« ឯកសារគ្រូបង្រៀនមេរៀនទី ១៥ ៖ ផែនការរបស់ព្រះវរបិតាសួគ៌ និង សក្តានុពលដ៏ទេវភាពរបស់យើង » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសារគ្រូបង្រៀន មេរៀនទី ១៥ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសារគ្រូបង្រៀនមេរៀនទី ១៥
ផែនការរបស់ព្រះវរបិតាសួគ៌ និង សក្តានុពលដ៏ទេវភាពរបស់យើង
ព្រះអម្ចាស់បានបើកសម្ដែងដល់យ៉ូសែប ស្ម៊ីធអំពីសិរីល្អនៃផែនការនៃសេចក្ដីប្រោសលោះរបស់ព្រះវរបិតាសួគ៌ និងសក្ដានុពលដ៏ទេវភាពរបស់យើងដើម្បីប្រែក្លាយដូចជាទ្រង់ ។ មេរៀននេះនឹងជួយដល់ពង្រឹងសិស្សឲ្យមានអំណរគុណរចំពោះផែនការរបស់ព្រះវរបិតា ហើយយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតថាតើពួកគេគឺជានរណា និងអ្វីដែលពួកគេអាចធ្វើដើម្បីឈានទៅដល់សក្ដានុពលដ៏ទេវភាពរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស៊្មីធបានទទួលសេចក្ដីពិតដ៏សំខាន់អំពីផែនការនៃសេចក្ដីសង្គ្រោះ ។
សូមអញ្ជើញសិស្សឲ្យពន្យល់ពីអ្វីដែលគ្រីស្ទសាសនិកភាគច្រើន និងពួកអ្នកប្រែចិត្តជឿពីដើមក្នុងសាសនាចក្រអាចបានយល់ដឹងអំពីព្រះ និងជីវិតបន្ទាប់ពីជីវិតនេះ នៅមុនពេលដែលព្រះអម្ចាស់បានប្រទានវិវរណៈអំពីប្រធានបទទាំងនេះតាមរយៈ យ៉ូសែប ស្ម៊ីធ ។ ( សិស្សគួររំឭកផ្នែកទី ១ និង៣នៃឯកសាររៀបចំ ) ។
-
នៅក្នុងអ្វីដែលអ្នកបានរៀននៅក្នុងឯកសាររៀបចំខ្លួន តើព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតអំពីផែនការនៃសេចក្តីសង្រ្គោះដល់យ៉ូសែប ស្ម៊ីធនៅពេលណា និងដោយរបៀបណា ?
-
តើមានសេចក្ដីពិតដែលបានស្ដារឡើងវិញណាខ្លះ អំពីផែនការនេះដែលអ្នកគិតថា វានឹងជាការផ្លាស់ប្ដូរជីវិតដ៏ធំបំផុតចំពោះពួកបរិសុទ្ធជំនាន់មុន ? តើសេចក្ដីពិតទាំងនេះបានកត់ត្រាទុកនៅកន្លែងណា ? ( សូមមើល ផ្នែកទី ១ និង៣ នៃឯកសាររៀបចំ ) ។
នៅពេលសិស្សឆ្លើយសំណួរដំបូងទាំងនេះ អ្នកនាំឲ្យពួកគេមើលវគ្គបទគម្ពីរដែលបានលើកឡើងនៅក្នុងឯកសាររៀបចំម្ដងទៀត ដូចជា ម៉ូសេ ១:៣៩ និង អ័ប្រាហាំ ៣:២២–២៦ ។ សូមជួយសិស្សឲ្យស្គាល់ ហើយពន្យល់ពីសេចក្ដីពិតដូចតទៅនេះ ៖ កិច្ចការ និងសិរីល្អរបស់ព្រះ គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស( សូមមើលម៉ូសេ ១:៣៩ ) ។ យើងបានរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ជាវិញ្ញាណពីមុនយើងបានមកចាប់កំណើត ( សូមមើល អ័ប្រាហាំ ៣:២២–២៣ ) ។ ព្រះអម្ចាស់បានបង្កើតផែនដីទុកជាកន្លែងមួយដែលយើងអាចជ្រើសរើសគោរពតាមព្រះ ឬក៏អត់ ( សូមមើល អ័ប្រាហាំ ៣:២៤–២៥ ) ។
-
សូមនឹកស្រមៃពីភាពខុសប្លែកនៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកពុំស្គាល់ផែនការរបស់ព្រះវរបិតាសួគ៌ទេនោះ ។ តើអ្នកគិតថា ការស្គាល់អំពីផែនការនោះបានជះឥទ្ធិពលទៅលើរបៀបដែលអ្នកគិត ធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពតាមរបៀបណា ?
យ៉ូសែប ស៊្មីធបានបង្រៀនអំពីសក្ដានុពលដ៏ទេវភាពរបស់យើង ។
សូមពន្យល់ថានៅ« ថ្ងៃទី ៧ ខែមេសា ឆ្នាំ១៨៤៤ យ៉ូសែប ស៊្មីធបានក្រោកឈរឡើង ហើយមានប្រសាសន៍នៅក្នុងអ្វីដែលត្រូវបានចាត់ទុកថាជាសន្និសីទចុងក្រោយរបស់លោក ។ បន្ទាប់ពីសុំពួកបរិសុទ្ធ‹ ឲ្យមានការយកចិត្តទុកដាក់ស្ដាប់ ›…យ៉ូសែបបានបង្រៀនអំពីនិស្ស័យនៃព្រះ និងការរីកចម្រើនដ៏នៅអស់កល្បជានិច្ច »( « King Follett Discourse » Church History Topics នៅលើគេហទំព័រ ChurchofJesusChrist.org/study/church-history ) ។
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍របស់យ៉ូសែប ស្ម៊ីធមកពីការបង្រៀនដល់ឃីង ហ្វូឡេតដែលមាននៅផ្នែកដើមដំបូងនៃផ្នែកទី ២ នៃឯកសាររៀបចំ ។
-
តើអ្នករៀនបានអ្វីខ្លះមកពីការបង្រៀនរបស់យ៉ូសែបអំពីទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ ?
សូមពន្យល់ថានៅ ឆ្នាំ១៩៩៥ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញផ្សាយនូវឯកសារមួយដែលមានឈ្មោះថា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ នៅក្នុងឯកសារនោះ ពួកលោកបានប្រកាសថា
មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់មាតាបិតាសួគ៌ ដូច្នេះហើយ មនុស្សម្នាក់ៗមានចរិត និងគោលដៅនៃព្រះ ។ …
នៅជីវិតមុនផែនដី បុត្រា និងបុត្រីខាងវិញ្ញាណទាំងឡាយបានស្គាល់ ហើយបានថ្វាយបង្គំព្រះជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ ហើយបានទទួលផែនការរបស់ទ្រង់ដែលនាំឲ្យកូនចៅទាំងឡាយអាចទទួលរូបកាយ ហើយនិងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់នឹងដឹងពីគោលបំណងដ៏ទេវភាពរបស់ពួកគេ ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក ។ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org )
-
ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ តើសក្ដានុពលដ៏អស់កល្បជានិច្ចរបស់យើងគឺជាអ្វី ? ( សូមជួយសិស្សឲ្យកំណត់គោលការណ៍មួយស្រដៀងគ្នាដូចតទៅនេះ ៖ ក្នុងនាមជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ យើងមានសក្ដានុពលដើម្បីប្រែក្លាយដូចជាទ្រង់ ) ។
សូមដាក់បង្ហាញ ឬសួរសំណួរដូចខាងក្រោមនេះ ហើយទុកពេលឲ្យសិស្សមួយ ឬពីរនាទីដើម្បីពិចារណាអំពីសំណួរទាំងនោះ ហើយសរសេរពីចំណាប់អារម្មណ៍របស់ពួកគេ ។
-
តើសេចក្ដីពិតនេះជះឥទ្ធិពលដល់វិធីដែលយើងមើលទៅទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ដោយរបៀបណា ? តើវាជះឥទ្ធិពលដល់របៀបដែលអ្នកមើលទៅខ្លួនឯង និងមនុស្សជុំវិញខ្លួនអ្នកដោយរបៀបណា ? តើវាអាចជះឥទ្ធិពលដល់របៀបដែលអ្នករស់នៅយ៉ាងដូចម្ដេច ?
ព្រះយេស៊ូវគ្រីស្ទបានបង្ហាញយើងពីរបៀបដែលយើងអាចទទួលបានភាពពេញលេញនៃសិរីល្អរបស់ព្រះនៅក្នុងនគរសេឡេស្ទាល ។
សូមសរសេរនៅលើក្ដារខៀន ឬដាក់បង្ហាញនូវពាក្យថាស្ថានសួគ៌ និងស្ថាននរក ហើយសួរដល់សិស្សពីអ្វី ដែលពួកគ្រីស្ទសាសនិកនៅសតវត្សរ៍ទី ១៩បានជឿថាតើនរណានឹងទៅស្ថាននីមួយៗ ។
សូមអញ្ជើញសិស្សឲ្យរំឭកពីអ្វីដែលពួកគេបានរៀនមកពីគោលលទ្ធិ និង សេចក្តីសញ្ញា ៧៦អំពីជីវិតបន្ទាប់ពីជីវិតនេះ និងការទទួលបានសិរីល្អសេឡេស្ទាល ។ ( សិស្សអាចនឹងត្រូវរំឭកឡើងវិញនូវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៥៤ ) ។ អ្នកក៏គួរសួរទៅសិស្សពីអ្វីដែលពួកគេបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមកពីសេចក្ដីពិតដែលបានបើកសម្ដែងនៅក្នុង កណ្ឌទី ៧៦ផងដែរ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
នៅជុំវិញសាសនាចក្រ ខ្ញុំឮមនុស្សជាច្រើនមានបព្ហានឹងរឿងនេះថា « ខ្ញុំពុំល្អគ្រប់គ្រាន់នោះទេ » ។ « ខ្ញុំមិនឥតខ្ចោះខ្លាំងណាស់ » ។ « ខ្ញុំគ្មានភាពសក្ដិសមគ្រប់គ្រាន់ទេ » ។ ខ្ញុំឮរឿងនេះមកពីពួកយុវវ័យ ។ ខ្ញុំឮរឿងនេះមកពីអ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំឮពីអ្នកប្រែចិត្តជឿថ្មី ។ ខ្ញុំឮពីសមាជិកចាស់ ។ ( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually »Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០ )
អ្នកអាចអញ្ជើញសិស្សឲ្យគិតពីគ្រាទាំងឡាយនៅក្នុងជីវិតរបស់ពួកគេ ពេលដែលពួកគេមានអារម្មណ៍បែបនោះ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤០–៤២, ៦៩ ហើយរកមើលតួនាទីដ៏សំខាន់ដែលព្រះយេស៊ូវគ្រីស្ទមាននៅក្នុងសេចក្ដីសង្គ្រោះរបស់យើង ។
-
តើតួនាទីអ្វី ដែលព្រះយេស៊ូវគ្រីស្ទមាននៅក្នុងដំណើរស្វែងរកការទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើង ( សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតដូចតទៅនេះ ៖ យើងអាចត្រូវបានធ្វើឲ្យល្អឥតខ្ចោះបានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ) ។
-
តើហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីចងចាំថា ភាពល្អឥតខ្ចោះ និងភាពតម្កើងឡើងកើតមានឡើងតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:១២–១៣ជាមួយនឹងសិស្ស ហើយរកមើលអ្វីដែលបទគម្ពីរដែលបង្រៀនអំពីមាគ៌ារបស់ព្រះអង្គសង្គ្រោះទៅរកការប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ។
-
តើអ្នកគិតថាឃ្លា ព្រះអង្គសង្គ្រោះបានមាន« ព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់មក រហូតដល់ទ្រង់បានទទួលនូវភាពពោរពេញ » មានន័យដូចម្ដេច ?
-
តើគំរូរបស់ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យយកឈ្នះលើអារម្មណ៍បាក់ទឹកចិត្ត ពេលអ្នកខិតខំសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចដោយរបៀបណា ?
សូមដាក់បង្ហាញ ហើយអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ ហូឡិន ៖
ខ្ញុំសូមថ្លែងទីបន្ទាល់ពីជោគវាសនាដ៏ធំនោះ ដែលមានចំពោះយើងតាមរយៈដង្វាយធួនរបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទដែលបានបន្តមាន« ព្រះគុណថែមលើព្រះគុណ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៣ ]រហូតដល់អមតភាពរបស់ទ្រង់[ សូមមើល លូកា ១៣:៣២ ]ទ្រង់បានទទួលភាពពេញលេញដ៏ល្អឥតខ្ចោះនៃសិរីល្អសេឡេស្ទាល ។ ខ្ញុំថ្លែងទីបន្ទាល់ថា នៅក្នុងម៉ោងនេះ និងគ្រប់ម៉ោង ទ្រង់កំពុងលាតព្រះហស្តដែលមានស្នាមដែកគោលមកកាន់យើង ដោយព្រះគុណដូចគ្នានោះ កាន់យើងយ៉ាងជាប់ ហើយលើកទឹកចិត្តយើង បដិសេធមិនបោះបង់យើងចោលឡើយ រហូតដល់យើងទៅដល់ផ្ទះដោយសុវត្ថិភាពនៅក្នុងការឱបក្រសោបនៃបិតាមាតាសួគ៌ ។ សម្រាប់គ្រាដ៏ល្អឥតខ្ចោះដូច្នោះ ខ្ញុំបន្ដព្យាយាម ទោះជាមានឆ្គាំឆ្គងក៏ដោយ ។ ចំពោះអំណោយដ៏ឥតខ្ចោះដូច្នោះ ខ្ញុំបន្ដថ្លែងអំណរគុណ ទោះជាខ្ញុំពុំល្អគ្រប់គ្រាន់ក៏ដោយ ។ ខ្ញុំសូមធ្វើកិច្ចការទាំងនេះក្នុងព្រះនាមទ្រង់ដ៏ល្អឥតខ្ចោះ ដែលពុំធ្លាប់មានភាពឆ្គាំឆ្គង ឬមិនល្អគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែជាអង្គដែលស្រឡាញ់យើងគ្រប់គ្នា គឺជាព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤២ )
សូមអញ្ជើញសិស្សឲ្យពិចារណាមួយនាទីពីអ្វីដែលនឹងអាចជួយពួកគេច្រើនបំផុត ដើម្បីរីកចម្រើនខាងវិញ្ញាណឆ្ពោះទៅរកជីវិតដ៏នៅអស់កល្បជានិច្ចនៅពេលនេះ ។ សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នកថា តាមរយៈព្រះគុណរបស់ព្រះអង្គសង្គ្រោះ និងដោយការធ្វើតាមគំរូរបស់ទ្រង់ នោះយើងអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ហើយចូលទៅក្នុងនគរសេឡេស្ទាលបាន ។
សម្រាប់ពេលក្រោយ
សូមសិស្សឲ្យពិចារណាអំពីរបៀបដែលជីវិតរបស់ពួកគេមានភាពខុសប្លែកដោយសារតែព្រះវិហារបរិសុទ្ធ និងពិធី បរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ សូមពន្យល់ថា នៅក្នុងមេរៀនក្រោយ ពួកគេនឹងរៀនពីហេតុផលដែលពួកព្យាការីពីបុរាណបានលេចមកឯយ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរីនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ សូមលើកទឹកចិត្តពួកគេឲ្យសិក្សាឯកសាររៀបចំសម្រាប់មេរៀនទី ១៦ ដើម្បីពួកគេអាចត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីគោលការណ៍ទាំងឡាយដែលនឹងជួយដល់ពួកគេធ្វើឲ្យព្រះវិហារបរិសុទ្ធក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ពួកគេ ។