ឱ ! យុវវ័យថ្លៃថ្នូរអើយ
ព្រះទុកព្រទ័យលើប្អូនៗ ដែលជាបុត្រនៃសេចក្តីសញ្ញា ដើម្បីជួយកិច្ចការរបស់ទ្រង់ក្នុងការនាំបុត្រាបុត្រីទាំងអស់របស់ទ្រង់ទៅផ្ទះដោយសុវត្ថិភាព ។
អែលឌើរ ស្ទីវ៉ែនសុន នេះគឺជាសន្និសីទដែលមិនអាចបំភ្លេចបានឡើយ ។
គ្រួសាររបស់យើងតែងតែរីករាយជាមួយសៀវភៅតូចមួយដែលមានឈ្មោះថា Children’s Letters to God ( សំបុត្ររបស់កុមារទៅកាន់ព្រះ ) ។ នេះគឺជាសំបុត្រមួយចំនួន ៖
« ឱ !ព្រះអង្គអើយ ជាជាងទុកឱ្យមនុស្សស្លាប់ ហើយត្រូវបង្កើតមនុស្សជាថ្មី ហេតុអ្វីបានជាព្រះអង្គមិនរក្សាទុកអ្នកដែលមាននៅពេលឥឡូវនេះទៅ ?
« ហេតុអ្វីបានជាព្រះអង្គមានបទបញ្ញាតិតែដប់ប៉ុណ្ណឹង ប៉ុន្តែសាលារបស់យើងវិញមានដល់ទៅរាប់លាន ? »
« ហេតុអ្វីបានជាព្រះអង្គដាក់ឲ្យមានដុំសាច់ដុះនៅក្នុងបំពង់ក បើព្រះអង្គគង់តែនឹងយកដុំទាំងនោះចេញម្តងទៀតនោះ ? »
ថ្ងៃនេះមិនមានពេលគ្រប់ដើម្បីឆ្លើយសំណួរ ទាំងអស់ នេះទេ ប៉ុន្តែមានសំណួរមួយទៀតដែលខ្ញុំតែងតែឮពីយុវវ័យដែលខ្ញុំចង់បកស្រាយ ។ ពីទីក្រុងអូឡានបាតា ម៉ុងហ្គោលី ទៅដល់ទីក្រុងថូម៉ាស រដ្ឋអៃដាហូ សំណួរគឺដូចគ្នា ៖ « ហេតុអ្វី ? ហេតុអ្វីបានជាពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវរស់នៅខុសពីអ្នកដទៃដូច្នេះ ? »
ខ្ញុំដឹងថា វាពិបាកណាស់ក្នុងការមានភាពខុសពីគេ—ជាពិសេសពេលដែលប្អូនៗនៅក្មេង ហើយចង់ឲ្យអ្នកដទៃចូលចិត្តប្អូនខ្លាំងបំផុត ។ មនុស្សគ្រប់គ្នាចង់ចុះចំណោមនឹងគេ ហើយបំណងប្រាថ្នានោះត្រូវបានពង្រីកទៅដល់កម្រិតមួយដែលមិនល្អសោះនៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ ដែលពោរពេញទៅដោយប្រព័ន្ធផ្សព្វផ្សាយសង្គម និងការគំរាមកំហែងតាមអ៊ីនធឺណិត ។
ដូច្នេះ ជាមួយនឹងសម្ពាធទាំងអស់នោះ ហេតុអ្វី បានជា ពួកបរិសុទ្ធថ្ងៃចុងក្រោយរស់នៅខុសពីគេយ៉ាងដូច្នេះ ? វាមានចម្លើយល្អៗជាច្រើន ៖ ពីព្រោះថា ប្អូនគឺជាបុត្រាបុត្រីរបស់ព្រះ ។ ពីព្រោះថា ប្អូនត្រូវបានរក្សាទុកសម្រាប់ថ្ងៃចុងក្រោយ ។ ពីព្រោះថា ប្អូនគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប៉ុន្តែចម្លើយទាំងអស់នោះមិនតែងតែញែកប្អូនចេញដាច់ដោយឡែកនោះទេ ។ មនុស្សគ្រប់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះ ។ មនុស្សគ្រប់គ្នានៅលើផែនដីឥឡូវនេះ ត្រូវបានបញ្ជូនមកទីនេះនៅថ្ងៃចុងក្រោយ ។ ហើយប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ឬច្បាប់ព្រហ្មចារីភាពតាមរបៀបដែលប្អូនៗខិតខំព្យាយាមរស់នៅតាមនោះទេ ។ មានសិស្សដ៏ក្លាហានជាច្រើនរបស់ព្រះគ្រីស្ទដែលមិនមែនជាសមាជិកនៃសាសនាចក្រនេះ ។ មិនតែប៉ុណ្ណោះពួកគេមិនបម្រើបេសកកម្ម និងធ្វើពិធីបរិសុទ្ធនៅក្នុងដំណាក់របស់ព្រះអម្ចាស់ជំនួសឲ្យបុព្វការីជនដូចដែលប្អូនបានធ្វើឡើយ ។ វាមានរឿងផ្សេងជាច្រើនទៀត—ហើយវាមានពិតមែន ។
ថ្ងៃនេះ ខ្ញុំចង់ផ្តោតលើហេតុផលបន្ថែមមួយដែលមានអត្ថន័យក្នុងជីវិតរបស់ខ្ញុំ ។ នៅឆ្នាំ១៩៨៨ សាវកវ័យក្មេងម្នាក់ឈ្មោះ រ័សុល អិម ណិលសុន បានផ្តល់សុន្ទរកថាមួយនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ដែលមានឈ្មោះថា « Thanks for the Covenant ( សូមថ្លែងអំណរគុណចំពោះសេចក្តីសញ្ញា ) » ។ នៅកាលនោះ អែលឌើរ ណិលសុន បានពន្យល់ថា នៅពេលដែលយើងប្រើសិទ្ធិជ្រើសរើសខាងសីលធម៌របស់យើងដើម្បីធ្វើ និងរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះ នោះយើងក្លាយជាអ្នកស្នងមរតកនៃសេចក្តីសញ្ញាអស់កល្បជានិច្ចដែលព្រះបានធ្វើជាមួយបុព្វការីជនរបស់យើងនៅក្នុងគ្រប់គ្រាកាន់កាប់ត្រួតត្រា ។ និយាយម្យ៉ាងទៀតថា យើងក្លាយជា « កូនចៅក្នុងសេចក្ដីសញ្ញា » ។ ការណ៍នោះបានញែកយើងចេញពីគេ ។ ដែលប្រទានឲ្យយើងនូវសិទ្ធិទទួលបានពរជ័យដូចដែលបុព្វការីជនរបស់យើងបានទទួល រួមទាំងសិទ្ធិកូនច្បងផងដែរ ។
សិទ្ធិកូនច្បង ! ប្អូនប្រហែលជាធ្លាប់ឮពាក្យនោះ ។ យើងថែមទាំងច្រៀងទំនុកតម្កើងអំពីវាទៀតផង ៖ « ឱ! យុវវ័យថ្លៃថ្នូរអើយ ចូរបន្ត ចូរបន្ត ចូរបន្ត ! » វាជាពាក្យគួរឲ្យទាក់ទាញណាស់ ។ ប៉ុន្តែតើវាមានន័យយ៉ាងដូចម្តេច ?
នៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ ប្រសិនបើឪពុកទទួលមរណភាព កូនប្រុសច្បងដែលមានសិទ្ធិពីកំណើតរបស់គាត់នឹងទទួលខុសត្រូវក្នុងការមើលថែម្តាយ និងបងប្អូនស្រីរបស់គាត់ ។ ប្អូនប្រុសៗរបស់គាត់ទទួលមរតករបស់ពួកគេ ហើយចាកចេញដើម្បីរកអនាគតរៀងៗខ្លួននៅក្នុងពិភពលោក ប៉ុន្តែកូនប្រុសច្បងដែលមានសិទ្ធិកូនច្បងមិនបានទៅណាទេ ។ គាត់នឹងរៀបការ ហើយមានគ្រួសារផ្ទាល់ខ្លួន ប៉ុន្តែគាត់នឹងរស់នៅរហូតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់ ដើម្បីគ្រប់គ្រងសម្បត្តិរបស់ឪពុកគាត់ ។ ដោយសារតែមានការទទួលខុសត្រូវបន្ថែម នោះគាត់ត្រូវបានទទួលរង្វាស់មរតកបន្ថែមផងដែរ ។ តើវាជាការសុំច្រើនពេកមែនទេក្នុងការដឹកនាំ និងការថែទាំដល់អ្នកដទៃ ? ពុំមែននៅពេលដែលប្អូនៗពិចារណាពីមរតកបន្ថែមដែលគាត់ត្រូវបានទទួលនោះទេ ។
នៅថ្ងៃនេះ យើងមិននិយាយអំពីលំដាប់នៃសិទ្ធិកូនច្បងរបស់ប្អូនៗនៅក្នុងគ្រួសារលើផែនដី ឬតួនាទីភេទនៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់នោះទេ ។ យើងកំពុងនិយាយអំពីមរតកដែលប្អូនៗទទួលបាន ជាអ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ ដោយសារតែទំនាក់ទំនងសេចក្តីសញ្ញាដែលប្អូនៗបានជ្រើសរើសដើម្បីចូលជាមួយនឹងទ្រង់ និងព្រះវរបិតារបស់ប្អូនៗដែលគង់នៅស្ថានសួគ៌ ។ តើវាច្រើនពេកមែនទេសម្រាប់ព្រះដើម្បីរំពឹងថាប្អូនៗនឹងរស់នៅខុសពីបុត្រដទៃទៀតរបស់ទ្រង់ ដើម្បីប្អូនៗអាចដឹកនាំ និងបម្រើពួកគេឲ្យបានល្អប្រសើរជាងមុននោះ ? មិនមែននៅពេលដែលប្អូនៗពិចារណាពីពរជ័យ—ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ—ដែលប្អូនៗទទួលបាននោះទេ ។
តើសិទ្ធិកូនច្បងរបស់ប្អូនៗមានន័យថា ប្អូនល្អជាងអ្នកដទៃមែនទេ ? អត់ទេ ប៉ុន្តែវាមានន័យថា ប្អូនៗត្រូវបានរំពឹងថានឹងជួយអ្នកដទៃឲ្យកាន់តែប្រសើរឡើង ។ តើសិទ្ធិកូនច្បងរបស់ប្អូនៗមានន័យថា ប្អូនត្រូវបានជ្រើសរើសមែនទេ ? មែនហើយ ប៉ុន្តែមិនមែនត្រូវបានជ្រើសរើសដើម្បីឲ្យគ្រប់គ្រងលើអ្នកដទៃនោះទេ ប្អូនៗត្រូវបានជ្រើសរើសឲ្យបម្រើពួកគេវិញ ។ តើសិទ្ធិកូនច្បងរបស់ប្អូនគឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ព្រះមែនទេ ? មែនហើយ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាគឺជាភស្តុតាងនៃការជឿទុកចិត្តរបស់ទ្រង់ ។
វាគឺជារឿងមួយដែលត្រូវទទួលបានសេចក្តីស្រឡាញ់ និងរឿងមួយផ្សេងទៀតគឺដែលត្រូវទទួលបានការជឿទុកចិត្តទាំងស្រុង ។ នៅក្នុងសេចក្តីណែនាំ ដើម្បីកម្លាំងនៃយុវជន យើងអាន ៖ « ព្រះវរបិតាសួគ៌ដែលគង់នៅស្ថានសួគ៌របស់អ្នកទុកចិត្តលើអ្នក ។ ទ្រង់បានប្រទានពរជ័យដ៏អស្ចារ្យដល់អ្នក រួមទាំងភាពពេញលេញនៃដំណឹងល្អ និងពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ដែលចងភ្ជាប់អ្នកទៅនឹងទ្រង់ ហើយនាំព្រះចេស្តារបស់ទ្រង់មកក្នុងជីវិតរបស់អ្នក ។ ជាមួយនឹងពរជ័យទាំងនោះនឹងមានការទទួលខុសត្រូវបន្ថែម ។ ទ្រង់ជ្រាបដឹងថា អ្នកអាចធ្វើឲ្យមានភាពខុសប្លែកនៅក្នុងពិភពលោក ហើយនៅក្នុងករណីជាច្រើន ក៏តម្រូវឲ្យអ្នកធ្វើអ្វីដែលផ្សេងពីពិភពលោកនេះផងដែរ » ។
បទពិសោធន៍ជីវិតរមែងស្លាប់របស់យើងអាចប្រៀបធៀបទៅនឹងនាវាទេសចរណ៍មួយ ដែលព្រះបានបញ្ជូនបុត្រាបុត្រីទាំងអស់របស់ទ្រង់ ពេលពួកគេធ្វើដំណើរពីច្រាំងម្ខាងទៅកាន់ច្រាំងម្ខាងទៀត ។ ការធ្វើដំណើរនេះពោរពេញទៅដោយឱកាសដើម្បីរៀនសូត្រ រីកលូតលាស់ សប្បាយរីករាយ និងរីកចម្រើន ប៉ុន្តែវាក៏ពោរពេញទៅដោយគ្រោះថ្នាក់ផងដែរ ។ ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ និងមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់ពួកគេ ។ ទ្រង់មិនចង់បាត់បង់ពួកគេណាម្នាក់ឡើយ ដូច្នេះហើយ ទ្រង់អញ្ជើញអស់អ្នកទាំងឡាយណាដែលមានឆន្ទៈ ឲ្យក្លាយជាសមាជិកនៃកងនាវិករបស់ទ្រង់—នោះគឺជាប្អូនៗ » ។ ដោយសារតែជម្រើសរបស់ប្អូនៗក្នុងការធ្វើ និងរក្សាសេចក្ដីសញ្ញា នោះទ្រង់ផ្ដល់ឲ្យប្អូនៗនូវការទុកព្រះទ័យរបស់ទ្រង់ ។ ទ្រង់ទុកព្រះទ័យឲ្យប្អូនៗមានភាពខុសប្លែកពីគេ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ និងបានញែកចេញ ដោយសារកិច្ចការដ៏សំខាន់នេះ ទ្រង់ទុកព្រះទ័យលើប្អូនៗឲ្យធ្វើ ។
សូមគិតអំពីការណ៍នេះ ! ក្នុងចំណោមមនុស្សទាំងអស់នៅលើផែនដី—ព្រះទុកព្រទ័យលើប្អូនៗ ដែលជាបុត្រនៃសេចក្តីសញ្ញា—សមាជិកនៃកងនាវិករបស់ទ្រង់—ដើម្បីជួយកិច្ចការរបស់ទ្រង់ក្នុងការនាំបុត្រាបុត្រីទាំងអស់របស់ទ្រង់ទៅផ្ទះដោយសុវត្ថិភាព ។ អ៊ីចឹងបានជាពេលមួយប្រធាន ព្រីកហាំ យ៉ង់ ធ្លាប់បានមានប្រសាសន៍ថា « ទេវតាទាំងអស់នៅលើស្ថានសួគ៌កំពុងសម្លឹងមើលមនុស្សក្រុមតូចមួយនេះ » ។
នៅពេលដែលប្អូនៗមើលជុំវិញនៅលើនាវាទេសចរណ៍នេះដែលហៅថាផែនដី ប្អូនប្រហែលជាឃើញអ្នកដទៃអង្គុយនៅលើកៅអីសាឡុងផឹកស៊ី លេងល្បែងក្នុងកាស៊ីណូ ស្លៀកសម្លៀកបំពាក់ដែលខើចខ្លីពេក អូសមើលទូរសព្ទឥតឈប់ឈរ និងខ្ជះខ្ជាយពេលវេលាច្រើនពេកក្នុងការលេងហ្គេមអេឡិចត្រូនិក ។ ប៉ុន្តែជំនួសឲ្យការឆ្ងល់ថា « ហេតុអ្វីបានជា ខ្ញុំ មិនអាចធ្វើបែបនោះបាន ? » នោះប្អូនៗអាចចងចាំថា ប្អូនមិនមែនជាសមាជិកអ្នកធ្វើដំណើរធម្មតានោះទេ ។ ប្អូនគឺជាសមាជិកនៃកងនាវិក ។ ប្អូនមានទំនួលខុសត្រូវដែលអ្នកដំណើរទាំងនោះមិនមាន ។ ដូចស៊ីស្ទើរ អាឌីស ខាប បានថ្លែងថា « អ្នកមិនអាចក្លាយជា[ អ្នកសង្គ្រោះ ]ជីវិតបានឡើយ បើអ្នកមានរូបរាងដូចនឹងពួកអ្នកហែលទឹកផ្សេងទៀតដែលនៅលើឆ្នេរសមុទ្រនោះ » ។
ហើយពីមុនពេលប្អូនៗបាក់ទឹកចិត្តដោយសារកាតព្វកិច្ចបន្ថែមទាំងអស់នោះ សូមចាំថា សមាជិកកងនាវិកទទួលបានអ្វីដែលអ្នកដំណើរផ្សេងទៀតមិនទទួលបាននោះគឺ ៖ សំណង ។ អែលឌើរ នែល អិល អាន់ឌើរសិន បានមានប្រសាសន៍ថា « នោះមានអំណាចខាងវិញ្ញាណមួយដែលអាចប៉ះប៉ូវបានសម្រាប់ពួកសុចរិត » រួមទាំង « ប្រទានដល់ពួកគេនូវការធានាអះអាង ការបញ្ជាក់ និងទំនុកចិត្តកាន់តែខ្លាំងឡើង » ។ ដូចជាអ័ប្រាហាំពីបុរាណ ប្អូនៗទទួលបានសុភមង្គល និងសេចក្តីសុខសាន្ត មានភាពសុចរិត និងមានចំណេះដឹងកាន់តែច្រើន ។ សំណងរបស់ប្អូនៗមិនមែនគ្រាន់តែជាវិមានមួយនៅសា្ថនសួគ៌ និងផ្លូវក្រាលដោយមាសនោះទេ ។ វាងាយស្រួលណាស់សម្រាប់ព្រះវរបិតាសួគ៌ដើម្បីប្រទានឲ្យដល់ប្អូនៗនូវអ្វីទាំងអស់ដែលទ្រង់មាន ។ បំណងប្រាថ្នារបស់ទ្រង់ គឺដើម្បីជួយប្អូនៗឲ្យក្លាយជាអ្វីគ្រប់យ៉ាងដូចដែលទ្រង់មាន ។ ដូច្នេះ ការប្តេជ្ញាចិត្តរបស់ប្អូនៗទាមទារឲ្យប្អូនៗកាន់តែលះបង់ច្រើន ដោយសារនោះជារបៀបដែលព្រះកំពុងធ្វើឲ្យប្អូនៗឈានទៅដល់សក្តានុពលពេញលេញរបស់ប្អូនៗ ។
វាជា « រឿងច្រើនណាស់ដែលត្រូវសុំនរណាម្នាក់ឲ្យធ្វើ ប៉ុន្តែប្អូនៗមិនមែនគ្រាន់តែនរណាម្នាក់នោះទេ ! » ប្អូនគឺជាយុវវ័យថ្លៃថ្នូរ ។ ទំនាក់ទំនងនៃសេចក្តីសញ្ញារបស់ប្អូនជាមួយនឹងព្រះ និងព្រះយេស៊ូវគ្រីស្ទ គឺជាទំនាក់ទំនងនៃសេចក្តីស្រឡាញ់ និងការជឿទុកចិត្ត ដែលប្អូនៗមានលទ្ធភាពទទួលបានព្រះគុណដ៏ធំធេងរបស់ទ្រង់ទាំងទ្វេ—ជំនួយដ៏ទេវភាព អំណោយទាននៃកម្លាំង និងអំណាចរបស់ទ្រង់ទាំងទ្វេ ។ ព្រះចេស្តានោះគឺមិនមែនគ្រាន់តែជាការគិតប្រាថ្នាចង់បាន ជាព្រេងសំណាង ឬជាការព្យាករដែលបំពេញដោយខ្លួនឯងនោះទេ ។ វាគឺជា ការពិត ។
នៅពេលដែលប្អូនៗបំពេញទំនួលខុសត្រូវសិទ្ធិកូនច្បងរបស់ប្អូន នោះប្អូនៗមិនដែលនៅតែម្នាក់ឯងនោះទេ ។ ម្ចាស់ចម្ការធ្វើការជាមួយនឹងប្អូនៗ ។ ប្អូនកំពុងចាប់ដៃធ្វើការជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។ ជាមួយនឹងសេចក្តីសញ្ញាថ្មីនីមួយៗ—ហើយពេលទំនាក់ទំនងរបស់ប្អូនជាមួយនឹងទ្រង់កាន់តែជ្រាលជ្រៅ—នោះប្អូនៗកាន់តែស្អិតជាប់នឹងគ្នាកាន់តែតឹង រហូតទាល់តែប្អូនភ្ជាប់គ្នាយ៉ាងស្អិតល្មួត ។ នៅក្នុងនិមិត្តសញ្ញាដ៏ពិសិដ្ឋនៃព្រះគុណរបស់ទ្រង់ នោះប្អូនៗនឹងរកឃើញទាំងបំណងប្រាថ្នា និងកម្លាំងដើម្បីរស់នៅតាមរបៀបដែលព្រះអង្គសង្គ្រោះបានរស់នៅ—ដែលខុសពីពិភពលោករស់នៅ ។ ប្អូនៗអាចធ្វើការណ៍នេះបានដោយសារមានព្រះយេស៊ូវគ្រីស្ទគាំទ្រដល់ប្អូន !
នៅក្នុង នីហ្វៃទី២ ២:៦ យើងអាន « ហេតុដូច្នោះហើយ សេចក្ដីប្រោសលោះនឹងមកដោយ និងតាមរយៈព្រះមែស៊ីដ៏បរិសុទ្ធ ត្បិតទ្រង់ពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត » ។ ដោយសារទ្រង់ពោរពេញដោយសេចក្តីពិត ទ្រង់ទតឃើញប្អូនជាប្អូន—មានគុណវិបត្តិ ភាពទន់ខ្សោយ ការសោកស្តាយ និងអ្វីៗទាំងអស់ ។ ដោយសារទ្រង់ពោរពេញដោយព្រះគុណ នោះទ្រង់ទតឃើញប្អូនជាប្អូន ដូចដែលប្អូនអាចក្លាយទៅជា ។ ទ្រង់យល់ និងទទួលស្គាល់ប្អូនជាប្អូន ហើយជួយប្អូនឲ្យប្រែចិត្ត និងកែលម្អ យកឈ្នះ និងក្លាយទៅជា ។
« ឱ! យុវវ័យថ្លៃថ្នូរអើយ ចូរបន្ត ចូរបន្ត ចូរបន្ត ! » ខ្ញុំធ្វើទីបន្ទាល់ថា ប្អូនៗត្រូវបានគេស្រឡាញ់—ហើយប្អូនត្រូវបានគេជឿទុកចិត្ត—នៅថ្ងៃនេះ នៅពេល២០ឆ្នាំទៀត និងជារៀងរហូត ។ សូមកុំលក់អំណាចមរតករបស់បងច្បងរបស់ប្អូនៗសម្រាប់តែសំឡតិចតួចនោះអី ។ សូមកុំដោះដូរអ្វីដែលមានតម្លៃជាទីបំផុតទៅយកអ្វីដែលគ្មានតម្លៃពិតប្រាកដនោះអី ។ សូមកុំឲ្យពិភពលោកនេះផ្លាស់ប្តូរប្អូនៗឲ្យសោះ ខណៈដែលប្អូនៗកើតមកគឺដើម្បីផ្លាស់ប្តូរពិភពលោកនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។