហ៍ពិពាហ៍ដ៏រឹងមាំ និងពេញដោយក្ដីស្រឡាញ់ ។ ពួកគេត្រូវបានអញ្ជើញឲ្យពិភាក្សាពីអ្វីដែលដៃគូស្វាមីភរិយានេះបានធ្វើ ដើម្បីបង្កើតឲ្យមានអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច និងរបៀបដែលអាពាហ៍ពិពាហ៍របស់ពួកគេបានពង្រីកពរជ័យដល់ជីវិតរបស់ពួកគេ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀនពីការសន្ទនារបស់ពួកគេ ។
សូមឲ្យសិស្សពិចារណាប្រកបដោយការអធិស្ឋានអំពីគុណសម្បត្តិ ចរិតលក្ខណៈ ឬសកម្មភាពអ្វីដែលនឹងជួយពួកគេឲ្យនៅជាប់ក្នុងសេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ ហើយបង្កើតឲ្យមានអាពាហ៍ពិពាហ៍ជាទីស្រឡាញ់ និងសុចរិត ។ សូមឲ្យពេលសិស្សកត់ត្រាទុក និងដាក់ផែនការមួយដើម្បីធ្វើតាមការបំផុសគំនិតនានា ដែលពួកគេទទួលបាន ។
ព្រះសព្វព្រះទ័យឲ្យយើងការពារគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារ ។
សូមសួរសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីវាសំខាន់ចំពោះយើងដើម្បីការពារគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារ ? ( សិស្សអាចរំឭកមើល ផ្នែកទី ៣ នៅក្នុងឯកសាររៀបចំដើម្បីជួយឆ្លើយនឹងសំណួរនេះ ) ។
-
តើបងប្អូនធ្លាប់បានការពារគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដែរឬទេ ? ប្រសិនបើធ្លាប់ តើបងប្អូនមានបទពិសោធន៍ដូចម្ដេចដែរ ?
សូមបង្ហាញសារដូចខាងក្រោមនេះដល់សិស្ស ហើយសូមឲ្យពួកគេពិចារណាថា តើពួកគេធ្លាប់បានឮអ្វីមួយដែលឆ្លុះបញ្ចាំងពីផ្នត់គំនិតដូចអ្វីខាងក្រោមនេះឬអត់ ៖
« ហេតុអ្វីបានជាបងប្អូនចង់រៀបការនាពេលនេះ ? បងប្អូននៅមានមួយជីវិតទៀតឯនោះ ។ ហេតុអ្វីបងប្អូនមិនប្រើពេលនេះដើម្បីសប្បាយរីករាយ និងចាប់ផ្តើមក្នុងជីវិតនេះ ? »
សូមរំឭកសិស្សថា គោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណគឺ ត្រូវពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។ សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យអនុវត្តគោលការណ៍នេះ ដោយសារវាទាក់ទងទៅនឹងសំណួរអំពីអាពាហ៍ពិពាហ៍ ។
សូមចែកសិស្សជាក្រុមតូចៗ ហើយសូមឲ្យពួកគេពិភាក្សាពីរបៀបដែលពួកគេនឹងឆ្លើយប្រាប់នរណាម្នាក់ ដែលមានទស្សនវិស័យដូច្នេះ ។ សូមផ្ដល់ដល់សិស្សនូវច្បាប់ចម្លងសំណួរខាងក្រោមនេះ ( ឬបង្ហាញសំណួរនេះ ) ដើម្បីជួយដឹកនាំការពិភាក្សារបស់ពួកគេ ៖
-
តើបុគ្គលនេះអាចមានការសន្មតបែបណា ដែលអាចដាក់កម្រិតដល់ទស្សនៈរបស់គាត់អំពីសារសំខាន់នៃអាពាហ៍ពិពាហ៍ និងគ្រួសារ ?
-
តើការយល់ដឹងអំពីអាពាហ៍ពិពាហ៍ និងគ្រួសារចេញមកពីទស្សនវិស័យនៃផែនការរបស់ព្រះនៃសេចក្ដីសង្គ្រោះ អាចជួយដោះស្រាយទស្សនៈរបស់បុគ្គលនេះបានដោយរបៀបណា ?
-
តើគោលលទ្ធិ បទគម្ពីរ ឬការបង្រៀនមកពីព្យាការីអ្វីខ្លះ ដែលបងប្អូនអាចចែកចាយដើម្បីជួយបុគ្គលនេះឲ្យមើលទៅអាពាហ៍ពិពាហ៍ និងគ្រួសារចេញពីទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ ?
ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលក្រុមរបស់ពួកគេបានពិភាក្សា ។
សូមបញ្ចប់មេរៀនដោយការចែកចាយទីបន្ទាល់របស់បងប្អូនអំពីសេចក្ដីពិតដែលបានបង្ហាញនៅក្នុងមេរៀននេះ ។
សម្រាប់ពេលក្រោយ
នៅពេលបងប្អូនបញ្ចប់មេរៀននេះ សូមរំឭកសិស្សថា ព្រះអម្ចាស់ក៏បានបើកសម្ដែងពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ពហុពន្ធភាពដល់ព្យាការី យ៉ូសែប ស៊្មីធផងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យអានឯកសាររៀបចំរបស់ពួកគេសម្រាប់មេរៀនទី ២២ ដោយយកចិត្តទុកដាក់ ហើយមកដោយបានរៀបចំខ្លួនជាមុន ដើម្បីពិភាក្សាពីមូលហេតុដែលពួកបរិសុទ្ធសម័យដើមបានអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។