« មេរៀនទី ២០ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការស្វែងរកកន្លែងរបស់ខ្ញុំនៅក្នុងហ្វូងចៀមរបស់អ្នកគង្វាលល្អ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២០ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២០ ឯកសាររៀបចំសម្រាប់ថ្នាក់
ការស្វែងរកកន្លែងរបស់ខ្ញុំនៅក្នុងហ្វូងចៀមរបស់អ្នកគង្វាលល្អ
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាឯកា វង្វេង សោកសៅ ឬត្រូវគេបំភ្លេច តើអ្នកត្រូវងាកទៅរកការលួងលោមចិត្តនៅឯណា ? អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ខ្ញុំមានភាពសុខសាន្តនៅក្នុងការដឹងថា ព្រះអម្ចាស់គឺជាអ្នកគង្វាល របស់ខ្ញុំ » [ ទំនុកដំកើង ២៣:១ បានបញ្ជាក់ការគូសបន្ថែម ] ហើយទ្រង់ស្គាល់ និងមើលថែយើងម្នាក់ៗ » ( «Shepherding Souls »Liahona វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១១ ) ។ កាលអ្នកសិក្សា សូមពិចារណាពីរបៀបដែលអ្នកអាចស្វែងរក « ភាពសុខសាន្តដ៏ឋិតថេរ » ដោយដឹងថា អ្នកគង្វាលល្អមានសេចក្ដីស្រឡាញ់ផ្ទាល់ខ្លួន និងយូរអង្វែងសម្រាប់អ្នក ។
ផ្នែកទី ១
តើខ្ញុំអាចដឹងបានដោយរបៀបណា ថាអ្នកគង្វាលល្អយកចិត្តទុកដាក់ចំពោះខ្ញុំ ?
នៅសម័យព្រះគម្ពីរ ប៊ីបអ្នកគង្វាលពិតស្រឡាញ់ ហើយថែរទាំដល់ចៀមរបស់គាត់ ។ ចៀមនីមួយៗត្រូវបានរាប់ចំនួន និងមានឈ្មោះ ។ ជារៀងរាល់ថ្ងៃអ្នកគង្វាលនឹងឃ្វាលចៀមរបស់គាត់ទៅរកអាហារ និងទឹក ។ នៅពេលចៀមរបស់គាត់វង្វេងផ្លូវ អ្នកគង្វាលនឹងស្វែងរកពួកវា ។ នៅពេលយប់ ចៀមត្រូវបានដាក់ក្នុងរបងការពារមួយដែលហៅថាក្រោលចៀម ។ អ្នកគង្វាលនឹងដេកនៅមាត់ទ្វារនៃក្រោលចៀមដើម្បីការពារចៀមរបស់គាត់ពីសត្វព្រៃ ។
ផ្ទុយទៅវិញ អ្នកស៊ីឈ្នូលមើលថែហ្វូងចៀមដោយសារតែគាត់បានទទួលប្រាក់កម្រៃក្នុងការធ្វើការងារនោះ ។ គាត់មិនស្រឡាញ់ពួកវានោះទេ ។ នៅពេលមានសញ្ញាគ្រោះថ្នាក់ អ្នកស៊ីជួលនឹងរត់ចោលចៀម ( សូមមើល យ៉ូហាន ១០:១២–១៣ ) ។
គូរតាមរូបភាពដ៏មានអត្ថន័យនេះ ដែលព្រះយេស៊ូវបានបង្រៀនថា ទ្រង់គឺជាអ្នកគង្វាលល្អ ។
នៅពេលព្រះយេស៊ូវគ្រីស្ទបានយាងមកជួបពួកសាសន៍លេមិន និងសាសន៍នីហ្វៃបន្ទាប់ពីការ មានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់បានប្រាប់ពួកគេថាពួកគេគឺជា « ចៀមឯទៀត » ទ្រង់បានមានព្រះបន្ទូលទៅកាន់ប្រជាជននៅក្រុងយេរូសាឡិម ( នីហ្វៃទី ៣ ១៥:២១ ) ។ លោកបានពន្យល់ថានៅមាន « ចៀមឯទៀត » ដែលនឹងឮ ហើយឃើញទ្រង់ផងដែរ ( សូមមើលនីហ្វៃទី ៣ ១៦:១–៣ ) ។ ព្រះអង្គសង្រ្គោះបានប្រកាសថា « យើងស្គាល់ចៀមរបស់យើងហើយចៀមទាំងនោះត្រូវបានរាប់ចំនួនរួចហើយ » ( នីហ្វៃទី ៣ ១៨:៣១ ) ។
សេចក្ដីស្រឡាញ់របស់អ្នកគង្វាលល្អចំពោះចៀមរបស់ទ្រង់ត្រូវបានបង្រៀនយ៉ាង ពិរោះនៅក្នុងទំនុកដំកើង ២៣ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ទំនុកដំកើងជាទីស្រឡាញ់នេះរំឭកយើងថា ព្រះ គឺជាព្រះរបស់បុគ្គលម្នាក់ៗជានិច្ច ហើយថាការយកព្រះទ័យទុកដាក់របស់ទ្រង់គឺមហិមាណាស់ » ( For Times of Trouble [ ២០១២ ] ២០៦ ) ។
ផ្នែកទី ២
តើខ្ញុំអាចជួយក្នុងកិច្ចការរបស់អ្នកគង្វាលល្អដោយរបៀបណា ?
ប្រាកដណាស់ ពួកសាវកច្បាស់ជាមានអារម្មណ៍ឯកោបន្ទាប់ពីអ្នកគង្វាលរបស់ពួកលោកបានចាកចេញពីពួកលោក ហើយបានយាងទៅស្ថានសួគ៌ ។ អ្នកអាចស្រមៃឃើញពីការភ្ញាក់ផ្អើល និងអំណររបស់ពួកគេម្តងទៀតនៅពេលក្រោយមកបានឃើញទ្រង់នៅលើច្រាំង ខណៈពេលពួកគេកំពុងនេសាទត្រី ។ ពេលពួកគេធ្វើដំណើរមកដល់ដីគោកពួកគេបានបរិភោគអាហារជាមួយនឹងទ្រង់ ។ នៅក្នុងឱកាសនោះព្រះយេស៊ូវបានសួរពេត្រុសបីដង បើគាត់ស្រឡាញ់ទ្រង់ដែរឬទេ ? រាល់លើកគាត់ឆ្លើយថា ស្រឡាញ់ ។ ហើយរាល់លើកដែលព្រះអម្ចាស់បានដឹកនាំពេត្រុស ឲ្យចំណីចៀម ឬកូនចៀមរបស់ទ្រង់ ( សូមមើល យ៉ូហាន ២១:១៥–១៧ ) ។ សម្រាប់ដំណើររឿងទាំងមូលនៃបទពិសោធន៍របស់ពេត្រុស អ្នកអាចមើលវីដេអូ« Feed My Sheep » ( ៥:៤៥ ) ។
ប្រធាន ប៊ូនី អេច ខ័រដុន ជាប្រធានយុវនារីទូទៅ នឹងធ្វើការដឹកនាំការប្រជុំនេះ ៖
ដោយបានផ្តោតទៅលើចៀមរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះបានប្រាថ្នាឲ្យពេត្រុសធ្វើអ្វីដែលទ្រង់នឹងធ្វើ ប្រសិនបើទ្រង់បានគង់នៅទីនោះ ។ ទ្រង់បានសូមឲ្យពេត្រុសធ្វើជាអ្នកគង្វាលម្នាក់ ។
… ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ការអញ្ជើញស្រដៀងនេះដល់យើងឲ្យផ្តល់ចំណីដល់ចៀមរបស់ព្រះវរបិតាយើងតាមមធ្យោបាយមួយកាន់តែបរិសុទ្ធ ហើយធ្វើកិច្ចការនេះតាមរយៈការងារបម្រើ [ សូមមើល Russell M. Nelson « Ministering » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០០ ] ។
ដើម្បីទទួលយកការអញ្ជើញនេះឲ្យមានប្រសិទ្ធភាព យើងត្រូវអភិវឌ្ឍដួងចិត្តជាអ្នកគង្វាល ហើយយល់អំពីតម្រូវការនៃចៀមរបស់ព្រះអម្ចាស់ ។ ដូច្នេះតើយើងក្លាយជាអ្នកគង្វាលដែលព្រះអម្ចាស់ត្រូវការឲ្យយើងប្រែក្លាយយ៉ាងដូចម្តេច ?
ដូចជាសំណួរទាំងអស់ដែរ យើងអាចសម្លឹងទៅកាន់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទថា—ជាអ្នកគង្វាលល្អ ។ ( « Becoming a Shepherd » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៤–៧៥ )
មានពេលមួយក្នុងអំឡុងពេលនៃការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ថ្នាក់ដឹកនាំសាសន៍យូដាបានរិះគន់ព្រះយេស៊ូវចំពោះការសោយអាហារជាមួយនឹងមនុស្សមានបាប ។ ជាការឆ្លើយតប ទ្រង់បានចែកចាយរឿងប្រៀបប្រដូចអំពីចៀមដែលបាត់ ។
អែលឌើរ ស្ទីវ៉ែនសុន បានបង្រៀន ៖
បងប្អូនប្រុសស្រីអើយ ឧបសគ្គដ៏ធំបំផុតរបស់យើង និងរង្វាន់ដ៏មហិមារបស់យើងអាចកើតមានឡើង ពេលយើងផ្តល់ការងារបម្រើដល់ចៀមដែលបាត់ ។ សមាជិកសាសនាចក្រនៅក្នុងព្រះគម្ពីរមរមន « [ បាន ] ថែទាំប្រជាជន ហើយបានផ្ដល់ដល់គេនូវអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ។ [ ម៉ូសាយ ២៣:១៨ ] ។ យើងអាចធ្វើតាមគំរូរបស់ពួកគេ ហើយចាំថា ការងារបម្រើត្រូវបាន « ដឹកនាំដោយព្រះវិញ្ញាណ…អាចបត់បែន ហើយ…កែសម្រួលឲ្យស្របទៅនឹងសេចក្ដីត្រូវការរបស់សមាជិកម្នាក់ៗ » « [ Ministering with Strengthened Melchizedek Priesthood Quorums and Relief Societies ] » ministering.ChurchofJesusChrist.org] ។( « Shepherding Souls » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១២ )
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីបានខ្លះ បើខ្ញុំមានអារម្មណ៍ថាគ្មានអារម្មណ៍ថាគ្មានចំណែកនៅក្នុងហ្វូងចៀមល្អនោះ ?
វាអាចមានពេលខ្លះដែលនរណាម្នាក់ដែលអ្នកស្គាល់មានអារម្មណ៍ថាពួកគេមិនចុះសម្រុងនិង « ស័ក្តិសម » ជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬថាពួកគេមិនមែនជាសមាជិកក្នុងសាសនាចក្រឡើយ ។ ( អ្នកអាចនឹងមើលឃើញខ្លួនឯងជាមនុស្សប្រភេទនោះផងដែរ ) ។ មនុស្សខ្លះមានអារម្មណ៍បែបនេះ ដោយសារតែពួកគេជាសមាជិកថ្មី មានអារម្មណ៍ខ្មាសអៀនចំពោះជម្រើសពីមុនៗ ស្លៀកពាក់ ឬឥរិយាបទខុសពីអ្នកដទៃ ពុះពារខាងផ្នែកសេដ្ឋកិច្ច ឬមានបញ្ហាជាមួយគ្រួសារ ព្រួយបារម្ភថាទីបន្ទាល់របស់ពួកគេស្ទាក់ស្ទើរ មានបញ្ហាផ្នែកសុខភាពផ្លូវចិត្ត មានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬខ្មាសអៀន មិនសូវសកម្ម ឬ ជនជាតិភាគតិច ។
ប្រសិនបើអ្នកមានអារម្មណ៍ថាមិនសំខាន់ មិនរាប់រក ត្រូវគេវិនិច្ឆ័យ ឬមិនយកចិត្តទុដាក់ សូមងាកទៅរកព្រះអង្គសង្គ្រោះដែលទ្រង់អះអាងថាអ្នកមានតម្លៃចំពោះទ្រង់ ហើយថាទ្រង់ចង់ឲ្យអ្នកក្លាយជាផ្នែកមួយ ក្នុងហ្វូងរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០; អាលម៉ា ៣១:៣៥; អេសាយ ៤៣:៤ ) ។ នីហ្វៃ បានបង្រៀនថា ព្រះអង្គសង្គ្រោះអញ្ជើញ« យើងទាំងអស់គ្នាឲ្យ មករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី …ដូចគ្នានៅចំពោះព្រះដែរ » ( នីហ្វៃទី២ ២៦:៣៣ ) ។
ស៊ីស្ទើរ សារ៉ុន អូប៊ែង ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះចង្អុលបង្ហាញយើងទៅរកព្រះអង្គសង្គ្រោះនៅពេល « យើងមួយចំនួនមានអារម្មណ៍ថាត្រូវគេបដិសេធ » ៖
ព្រះគម្ពីរសញ្ញាថ្មីបង្ហាញពីកិច្ចខិតខំយ៉ាងខ្លាំងដែលព្រះយេស៊ូវបានឈោងទៅជួយមនុស្សគ្រប់ប្រភេទ ៖ អ្នកឃ្លង់ អ្នកប្រមូលពន្ធ កុមារតូចៗ ពួកកាលីឡេ ស្ត្រីសំផឹង ពួកផារ៉ាស៊ី អ្នកមានបាប សាសន៍សាម៉ារី ស្ត្រីមេម៉ាយ ទាហានរ៉ូម អ្នកប្រព្រឹត្តសហាយស្មន់ ពួកពុំស្អាតស្អំតាមតម្រា ។ ស្ទើរតែគ្រប់ដំណើររឿង ទ្រង់បានឈោងទៅជួយមនុស្សម្នាក់ដែលត្រូវគេបដិសេធក្នុងសង្គមតាមប្រពៃណី ។ ( « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៤ )
នៅពេលអ្នកគិតអំពីកន្លែងផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងហ្វូងចៀមរបស់អ្នកគង្វាលល្អ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឬមើលវីដេអូ « Is There a Place for Me? » ( ៣:៥៩ ) ជាមួយនឹងអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃសាវកដប់ពីរនាក់ ។
យើងទាំងអស់គ្នាមានចំណែកក្នុងសហគមន៍មួយនៃពួកបរិសុទ្ធ យើងទាំងអស់គ្នាត្រូវការគ្នាទៅវិញទៅមក ហើយយើងទាំងអស់គ្នាកំពុងធ្វើការ ឆ្ពោះទៅរកគោលដៅដូចគ្នា ។ ពួកយើងម្នាក់ណាក៏ដោយក៏អាចផ្ដាច់ខ្លួនចេញពីគ្រួសារវួដ ដោយផ្អែកលើភាពខុសគ្នារបស់យើងបានដែរ ។ ប៉ុន្ដែ យើងមិនត្រូវបំបិទខ្លួនយើង ឬផ្ដាច់ខ្លួនយើងពីឱកាសទាំងឡាយ ដោយសារតែភាពខុសគ្នា ដែលយើងយល់ដឹងនៅក្នុងខ្លួនយើងនោះទេ ។ ផ្ទុយទៅវិញ ចូរយើងចែកចាយអំណោយទាន និងទេពកោសល្យរបស់យើងជាមួយនឹងអ្នកដទៃ ដោយនាំមកនូវភាពភ្លឺចែងចាំងនៃសេចក្ដីសង្ឃឹម និងអំណរដល់ពួកគេ ហើយពេលយើងធ្វើដូច្នោះ នោះវានឹងលើកតម្កើងដល់វិញ្ញាណរបស់យើងផ្ទាល់ ។ ( « Belonging to a Ward Family » Ensign ខែ មីនា ឆ្នាំ ១៩៩៦ ទំព័រ ១៦ )