តើសាសនាចក្រមានគោលជំហរយ៉ាងដូចម្ដេច ចំពោះការប្រកាន់ពូជសាសន៍ ?
យើងជឿថា ព្រះជាព្រះវរបិតានៃមនុស្សលោកទាំងអស់ ហើយថា « ទ្រង់ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ [ ទាំង ] ខ្មៅ និងស … មនុស្សទាំងអស់ដូចគ្នានៅចំពោះព្រះ » ( នីហ្វៃទី ២ ២៦:៣៣ ) ។ ដោយសារមនុស្សទាំងអស់គ្នាគឺស្មើគ្នាចំពោះព្រះ នោះយើងជឿថា គ្មានមនុស្សណាម្នាក់អាចមានសិទ្ធិប្រកាសថាខ្ពស់ជាងម្នាក់ផ្សេងទៀតដោយសារតែសាវតាពូជសាសន៍ ឬជនជាតិរបស់ពួកគេឡើយ ។ ជាងនោះទៀត យើងជឿថា វាជាអំពើបាបក្នុងការបន្ទាបបន្ថោក និយាយមើលងាយ ឬរើសអើងទាស់នឹងមនុស្សផ្សេងទៀតដោយសារតែពូជសាសន៍របស់ពួកគេនោះ ។
ព្យាការី និងសាវកសម័យទំនើបបានថ្កោលទោសលើការប្រកាន់ពូជសាសន៍ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុតដែលអាចធ្វើទៅបាន ។ ឧទាហរណ៍ ៖
-
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ៖ « គ្មានមនុស្សណា ដែលបាននិយាយបន្ដុះបង្អាប់ដល់អ្នកទាំងឡាយដែលមានជាតិសាសន៍ផ្សេង ហើយនៅតែអាចគិតថាខ្លួនគាត់ជាសិស្សពិតមួយរូបរបស់ព្រះគ្រីស្ទឡើយ ។ ហើយគាត់ក៏មិនអាចចាត់ទុកខ្លួនគាត់ថាបានរស់នៅស្របនឹងការបង្រៀននៃសាសនាចក្រនៃព្រះគ្រីស្ទដែរ » ។១
-
ប្រធាន អិម រ័សុល បាឡឺដ ប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « យើងត្រូវឱបក្រសោបបុត្រាបុត្រីនៃព្រះដោយក្ដីមេត្តា ហើយលប់បំបាត់ចោលនូវការរើសអើងគ្រប់រូបភាព រួមមានទាំងការប្រកាន់ពូជសាសន៍ ការប្រកាន់ភេទ និងជាតិសាសន៍ » ។២
-
ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ ៖ « ការប្រកាន់ពូជសាសន៍គឺប្រហែលជាប្រភពនៃការរើសអើងដែលគេដឹងឮយ៉ាងច្រើនបំផុតនៅសព្វថ្ងៃនេះ ហើយយើងទាំងអស់គ្នាត្រូវបានហៅឲ្យប្រែចិត្តពីការណ៍នោះ » ។៣