ភាពខ្លួនទីពឹងខ្លួន
១១ ៖ រៀន


« ការបន្ត​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ ៖ រៀន » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការបន្ត​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ ៖ រៀន »

រៀន

ម៉ោង​ជា​អតិបរមា ៖ ៦៥ នាទី

១. ទស្សនវិស័យ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ

អាន ៖

ម្ចាស់​អាជីវកម្ម​ដែល​ជោគជ័យ​គិត និង​ប្រាស្រ័យ​ទាក់ទង​អំពី​អ្វីដែល​អាជីវកម្ម​របស់​ពួកគេ​នឹង​ប្រែក្លាយ ។ ពួកគេ​កំណត់​អំពីទស្សនវិស័យ​សម្រាប់​អាជីវកម្ម​របស់​ខ្លួន ។ ទស្សនវិស័យ​គឺជា​រូបភាព​មួយ​នៃ​ស្ថានភាព​នាអនាគត​ដែល​ប្រាថ្នា​ចង់​បាន ។ នៅក្នុង​គម្ពីរមុក្ដា​ដ៏​មានតម្លៃ​មហិមា យើង​អាន​ថា ព្រះអម្ចាស់ « បាន​បង្កើត​គ្រប់​របស់​ទាំង​អស់ … ខាង​វិញ្ញាណ មុន​មាន​របស់​ទាំង​នោះ​នៅ​លើ​ផែនដី​តាម​ធម្មជាតិ » ( ម៉ូសេ ៣:៥ ) ។ ស្រដៀង​នេះ​គ្នា​ផងដែរ ម្ចាស់​អាជីវកម្ម​គួរតែ​បង្កើត​អនាគត​នៃ​អាជីវកម្ម​មួយ​ក្នុង​ចិត្ត ដែល​ពួកគេ​មាន​បំណង​ចង់​ស្ថាបនា​វា​ឲ្យ​មាន​រូបរាង​ពិតប្រាកដ ។

ការបង្កើត​ទស្សនវិស័យ​មួយគឺ​ជា​សញ្ញា​មួយ​នៃ​ភាព​ជាអ្នកដឹកនាំ ។ ខគម្ពីរ​បង្រៀន​ថា « គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សម្តែង នោះ​បណ្តាជន​រមែង​លែង​ទប់​ចិត្ត » ( សុភាសិត ២៩:១៨ ) ។ សេចក្តីពិត​នេះ​អនុវត្ត​ដោយ​ផ្ទាល់​ចំពោះ​អាជីវកម្ម​របស់​អ្នក ។ ទស្សនវិស័យ​របស់​អ្នក​នឹង​ដឹកនាំ​សកម្មភាព​អ្នក ហើយ​នឹង​ជួយ​អ្នក និង​មនុស្ស​ដែល​អ្នក​ធ្វើការ​ជាមួយ​ឲ្យ​ផ្តោត​ទៅលើ​ថាមពល និង​កិច្ចខិតខំ​របស់​ពួកគេ ។

វា​មិន​គ្រប់គ្រាន់​ទេ ដើម្បី​បង្កើត​ទស្សនវិស័យ​មួយ ហើយ​បន្ទាប់​មក​សង្ឃឹម​ថា អាជីវកម្ម​របស់​អ្នក​ទទួល​ជោគជ័យ​នោះ ។ អ្នក​ត្រូវខិតខំ​ធ្វើការ ហើយ​តស៊ូ​ព្យាយាម​ដើម្បី​នាំ​ឲ្យ​ទស្សនវិស័យ​របស់​អ្នក​ក្លាយ​ជា​ការពិត ។

គំនូសព្រាង​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី សម្រាប់​ការបង្កើត​ព្រះវិហារ​តូចៗ

២. ការធ្វើឲ្យ​អាជីវកម្ម​របស់​ខ្ញុំ​មាន​បទដ្ឋាន

អាន ៖

អាជីវកម្ម​ពុំគួរពឹងផ្អែក​ទាំងស្រុង​លើ​ម្ចាស់​របស់​អាជីវកម្ម​ឡើយ ។ ម្ចាស់​អាជីវកម្ម​ជោគជ័យ​បង្កើត​សៀវភៅ​ប្រតិបត្តិការ និង​ឯកសារ​នៃ​លំហូរ​កិច្ចការ​របស់​ពួកគេ ដើម្បី​បង្ហាញពី​របៀប​ធ្វើ​កិច្ចកា​រ​តាម​បទដ្ឋាន​ក្នុងអាជីវកម្ម​របស់​ពួកគេ ។ ធនធាន​ទាំង​នេះ​ជំរុញ​ឲ្យ​មាន​គុណភាព និង​ភាពខ្ជាប់ខ្ជួន​នៅក្នុង​ដំណើរការ​នៃ​អាជីវកម្ម ។ ធនធាន​ទាំង​នេះ​មាន​ប្រយោជន៍​សម្រាប់​ការបំពាក់បំប៉ន​និយោជិត​ថ្មី និង​សម្រាប់​ថែរក្សា​ទុក​នូវ​ការអនុវត្ត​ដ៏​ល្អ​បំផុត​នានា​នៅក្នុង​ចំណោម​និយោជិត​បច្ចុប្បន្ន ។ ធនធាន​ទាំង​នេះ គួរតែ​ត្រូវបាន​ពិនិត្យ​មើល និង​ធ្វើ​បច្ចុប្បន្នភាព​ជា​រឿយៗ ។

ការបង្កើត​សៀវភៅ​ប្រតិបត្តិការ និង​ការធ្វើ​ឯកសារ​នៃ​លំហូរ​កិច្ចការ​របស់​អ្នក​សម្រាប់​កិច្ចការ​ជាក់លាក់​ នឹង​បង្កើត​នូវ​ការរំពឹង​ទុក​នានា ជួយ​និយោជិត​ឲ្យ​សម្រេច​នូវ​គោលដៅ​ទូទៅ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ភាព​ខ្ជាប់ខ្ជួន ។ ឯកសារ​នេះ​ធ្វើឲ្យ​បុគ្គល​ម្នាក់​អាច​ធ្វើកិច្ចការ​មួយ​បាន នៅពេល​ដែល​និយោជិត​ម្នាក់​ដែល​ជា​ធម្មតា​ធ្វើកិច្ចការ​នោះ​ឈឺ ឈប់​សម្រាក​វិស្សមកាល មាន​បញ្ហា​អាសន្ន ឬ​ឈប់​ធ្វើ​ការ ។ ដោយ​មាន​លំហូរ​កិច្ចការ​លម្អិត នោះ​អ្នក​អាច​ធ្វើការកែលម្អ​អាជីវកម្ម​របស់​អ្នក ជាជាង​គ្រាន់តែ​ធ្វើការ​ដោយ​សាមញ្ញ​សម្រាប់​អាជីវកម្ម​របស់​អ្នក ។​

ការបង្កើត​សៀវភៅ​ប្រតិបត្តិការ និង​ការធ្វើ​ឯកសារ​នៃ​លំហូរ​កិច្ចការ​របស់​អ្នក​ក៏​នឹង​ជួយ​អ្នក​ ប្រសិនបើ​អ្នក​គឺជា​និយោជិត​តែ​ម្នាក់​ឯង​នៃ​អាជីវកម្ម​របស់​អ្នក ។ ដំណើរការ​នៃ​ការធ្វើ​ឯកសារ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​រៀបចំ​រចនាសម្ព័ន្ធ​ និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​បទដ្ឋាន ។ វា​នឹង​ជួយ​អាជីវកម្ម​របស់​អ្នក​ឲ្យ​មាន​ការរៀបចំ​បាន​កាន់តែ​ប្រសើរ​ឡើង ។ លំហូរ​កិច្ចការ​ដែល​បាន​ធ្វើ​ឯកសារ​ហើយ​ក៏​នឹង​ធ្វើជា​ធនធាន​ចំណេះដឹង​មួយ ដើម្បី​ជួយ​អ្នក​ឲ្យ​ចង​ចាំ​អំពី​កិច្ចការ​នានា​ដែល​អ្នក​អាច​ធ្វើ​មិន​ទៀងទាត់ ។

ពិភាក្សា ៖

  • ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម ហេតុអ្វី​វា​សំខាន់​សម្រាប់​អ្នក​ក្នុងការ​បង្កើត​សៀវភៅ​ប្រតិបត្តិការ និង​ធ្វើ​ឯកសារ​លំហូរ​កិច្ចការ​របស់​អ្នក​សម្រាប់​កិច្ចការ​ជាក់លាក់ ?

  • តើ​កិច្ចការ ឬ​ដំណើរការ​អាជីវកម្ម​អ្វី​ខ្លះ​ដែល​អ្នក​គួរតែ​រក្សា​ទុក​ឯកសារ ដើម្បី​ឲ្យ​កិច្ចការ​នោះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ខ្ជាប់ខ្ជួន ?

៣. ការធ្វើ​ឲ្យ​ប្រាកដ​ថា អាជីវកម្ម​របស់​ខ្ញុំ​អនុលោម​តាម​ច្បាប់ និង​បទ​បញ្ជា​ទាំងឡាយ

អាន ៖

ម្ចាស់​អាជីវកម្ម​មាន​ការទទួលខុសត្រូវ​ដើម្បី​ប្រាកដ​ថា អាជីវកម្ម​របស់​គេ​អនុលោម​តាម​ច្បាប់ និង​បទ​បញ្ជា​ទាំងឡាយ ។ ច្បាប់ និង​បទ​បញ្ជា​ទាំងឡាយ​មាន​ភាពផ្សេង​គ្នា​តាម​វិស័យ និង​ទីតាំង ដូច្នេះ​វា​មាន​សារៈសំខាន់សម្រាប់​ម្ចាស់​អាជីវកម្ម​គ្រប់រូប ដើម្បីគិតអំពីតម្រូវការផ្នែក​ច្បាប់ និង​បទ​បញ្ជា​ទាំងឡាយ​របស់​ពួកគេនៅក្នុង (១) កម្រិត​មូលដា្ឋន, (២) កម្រិត​រដ្ឋ ឬ​ខេត្ត, (៣) កម្រិត​ថ្នាក់​ជាតិ និង (៤) កម្រិត​អន្តរជាតិ ។

៤. ការវិនិយោគ​លើ​និយោជិត

អាន ៖

ការបន្ថែម​និយោជិត​ថ្មី​ម្នាក់​ទៅកាន់​អាជីវកម្ម​របស់​អ្នក​គឺជា​ការសម្រេ​ចចិត្ត​មួយ​ដ៏​ធំំ ដែល​តម្រូវ​ឲ្យ​មាន​ដំណើរការ​ជួល​មួយ​ដែល​បាន​រៀបចំ និង​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ។ ម្ចាស់​អាជីវកម្ម​ជោគជ័យ​កត់ត្រា​បរិយាយ​ការងារ​ដ៏​លម្អិត​ដើម្បី​ដឹកនាំ​ការសម្រេច​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​ជួល​មនុស្ស​ឲ្យ​ធ្វើ​ការ ។ បរិយាយ​ការងារ​ជូន​ដំណឹង​ដល់​អ្នក​ដាក់ពាក្យ​សុំ​ធ្វើការ​អំពី​តម្រូវការ​នៃ​ការងារ និង​ជួយ​និយោជក​ឲ្យ​បញ្ជាក់​ពី​ជំនាញ ចំណេះដឹង និង​សមត្ថភាព​ដែល​និយោជិត​ថ្មី​នឹង​ត្រូវមាន​ ។

ពិភាក្សា ៖

ហេតុអ្វី​វា​សំខាន់​ដើម្បី​ធ្វើតាម​និតិវិធី និង​អធិស្ឋាន ពេល​ជួល​និយោជិត​ឲ្យ​ធ្វើ ​?

អាន ៖

ដើម្បី​បង្កើត​អាជីវកម្ម​ដ៏​ឧត្តុង្គឧត្តម​មួយ វា​ចាំបាច់​ដែល​អ្នក​ដឹកនាំ និង​កែលម្អ​និយោជិត​របស់​អ្នក ។ អ្នក​ដឹកនាំ​គឺជាបុគ្គល​ម្នាក់​ដែល​ជំរុញ​ទឹកចិត្ត​ដល់​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ធ្វើតាម ។ ភាព​ដឹកនាំ​ពុំ​មែន​កើត​មក​ពី​ងារ ឬ​មុខនាទី​ឡើយ វា​កើត​ឡើង​តាមរយៈ​សមត្ថភាព​ដើម្បី​បញ្ចុះបញ្ចូល លើក​ទឹកចិត្ត និង​ដឹកនាំ​ក្រុម​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ដែ​ល​ប៉ង​ចង់​បាន ។ ការ​កែលម្អ​និយោជិត​របស់​អ្នក​មាន​ន័យ​ថា អ្នក​ផ្តល់​ពួកគេ​នូវ​ឱកាស​ដើម្បី​បង្ហាញ និង​អភិវឌ្ឍ​ជំនាញ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ ម្ចាស់​អាជីវកម្ម​ឈ្លាសវៃ​ជួយ​និយោជិត​របស់​ពួកគេ​ឲ្យ​សម្រប​ខ្លួន​ទៅ​នឹង​ការរីកចម្រើន​ផ្ទាល់​របស់​ពួកគេ​ ជាមួយ​នឹង​ការរីកចម្រើនរបស់​អាជីវកម្ម ។

ពិភាក្សា ៖

តើអ្នក​អាច​កែលម្អ​និយោជិតបច្ចុប្បន្ន និង​អនាគត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

អាន ៖

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​បង្ហាញ​ភាពជាដឹកនាំ​តាមរយៈរបៀប​ដែល​អ្នក​ជួល​បុគ្គលិក និង​គ្រប់គ្រង​បុគ្គលិក​របស់​អ្នក ។ វគ្គនេះ​ពិភាក្សា​អំពីគោលការណ៍​ណែនាំ​ចំនួន​បី ។

គោលការណ៍​ទី​មួយ​គឺ យឺត​នឹង​ជួល ហើយ​ឆាប់​បណ្តេញ​ចេញ ។ ឧទាហរណ៍ សូម​ស្រមៃ​ថា វីវៀន​មាន​អាជីវកម្ម​ថែទាំផ្ទះ​មួយ ។ គាត់​ចំណាយពេល​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ជួល​បុគ្គលិក​ដ៏​ល្អ​បំផុត​ដោយ​ផ្អែក​លើ​បរិយាយ​ការងារ​យ៉ាង​លម្អិត ។ គាត់​ក៏​ចាត់​វិធានការ​ភ្លាមៗ​ក្នុងការ​បណ្តេញ​បុគ្គលិក​ដែល​បង្ហាញ​ថា គេ​មិន​សម​នឹង​តួនាទី ឬ​អាជីវកម្ម​នោះ ។ នៅក្នុង​ឧទាហរណ៍​ទាំង​ពីរ​នេះ វីវៀន​ធ្វើការសម្រេច​ចិត្ត​ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​និយោជិត និង​អាជីវកម្ម​របស់​គាត់​ក្នុង​រយៈពេ​លវែង ។

គោលការណ៍​ណែនាំ​ទីពីរ​គឺ ផ្តល់​ការបំពាក់បំប៉ន​ឲ្យ​បាន​គ្រប់គ្រាន់ ។ ឧទាហរណ៍ សូម​ស្រមៃ​ថា វិស្វករ​មេកានិច​ម្នាក់​ឈ្មោះ​ណាត​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន ។ ណាត​ជួយ​និយោជិត​គាត់​ឈ្មោះ​ម៉ែល ឲ្យ​បង្កើត​ផែនការ​អភិវឌ្ឍ​ខ្លួន និង​ផ្តល់​មធ្យោបាយ​ដើម្បី​ទទួល​ការបំពាក់បំប៉ន ។ ជាមួយ​នឹង​ជំនាញ និង​ការបំពាក់បំប៉ន​ថ្មី​របស់​គាត់ ម៉ែល​អាច​គ្រប់គ្រង​គម្រោង​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​អាជីវកម្ម​ភ្លាម ។ ជា​លទ្ធផល ណាត​មាន​ពេល​បន្ថែម​ទៀត​ដើម្បី​ផ្តោតលើ​ការពង្រីក​អាជីវកម្ម ។

គោលការណ៍​ណែនាំ​ទីបី​គឺ ពិនិត្យ​មើល​កាន់តែ​ច្រើន គិតស្មាន​កាន់តែ​តិច ។ គោលការណ៍​នេះ​ពុំផ្តល់​ជា​យោបល់​ថា អ្នក​គួរតែ​គ្រប់គ្រង​និយោជិត​អ្នក​ឲ្យ​ល្អិតល្អន់​នោះ​ទេ ។ ផ្ទុយទៅវិញ វា​មានន័យ​ថា អ្នក​គួរតែ​ដឹង​អំពី​ការងារ​ដែល​ពួកគេ​កំពុងធ្វើ និង​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ ។ ឧទាហរណ៍ សូម​ស្រមៃ​ថា សេសា​មាន​អាជីវកម្ម​រចនា​ប្លង់ ។ គាត់​បង្កើត​ទំនាក់ទំនង​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បុគ្គលិក​របស់​គាត់ ហើយ​លះបង់​ពេលវេលា​របស់​គាត់​ដើម្បី​សួរ​សំណួរ ស្តាប់ ណែនាំ និង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយ​ពួកគេ ។

ពិភាក្សា ៖

តើ​គោលការណ៍​ទាំងនេះ​ជួយ​អ្នក​ក្នុង​អាជីវកម្ម​របស់​អ្នក​យ៉ាង​ដូចម្តេច ?

៥. ការដាក់​គោលដៅ និង​ការវាស់វែង​ពី​ភាពជោគជ័យ​នៃ​អាជីវកម្ម​របស់​ខ្ញុំ

អាន ៖

គោលដៅ​គឺជា​ជំហាន​ដែល​ជួយ​យើង​ឲ្យ​នាំ​ទស្សនវិស័យ​របស់​យើង​ក្លាយ​ជា​ការពិត ។ យើង​អាច​ធ្វើការ​ដើម្បី​សម្រេច​ទស្សនវិស័យ​របស់​យើង​បាន ប្រសិនបើ​យើង​បំបែក​វា​ទៅ​ជាគោលដៅ​លម្អិត និង​ជាក់លាក់​ដើម្បី​បំពេញ​នៅពេល​បន្តបន្ទាប់​ទៀត ។ អក្សរ​កាត់ ជ.វ.ស.ទ.ក. អាច​រំឭក​យើង​ដើម្បី​ដាក់​គោលដៅ​ដែល​មាន​លក្ខណៈ​ដូច​ខាង​ក្រោម​នេះ ៖

  • ជាក់លាក់ ៖ បញ្ចូល​ការពិពណ៌នា​លម្អិត​នៃ​អ្វី​ដែល​នឹង​ត្រូវ​សម្រេច​ឲ្យ​បាន ។

  • វាស់វែង​បាន ៖ បញ្ចូល​នូវ​រង្វាស់ ឬ​ចំណុច​ចង្អុល​បង្ហាញ​ដើម្បី​វាស់វែង​អំពីការរីកចម្រើន ។

  • សម្រេច​បាន ៖ ដាក់​គោលដៅ​ដែល​ពិតប្រាកដ និង​អាច​ធ្វើ​ទៅ​បាន ។

  • ទាក់ទង ៖ ដាក់​គោលដៅ​ដែល​សំខាន់ និង​ផ្ដល់​ការជំរុញ​ចិត្ត ។

  • កាល​កំណត់ ៖ បញ្ចូល​កាលបរិច្ឆេទ​អំពីពេល​ដែល​គោលដៅ​នឹង​ត្រូវ​សម្រេច​បាន ។

ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម សូម​គិតអំពី​ទស្សនវិស័យ​រយៈពេល​យូរ ហើយ​បំបែក​វា​ឲ្យ​ទៅ​ជា​គោលដៅ​តូចៗ ដែល​អាច​សម្រេច​បាន​តាមរយៈ​ការផ្តោត​ចិត្ត និង​តស៊ូព្យាយាម ។

អាន ៖

នៅពេល​អ្នក​ខិតខំ​ធ្វើការ​ដើម្បី​ដឹង​អំពី​ទស្សនវិស័យ​របស់​អ្នក សូម​ប្រាកដ​ថា អ្នក​រក្សា​ឥរិយាបថ​ប្រចាំ​ថ្ងៃ​ដូច​ខាង​ក្រោម​នេះ ៖

  • សូម​មាន​ភាពខ្ជាប់ខ្ជួន តាមរយៈ​ការធ្វើ​ការ​ទៅ​រក​គោលដៅ​របស់​អ្នក​រៀងរាល់​ថ្ងៃ ។

  • សូម​តាមដាន​ការរីកចម្រើន​របស់​អ្នក​ឲ្យ​បាន​ល្អិតល្អន់ ។

  • សូម​មាន​ភាព​បត់បែន​ក្នុងការ​កែតម្រូវ​គោលដៅ​របស់​អ្នក​ តាម​ការគួរ ។