« បុព្វកថានៃ ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( សាសនា ២៧៥ ) » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« បុព្វកថា » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
បុព្វកថានៃ ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( សាសនា ២៧៥ )
សូមស្វាគមន៍មកកាន់វគ្គសិក្សា ការបង្រៀន និង គោលលទ្ធិនៃព្រះគម្ពីរមរមន ! សូមអរគុណចំពោះការព្រមទទួលយកឱកាស ដើម្បីជួយដល់សិស្សថ្នាក់វិទ្យាស្ថានឲ្យមករកព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរមរមន ។ កម្មវិធីសិក្សានេះត្រូវបានរៀបរៀងឡើងដើម្បីជួយអ្នកឲ្យក្លាយជាគ្រូម្នាក់ដែលផ្តោតលើព្រះគ្រីស្ទ និងអ្នករៀន ។
តើអ្វីជាគោលបំណងនៃវគ្គសិក្សានេះ ?
គោលបំណងរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាថែ្លងថា ៖
គោលបំណងរបស់យើង គឺដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យឲ្យយល់ដឹង និងពឹងផ្អែកលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីមានភាពសក្តិសមសម្រាប់ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ព្រមទាំងរៀបចំខ្លួនពួកគេ ក្រុមគ្រួសារពួកគេ និងអ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ ។ ( ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និងអ្នកដឹកនាំទាំងឡាយនៅក្នុងថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ] ទំព័រ១ )
កម្មវិធីសិក្សានេះត្រូវបានរៀបរៀងឡើងដើម្បីជួយអ្នក និងសិស្សរបស់អ្នកបំពេញគោលបំណងរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានដោយ ៖
-
បង្កើតបទពិសោធន៍ការរៀនសូត្រដែលជួយគ្រូ និងសិស្សឲ្យទទួលនូវអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវបិតាសួគ៌ ហើយពង្រឹងចំណងទាក់ទងជាមួយទ្រង់ ។
-
ផ្តល់ឱកាសដើម្បីបង្កើនសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
-
ការជួយសិស្សឲ្យស្គាល់ ហើយពន្យល់ពីការបង្រៀនដែលខុសប្លែកគ្នា និងគោលលទ្ធិនៃព្រះគម្ពីរមរមន ពិចារណាពីរបៀបដែលការបង្រៀនទាំងនេះជាប់ទាក់ទងទៅនឹងការរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេ និងបង្ហាញពីរបៀបនៃការអនុវត្តនូវអ្វីដែលពួកគេកំពុងរៀនសូត្រក្នុងជីវិតរបស់ពួកគេ ។
-
បង្កើតនូវបរិយាកាសរៀនសូត្រដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ និងការគោរព ដែលសិស្សត្រូវបានអញ្ជើញឲ្យសួរសំណួរ បង្ហាញពីកង្វល់នានា ពិភាក្សាពីបទពិសោធន៍ និងចែកចាយទីបន្ទាល់របស់ពួកគេ ។
តើឯកសារទាំងនេះត្រូវបានរៀបរៀងឡើងយ៉ាងដូចម្តេច ?
វគ្គសិក្សានេះត្រូវបានបែងចែកជា ៨ ជំពូក និង ២៨ មេរៀន ។ ជំពូកនីមួយៗមាននូវគោលគំនិតគោលលទ្ធិដ៏សំខាន់មួយនៃព្រះគម្ពីរមរមន ។ មេរៀនទាំងឡាយនៅក្នុងជំពូកនីមួយៗគឺផ្អែកលើប្រធានបទ ហើយជាប់ទាក់ទងនឹងគោលគំនិតគោលលទ្ធិ ។
មេរៀននីមួយៗត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់មានរយៈពេល ៥០ នាទី ។ សម្រាប់ថ្នាក់ទាំងឡាយដែលជួបគ្នាតែម្តងក្នុងមួយសប្តាហ៍ដែលមានរយៈពេល ៩០ នាទី លោកគ្រូ អ្នកគ្រូអាចបញ្ចូលមេរៀនពីរជាមួយគ្នា ពីព្រោះមេរៀននៅក្នុងជំពូកនីមួយៗគឺមានជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងគោលគំនិតនៃជំពូកនោះ ។
មេរៀននីមួយៗ មាននូវឯកសាររៀបចំសម្រាប់ថ្នាក់ និងឯកសារគ្រូបង្រៀន ។ ឯកសារនេះត្រូវបានរៀបរៀងឡើងដើម្បីអញ្ជើញឲ្យមានការរៀបចំដ៏ហ្មត់ចត់ លើកទឹកចិត្តឲ្យសិស្សចូលរួមបង្កើនការរៀនសូត្រឲ្យស៊ីជម្រៅ និងនាំមកនូវសកម្មភាពដែលជួយពួកគេក្លាយមកកាន់តែដូចព្រះវបិតាសួគ៌ ។
ដើម្បីដឹងនូវអានុភាពដ៏ល្អបំផុតរបស់កម្មវិធីសិក្សានេះក្នុងការផ្ដល់ពរដល់ជីវិតសិស្សរបស់អ្នក គឺអ្នកត្រូវសិក្សាទាំងឯកសារការរៀបចំសម្រាប់ថ្នាក់ និងឯកសារគ្រូបង្រៀន នៅពេលអ្នករៀបចំសម្រាប់ការពិភាក្សាក្នុងថ្នាក់ ។
ពេលអ្នកសិក្សាកម្មវិធីសិក្សានេះ សូមអធិស្ឋានស្វែងរកជំនួយរបស់ព្រះអម្ចាស់ដើម្បីយល់អំពីសេចក្តីត្រូវការរបស់សិស្សអ្នក ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ជាពិសេស—សូមស្តាប់ សូមស្ដាប់តាមព្រះវិញ្ញាណ ។ សូមទុកពេលបន្ថែមសម្រាប់រៀបចំផែនការមេរៀនរបស់អ្នក ។ ប្រសិនបើអ្នកត្រូវរៀបចំមេរៀនខ្លីបន្តិចដើម្បីថ្លែងទីបន្ទាល់របស់អ្នក ហើយពញ្ញាក់អារម្មណ៍ឲ្យមានការពិភាក្សាមួយស្តីពីបញ្ហាសម័យបច្ចុប្បន្ននេះ សូមធ្វើវា ពេលមានការបំផុសគំនិត និងការប្រាប់ពីព្រះវិញ្ញាណដោយត្រឹមត្រូវ ។ …
… សូមចាំថា សិស្សពុំមែនជាថូមួយដើម្បីចាក់បំពេញទេ តែសិស្សគឺជាភ្លើងមួយដែលត្រូវដុតឲ្យឆេះសន្ធោសន្ធៅ ។ ( « Angels and Astonishment » [ សន្ទរកថាដែលបានថ្លែងនៅការចាក់ផ្សាយស្តីពីការបំពាក់បំប៉នរបស់ប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ] broadcasts.ChurchofJesusChrist.org )
ឯកសាររៀបចំសម្រាប់ថ្នាក់
ឯកសាររៀបចំសម្រាប់ថ្នាក់រួមមានវគ្គបទគម្ពីរពីព្រះគម្ពីរមរមន បរិបទសម្រាប់វគ្គបទគម្ពីរទាំងនោះ សេចក្តីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រ រូបភាព វីដេអូ និងវគ្គ « ចង់បានបន្ថែមទៀតទេ ? »ដែលផ្តល់នូវធនធានបន្ថែមទាក់ទងទៅនឹងប្រធានបទមេរៀន ។
ឯកសាររៀបចំសម្រាប់ថ្នាក់ក៏មាននូវសំណួរ និងសកម្មភាពទាំងឡាយដែលលើកទឹកចិត្តដល់សិស្សឲ្យរៀនសូត្រយ៉ាងស៊ីជម្រៅ និងការរៀបចំក្នុងការចូលរួមក្នុងថ្នាក់ ។ ឧទាហរណ៍នៅក្នុងឯកសាររៀបចំសម្រាប់ថ្នាក់សម្រាប់មេរៀនទី ៤ « ស្រាវជ្រាវព្រះគម្ពីរ » សិស្សត្រូវបានអញ្ជើញឲ្យសិក្សាពីរបៀបដែលព្រះគម្ពីរអាចប្រដូច ឬប្រៀបធៀបទៅនឹងលីអាហូណា ។ បន្ទាប់មកពួកគេត្រូវអញ្ជើញឲ្យធ្វើសកម្មភាពដូចខាងក្រោម ៖
អែលឌើរ គីម ប៊ី ក្លាក នៃពួកចិតសិបនាក់បានបង្រៀនពីអ្វីដែលអ្នករៀនសូត្រម្នាក់ ( និងគ្រូ ) ត្រូវធ្វើដើម្បីរៀនសូត្រឲ្យកាន់តែស៊ីជម្រៅ ៖
ប្រសិនបើបងប្អូនពិតជាចង់រៀនសូត្រឲ្យកាន់តែស៊ីជម្រៅ ប្រសិនបើដួងចិត្ត និងគំនិតរបស់បងប្អូនបើកទូលាយដើម្បីរៀនសូត្រ ហើយប្រសិនបើបងប្អូនធ្វើសកម្មភាពតាមបំណងប្រាថ្នាបងប្អូន នោះព្រះអម្ចាស់នឹងប្រទានពរដល់បងប្អូន ។ នៅពេលបងប្អូនធ្វើផ្នែករបស់បងប្អូន—អធិស្ឋានដោយសេចក្ដីជំនឿ រៀបចំខ្លួន សិក្សា ចូលរួមយ៉ាងសកម្ម និងធ្វើឲ្យអស់ពីសមត្ថភាពរបស់បងប្អូន—នោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនបងប្អូន បង្កើនលទ្ធភាពរបស់បងប្អូនដើម្បីធ្វើសកម្មភាពតាមអ្វីដែលបងប្អូនបានរៀន ហើយជួយបងប្អូនឲ្យក្លាយជាអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនប្រែក្លាយ ។ ( « Learning for the Whole Soul » លីអាហូណា ខែ សីហា ឆ្នាំ ២០១៧ ទំព័រ ២៧ )
ឯកសារគ្រូបង្រៀន
នៅក្នុងបុព្វកថានៃឯកសារគ្រូសម្រាប់មេរៀននីមួយៗ អ្នកនឹងរកឃើញការពិពណ៌នានៃលទ្ធផលដែលអ្នកសិក្សាចង់បាន ។ បុព្វកថានេះរួមមានគំនិតយោបល់ សម្រាប់ការបង្រៀន ដែលផ្តល់ដល់គម្រោងមេរៀន មាតិកា ជំនួយសម្រាប់ការពិភាក្សា ព្រមទាំងគំនិតអនុវត្ត ។
នៅពេលអ្នកសិក្សាឯកសារគ្រូបង្រៀន សូមយកចិត្តទុក្ខដាក់ទៅលើរបៀបដែលវាទាញយកមកពីការរៀបចំរបស់សិស្ស ។ ការពឹងផ្អែកទៅលើការរៀបចំរបស់សិស្សជាទៀងទាត់ នឹងជួយពួកគេឲ្យមានអារម្មណ៏ថាសំខាន់ ក្នុងការរៀបចំសម្រាប់គ្រប់ថ្នាក់ ។ ការណែនាំខាងក្រោមនេះចេញពី មេរៀនទី ៤ គឺជាឧទាហរណ៍មួយអំពីរបៀបដែលឯកសារគ្រូបង្រៀន ផ្តោតលើការរៀបចំរបស់សិស្ស ៖
កំណត់ចំណាំ ៖ ពេលសិស្សបានរៀបចំសម្រាប់ការពិភាក្សាក្នុងថ្នាក់ អ្នកនឹងឃើញថាអ្នកអាចមានការពិភាក្សាមួយយ៉ាងលឿន ស៊ីជម្រៅ ជាប្រធានបទពេញដោយអត្ថន័យ ។ ការណ៍នេះគួរតែអនុញ្ញាតឲ្យមានពេលថែមទៀតក្នុងថ្នាក់ដើម្បីពិនិត្យស្រាវជ្រាវពីរបៀបដែលអ្នក និងសិស្សរបស់អ្នកអាចរៀបចំផែនការសម្រាប់សកម្មភាពប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព ។
តើខ្ញុំអាចរៀបចំបង្រៀនដោយមានប្រសិទ្ធភាពរបៀបណា ?
ព្រះវរបិតានឹងជួយអ្នក នៅពេលអ្នករៀបចំបង្រៀនកូនចៅរបស់ទ្រង់ ។ ការខិតខំរស់នៅតាមដំណឹងល្អដោយឧស្សាហ៍ព្យាយាមរបស់អ្នក នឹងជួយឲ្យអ្នកមានលក្ខណៈសម្បត្តិក្នុងការទទួលបានការណែនាំពីព្រះវិញ្ញាណ នៅក្នុងការរៀបចំខ្លួនរបស់អ្នកដើម្បីបង្រៀន ។
អ្នកអាចឃើញថា វាអាចជួយដល់អ្នកក្នុងការសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ ដែលជាផ្នែកមួយនៃការរៀបចំខ្លួនរបស់អ្នកដើម្បីបង្រៀន ៖
-
តើខ្ញុំបានអធិស្ឋានដើម្បីទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីដឹងពីសេចក្តីត្រូវការរបស់សិស្សខ្ញុំដែរឬទេ ? តើខ្ញុំអាចវាយតម្លៃពីអ្វីដែលទាក់ទងនឹងពួកគេច្រើនបំផុតដោយរបៀបណា ?
-
តើខ្ញុំមានអារម្មណ៏ថា មានគ្រឹះគ្រប់គ្រាន់នៅក្នុងឯកសារការរៀបចំ និងឯកសារគ្រូបង្រៀនដែរឬទេ ? តើមានអ្វីខ្លះដែលខ្ញុំចាំបាច់ត្រូវកែសម្រួលដើម្បីបំពេញតាមតម្រូវការរបស់សិស្សខ្ញុំទេ ?
-
តើខ្ញុំអាចជួយសិស្សរបស់ខ្ញុំឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ពេលយើងសិក្សាមេរៀននេះដោយរបៀបណា ? តើខ្ញុំអាចជួយសិស្សស្វែងរកការរៀនសូត្រតាមរយៈព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
-
តើខ្ញុំអាចជួយដល់សិស្សម្នាក់ៗរបស់ខ្ញុំ ឲ្យរួមចំណែកក្នុងមេរៀននេះបានយ៉ាងពេញលេញដោយរបៀបណា ? តើខ្ញុំអាចធ្វើឲ្យប្រាកដថា ពួកគេមានពេលដែលពួកគេត្រូវការ ដើម្បីរៀបចំផែនការផ្ទាល់ខ្លួនក្នុងការអនុវត្តតាមអ្វីដែលពួកគេកំពុងរៀនដោយរបៀបណា ?
-
តើខ្ញុំអាចបង្កើតនូវបរិយាកាសរៀនសូត្រមួយដែលសិស្សមានអារម្មណ៍ថាមានតម្លៃ ត្រូវបានគេទទួលស្គាល់ និងមានសុវត្ថិភាពដើម្បីចែកចាយ និងរៀនពីគ្នាទៅវិញទៅមកដោយរបៀបណា ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៨, ១២២ ) ។
តើខ្ញុំអាចកែសម្រួលមេរៀនទាំងឡាយ សម្រាប់សិស្សពិការដោយរបៀបណា ?
នៅពេលអ្នករៀបចំបង្រៀន សូមគិតដល់សិស្សដែលមានតម្រូវការពិសេសផងដែរ ។ កែសម្រួលសកម្មភាព និងការរំពឹងទុក ដូច្នេះសិស្សទាំងនេះនឹងមានអារម្មណ៍ថាបានរួមបញ្ចូល និងដើម្បីជួយពួកគេមានជោគជ័យ ។ សម្រាប់ព័ត៌មានបន្ថែម សូមប្រឹក្សាជាមួយនឹងធនធានទាំងឡាយ នៅលើទំព័រ ពិការភាព នៅគេហទំព័រ disabilities.ChurchofJesusChrist.org ។
តើអ្វីជាក្តីរំពឹងទុកពីសិស្ស ដើម្បីទទួលបានពិន្ទុ ?
ដើម្បីទទួលបានពិន្ទុបញ្ចប់ការសិក្សាថ្នាក់វិទ្យាស្ថាន សិស្សទាំងឡាយតម្រូវឲ្យ ៖
-
សិក្សាឯកសាររៀបចំ យ៉ាងតិចណាស់ឲ្យបាន ៧៥ ភាគរយ នៃមេរៀន ។
-
មានវត្ថមានក្នុងថ្នាក់ឲ្យបាន ៧៥ ភាគរយ ។
-
បញ្ចប់បទពិសោធន៍ការរៀនសូត្រមួយក្នុងចំណោមបី ៖ សរសេរក្នុងសៀវភៅកំណត់ហេតុសិក្សា សរសេរចម្លើយចំពោះសំណួរតែងសេចក្តីទាំងបី ឬរៀបចំហើយបញ្ចប់ គម្រោងរៀនសូត្រផ្ទាល់ខ្លួន ( ដោយមានការអនុមតិពីគ្រូ ) ដែលទាក់ទងទៅនឹងមាតិកានៃវគ្គសិក្សានេះ ។ ស្វែងរកព័ត៌មានលម្អិតថែមទៀតក្នុង « Institute Elevate Learning Experiences » ដែលមាននៅលើគេហទំព័រ institute.ChurchofJesusChrist.org ។
ប្រសិនបើសិស្សកត់ត្រារាល់ចម្លើយដែលឆ្លើយនឹងសំណួរ និងសកម្មភាពទាំងអស់នៅក្នុងឯកសាររៀបចំរួចរាល់ហើយ នោះគឺជាការបំពេញគ្រប់តាមតម្រូវការបទពិសោធន៍ការរៀនសូត្រហើយ ។ សិស្សមិនចាំបាច់បញ្ជូនចម្លើយពួកគេទៅអ្នកទេ ។ នៅចុងបញ្ចប់ឆមាស ពួកគេគ្រាន់តែត្រូវបង្ហាញដល់អ្នក នូវអ្វីដែលពួកគេបានបញ្ចប់នោះបានហើយ ។