« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៩ ៖ ការប្រោសលោះមរណជន » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៩ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៩
ការប្រោសលោះមរណជន
សូមគិតអំពីគ្រាមួយពេលនរណាម្នាក់បានធ្វើអ្វីមួយសម្រាប់បងប្អូន ដែលបងប្អូនមិនអាចធ្វើតែឯងបាន ។ តើបងប្អូនមានអារម្មណ៍ដូចម្ដេចចំពោះបុគ្គលនេះ ? កាលបងប្អូនសិក្សា សូមពិចារណាពីរបៀបដែលសមាជិកគ្រួសាររបស់បងប្អូនដែលបានស្លាប់ទៅហើយ អាចមានអារម្មណ៍យ៉ាងណាទៅកាន់បងប្អូន នៅពេលបងប្អូនធ្វើឲ្យពួកគាត់នូវអ្វីដែលពួកគាត់មិនអាចធ្វើសម្រាប់ខ្លួនពួកគាត់បាន—ធ្វើពិធីបរិសុទ្ធដ៏សំខាន់សម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគាត់ ។
ផ្នែកទី ១
តើមានរឿងអ្វីកើតឡើងចំពោះអ្នកដែលស្លាប់ដោយមិនដឹងអំពីដំណឹងល្អ ?
កំណត់ចំណាំ ៖ ជំនួសឲ្យការអានផ្នែកដំបូងនៃមេរៀននេះ បងប្អូនអាចជ្រើសរើសមើលវីដេអូនេះ រួចហើយសញ្ជឹងគិតអំពីសំណួរនេះនៅចុងបញ្ចប់នៃផ្នែកនេះ ។
នៅអាយុ ១៧ ឆ្នាំ យ៉ូសែប ស៊្មីធបានខូចចិត្តដោយសារការស្លាប់ភ្លាមៗរបស់បងប្រុសរបស់លោកឈ្មោះ អាលវិន ដែលលោកបានស្រឡាញ់ និងកោតសរសើរយ៉ាងខ្លាំង ។ គ្រួសារ ស្ម៊ីធ « បានសុំឲ្យគ្រូគង្វាលប្រែសប៊ីធារាននៅទីក្រុងផាលម៉ៃរ៉ា រដ្ឋនូវយ៉ោកធ្វើពិធីបុណ្យសពដល់លោក ។ ដោយសារអាលវិនមិនមែនជាសមាជិកនៃក្រុមជំនុំរបស់គ្រូគង្វាលនោះ លោកអាចារ្យនោះបានពោលអះអាងនៅក្នុងទេសនកថារបស់គាត់ថា អាលវិនមិនអាចបានសង្គ្រោះឡើយ ។ វិល្លាម ស្ម៊ីធ ដែលជាប្អូនប្រុសរបស់យ៉ូសែបបានចាំថា ៖ ‘[ គ្រូគង្វាលនោះ ] … បានប្រកាសយ៉ាងរឹងមាំខ្លាំងថា [ អាលវិន ] បានចុះទៅស្ថាននរកហើយ » ដោយសារអាលវិនមិនបានជ្រមុជទឹក ( ការបង្រៀនទាំងឡាយរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤០១ ) ។
ចម្លើយរបស់អាចារ្យនោះចំពោះការស្លាប់របស់អាលវិនអាចស្ដាប់ទៅគ្រោតគ្រាត ។ ប៉ុន្ដែការបង្រៀនរបស់គាត់បានផ្អែកទៅលើសេចក្ដីពិតថា មនុស្សទាំងអស់ត្រូវតែទទួលយកព្រះគ្រីស្ទ ហើយជ្រមុជទឹកដើម្បីបានសង្គ្រោះ ( សូមមើល យ៉ូហាន ៣:៥ ) ។
នៅខែ មករា ឆ្នាំ ១៨៣៦ ជាង ១២ ឆ្នាំក្រោយពីការស្លាប់របស់អាលវិន នោះព្យាការី យ៉ូសែប ស៊្មីធបានជួបជុំជាមួយនឹងឪពុករបស់លោក និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតនៅបន្ទប់ខាងលើនៃព្រះវិហារបរិសុទ្ធខឺតឡង់ដែលជិតបញ្ចប់ហើយ ។ អំឡុងការប្រជុំនេះ ព្យាការីបានទទួលការនិមិត្តអំពីអនាគតកាល ដែលឥឡូវនេះបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ ។
យ៉ូសែប « បានឆ្ងល់យ៉ាងអស្ចារ្យ » ពេលឃើញបងប្រុសរបស់លោក អាលវិន នៅឯនគរសេឡេស្ទាល ដោយសារអាលវិនមិនបានជ្រមុជទឹក ។ បួនឆ្នាំក្រោយមក នៅខែ សីហា ឆ្នាំ ១៨៤០ ព្យាការីបានចាប់ផ្ដើមបង្រៀនពួកបរិសុទ្ធអំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ សាវកប៉ុលបានបង្រៀនពីគោលលទ្ធិនេះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ពីមុនព្រះអម្ចាស់បានស្ដារវាឡើងវិញនៅជំនាន់របស់យើង ( សូមមើល កូរិនថូសទី១ ១៥:២៩ ) ។
នៅក្នុងសំបុត្រមួយទៅកាន់ស្វាមីរបស់នាង វីលេត ឃឹមបឹល បានសរសេរអំពីចិត្តរីករាយរបស់ពួកបរិសុទ្ធដោយបានឮពីគោលលទ្ធិដែលបានស្ដារឡើងវិញនាពេលថ្មីៗនេះ ៖
ប្រធាន ស្ម៊ីធ បានបើកប្រធានបទដ៏ថ្មី និងរុងរឿងមួយ ។ … លោកពោលថា វាគឺជាឯកសិទ្ធិនៃសាសនាចក្រនេះដើម្បីជ្រមុជទឹកឲ្យមនុស្សទាំងអស់ ដែលបានស្លាប់ពីមុនដំណឹងល្អនេះបានលេចចេញមក ។ … តាមរយៈការធ្វើដូច្នោះ យើងធ្វើជាភ្នាក់ងារសម្រាប់ពួកគេ ហើយផ្ដល់ឯកសិទ្ធិដល់ពួកគេឲ្យលេចចេញមកក្នុងការរស់ឡើងវិញលើកទីមួយ ។ លោកពោលថា ពួកគេនឹងមានដំណឹងល្អផ្សាយដល់ពួកគេនៅក្នុងគុក ។ … ដោយសារការបញ្ជានេះត្រូវបានផ្សព្វផ្សាយនៅទីនេះ នោះទឹកតែងរវល់ឥតដាច់ ។ អំឡុងសន្និសីទពេលខ្លះ មានអែលឌើរពីប្រាំបីទៅដប់នាក់នៅក្នុងទឹកជ្រមុជទឹកក្នុងពេលតែមួយ ។ … តើនេះពុំមែនគោលលទ្ធិដ៏រុងរឿងទេឬអី ? ( Vilate Kimball, in Janiece Johnson and Jennifer Reeder, The Witness of Women: Firsthand Experiences and Testimonies from the Restoration [ ឆ្នាំ ២០១៦ ] ទំព័រ ១៨១ )
គ្រួសារស្ម៊ីធបានមានអារម្មណ៍អំណរដ៏អស្ចារ្យដោយឥតសង្ស័យ នៅពេលហៃរុមបានជ្រមុជទឹកឲ្យបងប្រុសរបស់លោកអាលវិននោះ ។
នៅឆ្នាំបន្ទាប់ គឺក្នុងឆ្នាំ ១៨៤១ ព្រះអម្ចាស់បានប្រកាសថា « ពិធីនេះត្រូវធ្វើនៅក្នុងដំណាក់របស់យើង » ហើយថាក្រោយពីអាងទឹកក្នុងព្រះវិហារបរិសុទ្ធបានសង់រួច នោះពួកបរិសុទ្ធត្រូវឈប់ធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជននៅក្នុងទន្លេទៀត ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៩–៣៤ ) ។ យ៉ូសែប ស៊្មីធបានផ្ដល់ការណែនាំបន្ថែមទៀតអំពីការប្រោសលោះដល់មរណជននៅក្នុងសំបុត្រពីរទៀត ដែលលោកបានសរសេរទៅកាន់ពួកបរិសុទ្ធ ខណៈលោកបានលាក់ខ្លួនដោយសារការចោទប្រកាន់ខុសឆ្គង ។ អត្ថន័យនៃសំបុត្រទាំងនេះឥឡូវមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧ និង ១២៨ ។ ព្យាការីបានបង្រៀនថា មានតែពេលពិធីបរិសុទ្ធនៃដំណឹងល្អដូចជាពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន បានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាព ហើយមានកំណត់ត្រាត្រឹមត្រូវមួយបានរក្សាទុកប៉ុណ្ណោះ ទើបពិធីបរិសុទ្ធនោះនឹងត្រូវចងភ្ជាប់នៅលើផែនដី និងនៅលើស្ថានសួគ៌ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៥–៧; ១២៨:១–៩ ) ។
ផ្នែកទី ២
តើព្រះអម្ចាស់បានបើកសម្ដែងបន្ថែមអ្វីខ្លះទៀតអំពីការប្រោសលោះមរណជននៅក្នុងការនិមិត្ត ដែលទ្រង់បានប្រទានដល់ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ?
ក្រោយពីការស្លាប់របស់ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានបន្ដបើកសម្ដែងសេចក្ដីពិតអំពីផែនការរបស់ទ្រង់ដើម្បីប្រោសលោះមរណជន « មួយបន្ទាត់ម្ដងៗ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១២ ) ។ នៅក្នុងឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានទទួលការនិមិត្តមួយ ដែលបានបើកសម្ដែងសេចក្ដីពិតបន្ថែមទៀតអំពីការប្រោសលោះមរណជន ។ វិវរណៈនេះរបស់លោកមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ ។
ប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀប ដែលប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានរៀបចំខ្លួនទទួលការនិមិត្តដ៏អស្ចារ្យនេះ ៖
អំឡុងពេលក្នុងជីវិតលោក ប្រធានស៊្មីធបានបាត់បង់ឪពុករបស់លោក [ នៅអាយុ ៥ ឆ្នាំ ] ម្តាយរបស់លោក [ នៅអាយុ ១៣ ឆ្នាំ ] ប្អូនប្រុសម្នាក់ ប្អូនស្រីពីរនាក់ ប្រពន្ធពីរ និងកូនដប់បីនាក់ ។ គាត់ស្គាល់យ៉ាងជាក់ច្បាស់ពីក្តីទុក្ខ និងការបាត់បង់មនុស្សជាស្រឡាញ់ ។ …
[ នៅឆ្នាំ ១៩១៨ ] គឺជាគ្រាដ៏ឈឺចាប់ខ្លាំងបំផុតសម្រាប់លោក ។ លោកបានកើតទុក្ខដោយសារមនុស្សជាច្រើនបានស្លាប់នៅក្នុងសង្គ្រាមលោកលើកទីពីរ ដែលចំនួនមនុស្សស្លាប់នោះបន្តឡើងដល់ ២០ លាននាក់ ។ បន្ថែមពីលើនោះទៀត ការផ្ទុះឡើងនូវជំងឺផ្តាសាយបានឆ្លងរាលដាលនៅជុំវិញពិភពលោក ដោយបានឆក់យកជីវិតមនុស្សអស់១០០ លាននាក់ ។
នៅអំឡុងឆ្នាំនោះប្រធានស្ម៊ីធក៏បាត់បង់សមាជិកគ្រួសារដ៏មានតម្លៃ … ចំនួនបីនាក់ផងដែរ ។ អែលឌើរ ហៃរុម ម៉ាក ស្ម៊ីធ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលជាកូនច្បងរបស់លោក និងជាជីតារបស់ខ្ញុំ បានស្លាប់ភ្លាមៗដោយសារការធ្លាយខ្នែងពោះវៀន ។
ប្រធានស្ម៊ីធបានសរសេរថា « ខ្ញុំនិយាយលែងចេញ—[ ស្ពឹកមុខអស់ហើយ ] ដោយក្តីទុក្ខព្រួយ ! ខ្ញុំខូចចិត្ត ហើយដូចជាគ្មានព្រលឹងនៅក្នុងខ្លួនទេ !… ឱ ! ខ្ញុំស្រឡាញ់គាត់ ! … ដោយអស់ពីដួងព្រលឹងរបស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណដល់ព្រះសម្រាប់គាត់ ! ប៉ុន្តែ … មែនហើយ ! ខ្ញុំត្រូវការគាត់ ! យើងទាំងអស់គ្នាត្រូវការគាត់ ! គាត់មានប្រយោជន៍បំផុតសម្រាប់សាសនាចក្រ ។… ហើយឥឡូវនេះ…ឱ ! តើខ្ញុំអាចធ្វើអ្វីបាន ! ឱ ! ព្រះអើយសូមជួយទូលបង្គំផង ! … »
ហើយនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ១៩១៨ ដោយមានបទពិសោធន៍នៃទុក្ខព្រួយដ៏ខ្លាំងទៅលើមនុស្សរាប់លាននាក់ដែលបានស្លាប់នៅក្នុងពិភពលោកដោយសារសង្គ្រាម និងជំងឺ ព្រមទាំងមរណភាពរបស់សមាជិកគ្រួសារលោកផ្ទាល់ នោះប្រធានស្ម៊ីធបានទទួលវិវរណៈពីសួគ៌ាដែលត្រូវបានស្គាល់ថា « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ » ។ ( អិម រ័សុល បាឡឺត « The Joy of Redeeming the Dead » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧២ )
យ៉ូសែប អេហ្វ ស្ម៊ីធ បានទទួលការនិមិត្តដ៏ទេវភាពរបស់លោកខណៈកំពុងសញ្ជឹងគិតអំពីពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ និងពេលអានការរៀបរាប់របស់សាវកពេត្រុសអំពីការងារបម្រើរបស់ព្រះយេស៊ូវនៅភពវិញ្ញាណ ក្រោយពីការឆ្កាងរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១–១១ ) ។
នៅក្នុងមជ្ឈដ្ឋានមួយទៀត ប្រធានស្ម៊ីធបានបង្រៀនថា ស្ដ្រីដ៏ស្មោះត្រង់ក៏ត្រូវបានហៅឲ្យផ្សាយដំណឹងល្អនៅពិភពវិញ្ញាណផងដែរ ( សូមមើល Gospel Doctrine ការបោះពុម្ពលើកទី ៥ [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៦១ ) ។
ផ្នែកទី ៣
តើការចូលរួមក្នុងកិច្ចការប្រោសលោះមរណជននេះ អាចជួយខ្ញុំឲ្យខិតទៅកាន់តែជិតនឹងព្រះអង្គសង្គ្រោះតាមរបៀបណា ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
ប្រធាន ហ្គរដុន ប៊ី ហ៊ីងឃ្លី បានបង្ហាញថា ៖ « ខ្ញុំគិតថា កិច្ចការជំនួសមរណជនឈានចូលស្ទើរតែដល់ខ្លាំងនឹងពលិកម្មជំនួសរបស់ព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់ ជាងកិច្ចការផ្សេងៗទៀតទាំងអស់ដែលខ្ញុំស្គាល់ ។ … » [ « Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ មករា ឆ្នាំ ១៩៩៨ ទំព័រ ៧៣ ]
ការថប់បារម្ភរបស់យើងដើម្បីប្រោសលោះមរណជន ព្រមទាំងពេលវេលា និងធនធានដែលយើងបានប្រើសម្រាប់ការតាំងចិត្តនោះ គឺជាការបង្ហាញមួយអំពីសាក្សីរបស់យើងទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ លើសអ្វីៗទាំងអស់ ។ វាបង្កើតជាសេចក្ដីថ្លែងការណ៍មួយដ៏មានអនុភាពដែលយើងអាចធ្វើស្ដីពីចរឹតលក្ខណៈ និងបេសកកម្មជាព្រះរបស់ទ្រង់ ។ …
តាមរយៈការស្វែងរកនូវប្រវតិ្តជីដូនជីតារបស់យើង និងតាមរយៈការធ្វើពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ ដែលពួកគាត់មិនអាចធ្វើដោយខ្លួនឯងបាន នោះយើងកំពុងតែថ្លែងទីបន្ទាល់អំពីដង្វាយធួនដ៏គ្មានទីបញ្ចប់នៃព្រះយេស៊ូវគ្រីស្ទ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ទំព័រ ១០ )