ភាពខ្លួនទីពឹងខ្លួន
១០ ៖ រៀន


« ការផ្តល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​ខ្ញុំ ៖ រៀន » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការផ្តល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​ខ្ញុំ ៖ រៀន »

រៀន

ម៉ោង​ជា​អតិបរមា ៖ ៦០ នាទី

១. តើ​ខ្ញុំ​មាន​សាច់​ប្រាក់​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

អាន ៖

យើង​បាន​រៀន​ថា ម្ចាស់​អាជីវកម្ម​ជោគជ័យ​ធ្វើការ​ដើម្បី​បង្កើត​វដ្ត​លំហូរ​សាច់​ប្រាក់​វិជ្ជមាន ។ តាមរយៈការដាក់ផែនការ​ដោយ​យកចិត្ត​ទុកដាក់ និង​ព្យាយាម​តស៊ូ នោះ​ពួកគេ​មាន​សាច់​ប្រាក់​គ្រប់គ្រាន់​ដើម្បី​រក្សា និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ។ ពួកគេ​ដឹង​អំពី​តួនាទី​នៃ​សាច់​ប្រាក់​បច្ចុប្បន្ន​របស់​ខ្លួន ហើយ​ពួកគេ​ធ្វើ​បច្ចុប្បន្នភាព​ការប៉ាន់​ប្រមាណ​ទុក​នៃ​លំហូរ​សាច់​ប្រាក់​របស់​ពួកគេ​ជា​ទៀងទាត់ ។ ពួកគេ « ឃើញ​ថា…​ការណ៍​ទាំង​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ប្រាជ្ញា និង​របៀបរៀបរយ » ( ម៉ូសាយ ៤:២៧ ) ។

ក្រៅពី​នេះ​ទៀត ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ស្វែងរក​ការផ្តល់​ហិរញ្ញវត្ថុ​ដើម្បី​បន្ត​ឱកាស​រីក​ចម្រើន​ដូចអស់​អ្នក​ដែល​យើង​បាន​រៀន​នៅក្នុង ជំពូក​ទី ៩ ។ ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​ស្វែងរក​ការផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​របស់​អ្នក ដំបូង​អ្នក​ត្រូវ​មាន​ការយល់ដឹងឲ្យ​លម្អិត​អំពី​លំហូរ​សាច់ប្រាក់​អាជីវកម្ម​របស់​អ្នក​សិន ជាពិសេស​សាច់​ប្រាក់​ដែល​អាជីវកម្ម​របស់​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន និង​ការប៉ាន់​ប្រមាណ​ទុក​ដើម្បី​ប្រើប្រាស់ ។​ វា​ចាំបាច់​សម្រាប់​អ្នក​ដើម្បី​ធានា​ថា អាជីវកម្ម​របស់​អ្នក​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ដើម្បី​បន្ត​ប្រតិបត្តិការ ដោះស្រាយ​ស្ថានភាព​ដែល​ពុំ​បាន​រំពឹង​ទុក និង​ពង្រីក​អាជីវកម្ម​ស្រប​ទៅតាម​គោលដៅ​របស់​អ្នក ។

២. តើ​ការ​ខ្ចី​ប្រាក់​ជា​រឿង​ល្អ ឬ​អាក្រក់ ?

អាន ៖

បំណុល​ផ្ទាល់ខ្លួន និង​បំណុល​អាជីវកម្ម​គឺ​ផ្សេង​គ្នា ។ ជារឿយៗ ប្រាក់​កម្ចី​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ប្រើ​ដើម្បី​ចំណាយ​ច្រើនជាង​លទ្ធភាព​ដែល​យើង​អាច​បង់​សងវិញ​ ។ ប្រាក់​កម្ចី​អាជីវកម្ម​គួរ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ឲ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​យើង​មាន​លទ្ធភាព​បង្កើត ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ទូន្មាន​យើង​ឲ្យ​ចៀសវាង​ពី​បំណុល​ផ្ទាល់ខ្លួន ។ ដូច​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បាន​មាន​ប្រសាសន៍​ថា ៖ « បំណុល​ខ្លះ—ដូចជា​សម្រាប់​ទិញ​ផ្ទះ​ធំល្មម​មួយ ចំណាយ​សម្រាប់​ការអប់រំ ប្រហែល​ជា​ការចាំបាច់​ទិញ​ឡាន​ដំបូង​មួយ—អាច​ជា​បំណុល​ដ៏​ចាំបាច់ ។ ប៉ុន្តែ​យើង​ពុំ​គួរ​ធ្លាក់​ចូល​ទៅក្នុង​ទាសភាព​នៃ​ហិរញ្ញវត្ថុ តាមរយៈ​ការប្រើប្រាស់​បំណុល​ដោយ​ពុំបាន​គិត​ថ្លឹងថ្លែង​ដោយ​យកចិត្ត​ទុកដាក់​ឡើយ » ( « Earthly Debts, Heavenly Debts » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៤១ ) ។

ពិភាក្សា ៖

សូម​គិត​អំពី​នរណា​ម្នាក់​ដែលអ្នកស្គាល់​ដែល​បាន​ខ្ចី​ប្រាក់​សម្រាប់​ការប្រើប្រាស់​ផ្ទាល់​ខ្លួន ។ តើ​ការធ្វើ​បែប​នេះ​ជួយ​ពួកគេ ឬ​បំផ្លាញ​ពួកគេ ?

អាន ៖

យើង​គួរតែ​ប្រុងប្រយ័ត្ន​ នៅពេល​ពិចារណា​អំពី​បំណុល​អាជីវកម្ម ។ ប៉ុន្តែ​នៅពេល​ចាត់ចែង​ដោយ​ឈ្លាសវៃ « បំណុល​អាជីវកម្ម​ហាក់ដូចជា​ធាតុ​មួយ​នៃ​ការរីកចម្រើន » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ២៧២ ) ។

អាជីវកម្ម​ស្ទើរតែ​ទាំងអស់​តម្រូវ​ឲ្យ​មាន​ទុន ឬ​ប្រាក់​បន្ថែម​ដើម្បី​រីកចម្រើន ។ ជាទូទៅ ម្ចាស់​អាជីវកម្ម​ទទួល​ទុន​បន្ថែម​តាមរយៈ​ការសន្សំ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ឬ​តាមរយៈ​បំណុល​ហិរញ្ញវត្ថុ ឬ​ហិរញ្ញវត្ថុ​ភាគហ៊ុន ( មូលធន​ផ្ទាល់ ) ។ បំណុល​ហិរញ្ញវត្ថុ មានន័យ​ថា ការទទួល​យក​កម្ចី​អាជីវកម្ម ហើយ​ក្រោយ​មក​បង់​សង​វា​វិញ​ជាមួយ​នឹង​ការប្រាក់ ។ ហិរញ្ញវត្ថុ​ភាគហ៊ុន ( មូលធន​ផ្ទាល់ ) មាន​ន័យ​ថា ទទួល​បាន​ប្រាក់​ជា​ថ្នូរ​នឹង​ការលក់​ចំណែក​ភាព​ជា​ម្ចាស់​ក្រុមហ៊ុន ។

យូរៗ​ម្តង ម្ចាស់​អាជីវកម្ម​ទទួល​ប្រាក់​អនុប្បទាន​ពី​រដ្ឋាភិបាល ឬ​ប្រាក់​មក​ពី​ប្រភព​ផ្សេង​ទៀត ។ ជាទូទៅ មូលនិធិ​ទាំង​នេះ​ពុំ​តម្រូវ​ឲ្យ​បង់សង​វិញ​ឡើយ ។

៣. ជម្រើស​នៃ​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​ខ្ញុំ

អាន ៖

ម្ចាស់​អាជីវកម្ម​ជោគជ័យ​មាន​ការគិតគូរ និង​ច្នៃប្រឌិត​នៅក្នុងការបង្កើន​មូលនិធិ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ពង្រីកអាជីវកម្ម​របស់​ខ្លួន ។ មាន​មធ្យោបាយ​ជាច្រើន​ដែល​អ្នក​អាច​ទទួល​បាន​មូលនិធិ​ដែល​អ្នក​ត្រូវការ ។ វគ្គ​នេះ​បែង​ចែក​របៀប​ទាំង​នោះ​ជា​បី​ផ្នែក ៖ ផ្នែក​ទី ១ រកមើល​មូលនិធី​ដែល​ជារឿយៗ​ត្រូវបាន​ប្រើ​មុន ដូចជា​ប្រាក់​សន្សំ​ផ្ទាល់​ខ្លួន ។ ផ្នែក​ទី ២ ស្វែងរក​ធនធាន​បំណុល​ហិរញ្ញវត្ថុ​ផ្សេង ។ ផ្នែក​ទី ៣ សង្ខេប​ជម្រើស​ហិរញ្ញវត្ថុ​ដែល​ពុំ​សូវ​មាន​ជាទូទៅ ដែល​អាច​អនុវត្ត​ចំពោះម្ចាស់​អាជីវកម្ម​មួយ​ចំនួន ។​

ផ្នែក​ទី ១ ៖ ធនធាន​ហិរញ្ញវត្ថុ​ទូទៅ

អាន ៖

ម្ចាស់​អាជីវកម្ម​ភាគច្រើន​ចាប់ផ្តើម​ផ្តល់​ហិរញ្ញវត្ថុ​អាជីវកម្ម​របស់​ពួកគេ​ឲ្យ​រីកចម្រើន តាមរយៈ​ការពឹងផ្អែក​លើ​ប្រាក់​សន្សំ​របស់​ខ្លួន​ពួកគេ​ផ្ទាល់ តាមរយៈ​ធ្វើការតែ​ឯង ( ធ្វើកិច្ចការ​ដោយ​ខ្លួន​ពួកគេ ហើយ​ពុំ​ពឹងផ្អែក​លើ​ជំនួយ​ពី​ខាង​ក្រៅ ) និង​តាមរយៈ​ការទទួល​បាន​កម្ចី ឬការវិនិយោគ​ប្រាក់​មក​ពី​សមាជិកគ្រួសារ ឬ​មិត្តភក្តិស្និទ្ធស្នាល ។ ជម្រើស​ទាំងនេះ​អនុញ្ញាត​ឲ្យ​យើង​ធ្វើការសម្រេច​ចិត្ត​លឿន និង​អាច​បត់បែន​បាន​ក្នុងការ​ចាត់​ចែង​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​រីកចម្រើន ។

ផ្នែក​ទី ២ ៖ ធនធាន​បំណុល​ហិរញ្ញវត្ថុ

អាន ៖

ក្រៅពី​ការប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន នោះ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ស្វែងរក​មូលនិធិ​តាមរយៈ​ការខ្ចី​ប្រាក់ ឬ​បំណុល​ហិរញ្ញវត្ថុ​ ។ សំណួរ​ខាង​ក្រោម​អាច​ជួយ​ដឹកនាំ​ការសម្រេច​ចិត្ត​ដើម្បី​ខ្ចី​ប្រាក់ ៖

  • តើ​ខ្ញុំ​កំពុង​ខ្ចី​ប្រាក់​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ មិនមែន​សម្រាប់​ហេតុផល​ផ្ទាល់​ខ្លួន​ឬ​ទេ ?

  • តើ​ខ្ញុំ​កំពុង​ខ្ចី​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម​ដែល​ទីបំផុត​ពុំ​អាច​ទ្រទ្រង់​ដែរ​ឬ​ទេ ?

  • តើ​ពេលវេលា​នេះ​ត្រឹមត្រូវ​ដើម្បី​ទទួល​ការប្រថុយ​ប្រថាន​នេះ​ឬ​ទេ ?

  • តើ​ខ្ញុំ​សុខចិត្ត​ទទួល​យក​លក្ខខណ្ឌ​នៃ​ប្រាក់​កម្ចី​ដែល​ខ្ញុំ​នឹង​ទទួល​ឬ​ទេ ?

  • តើ​ខ្ញុំ​កំពុង​ខ្ចី​ប្រាក់​ក្នុង​ចំនួន​ត្រឹមត្រូវ​ឬ​ទេ ?

  • តើ​ខ្ញុំ​នឹង​អាច​បង់​ប្រាក់​សង​បំណុល និង​រក្សា​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្ញុំ​ ដោយ​មាន​ភាពប្រថុយ​ប្រថាន​តិចតួច​ដើម្បី​មាន​លំហូរ​សាច់​ប្រាក់​វិជ្ជមាន​ដែរ​ឬ​ទេ ?

ពិភាក្សា ៖

សូម​ស្រមៃ​ថា អ្នក​កំពុង​ពិចារណា​អំពី​ការខ្ចី​ប្រាក់​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ សូម​ពិភាក្សាជាក្រុម​អំពី​របៀប​ដែល​សំណួរ​ពីមុនៗ​អាច​ជួយ​អ្នក​ជាមួយ​នឹង​ការសម្រេច​ចិត្ត​នេះ ៖

អាន ៖

កាត​ឥណទាន​គឺជា​ធនធាន​ទូទៅ​បំផុត​មួយ​នៃ​បំណុល​អាជីវកម្ម ប៉ុន្តែ​វា​មាន​អត្រា​ការប្រាក់ខ្ពស់ ។ បន្ទាត់​នៃ​ឥណទាន​គឺជា​ជម្រើស​ដែល​អាច​បត់បែន ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​គ្រប់គ្រង​តម្រូវការ​លំហូរ​សាច់​ប្រាក់​ឡើង​ចុះ​របស់​ពួកគេ ។ ប្រាក់​កម្ចី​ធនាគារ ប្រាក់​កម្ចី​មីក្រូហិរញ្ញវត្ថុ និង​កម្ចី​ប្រាក់​ពី​មនុស្ស​តាម​អ៊ិនធើរណែត​ក៏​ជា​ជម្រើស និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ប៉ុន្តែ​ជាទូទៅ​កម្ចី​ទាំង​នោះ​តម្រូវ​ឲ្យ​មាន​ដំណើរការ​អនុវត្ត​ហ្មត់ចត់ ។

ផ្នែក​ទី ៣ ៖ ធនធាន​ហិរញ្ញវត្ថុ​ដែល​កម្រ​មាន

អាន ៖

យូរៗ​ម្តង​ម្ចាស់​អាជីវកម្ម​អាច​រកឃើញ​ជម្រើស​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ដូច​បង្ហាញ​នៅក្នុង​តារាង​ខាង​ក្រោម​នេះ ។ ជម្រើស​ទាំង​នេះផ្សេងៗ​ពី​គ្នា​អាស្រ័យ​ទៅលើ​ឧស្សាហកម្ម និង​ប្រភេទ​នៃ​ឱកាស​អាជីវកម្ម ។ វា​ពុំ​សូវ​មាន​ជា​ទូទៅ​សម្រាប់​ម្ចាស់អាជីវកម្ម​តូចតាច​ភាគ​ច្រើន​ឡើយ ។

៤. ការស្រាវជ្រាវ​អំពី​ជម្រើស​នៃ​ការផ្តល់​ហិរញ្ញវត្ថុ

អាន ៖

ការស្វែងរក​ធនធាន​ហិរញ្ញវត្ថុ​ល្អបំផុត​សម្រាប់​អាជីវកម្ម​របស់​អ្នក​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​ជាប់លាប់ ។ ធនធាន​ហិរញ្ញវត្ថុ​មាន​លក្ខខណ្ឌ​ខុសគ្នា​ច្រើន​តាម​ទីតាំង ដូច្នេះ​វា​សំខាន់​ដើម្បី​និយាយ​ជាមួយ​មនុស្ស​ដែល​អ្នក​ទុកចិត្ត​នៅក្នុង​បណ្តាញ​ផ្ទាល់​ខ្លួន និង​សហគមន៍ ។ ធនធាន​នៅតាម​អ៊ិនធើរណែត រដ្ឋាភិបាល និង​សហគមន៍​ទំនង​ជា​អាច​ជួយ​ក្នុងការ​ស្រាវជ្រាវ​របស់​អ្នក ។

ពិភាក្សា ៖

  • តើ​អង្គការ​ក្នុង​មូលដ្ឋាន ឬ​ថ្នាក់​ជាតិ​អ្វី​ខ្លះ ដែល​អាច​ផ្តល់​ការណែនាំ ឬ​ធនធាន​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម ?

  • តើ​មាន​ធនធាន​តាម​អ៊ិនធើរណែត​អ្វី​ខ្លះ ដែល​អាច​ផ្តល់​ការណែនាំ​ហិរញ្ញវត្ថុ​អាជីវកម្ម ?

៥. សេចក្តីទៀងត្រង់​នៅក្នុង​ទំនាក់ទំនង​ផ្នែក​ហិរញ្ញវត្ថុ

អាន ៖

មាត្រា​ដប់បី​នៃ​សេចក្ដីជំនឿចែង​ថា យើង​ខ្ញុំ​ជឿ​លើ​ការប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ។ ទំនាក់ទំនង​ហិរញ្ញវត្ថុ​គឺ​ផ្អែក​ទៅលើ​ទំនុកចិត្ត និង​ភាព​ទៀងត្រង់​ផ្ទាល់​ខ្លួន ។ ការប្រព្រឹត្ត​ដោយ​ទៀងត្រង់​មាន​ន័យ​ថា យើង​បំពេញតាម​ការព្រមព្រៀង​របស់​យើង ហើយ​ចៀសវាង​ពី​ការ​បោក​ប្រាស់ ។

ប្រសិនបើ​យើង​ខ្ចី​ប្រាក់ នោះ​យើង​គួរតែ​ប្រាកដ​ថា​យើង​បង់​សង​វា​វិញ ។ ដូច​ព្រះអម្ចាស់​រំឭក​យើង​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដូច្នេះ​ថា « បើ​សិន​ជា​អ្នក​ខ្ចី​អ្វី​ពី​អ្នក​ជិត​ខាង​របស់​ខ្លួន នោះ​អ្នក​ត្រូវ​សង​នូវ​អ្វី​ដែល​អ្នក​បាន​ខ្ចី​នោះ​វិញ » ( គ.&និង ស. ១៣៦:២៥ ) ។

ប្រសិនបើ​យើង​ទទួល​ប្រាក់​សម្រាប់​អាជីវកម្ម​របស់យើង​តាមរយៈប្រាក់​កម្ចី មក​ពី​អ្នក​វិនិយោគទុន ឬ​តាមរយៈ​ប្រាក់​អនុប្បទាន នោះ​យើង​គួរតែ​ប្រើ​ប្រាក់​នោះ​ក្នុង​គោលបំណង​ដែល​វា​ត្រូវបាន​ផ្តល់​ឲ្យ ពុំមែន​ក្នុង​គោលបំណង​ផ្សេង​ឡើយ ។ នៅពេល​បុគ្គល​ម្នាក់ៗ ឬ​អង្គការ​ផ្តល់​ប្រាក់​ដល់​អាជីវកម្មរបស់​យើង នោះ​ពួកគេ​គួរតែ​អាច​ទុកចិត្ត​បាន​ថា យើង​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​របស់​យើង ។

យើង​ត្រូវបាន​ទូន្មាន​ថា ឲ្យ​ចៀសវាង​ពី​ការរៀបចំ​ហិរញ្ញវត្ថុ​ដែល​យើង​ពុំ​យល់ ដែល​មើលទៅ​ហាក់ដូច​ជា​ចំណេញ​ច្រើន​ពេក ដែល​បង្ហាញ​ទំនាស់​អត្ថប្រយោជន៍ ឬ​ដាក់​យើង​នៅក្នុង​ស្ថានភាព​ដែល​មាន​ចម្ងល់ ឬ​គ្មាន​ច្បាប់​ទម្លាប់​ជាតិពន្ធ ។

ពិភាក្សា ៖

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការមាន​ភាព​ទៀងត្រង់​នៅក្នុង​បញ្ហា​ហិរញ្ញវត្ថុ និង​ចៀសវាង​អំពី​ការបោកប្រាស់ ?