សូមជ្រើសរើសសមាជិកក្រុមបីនាក់ឲ្យអានអត្ថបទវីដេអូខាងក្រោមនេះ ៖
សាហ្គី ៖ សួស្តី ខ្ញុំឈ្មោះ សាហ្គី ។ ហើយខ្ញុំកំពុងគិតពីការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនខ្ញុំ ដូច្នេះខ្ញុំបានគិតថា ខ្ញុំចង់ស៊ើបអង្កេត ហើយស្វែងយល់ពីអ្វីដែលមនុស្សដទៃកំពុងធ្វើ ។ នោះជារបៀបដែលខ្ញុំបានជួបគូស្វាមីភរិយានេះគឺ អ័រម៉ា និងអែនណា ។ តើបងប្រុសបងស្រីមានអាជីវកម្មអ្វីដែរ ?
អ័រម៉ា ៖ មែនហើយ យើងបានចាប់ផ្តើមអាជីវកម្មប្តូរប្រេងរថយន្តជិតមួយឆ្នាំហើយ ។
អែនណា ៖ យើងរវល់លើកទូរសព្ទខ្លាំងណាស់ ។
អ័រម៉ា ៖ ជាទូទៅ អ្នកលក់ឡានគិតថ្លៃ ២៩.៩៥ ដុល្លារសម្រាប់ការប្តូរប្រេង ។ យើងបានគិត ប្រសិនបើយើងគិតថ្លៃតិចជាងពួកគេបន្តិច នោះយើងអាចទទួលបានអាជីវកម្មពួកគេច្រើន ។
អែនណា ៖ ហើយយើងបានទៅជួបអតិថិជនយើង ។ ពួកគេពុំចាំបាច់អង្គុយរង់ចាំនៅក្នុងបន្ទប់ដែលមានក្លិនស្អុយអានទស្សនាវដ្តីចាស់ៗឡើយ ។ យើងទៅដល់កន្លែងធ្វើការពួកគេ ឬកន្លែងដែលឡានពួកគេនៅ ។
សាហ្គី ៖ អស្ចារ្យណាស់ វាងាយស្រួលមែន ។ អ្នកគ្មានហាងទេ ដូច្នេះមិនចាំបាច់ចំណាយថ្លៃហាងឡើយ ។ តើអ្នករកប្រាក់បានច្រើនដែរឬទេ ?
អ័រម៉ា ៖ យើងបង់ថ្លៃឲ្យខ្លួនឯងតិចតួច ហើយយើងទទួលបានប្រាក់ចំណេញពី ៣% ទៅ ៤% ពីការងារនីមួយៗ ។
អែនណា ៖ យើងបានគិតពីការបន្ថែមសេវាកម្មផ្សេងទៀតដូចជា ជួសជុលកញ្ចក់រថយន្ត និងប្តូរប្រដាប់ជូតកញ្ចក់—ជាដើម ។
អ័រម៉ា ៖ យើងគ្មានកន្លែងគ្រប់គ្រាន់ក្នុងឡានដើម្បីដាក់ឥវ៉ាន់ទេ ។ ហើយម្យ៉ាងទៀត យើងពុំចង់ខ្ចីប្រាក់ដើម្បីចំណាយលើវត្ថុទាំងនោះទេ ទាល់តែមាននរណាម្នាក់បញ្ជាទិញវា ។
អែនណា ៖ យើងចង់រក្សាការចំណាយឲ្យទាប ។
សាហ្គី ៖ សូមអរគុណដែលបាននិយាយជាមួយខ្ញុំ ។ ធ្វើឲ្យខ្ញុំឆ្ងល់ ៖ តើនេះជាអាជីវកម្មដែលខ្ញុំចង់បានដែរឬទេ ?
សូមជ្រើសរើសសមាជិកក្រុមពីរនាក់ឲ្យអានអត្ថបទវីដេអូខាងក្រោមនេះ ៖
វីវីក ៖ អើ ខ្ញុំអង្គុយនៅទីនេះជាមួយអែនតូនីយ៉ូ …
អែនតូនីយ៉ូ ៖ សួស្តី ។
វីវីក ៖ អែនតូនីយ៉ូកំពុងដាក់ផែនការចាប់ផ្តើមអាជីវកម្ម ។
អែនតូនីយ៉ូ ៖ ជួសជុលស្បែកជើង ។ គ្មានអាជីវកម្មជួសជុលស្បែកជើងនៅក្នុងទីក្រុងយើងឡើយ ដូច្នេះខ្ញុំបានចំណាយពេលនៅរដូវក្តៅធ្វើការនៅក្នុងទីក្រុងមួយផ្សេងទៀត គឺរៀនអំពីជំនួញ ។
វីវីក ៖ អូ៎ ល្អណាស់ ។ ហើយអ្នកហាក់ដូចជាមានបញ្ជីសម្ភារ និងឧបករណ៍ទាំងអស់ដែលអ្នកត្រូវការ ។
អែនតូនីយ៉ូ ៖ បាទ ។ សម្ភារច្រើនណាស់ ។
វីវីក ៖ អូខេ ។ ហេតុអ្វីអ្នកមិនអានបញ្ជីនោះឲ្យខ្ញុំស្តាប់ ?
អែនតូនីយ៉ូ ៖ សំយ៉ាប់មុខហាង, កៅអីវែង និងកៅអីធ្វើការមួយ, ជ័រកាវ ១១.៣៦ លីត្រ, ស្បែក, បាតស្បែកជើង, ម៉ាស៊ីនបឺតចំហាយមួយ, ម៉ាស៊ីនដេរថ្មីមួយ, ស្លាកសញ្ញា និងឡានដឹកជញ្ជូនទំនិញមួយ ។
វីវីក ៖ វាច្រើនណាស់ !
អែនតូនីយ៉ូ ៖ មែនហើយ នោះជាសម្ភារដែលខ្ញុំត្រូវការ ។
វីវីក ៖ ហើយតើអ្នកគិតថាវានឹងចំណាយថ្លៃដើមអស់ប៉ុន្មាន ?
អែនតូនីយ៉ូ ៖ ខ្ញុំអត់ដឹងច្បាស់ទេ ប៉ុន្តែអស់ប្រហែលជាជិត ២០០០០ ដុល្លារ ។
វីវីក ៖ អូខេ ។ ខ្ញុំគិតថា វាអាចមានប្រយោជន៍បើសិនយើងបំបែកចំណាយថ្លៃដើមរបស់ អ្នកឲ្យទៅជាពីរផ្នែក—ចំណាយថ្លៃដើមអថេរ និងចំណាយថ្លៃដើមថេរ ។
អែនតូនីយ៉ូ ៖ ហេតុអ្វី ? តើវាខុសគ្នាម៉េចទៅ ?
វីវីក ៖ មែនហើយ សម្ភារណាដែលអ្នកប្រើដើម្បីជួសជុលស្បែកជើងគឺជាចំណាយថ្លៃដើមអថេរ ។
អែនតូនីយ៉ូ ៖ អញ្ចឹង ជ័រកាវ, បាតស្បែកជើង និងស្បែក ។
វីវីក ៖ ត្រឹមត្រូវហើយ ។ ចំណាយថ្លៃដើមទាំងនេះគឺប្រែប្រួលដោយសារចំនួននៃការងារដែលអ្នកធ្វើ នឹងផ្លាស់ប្តូរពីមួយខែទៅមួយខែ ។ ប្រសិនបើអ្នកជួសជុលស្បែកជើងបានច្រើន នោះអ្នកនឹងចំណាយប្រាក់កាន់តែច្រើនលើជ័រកាវ, បាតស្បែកជើង និងស្បែក ។ ប្រសិនបើអ្នកពុំមានការងារច្រើនទេ នោះអ្នកនឹងចំណាយប្រាក់តិចលើជ័រកាវ, បាតស្បែកជើង និងស្បែក ។ ហើយមានចំណាយថ្លៃដើមអថេរជាច្រើនទៀតដែលមនុស្សភាគច្រើនពុំបានគិតអំពីវា ៖ គឺពេលវេលារបស់អ្នក ។ អ្នកត្រូវតែចាំក្នុងចិត្តអំពីរយៈពេលដែលវាចំណាយដើម្បីជួសជុលស្បែកជើងមួយគូៗ ។
អែនតូនីយ៉ូ ៖ អូខេ ។ ហើយតើអ្វីទៅជាចំណាយថ្លៃដើមថេរ ?
វីវីក ៖ ចំណាយថ្លៃដើមថេរគឺជាចំណាយដែលពុំផ្លាស់ប្តូរ ។ អ្នកត្រូវតែចំណាយវា មិនថាអ្នកជួសជុលស្បែកជើងបានច្រើន ឬតិចនោះទេ ។
អែនតូនីយ៉ូ ៖ ដូចជា កៅអីវែងធ្វើការ, ស្លាកសញ្ញា, និងឡានដឹកជញ្ជូនទំនិញ—ខ្ញុំបង់ប្រាក់សម្រាប់អ្វីៗទាំងនេះ មិនថាមានរឿងអ្វីកើតឡើងនោះទេ ។ វាជារឿងឈ្លាសវៃមួយសម្រាប់ខ្ញុំ ដើម្បីធ្វើឲ្យចំណាយថ្លៃដើមថេររបស់ខ្ញុំទាបតាមដែលអាចធ្វើបាន ។
វីវីក ៖ ប្រាកដណាស់ ។ អ្នកចង់ចៀសវាងការតាំងចិត្តចំំណាយរយៈពេលយូរ ។ ប្រាក់ចេញពីហោប៉ៅរបស់អ្នកសម្រាប់ចំណាយថ្លៃដើមថេរនីមួយៗ រៀងរាល់ខែ មិនថាមានអ្វីកើតឡើងឡើយ ។ ឥឡូវនេះ តើអ្នកនឹងគិតថ្លៃប៉ុន្មានដើម្បីជួសជុលស្បែកជើងមួយគូនោះ ?
អែនតូនីយ៉ូ ៖ ហុកសិបដុល្លារ ។ តម្លៃនោះហាក់ដូចជាផ្តល់ប្រាក់ចំណេញច្រើនដល់ខ្ញុំ ។
វីវីក ៖ មែនហើយ យើងត្រូវគិតនៅក្នុងចំណាយថ្លៃដើមនៃបាតស្បែកជើង ស្បែក ជ័រកាវ និងពេលវេលារបស់អ្នក ។
អែនតូនីយ៉ូ ៖ ទាំងនោះគឺជាចំណាយថ្លៃដើមអថេរ ។
វីវីក ៖ ត្រូវហើយ ។ បន្ទាប់មក អ្នកត្រូវតែបន្ថែមទៅលើចំណាយថ្លៃដើមថេរ ។ តើអ្នកចង់មើលបញ្ជីរបស់អ្នកម្តងទៀតឬទេ ?
អែនតូនីយ៉ូ ៖ ខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់កាត់បន្ថយវាមួយចំនួន ។
វីវីក ៖ ឥឡូវឧបមាថា អ្នកអាចរួចចំណាយថ្លៃដើមថេរទាំងអស់នៅលើបញ្ជីរបស់អ្នក ហើយអ្នកទទួលបានប្រាក់ប្រហែល ១៨០០០ ដុល្លារ ។ យើងត្រូវជួសជុលស្បែកជើងយ៉ាងហោចណាស់ ៣០០ គូដើម្បីបង់ថ្លៃចំណាយថ្លៃដើមថេររួច ។ នេះថែមទាំងពុំអាចបង់ថ្លៃចំណាយថ្លៃដើមអថេររបស់អ្នករួចផង—ដូចជាស្បែក និងជ័រកាវ រួមទាំងពេលវេលារបស់អ្នកចំណាយលើការងារនោះផង ។
អែនតូនីយ៉ូ ៖ ជួសជុលស្បែកជើងបីរយគូដោយគ្រាន់តែសម្រាប់បង់ថ្លៃចំណាយថ្លៃដើមថេរឬ ?
វីវីក ៖ មិនមែនទេ ។ អ្នកនៅតែមានចំណាយថ្លៃដើមថេរមួយចំនួនផ្សេងទៀត ដែលអ្នកពុំទាន់បាននិយាយនៅឡើយ ដូចជាចំណាយលើសាំង និងជួសជុលឡានរបស់អ្នក ថ្លៃជួលផ្ទះ និងទឹកភ្លើងប្រចាំខែ ។
អែនតូនីយ៉ូ ៖ នោះនឹងថែមប្រាក់កាន់តែច្រើនហើយ ។ តើវាមិនកាន់តែឈ្លាសវៃសម្រាប់ខ្ញុំដើម្បីបង្កើតអាជីវកម្មរបស់ខ្ញុំដោយមានតែចំណាយថ្លៃដើមអថេរទេអី ?
វីវីក ៖ មែនហើយ ធ្វើឲ្យអស់លទ្ធភាពដែលអាចធ្វើបាន ។ សូមមើលបញ្ជីរបស់អ្នកម្តងទៀត ។ ឧបមាថា អ្នកសង់យាន្តដ្ឋានរបស់អ្នកនៅកន្លែងធ្វើការ ។ នោះវាមិនចំណាយថ្លៃជួលផ្ទះ ។ ហើយជំនួសឲ្យការទិញឡានដឹកទំនិញ អ្នកអាចប្រើឡានរបស់អ្នកដើម្បីដឹកសម្ភារ និងការធ្វើដំណើរផ្សេងៗ ។
អែនតូនីយ៉ូ ៖ អស្ចារ្យណាស់ ។ មើល ខ្ញុំសន្សំប្រាក់បានប៉ុន្មាន ! ប៉ុន្តែតើអតិថិជននឹងមករកខ្ញុំទេ បើសិនខ្ញុំគ្មានសំយ៉ាប់មុខហាងនោះ ?
វីវីក ៖ វាស្រេចតែលើអ្នកទេ ។ ដើម្បីចាប់ផ្តើម អ្នកអាចឈោងទៅរកពួកគេតាមរយៈការបង្កើតទីផ្សាររបស់អ្នក ។ អ្នកត្រូវផ្តល់ឱកាសមួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ ហើយបើអ្នកចំណាយច្រើនកប់ពពក នោះអ្នកនឹងបរាជ័យជាប្រាកដ ។
អែនតូនីយ៉ូ ៖ ប៉ុន្តែហាងជួសជុលស្បែកជើងដែលខ្ញុំបានធ្វើការកាលពីរដូវក្តៅមុនមាននូវឧបករណ៍ទាំងអស់នេះ និងមានសំយ៉ាប់មុខហាងមួយ ។
វីវីក ៖ តើវាចំណាយពេលប៉ុន្មានដើម្បីឲ្យគាត់ឈានទៅដល់ចំណុចនោះ ?
អែនតូនីយ៉ូ ៖ អូ៎ ខ្ញុំអត់ដឹងទេ ។
វីវីក ៖ ខ្ញុំគិតថា កាត់បានចាប់ផ្តើមពីតូចទៅ ហើយប្រាកដថា គាត់រកបានប្រាក់តាំងពីដើមដំបូងមក ។ បន្ទាប់មក នៅពេលអាជីវកម្មគាត់បានរីកចម្រើន គាត់បានយកភាគរយនៃប្រាក់ចំណេញរបស់គាត់ ដើម្បីទិញម៉ាស៊ីន និងសំយ៉ាប់មុខហាង ។
អែនតូនីយ៉ូ ៖ ដូច្នេះគាត់មិនដែលជំពាក់បំណុលទេ ?
វីវីក ៖ ត្រឹមត្រូវហើយ ។ គាត់ហាក់ដូចជាឆ្លាតជាមួយនឹងការចាត់ចែងចំណាយថ្លៃដើមរបស់គាត់ ។ ចំណាយថ្លៃដើមអថេររបស់គាត់រួមមានទាំងពេលវេលា ព្រមទាំងចំណាយថ្លៃដើមលើសម្ភារ ។ ហើយគាត់ប្រាកដថា គាត់រកបានប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីបង់ថ្លៃចំណាយថ្លៃដើមថេរដ៏ទាបរបស់គាត់ ។
អែនតូនីយ៉ូ ៖ ដូច្នេះ ខ្ញុំត្រូវការសម្ភារបន្តិចបន្តួចដើម្បីចាប់ផ្តើម ។
វីវីក ៖ ប្រាកដណាស់ ។ រឿងសំខាន់គឺថា អ្នកត្រូវចំណាយឲ្យបានតិច ហើយធ្វើឲ្យមានធនធាន ។ កុំខ្លាចក្នុងការទិញសម្ភារជជុះសម្រាប់អ្វីដែលអ្នកត្រូវការ ។ សូមពិចារណាពីការសាងសង់ដោយខ្លួនអ្នកផ្ទាល់ ខ្ចីគេនៅពេលដែលសមរម្យ ឬសូមជំនួយពីមិត្តភក្តិ ។ សូមចាំថា ប្រាក់ទាំងអស់ដែលអ្នកចំណាយគឺជាប្រាក់ដែលអាចចូលទៅក្នុងហោប៉ៅរបស់អ្នក ។
អែនតូនីយ៉ូ ៖ ខ្ញុំយល់ហើយ ។
វីវីក ៖ រឿងមួយចុងក្រោយ ។ ខ្ញុំមានស្បែកជើងកវែងមួយគូនេះដែលត្រូវការបាតថ្មី ។
អែនតូនីយ៉ូ ៖ ខ្ញុំអាចជួយជួសជុលបាន ! ប៉ុន្តែសូមជួយខ្ញុំរឿងមួយ ។
វីវីក ៖ ជួយបាន ។
អែនតូនីយ៉ូ ៖ អ្នកត្រូវប្រាប់មិត្តភក្តិទាំងអស់របស់អ្នកអំពីការជួសជុលដ៏ល្អដែលខ្ញុំធ្វើ ។
វីវីក ៖ ហ្នឹងហើយ !