« ការដោះស្រាយតម្រូវការរបស់អតិថិជនដែលពុំបានបំពេញ ៖ រៀន » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ ) « ការដោះស្រាយតម្រូវការរបស់អតិថិជនដែលពុំបានបំពេញ ៖ រៀន » រៀន ម៉ោងជាអតិបរមា ៖ ៧០ នាទី ១. ហេតុអ្វីមនុស្សទិញ ? មើល ៖ « Why Do People Buy ? » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានអត្ថបទវីដេអូនៅចុងវគ្គនេះ ) ។ ពិភាក្សា ៖ តើអ្នកបានរៀនអ្វីខ្លះពីវីដេអូនេះអំពីមូលហេតុដែលមនុស្សទិញ ? ២. រៀនអំពីរបៀបបំពេញ និងស្វែងរកតម្រូវការរបស់អតិថិជន អាន ៖ ម្ចាស់អាជីវកម្មជោគជ័យព្យាយាមយល់ និងបំពេញតាមតម្រូវការរបស់អតិថិជនដែលពុំបានបំពេញ ។ ការយល់អំពីតម្រូវការអតិថិជនគឺជាដំណើរបន្តបន្ទាប់មក ដែលតម្រូវឲ្យមានការខិតខំ ពេលវេលា និងការព្យាយាមតស៊ូយ៉ាងខ្លាំង ។ តម្រូវការនៃអតិថិជនរបស់អ្នកនឹងផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ដូច្នេះអ្នកត្រូវតែបន្តកែតម្រូវអាជីវកម្មរបស់អ្នកដើម្បីបំពេញតម្រូវការទាំងនោះ ។ នេះគឺជាការពិត មិនថាអ្នកកំពុងពិចារណាអំពីឱកាសអាជីវកម្មថ្មី ឬគ្រប់គ្រងអាជីវកម្មដែលមាននោះទេ ។ វគ្គនេះនឹងជួយអ្នកឲ្យរៀនអំពីរបៀបស្វែងរកតម្រូវការផ្សេងៗដែលអតិថិជនរបស់អ្នកអាចមាន ។ អាន ៖ ដើម្បីទទួលបានឱកាសអាជីវកម្មដែលសម្រេចបាន នោះអ្នកត្រូវបំពេញតម្រូវការ ឬដោះស្រាយបញ្ហាដែលមនុស្សមានឆន្ទៈដើម្បីបង់ថ្លៃ ។ ដើម្បីកំណត់ថា តើមនុស្សមានឆន្ទៈបង់ថ្លៃសម្រាប់សេវាកម្ម ឬផលិតផលរបស់អ្នក នោះអ្នកត្រូវនិយាយជាមួយពួកគេអំពីវា ។ តាមរយៈការនិយាយជាមួយអ្នកដែលអាចក្លាយជាអតិថិជន នោះអ្នកដឹងអំពីតម្រូវការសម្រាប់សេវាកម្ម ឬផលិតផលរបស់អ្នក ហើយឃើញថា តើវាគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ការលក់ ដែលអ្នកត្រូវការសម្រាប់ឲ្យអាជីវកម្មរបស់អ្នកទទួលជោគជ័យឬទេ ។ មិតិកែលម្អរបស់អតិថិជនក៏អាចជួយកែតម្រូវគំនិតនៃអាជីវកម្មរបស់អ្នកផងដែរ ។ សូមចាប់ផ្តើមសាកល្បងគំនិតអាជីវកម្មរបស់អ្នកជាមួយអតិថិជនដំបូង—ពីមុនអ្នកវិនិយោគពេលវេលា ឬប្រាក់ច្រើន—ដើម្បីដឹងថា តើមានទីផ្សារសម្រាប់វាដែរឬអត់ ។ ម្ចាស់អាជីវកម្មភាគច្រើនត្រូវកែសម្រួល និងកែតម្រូវគំនិត និងព័ត៌មានលម្អិតរបស់ពួកគេ ដែលបង្កប់នៅក្នុងអាជីវកម្មរបស់ពួកគេជាច្រើនដង ពីមុនពួកគេរកឃើញការផ្តល់ជូនត្រឹមត្រូវ ដែលផ្តល់សក្តានុពលដើម្បីទទួលជោគជ័យ ។ ប្រសិនបើមនុស្សគ្មានចំណាប់អារម្មណ៍ខ្លាំងលើសេវាកម្ម ឬផលិតផលរបស់អ្នក ហើយគ្មានឆន្ទៈបង់ថ្លៃឲ្យវា ទោះបីបន្ទាប់ពីអ្នកកែតម្រូវវាហើយក្តី ក៏អ្នកត្រូវចាប់ផ្តើមលើគំនិតថ្មីមួយផ្សេងទៀតដែរ ។ សូមកុំបន្តវិនិយោគលើគំនិតដែលគ្មានសក្តានុពលខ្លាំងទៅរកជោគជ័យឡើយ ។ លើសពីការនិយាយជាមួយអ្នកដែលអាចក្លាយជាអតិថិជន ដើម្បីវាយតម្លៃគំនិតអាជីវកម្មរបស់អ្នក នោះអ្នកត្រូវធ្វើការស្រាវជ្រាវផ្សេងទៀត ។ ព្រះអម្ចាស់បានទូន្មានថា « សិក្សាក្នុងគំនិតរបស់អ្នក » ( គ.&និង ស. ៩:៨ ) ។ ប្រសិនបើមនុស្សមានឆន្ទៈបង់ថ្លៃសម្រាប់សេវាកម្ម ឬផលិតផលរបស់អ្នក នោះវាគឺជាការចាប់ផ្តើមដ៏ល្អ ប៉ុន្តែអ្នកត្រូវបន្តសាកល្បង និងកែតម្រូវគំនិតរបស់អ្នក ។ សូមសិក្សាអ្វីៗដែលដៃគូប្រកួតប្រជែងរបស់អ្នកកំពុងធ្វើ ។ សូមស្រាវជ្រាវព័ត៌មានតាមអ៊ិនធើរណែត និងអានការចេញផ្សាយនានាពីផ្នែកឧស្សាហកម្ម ។ សូមនិយាយជាមួយអ្នកជំនាញ ដែលដឹងអំពីប្រភេទអាជីវកម្មដែលអ្នកកំពុងពិចារណានោះ ។ កិច្ចខិតខំនេះនឹងជួយអ្នកឲ្យយល់ពីបរិយាកាសអាជីវកម្ម និងពិចារណាពីភាពប្រថុយប្រថាន និងឱកាសដែលអាចមាន ។ កិច្ចខិតខំនេះក៏នឹងជួយអ្នកឲ្យអភិវឌ្ឍ និងកែតម្រូវគំនិតអាជីវកម្មរបស់អ្នកដោយផ្អែកលើសេចក្តីពិត ចំណេះដឹង និងទន្និន័យផងដែរ ។ ៣. ការសង្កេត និងការទាញយកប្រយោជន៍ពីការផ្លាស់ប្តូរ អាន ៖ ការផ្លាស់ប្តូរទាំងអស់គឺនៅជុំវិញយើង ហើយបើកផ្លូវដល់យើងជានិច្ច ។ មនុស្សជាច្រើនខ្លាចការផ្លាស់ប្តូរ ។ ប៉ុន្តែម្ចាស់អាជីវកម្មជោគជ័យស្វាគមន៍ការផ្លាស់ប្តូរ ដោយសារវាធ្វើឲ្យពួកគេដោះស្រាយតម្រូវការដែលពុំបានបំពេញ និងបញ្ហានានា ។ ពួកគេសង្កេតមើល និងរៀបចំទុកជាមុនជានិច្ចសម្រាប់ការផ្លាស់ប្តូរ និងនិន្នាការនានា ។ ពួកគេធ្វើសកម្មភាពតាមឱកាសទាំងនេះយ៉ាងលឿន ។ ការផ្លាស់ប្តូរមួយចំនួនដែលម្ចាស់អាជីវកម្មខ្វល់ខ្វយនោះរួមមាន ៖ ការផ្លាស់ប្ដូរផ្នែកភូមិសាស្ត្រ ។ វាគឺជាការផ្លាស់ប្តូរនៅក្នុងប្រជាជនដោយផ្អែកទៅលើភេទ អាយុ ពូជសាសន៍ ជាតិពន្ធ សាសនា ភាសា ប្រាក់ចំណូល ការអប់រំ និងកត្តាដទៃទៀត ។ ការផ្លាស់ប្តូរខាងបទបញ្ជា ឬតម្រូវការមកពីរដ្ឋាភិបាល ។ ចំណុចទាំងនេះជាលទ្ធផលមកពីច្បាប់ បទបញ្ជា ឬការបង្គាប់មកពីរដ្ឋាភិបាល ឬអាជ្ញាធរមានអំណាចដទៃទៀត ។ ការផ្លាស់ប្ដូរផ្នែកបច្ចេកវិទ្យា ។ ទាំងនេះគឺជាការផ្លាស់ប្តូរ ឬការច្នៃប្រឌិតដែលកែលម្អប្រសិទ្ធភាពឲ្យកាន់តែប្រសើរឡើង ឬសម្រេចឲ្យបានអត្ថប្រយោជន៍ផ្សេងទៀត ។ ការផ្លាស់ប្ដូរផ្នែកវប្បធម៌ ។ ទាំងនេះគឺជាការផ្លាស់ប្តូរខាងតម្លៃ ទំនៀមទម្លាប់ និងជំនឿជាក្រុមដែលជះឥទ្ធិពលដល់អាកប្បកិរិយា ។ ៤. ការរកឃើញចំណង់ចំណូលចិត្ត និងការឈានទៅប្រើប្រាស់បទពិសោធន៍របស់ខ្ញុំ អាន ៖ យើងទាំងអស់គ្នាត្រូវបានប្រទានអំណោយទានមកពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ( សូមមើល គ.&និង ស. ៤៦:១១ ) ។ ជារឿយៗ ម្ចាស់អាជីវកម្មជោគជ័យតោងយកអាជីវកម្មដែលស្របទៅតាមអំណោយទាន ទេពកោសល្យ ចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ពួកគេ ។ ជាទូទៅ ចំណាប់អារម្មណ៍ចម្បងរបស់ពួកគេពុំមែនទៅលើប្រាក់នោះទេ ផ្ទុយទៅវិញ វាគឺជាការដោះស្រាយបញ្ហា ឬបំពេញតម្រូវការដែលពួកគេខ្វាយខ្វល់យ៉ាងខ្លាំង ។ ជារឿយៗ ម្ចាស់អាជីវកម្មទាំងនេះចំណាយពេលវេលាទំនេររបស់ពួកគេដើម្បីគិតអំពីអាជីវកម្មរបស់ខ្លួន ដោយសារពួកគេខ្វល់យ៉ាងខ្លាំងអំពីការផ្លាស់ប្តូរវិជ្ជមាន ។ ស្មារតីនៃគោលបំណងនេះផ្តល់ការតាំងចិត្តចំពោះគុណភាព និងភាពល្អប្រពៃជាមួយអាជីវកម្ម—ហើយព្យាយាមតស៊ូ និងជំរុញចិត្តអំឡុងគ្រាលំបាកនានា ។ ជារឿយៗ ម្ចាស់អាជីវកម្មជោគជ័យមានបទពិសោធន៍ធ្វើការនៅក្នុងឧស្សាហកម្មនៃអាជីវកម្មរបស់ពួកគេ ធ្វើការនៅក្នុងឧស្សាហកម្មដែលទាក់ទង ឬប្រើប្រាស់សេវាកម្ម ឬផលិតផលនៃឧស្សហកម្មនោះ ។ ជារឿយៗ បទពិសោធន៍នេះផ្តល់ចំណេះដឹងអំពីការប្រកួតប្រជែង គុណតម្លៃនៃទំនាក់ទំនង និងការដឹងអំពីបញ្ហារបស់អតិថិជន និងតម្រូវការដែលពុំបានបំពេញដល់ម្ចាស់អាជីវកម្ម ។ មើល ៖ « Unmet Needs » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានអត្ថបទវីដេអូនៅចុងវគ្គនេះ ) ។ ៥. តើឱកាសអាជីវកម្មរបស់ខ្ញុំមានអត្ថប្រយោជន៍នៃការប្រកួតប្រជែងដែរឬទេ ? អាន ៖ អាជីវកម្មទាំងអស់មានដៃគូប្រកួតប្រជែង ដូច្នេះអាជីវកម្មរបស់អ្នកត្រូវតែមានអត្ថប្រយោជន៍នៃការប្រកួតប្រជែង ដើម្បីទទួលបានប្រាក់ចំណេញ និងរក្សាអតិថិជន ។ ដើម្បីមានអត្ថប្រយោជន៍នៃការប្រកួតប្រជែងមួយ អាជីវកម្មរបស់អ្នកត្រូវតែខុសប្លែក ឬប្រសើរជាងដៃគូប្រកួតប្រជែងរបស់អ្នក ។ ជារឿយៗ អត្ថប្រយោជន៍នៃការប្រកួតប្រជែងផ្តល់ជារនាំងមួយដើម្បីចូល ដែលធ្វើឲ្យដៃគូប្រកួតប្រជែងពិបាកថតចម្លងសេវាកម្ម ឬផលិតផលរបស់អ្នក ។ មើល ៖ « Competitive Advantage » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានអត្ថបទវីដេអូនៅចុងវគ្គនេះ ) ។ ពិភាក្សា ៖ តើអ្នកបានរៀនអ្វីខ្លះពីវីដេអូនេះអំពីរបៀបដើម្បីរកមើលអត្ថប្រយោជន៍នៃការប្រកួតប្រជែងដែលអ្នកអាចមាន ? អាន ៖ ម្ចាស់អាជីវកម្មដូចតទៅនេះ បានបង្កើតអាជីវកម្មរបស់ពួកគេជុំវិញអត្ថប្រយោជន៍នៃការប្រកួតប្រជែងចំនួនបីផ្សេងៗគ្នា ។ ពិភាក្សា ៖ តើអត្ថប្រយោជន៍នៃការប្រកួតប្រជែងបែបណាដែលអ្នកបានសង្កេតឃើញនៅក្នុងអាជីវកម្មក្នុងមូលដ្ឋាននោះ ?