« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៨ ៖ ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៨ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សារៀបចំសម្រាប់សិស្ស មេរៀនទី ៨
ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
តើសមាជិកភាពរបស់បងប្អូនក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណាចំពោះបងប្អូន ? កាលបងប្អូនសិក្សាមេរៀននេះ សូមពិចារណាពីរបៀបដែលការចូលរួមរបស់បងប្អូនក្នុងសាសនាចក្ររបស់ព្រះអម្ចាស់អាចដឹកនាំទៅរកពរជ័យដ៏អស្ចារ្យជាងនេះសម្រាប់បងប្អូន និងគ្រួសាររបស់បងប្អូន ក៏ដូចជាមនុស្សដទៃដែលបងប្អូនស្គាល់ពេញមួយជីវិតរបស់បងប្អូនផងដែរ ។
ផ្នែកទី ១
តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានភាពវិសេសក្នុងចំណោមសាសនាចក្រ និងសាសនាផ្សេងទៀតទាំងអស់ដោយរបៀបណា ?
កាលកំពុងឈរក្បែរដងទន្លេនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ « បានធ្វើជាសាក្សីដល់បុណ្យជ្រមុជទឹករបស់ម្ដាយ និងឪពុកលោកទៅក្នុងសាសនាចក្រ ។ ក្រោយពីការដើរផ្លូវខុសគ្នារាប់ឆ្នាំក្នុងការស្វែងរកសេចក្ដីពិតរបស់ពួកគេ នោះពួកគេបានរួបរួមគ្នាក្នុងសេចក្ដីជំនឿនៅទីបញ្ចប់ ។ កាលឪពុករបស់លោកបានងើបចេញពីទឹក យ៉ូសែបបានចាប់ដៃគាត់ បានជួយគាត់ឡើងទៅលើច្រាំង ហើយបានឱបគាត់ ។
« លោកបានយំក្ដោបមុខលោកទៅលើទ្រូងរបស់ឪពុកលោកដោយពោលថា ‹ ព្រះអើយ ខ្ញុំបានរស់នៅដើម្បីឃើញឪពុកខ្ញុំជ្រមុជទឹកទៅក្នុងសាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទ ! › » ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៨៦ )
បន្ទាប់ពីយ៉ូសែប ស្ម៉ីធ បានបកប្រែព្រះគម្ពីរមរមន និងបានទទួលសិទ្ធិអំណាចបព្វជិតភាពមកពីសារទូតស្ថានសួគ៌ហើយ ព្រះអម្ចាស់បានដឹកនាំលោក « តាមរយៈព្រះវិញ្ញាណនៃការព្យាករ និងវិវរណៈ… ឲ្យរៀបចំសាសនាចក្រ [ របស់ព្រះយេស៊ូវគ្រីស្ទ ] ម្ដងទៀតនៅលើផែនដីនេះ » ( យ៉ូសែប ស៊្មីធ នៅក្នុងប្រវត្តិ ប្រហែលខែ មិថុនា ឆ្នាំ ១៨៣៩–ប្រហែលឆ្នាំ ១៨៤១ [ សេចក្ដីព្រាងទី ២ ] ទំព័រ ២៩ នៅលើគេហទំព័រ josephsmithpapers.org ) ។ នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ មានមនុស្សប្រហែល ៦០ នាក់បានប្រជុំគ្នានៅផ្ទះរបស់ ពេត្រុស វិតមើរ សុញ្ញ័រ នៅភូមិហ្វាយ៉ែត រដ្ឋនូវយ៉ក ដើម្បីធ្វើជាសាក្សីដល់ « ការតាំងឡើងនៃសាសនាចក្រនៃព្រះគ្រីស្ទនៅថ្ងៃចុងក្រោយទាំងនេះ » ស្របតាម « ព្រះហឫទ័យ និងព្រះបញ្ញត្តិទាំងឡាយនៃព្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១ ) ។
នៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ពួកបរិសុទ្ធបានគាំទ្រ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ជាថ្នាក់ដឹកនាំរបស់ពួកគេ បានទទួលទានសាក្រាម៉ង់ និងធ្វើជាសាក្សីដល់ការតែងតាំងបុរសទាំងពីរនាក់ទៅក្នុងតំណែងបព្វជិតភាព ហើយបានឃើញអស់អ្នកដែលបានជ្រមុជទឹកពីមុនមកទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ ។
ព្យាការី យ៉ូសែប ស៊្មីធបានសង្កេតពីថ្ងៃនេះថា ៖
ក្រោយពីមានពេលដ៏រីករាយមួយក្នុងការធ្វើជាសាក្សី និងមានអារម្មណ៍ដោយខ្លួនយើងអំពីព្រះចេស្ដា និងពរជ័យនៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈព្រះគុណនៃព្រះដែលបានប្រគល់ដល់យើង នោះយើងបានចាកចេញដោយមានចំណេះដឹងដ៏សោមន្សថា ឥឡូវយើងម្នាក់ៗគឺជាសមាជិកនៃ និងបានទទួលស្គាល់ព្រះនៃ « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ដែលត្រូវបានរៀបចំស្របតាមព្រះបញ្ញត្តិ និងវិវរណៈដែលបានប្រទានដោយទ្រង់ ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៣៨ )
ព្រះអម្ចាស់បានរៀបចំតាមរយៈវិវរណៈនូវថ្ងៃដ៏ជាក់លាក់ ដែលសាសនាចក្ររបស់ទ្រង់ត្រូវរៀបចំឡើងម្ដងទៀតនៅលើផែនដីនេះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០ ក្បាលកណ្ឌ ) ហើយក្រោយមក ទ្រង់បានប្រទានឈ្មោះ ដែលគេគួរហៅសាសនាចក្រនេះ ។
ប្រហែលមួយឆ្នាំកន្លះក្រោយពីសាសនាចក្រត្រូវបានរៀបចំ ព្រះអម្ចាស់បានប្រកាសថា ទ្រង់បានប្រទានដល់យ៉ូសែប ស៊្មីធ និងមនុស្សដទៃទៀតនូវអំណាច « ដើម្បីកសាងគ្រឹះនៃសាសនាចក្រនេះ ហើយដើម្បីនាំសាសនាចក្រចេញពីទីអាប់អួ និងពីទីនៃសេចក្ដីងងឹត គឺជាសាសនាចក្រតែមួយ ដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល ដែលយើងជាព្រះអម្ចាស់សព្វព្រះហឫទ័យណាស់ ដោយនិយាយដល់សាសនាចក្រទាំងស្រុង ហើយមិនមែននីមួយៗទេ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ ) ។
ផ្នែកទី ២
តើមានមូលហេតុណាខ្លះ ដែលព្រះអម្ចាស់បានប្រកាសសាសនាចក្រនេះថាជា « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀន ៖
លក្ខណៈពិសេសចំនួនបី—( ១ ) ភាពពោរពេញនៃគោលលទ្ធិ ( ២ ) អំណាចបព្វជិតភាព និង ( ៣ ) ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ—ពន្យល់អំពី មូលហេតុដែលព្រះបានប្រកាស និងមូលហេតុដែលយើងគឺជាអ្នកបម្រើរបស់ទ្រង់អះអាងថា នេះគឺជាសាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល ។ …
ដោយសារមានអ្វីជាច្រើនដែលបានបាត់បង់នៅក្នុងការក្បត់សាសនា ដូច្នេះវាចាំបាច់ថា ព្រះអម្ចាស់ត្រូវស្ដារភាពពេញលេញនៃគោលលទ្ធិរបស់ទ្រង់ឡើងវិញ ។ …
គោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ដែលបានយល់នៅក្នុងភាពពេញលេញរបស់វា គឺជាផែនការដែលយើងអាចប្រែក្លាយទៅជាបុត្រាបុត្រីនៃព្រះ ដែលយើងគួរតែប្រែក្លាយ ។ …
លក្ខណៈទីពីរ និងដ៏សំខាន់បំផុត …គឺជាសិទ្ធិអំណាចបព្វជិតភាព ។ …
ជាលទ្ធផលនៃការមានអំណាចបព្វជិតភាពរបស់យើង ថ្នាក់ដឹកនាំ និងសមាជិកដែលមានសិទ្ធិត្រឹមត្រូវ …បានទទួលកម្លាំងឲ្យធ្វើពិធីបរិសុទ្ធនៃបព្វជិតភាពដែលចាំបាច់នេះ ។ …
មូលហេតុទីបីនៃការដែលយើងគឺជាសាសនាចក្រដ៏ពិតតែមួយនោះគឺថា យើងមានសេចក្ដីពិតដែលបានបើកសម្ដែងអំពីលក្ខណៈនៃព្រះ និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ហេតុដូច្នេះហើយយើងមានទីបន្ទាល់ដ៏ពិសេសអំពីព្រះយេស៊ូវគ្រីស្ទ ។ អ្វីដែលសំខាន់នោះគឺ ជំនឿរបស់យើងលើលក្ខណៈនៃព្រះដែលជាអ្វីដែលបែងចែកយើងពីជំនឿសាសនាផ្លូវការនៃក្រុមជំនឿគ្រីស្ទានភាគច្រើន ។ ( ដាល្លិន អេក អូក « The Only True and Living Church » New Era ខែ សីហា ឆ្នាំ ២០១១ ទំព័រ ៣–៥ )
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់បន្ថែមទៀតថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ « គឺជាសាសនាចក្រដ៏សកម្មដោយសារតែកិច្ចការ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » ( « Receive the Holy Ghost » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៧ ) ។
បងប្រុស ថាត អរ ខាលីស្ទើរ អតីតប្រធានសាលាថ្ងៃអាទិត្យទូទៅក៏បានបង្រៀនដែរថា ៖
[ សេចក្ដីប្រកាសរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ ] ពុំមានន័យថា សាសនាចក្រផ្សេងទៀតមិនមានសេចក្ដីពិតមួយចំនួននោះទេ ប្រាកដណាស់ពួកគេមានសេចក្តីពិតខ្លះ ។ វាពុំមានន័យថា សាសនាចក្រផ្សេងទៀតមិនធ្វើការណ៍ល្អនោះទេ ពីព្រោះពួកគេធ្វើការណ៍ល្អជាច្រើន ។ អ្វីដែលវាមានន័យនោះគឺថា នេះគឺជាសាសនាចក្រតែមួយគត់ដែលមានសេចក្ដីពិតទាំងអស់ ដែលបានបើកសម្ដែងមកដល់ពេលនេះនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ—ជាសាសនាចក្រតែមួយគត់ដែលមានពិធីបរិសុទ្ធចាំបាច់សម្រាប់ការលើកតម្កើង និងជាសាសនាចក្រតែមួយគត់ដែលមានបព្វជិតភាពនៃព្រះដើម្បីធ្វើពិធីបរិសុទ្ធទាំងនោះដោយសុពលភាពនៃស្ថានសួគ៌ ។ តើយើងមានភស្ដុតាងអ្វីខ្លះអំពីការលើកឡើងដូចនេះ ? …
ប្រសិនបើមនុស្សម្នាក់ត្រូវរកប្លង់មេដូចនៃសាសនាចក្រដើមរបស់ព្រះគ្រីស្ទ ប្រៀបនឹងសាសនាចក្រទាំងអស់នៅក្នុងពិភពលោកសព្វថ្ងៃនេះ នោះគេនឹងឃើញថា…វានឹងមានតែសាសនាចក្រមួយគត់ដែលត្រូវគ្នា—គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ( ថាត អរ ខាលីសធើរ « តើអ្វីជាប្លង់មេនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ? » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៤ ] លើគេហទំព័រ ChurchofJesusChrist.org )
វាសំខាន់ដើម្បីយល់ថា ការធ្វើជាសមាជិកនៃ « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » របស់ព្រះយេស៊ូវគ្រីស្ទពុំមែនមានន័យថា យើងជឿថា យើងប្រសើរជាងមនុស្សផ្សេងទៀតនោះទេ ។ ប៉ុន្ដែសមាជិកភាពរបស់យើងពិតជាបញ្ចូលការទទួលខុសត្រូវមួយឲ្យស្រឡាញ់មនុស្សដទៃ ហើយអញ្ជើញពួកគេឲ្យមករកព្រះគ្រីស្ទ ហើយទទួលពរជ័យនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
ផ្នែកទី ៣
តើខ្ញុំអាចចែកចាយអ្វីជាមួយនរណាម្នាក់ ដែលមានអារម្មណ៍ថា គាត់អាចជឿខាងសាសនា ឬខាងវិញ្ញាណបានដោយមិនចូលរួមក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
មានជនដែលគិតថា ខ្លួនឯងជាអ្នកជឿសាសនា ក៏ប៉ុន្តែបានបដិសេធមិនចូលរួមក្នុងព្រះវិហារ ឬមិនត្រូវការស្ថាប័នមួយបែបនេះទេ ។ ចំពោះពួកគេ ការអនុវត្តខាងសាសនាគឺជារឿងផ្ទាល់ខ្លួនសុទ្ធសាធ ។ ប៉ុន្តែសាសនាចក្រគឺជាការបង្កបង្កើតរបស់ទ្រង់ ដែលជីវភាពខាងវិញ្ញាណរបស់យើងផ្ដោតទៅលើ—គឺព្រះយេស៊ូវគ្រីស្ទ ។…
…គោលបំណងពីបុរាណនៅតែបន្ដ ៖ ការណ៍នោះគឺ ការប្រកាសដំណឹងល្អនៃព្រះសិក្ខាបទនៃព្រះយេស៊ូវគ្រីស្ទ ហើយចាត់ចែងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ—គឺមានន័យថា ដើម្បីនាំមនុស្សមករកព្រះគ្រីស្ទ ។…
… វាពិតជាសំខាន់ដើម្បីទទួលស្គាល់ថា ព្រះរាជបំណងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះគឺការរីកចម្រើនរបស់យើង ។ ព្រះបំណងទ្រង់គឺឲ្យយើងបន្ត « បានព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់មករហូតដល់ [ យើងទទួលបាន ] នូវភាពពោរពេញ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៣ ] នៃរាល់អ្វីៗដែលទ្រង់អាចប្រទានឲ្យ ។ ការណ៍នោះតម្រូវឲ្យមានលើសពីការគ្រាន់តែមានចិត្តល្អ ឬអារម្មណ៍ស្លូតបូតទៅទៀត ។ វាតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត បុណ្យជ្រមុជទឹកដោយទឹក និងដោយព្រះវិញ្ញាណ និងការខ្ជាប់ដរាបដល់ចុងបំផុតដោយសេចក្ដីជំនឿ [ សូមមើល នីហ្វៃទី២ ៣១:១៧–២០ ] ។ មនុស្សម្នាក់មិនអាចសម្រេចរឿងនេះបានពេញលេញតែម្នាក់ឯងបានឡើយ ដូច្នេះហេតុផលដ៏ចម្បងមួយ ដែលព្រះអម្ចាស់មានព្រះវិហារគឺ ដើម្បីបង្កើតសហគមន៍នៃពួកបរិសុទ្ធមួយឡើង ដែលនឹងជួយគ្នាទៅវិញទៅមកនៅក្នុង « ផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » [ នីហ្វៃទី២ ៣១:១៨ ] ។ …
ប្រសិនបើមនុស្សម្នាក់ជឿថា ផ្លូវទាំងអស់ដឹកនាំទៅស្ថានសួគ៌ ឬថាគ្មានតម្រូវការជាក់លាក់ចំពោះសេចក្ដីសង្គ្រោះ នោះគាត់នឹងមិនឃើញពីសេចក្ដីត្រូវការសម្រាប់ការប្រកាសដំណឹងល្អ ឬសម្រាប់ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាក្នុងការប្រោសលោះមនុស្សនៅរស់ ឬអ្នកស្លាប់នោះទេ ។ ប៉ុន្តែយើងពុំមែននិយាយតែរឿងនៃអមតៈភាពប៉ុណ្ណោះទេ តែក៏និយាយពីជីវិតអស់កល្បផងដែរ ហើយដោយសាររឿងនោះហើយទើបផ្លូវនៃដំណឹងល្អ និងសេចក្ដីសញ្ញានៃដំណឹងល្អចាំបាច់ ។ ហើយព្រះអង្គសង្គ្រោះត្រូវការព្រះវិហារមួយ ដើម្បីធ្វើឲ្យកិច្ចការទាំងនោះកើតមានដល់កូនចៅទាំងអស់របស់ព្រះ—ទាំងអ្នកនៅរស់ និងអ្នកស្លាប់ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « ហេតុអ្វីសាសនាចក្រនេះ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨, ១១០ )
ស៉ិស្ទើរ បូនី អិល អូស្ការសុន ដែលបានបម្រើជាប្រធានយុវនារីទូទៅបានបង្រៀនថា ការចូលរួមក្នុងសាសនាចក្រក៏ជួយយើងឲ្យកាន់តែក្លាយដូចជាព្រះអង្គសង្គ្រោះផងដែរ តាមរយៈការផ្ដល់ឱកាសឲ្យយើងបម្រើ និងផ្ដល់ការងារបម្រើដល់មនុស្សដទៃ ៖
វាគឺជាការពិតដែលយើងចូលរួមការប្រជុំសាសនាចក្រប្រចាំសប្ដាហ៍ ដើម្បីរួមចំណែកក្នុងពិធីបរិសុទ្ធនានា រៀនអំពីគោលលទ្ធិ ហើយទទួលការបំផុសគំនិត ប៉ុន្តែមូលហេតុដ៏សំខាន់មួយទៀតក្នុងការចូលរួមគឺថា ក្នុងនាមជាគ្រួសារវួដមួយ និងក្នុងនាមជាសិស្សនៃព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ យើងមើលថែគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក ហើយស្វែងរកវិធីដើម្បីបម្រើ ហើយពង្រឹងគ្នាទៅវិញទៅមក ។ យើងពុំគ្រាន់តែជាអ្នកទទួល និងអ្នកយកនូវអ្វីដែលបានផ្ដល់ឲ្យនៅព្រះវិហារប៉ុណ្ណោះនោះទេ យើងចាំបាច់ត្រូវធ្វើជាអ្នកផ្ដល់ឲ្យ និងជាអ្នកផ្គត់ផ្គង់ផងដែរ ។ …
ចូរទូលសូមដល់ព្រះវរបិតាសួគ៌របស់អ្នកឲ្យបង្ហាញអ្នកអំពីអស់អ្នកដែលត្រូវការជំនួយរបស់អ្នក ហើយបំផុសគំនិតអ្នកអំពីរបៀបល្អបំផុតដើម្បីបម្រើពួកគេ ។ សូមចងចាំថា ព្រះអង្គសង្គ្រោះជាញឹកញាប់ បម្រើមនុស្សម្ដងម្នាក់ៗ ។ ( បូនី អិល អូស្ការសុន « សេចក្ដីត្រូវការនៅចំពោះយើង » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ )