« ការទុកប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញុំឲ្យនៅដាច់ដោយឡែកពីគ្នា ៖ រៀន » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ ) « ការទុកប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញុំឲ្យនៅដាច់ដោយឡែកពីគ្នា ៖ រៀន » រៀន ម៉ោងជាអតិបរមា ៖ ៦០ នាទី ១. ការជួយទាំងអាជីវកម្មរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ មើល ៖ « Opportunity of a Lifetime ? ផ្នែកទី ១ » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានអត្ថបទវីដេអូនៅចុងវគ្គនេះ ) ។ ពិភាក្សា ៖ ម៉ាកចង់ជួយប្អូនស្រីរបស់គាត់ ប៉ុន្តែគាត់ក៏ចង់ពង្រីកអាជីវកម្មគាត់ផងដែរ ។ តើអ្នកគិតថា ម៉ាកគួរធ្វើបែបណា ? អាន ៖ កាលពីសប្តាហ៍មុន យើងបានពិភាក្សាគ្នាអំពីសារៈសំខាន់នៃការរក្សាកំណត់ត្រាប្រចាំថ្ងៃនៃចំណូល និងចំណាយរបស់យើង ។ ការបង្កើតទម្លាប់នេះគឺជារឿងចាំបាច់ដើម្បីបង្កើតអាជីវកម្មដ៏ជោគជ័យមួយ ។ ដូចដែលជំពូកនេះនឹងពន្យល់ នោះទម្លាប់ដ៏ចាំបាច់មួយទៀតគឺការទុកប្រាក់អាជីវកម្មរបស់យើងឲ្យនៅដាច់ដោយឡែកពីប្រាក់ផ្ទាល់ខ្លួនរបស់យើង ។ ២. ការញែកប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញុំឲ្យនៅដាច់ដោយឡែកពីគ្នា មើល ៖ « Opportunity of a Lifetime ? ផ្នែកទី ២ » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានអត្ថបទវីដេអូនៅចុងវគ្គនេះ ) ។ ពិភាក្សា ៖ តើយើងរៀនអ្វីខ្លះមកពីវីដេអូនេះអំពីការទុកប្រាក់អាជីវកម្មរបស់យើងឲ្យនៅដាច់ដោយឡែកពីប្រាក់ផ្ទាល់ខ្លួនរបស់យើង ? អាន ៖ បង់ប្រាក់ឲ្យខ្លួនឯង ។ នៅពេលអាជីវកម្មរបស់អ្នកចាប់ផ្តើមរកបានប្រាក់ អ្នកត្រូវសម្រេចចិត្តអំពីរបៀបបង់ប្រាក់ខែឲ្យខ្លួនឯង ។ ម្ចាស់អាជីវកម្មជាច្រើនចាប់ផ្តើមដោយការបង់ប្រាក់ខែឲ្យខ្លួនឯងតិចតួច ដែលអាចកើនឡើងនៅពេលអាជីវកម្មរីកចម្រើន ហើយមានលំនឹងខាងហិរញ្ញវត្ថុ ។ រក្សាគណនីធនាគារឲ្យនៅដាច់ដោយឡែកពីគ្នា ។ ប្រាក់ដែលអ្នកបង់ឲ្យខ្លួនឯងគួរតែដាក់ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួន ។ គណនីនេះគួរតែនៅដាច់ដោយឡែកពីគណនីធនាគារអាជីវកម្មរបស់អ្នក ។ សូមកុំលួចអាជីវកម្មរបស់អ្នក ។ ម្ចាស់អាជីវកម្មជោគជ័យពុំយកប្រាក់ពីគណនីធនាគារអាជីវកម្មរបស់ពួកគេទៅផ្តល់ជាជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារ ឬមិត្តភក្តិរបស់ពួកគេឡើយ ។ មើល ៖ « Opportunity of a Lifetime ? ផ្នែកទី ៣ » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានអត្ថបទវីដេអូនៅចុងវគ្គនេះ ) ។ ពិភាក្សា ៖ តើអ្នកគិតថា ម៉ាកបានធ្វើត្រឹមត្រូវដែរឬទេ ? ហេតុអ្វីត្រឹមត្រូវ ឬហេតុអ្វីមិនត្រឹមត្រូវ ? តើអ្នកបានរៀនអ្វីខ្លះអំពីការរៀននិយាយ « បដិសេធ » ដែលនឹងជួយអ្នកក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ ? អាន ៖ ម្ចាស់អាជីវកម្មជោគជ័យយល់ថា ពួកគេត្រូវសន្សំប្រាក់នៅក្នុងករណីដែលមានបញ្ហា ឬមានការលំបាកកើតឡើង និងដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន ។ នៅពេលពិចារណាជួយផ្នែកហិរញ្ញវត្ថុដល់នរណាម្នាក់ យើងគួរតែប្រើប្រាជ្ញាដើម្បីកំណត់នូវដែនកំណត់ និងលក្ខខណ្ឌសមហេតុផល ។ យើងគួរតែផ្អែកទៅលើធនធានផ្ទាល់ខ្លួន ហើយពុំគួរប្រើមូលនិធិអាជីវកម្មឡើយ ។ លើសពីអ្វីៗទាំងអស់ យើងត្រូវប្រាកដថា អាជីវកម្មរបស់យើងគឺជា « គេហដ្ឋាននៃរបៀបរៀបរយ » ( គ.&និង ស. ៨៨:១១៩ ) ។ ៣. ការថ្វាយដង្វាយមួយភាគក្នុងដប់ពីប្រាក់ចំណូលរបស់ខ្ញុំ អាន ៖ យើងទទួលពរជ័យដ៏អស្ចារ្យមកពីការថ្វាយដង្វាយមួយភាគក្នុងដប់ពីចំណូលរបស់យើង ។ ប្រសិនបើយើងរក្សាប្រាក់អាជីវកម្មរបស់យើង និងប្រាក់ផ្ទាល់ខ្លួនដាច់ដោយឡែកពីគ្នា នោះវានឹងងាយស្រួលជាងដើម្បីគណនាប្រាក់ដង្វាយមួយភាគក្នុងដប់របស់យើង ។ សូមចងចាំគោលការណ៍ទាំងនេះ ៖ ទុកប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួនក្នុងគណនីធនាគារឲ្យដាច់ដោយឡែកពីគ្នា ។ ថ្វាយដង្វាយមួយភាគក្នុងដប់ពីប្រាក់ចំណូលផ្ទាល់ខ្លួន ( ដូចជាប្រាក់ខែ ) ដែលអ្នកទទួលបានពីអាជីវកម្មរបស់អ្នក ។ ប្រាក់នៅក្នុងអាជីវកម្មពុំមែនសម្រាប់ថ្វាយដង្វាយមួយភាគក្នុងដប់ទេ ។ អ្នកគួរប្រើប្រាក់នោះដើម្បីបង់ថ្លៃចំណាយអាជីវកម្ម ប្រាក់ខែ និងឱកាសពង្រីកអាជីវកម្ម ។ ៤. ការរក្សាកំណត់ត្រាឲ្យនៅដាច់ដោយឡែកពីគ្នា អាន ៖ ក្រៅពីមានគណនីធនាគារនៅដាច់ដោយឡែកពីគ្នាសម្រាប់ប្រាក់ផ្ទាល់ខ្លួន និងប្រាក់អាជីវកម្មរបស់អ្នក អ្នកក៏គួរតែរក្សាកំណត់ត្រាឲ្យនៅដាច់ដោយឡែកពីគ្នាផងដែរ ។ ម៉ាក ប៊ែលលី រក្សាកំណត់ត្រាប្រចាំថ្ងៃនៃរាល់ប្រាក់ដែលចូលមកក្នុងអាជីវកម្មរបស់គាត់ និងរាល់ប្រាក់ដែលចាយសម្រាប់អាជីវកម្មទាំងអស់ ។ គាត់ក៏រក្សាកំណត់ត្រាប្រចាំថ្ងៃនៃរាល់ប្រាក់ដែលចូលមកក្នុងគ្រួសាររបស់គាត់ និងរាល់ប្រាក់ដែលចាយសម្រាប់គ្រួសារគាត់ទាំងអស់ផងដែរ ។ កំណត់ត្រាទាំងនេះត្រូវបានហៅថា កំណត់ត្រាចំណូល និងចំណាយ ( សម្រាប់ប្រើក្នុងអាជីវកម្ម ) និង កំណត់ត្រាចំណូល និងចំណាយ ( សម្រាប់ប្រើផ្ទាល់ខ្លួន ) ។ ពិភាក្សា ៖ តើកត្តាអ្វីខ្លះដែលពិបាកបំផុតក្នុងការញែកប្រាក់អាជីវកម្មឲ្យនៅដាច់ពីប្រាក់ផ្ទាល់ខ្លួននោះ ? តើមានការយល់ដឹងអ្វីខ្លះដែលអ្នកអាចទទួលបានមកពីរបាយការណ៍លទ្ធផលអាជីវកម្ម និងផ្ទាល់ខ្លួនទាំងនេះ ? អាន ៖ ម្ចាស់អាជីវកម្មជោគជ័យរក្សាកំណត់ត្រាប្រចាំថ្ងៃ ហើយប្រើវាជាព័ត៌មានដើម្បីធ្វើការសម្រេចចិត្តលើអាជីវកម្ម ។ ខណៈដែលម្ចាស់អាជីវកម្មជាច្រើនពុំចូលចិត្តរក្សាកំណត់ត្រា នោះពួកគេខំធ្វើវាឲ្យទៅជាទម្លាប់ និងអាទិភាពមួយ ដោយសារពួកគេដឹងថា ការមានព័ត៌មានច្បាស់លាស់អំពីចំណូល និងចំណាយនឹងជួយឲ្យអាជីវកម្មរបស់ពួកគេមានជោគជ័យ និងរីកចម្រើន ។ ជារឿយៗ ម្ចាស់អាជីវកម្មថ្មីប្រើក្រដាស ឬឧបករណ៍សាមញ្ញតាមអ៊ិនធើរណែតដើម្បីរក្សាកំណត់ត្រារបស់ពួកគេឲ្យមានរបៀបរៀបរយ ។ នៅពេលអាជីវកម្មរបស់អ្នករីកចម្រើន អ្នកនឹងយល់ថា អ្នកវិនិយោគទុននៅក្នុងប្រព័ន្ធគណនីកាន់តែស្មុគស្មាញ ឬជួលគណនេយ្យករម្នាក់ដើម្បីបំពេញតម្រូវការនៃអាជីវកម្មរបស់អ្នក ។ ទោះបីអ្នកមានឧបករណ៍ ឬគណនេយ្យករម្នាក់ដើម្បីគ្រប់គ្រងកំណត់ត្រាអាជីវកម្មរបស់អ្នកក្តី ក៏អ្នកត្រូវមានការយល់ដឹងអំពីព័ត៌មានលម្អិតនៅក្នុងកំណត់ត្រាទាំងនោះ ហើយបន្តពិនិត្យមើលវាជានិច្ចដែរ ។ យើងនឹងខិតខំខ្លាំងឡើងនាសប្តាហ៍នេះ ដើម្បីរក្សាគណនីឲ្យនៅដាច់ដោយឡែកពីគ្នា និងដើម្បីចៀសវាងពីកំហុសដែលកើតមានជាទូទៅអំពីការជាប់រវល់ជាមួយនឹងកិច្ចការអាជីវកម្ម ដែលធ្វើឲ្យយើងព្រងើយកន្តើយនឹងការរក្សាកំណត់ត្រាប្រចាំថ្ងៃដ៏មានសារៈសំខាន់ ។