« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៣ ៖ ការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៣ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៣
ការទទួលបានចំណេះដឹងខាងវិញ្ញាណ
ពេលខ្លះយើងរកឃើញព័ត៌មានថ្មី ដែលធ្វើឲ្យយើងភ្ញាក់ផ្អើល ឬមានសំណួរទាក់ទងនឹងគោលលទ្ធិ ការអនុវត្ត ឬប្រវត្តិនៃសាសនាចក្រ ។ តើបងប្អូនព្រាងសំណួររបស់ខ្លួន ហើយតើប្រភពដែលបងប្អូនស្វែងរកចម្លើយអាចពង្រឹង ឬបន្ថយសេចក្ដីជំនឿរបស់បងប្អូនដោយរបៀបណា ? កាលបងប្អូនសិក្សាពីរបៀបទទួលបានចំណេះដឹងខាងវិញ្ញាណ សូមរកមើលគោលការណ៍ដែលអាចជួយបាន ពេលបងប្អូនស្វែងរកចម្លើយតាមរបៀបរបស់ព្រះអម្ចាស់ ។
ផ្នែកទី ១
តើវាមិនអីទេឬ ដែលមានសំណួរអំពីសាសនាចក្រ ?
បទគម្ពីរលើកទឹកចិត្តយើងម្ដងហើយម្ដងទៀតឲ្យទូលសួរសំណួរនានាដល់ព្រះ ( សូមមើល យ៉ាកុប ១:៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៣ ) ។ កាលកំពុងបម្រើក្នុងគណៈប្រធានទីមួយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀន ៖
មិត្តភក្ដិវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ យើងគឺជាមនុស្សដែលសួរសំណួរ ។ យើងគឺជាមនុស្សដែលមានសំណួរច្រើន ដោយសារយើងដឹងថាសំណួរនាំទៅរកសេចក្ដីពិត ។ នោះគឺជារបៀបដែលសាសនាចក្រនេះចាប់ផ្ដើមឡើង មកពីយុវជនម្នាក់ដែលមានសំណួរច្រើន ។ តាមពិត ខ្ញុំមិនប្រាកដពីរបៀបដែលមនុស្សម្នាក់អានរកឃើញសេចក្ដីពិត ដោយគ្មានការសួរសំណួរនោះទេ ។ … ការសួរគឺជាទីកំណើតនៃទីបន្ទាល់ ។ … ការសួរសំណួរមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ។ វាគឺជាប្រផ្នូលនៃការរីកចម្រើនឡើង ។( The Reflection in the Water » ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រ [ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអរព្រះទ័យក្នុងការប្រទានដល់យើងនូវចំណេះដឹង និងការយល់ដឹង ។ យើងរីកចម្រើនខាងវិញ្ញាណ ពេលយើងសួរសំណួរ ហើយស្វែងរកចម្លើយដោយចិត្តស្មោះសរ និងសេចក្ដីជំនឿ ។ សូមចងចាំថា កាលព្រះអម្ចាស់ជួយយើងឲ្យរៀនមានសេចក្ដីជំនឿលើទ្រង់ ទ្រង់មិនអាចផ្ដល់គ្រប់ចម្លើយចំពោះគ្រប់សំណួរ ដែលយើងមានក្នុងជីវិតនេះទេ ។ តាមពិតទៅ យើងមិនចាំបាច់រកឃើញចម្លើយចំពោះសំណួរទាំងអស់ ដើម្បីទទួលបានទីបន្ទាល់មួយ ហើយឈរជាសាក្សីនៃសេចក្ដីពិតនោះឡើយ ។ ប៉ុន្ដែការសួរសំណួរដោយចិត្តស្មោះសរអាចជួយឲ្យយើងបន្ដរៀន និងរីកចម្រើន ។
ផ្នែកទី ២
តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំស្វែងរកចម្លើយចំពោះសំណួរ និងទទួលបានចំណេះដឹងខាងវិញ្ញាណដោយរបៀបណា ?
គោលការណ៍ខាងក្រោមនេះអាចជួយបងប្អូនឲ្យស្វែងរកចម្លើយចំពោះសំណួរ និងដោះស្រាយកង្វល់តាមរបៀបរបស់ព្រះអម្ចាស់ ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
កាលបងប្អូនសិក្សាពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណខាងក្រោមទាំងនេះ សូមពិចារណាគូសចំណាំសេចក្ដីថ្លែងការណ៍ ឬចំណុចសំខាន់នានា ដែលបងប្អូនចាប់អារម្មណ៍ ដើម្បីបងប្អូនអាចចែកចាយវាជាមួយសិស្សក្នុងថ្នាក់ ហើយយោងដល់វាពេលក្រោយ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សេចក្ដីជំនឿចាប់ផ្ដើមដោយជំនឿថា ព្រះមានព្រះជន្មរស់ ទ្រង់ញាណដឹងអ្វីៗគ្រប់យ៉ាង ហើយជាប្រភពនៃសេចក្ដីពិតទាំងអស់ ។ យើងធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅពេលយើងជ្រើសរើសទុកចិត្តលើព្រះ ហើយបែរទៅរកទ្រង់ជាដំបូងបំផុត តាមរយៈការអធិស្ឋានដោយស្មោះត្រង់ សិក្សាការបង្រៀនរបស់ទ្រង់ ហើយគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ព្រះអម្ចាស់អញ្ជើញយើង « កុំសង្ស័យឡើយ តែចូរជឿ » ( មរមន ៩:២៧ ) ។ នៅពេលយើងស្ថាបនាគន្លងមួយនៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿក្នុងជីវិតប្រចាំថ្ងៃរបស់យើង នោះយើងសង់គ្រឹះដ៏រឹងមាំមួយលើព្រះយេស៊ូវគ្រីស្ទ ដែលធានាថា យើងនឹងបន្ដរឹងមាំ ទោះជាពេលយើងប្រឈមនឹងសំណួរ ឬឧបសគ្គពិបាកៗក្ដី ( សូមមើល ហេលេមិន ៥:១២ ) ។
នៅពេលបងប្អូនប្រទះនឹងព័ត៌មាន ឬអំណះអំណាងដែលបងប្អូនមិនយល់ ឬដែលប្រជែងជំនឿរបស់បងប្អូន បងប្អូនមិនត្រូវសង្ស័យទីបន្ទាល់ ឬបទពិសោធន៍ខាងវិញ្ញាណពីអតីតកាលរបស់បងប្អូនឡើយ ។ អំឡុងគ្រាបែបនោះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិនបានប្រឹក្សាថា « ចូរកុំភ័យខ្លាច ហើយដកថយឡើយ ។ ចូរកុំបោះបង់ភាពជឿជាក់របស់បងប្អូន ។ ចូរកុំភ្លេចពីអារម្មណ៍ដ៏អស្ចារ្យមួយដែលអ្នកធ្លាប់មាន ។ ចូរកុំលែងទុកចិត្តបទពិសោធន៍ [ ខាងវិញ្ញាណ ] [ ទាំងឡាយ ] ដែលបងប្អូន [ ធ្លាប់ ] មានឡើយ » ( « Remember How You Felt » New Era ខែ សីហា ឆ្នាំ ២០០៤ ទំព័រ ៦ ) ។ ផ្ទុយទៅវិញ « ចូរតោងឲ្យជាប់ទៅនឹងអ្វីដែលអ្នកដឹងរួចហើយ ហើយឈររឹងមាំរហូតដល់បានចំណេះដឹងបន្ថែម » ( ជែហ្វ្រី អ័រ ហូឡិន « ខ្ញុំជឿហើយ លោកម្ចាស់អើយ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។
ខណៈបងប្អូន « តោងឲ្យជាប់ទៅនឹងអ្វីដែលបងប្អូនដឹងរួចហើយ » សូមចាំថា គុណលក្ខណៈ និងបំណងនៅពេលដែលបងប្អូនសួរសំណួរ ហើយស្វែងរកចម្លើយនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់បងប្អូនដើម្បីរៀនសូត្រតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ដំណើរការនេះតម្រូវឲ្យមានការបន្ទាបខ្លួន ចិត្តស្មោះសរ និងបំណងដ៏ពិតដើម្បីធ្វើសកម្មភាពតាមសេចក្ដីពិត ដែលយើងទទួលបានពីព្រះអម្ចាស់ ។
នៅពេល យ៉ូសែប ស៊្មីធបានប្រឈមនឹងបរិយាកាសខាងសាសនាមួយដែលពេញដោយ « ការរំជួល និងការឈ្លោះប្រកែកគ្នាជាខ្លាំងក្នុងចំណោមបក្សពួកផ្សេងៗ » ( យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៨ ) លោកអាចបានបាក់ទឹកចិត្តដោយងាយ អនុញ្ញាតឲ្យការសង្ស័យចូលពេញដួងចិត្តលោក ហើយ « នៅក្នុងសេចក្ដីងងឹតងងល់តទៅ » ( ខទី ១៣ ) ។ ផ្ទុយទៅវិញ លោកបានស្រាវជ្រាវបទគម្ពីរ ហើយបានទទួលការបំផុសយ៉ាងជ្រាលជ្រៅមកពីសារលិខិតដែលមាននៅក្នុងគម្ពីរ យ៉ាកុប ១:៥ ឲ្យ « សូមដល់ព្រះ » ។ ដោយធ្វើសកម្មភាពដោយសេចក្ដីជំនឿ លោកបានទៅក្នុងព្រៃ ហើយបាន « លុតជង្គង់ចុះ ហើយបានចាប់ផ្ដើមបួងសួងដល់ព្រះទូលប្រាប់ពីបំណងនៃដួងចិត្តរបស់ [ លោក ] » ( យ៉ូសែប ស្ម៉ីធ — ប្រវត្តិ ១:១៥ ) ។ ការអធិស្ឋានដ៏ស្មោះសររបស់លោកត្រូវបានឆ្លើយដោយការនិមិត្តមកពីស្ថានសួគ៌មួយ ។ លោកបានចេញពីព្រៃដោយបាន « ចេះដឹងដោយផ្ទាល់ខ្លួន [ លោក ] » ពីចម្លើយចំពោះសំណួររបស់លោក ( ខទី ២០ ) ។
ពិនិត្យមើលគោលគំនិត ហើយសួរសំណួរដោយទស្សនវិស័យដ៏អស់កល្បមួយ
ដើម្បីពិនិត្យមើលគោលគំនិតខាងគោលលទ្ធិ សំណួរ និងបញ្ហាសង្គមដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ យើងត្រូវពិចារណាវាក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះ និងនៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ យើងស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមើលឃើញនូវរឿងទាំងឡាយដូចជាព្រះអម្ចាស់ទតឃើញ ( សូមមើល កូរិនថូសទី១ ២:៥, ៩–១១ ) ។ វិធីសាស្ដ្រនេះជួយយើងឲ្យមើលទៅអ្វីៗចេញពីទស្សនៈរបស់ព្រះអម្ចាស់ ជាជាងចេញពីទស្សនវិស័យខាងលោកិយ ។ យើងធ្វើដូចនេះដោយការសួរសំណួរដូចជា « តើខ្ញុំបានដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់រួចហើយនោះ ហើយតើទ្រង់បានទាក់ទងនឹងកូនចៅរបស់ទ្រង់ដោយរបៀបណា ? » និងសំណួរ « តើការបង្រៀនដំណឹងល្អអ្វីខ្លះដែលទាក់ទង ឬបញ្ជាក់អំពីគោលគំនិត ឬបញ្ហានេះ ? »
សំណួរទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រគួរតែពិនិត្យដោយទស្សនវិស័យដ៏អស់កល្បមួយផងដែរ ។ វាអាចនឹងជួយយើងឲ្យពិនិត្យមើលសំណួរខាងប្រវត្តិសាស្ត្រតាមបរិបទប្រវត្តិសាស្ត្រត្រឹមត្រូវផងដែរ ដោយពិចារណាអំពីវប្បធម៌ និងបទដ្ឋាននៃវេលាកាលនោះ ជាជាងការដាក់បង្ខំឲ្យទទួលយកទស្សនវិស័យ និងឥរិយាបថនាពេលបច្ចុប្បន្ននេះ ។ ឧទាហរណ៍ ប្រសិនបើបងប្អូនបានរកឃើញបុព្វការីម្នាក់ពីឆ្នាំ ១៨០០ ជាង ដែលបានរៀបការនៅអាយុ ១៤ ឬ ១៥ ឆ្នាំ បងប្អូនអាចឃើញថាវាពិតជាអាពាហ៍ពិពាហ៍ដ៏វ័យក្មេងខ្លាំងណាស់ បើបងប្អូនមិនបានយល់ថា នៅជំនាន់នោះវាទូទៅទេ ។
វាសំខាន់ដើម្បីចងចាំថា រឿងលម្អិតខាងប្រវត្តិសាស្ត្រពុំមាននូវអំណាចសង្គ្រោះនៃពិធីបរិសុទ្ធសេចក្ដីសញ្ញា និងគោលលទ្ធិនោះទេ ។ ការត្រូវរំខានដោយរឿងលម្អិតដែលមិនសូវសំខាន់ធ្វើឲ្យយើងភ្លេចអព្ភូតហេតុដែលបានបើកសម្ដែងអំពីការស្ដារឡើងវិញ គឺដូចជាការចំណាយពេលវិភាគទៅលើប្រអប់កាដូ ហើយមិនខ្វល់អំពីអំណោយដ៏អស្ចារ្យនៅក្នុងប្រអប់កាដូដូច្នោះដែរ ។
ព្យាយាមយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានប្រទានមកពីព្រះ
សូមស្រមៃថា ជនចម្លែកម្នាក់បានចោទមនុស្សជាទីស្រឡាញ់របស់បងប្អូនម្នាក់ថាបានធ្វើអ្វីមួយខុសឆ្គង ។ តើបងប្អូននឹងស្វែងរក ថាតើពួកគេនិយាយការពិត ឬកុហកដោយរបៀបណា ? តើនឹងមានគ្រោះថ្នាក់អ្វីខ្លះ បើជឿលើជនចម្លែកនោះដោយមិនអង្កេតមើលបញ្ហានោះឲ្យបានជ្រៅជ្រះទេនោះ ?
តាមរយៈអ៊ិនធើរណិត យើងមានព័ត៌មានល្អដែលមិនធ្លាប់មានពីមុនមក ។ ទន្ទឹមគ្នានេះដែរ អ៊ិនធើរណិតក៏បានទម្លាក់យើងក្នុងការប្រយុទ្ធនឹងព័ត៌មានដែលមិនអាចទុកចិត្តផងដែរ ។ ដោយសារអ៊ិនធើរណិតមិនច្រោះព័ត៌មានខុសឆ្គង បោកបញ្ឆោត ឬក្លែងក្លាយឲ្យយើងដោយស្វ័យប្រវត្តិ នោះយើងត្រូវតែច្រោះវាដោយខ្លួនឯង ។ ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានព្រមានថា « យើងត្រូវតែប្រុងប្រយ័ត្ននៅពេលយើងស្វែងរកសេចក្ដីពិត និងជ្រើសរើសប្រភពសម្រាប់ការស្រាវជ្រាវនោះ » ( « សេចក្ដីពិត និង ផែនការ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ ) ។
ជាចំណែកនៃដំណើរការដែលបានតែងតាំងរបស់ព្រះអម្ចាស់ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ នោះទ្រង់បានបង្កើតប្រភពជាច្រើនតាមរយៈអ្វីដែលទ្រង់បើកសម្តែងសេចក្ដីពិត និងការណែនាំដល់កូនចៅរបស់ទ្រង់ ។ ប្រភពដែលបានតែងតាំងមកពីព្រះទាំងនេះរួមមាន ពន្លឺនៃព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ បទគម្ពីរ ថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិកគ្រួសារដ៏ស្មោះត្រង់ ។ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់—ពួកព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ—គឺជាប្រភពដ៏សំខាន់នៃសេចក្ដីពិត ។ ព្រះអម្ចាស់បានជ្រើសរើស ហើយបានតែងតាំងបុគ្គលម្នាក់ៗទាំងនេះដើម្បីនិយាយជំនួសទ្រង់ ។
យើងអាចរៀនសេចក្ដីពិតតាមរយៈប្រភពដែលគួរឲ្យទុកចិត្តផ្សេងៗទៀតផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះត្រង់ គួរតែប្រុងប្រយត្ន័ចំពោះប្រភពព័ត៌មានដែលមិនគួរទុកចិត្តផងដែរ ។ ការរៀនស្គាល់ និងចៀសចេញពីប្រភពមិនគួរឲ្យជឿ អាចការពារយើងកុំឲ្យភាន់ច្រឡំ និងការពារយើងពីអ្នកទាំងឡាយដែលព្យាយាមបំផ្លាញសេចក្ដីជំនឿយើង ។ សំណួរ និងសេចក្ដីណែនាំខាងក្រោមនេះអាចជួយបាន កាលបងប្អូនសម្រេចថាប្រភពនោះគួរទុកចិត្តបានឬអត់ ៖