« មេរៀនទី ១ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១ ឯកសាររៀបចំសម្រាប់ថ្នាក់
ព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ
សូមស្វាគមន៍មកកាន់ ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « សេចក្ដីពិតនៃព្រះគម្ពីរមរមនមាននូវ អំណាចដើម្បីព្យាបាល លួងលោម ស្ដារឡើងវិញ ជួយ ពង្រឹង លើកទឹកចិត្ត ហើយធ្វើឲ្យព្រលឹងយើងរីករាយ » ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ ) ។ កាលដែលអ្នកសិក្សា និងរស់នៅតាមសេចក្ដីពិតដែលបានពិភាក្សានៅក្នុងវគ្គសិក្សានេះ អ្នកនឹងដកពិសោធន៍នូវសេចក្ដីពិតនៃពាក្យសម្ដីរបស់ប្រធានណិលសុន ។ ទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន និងសេចក្តីជំនឿរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នឹងកើនឡើង ហើយអ្នកនឹងក្លាយកាន់តែដូចជាពួកទ្រង់ ។
កំណត់ចំណាំ ៖ ឯកសាររៀបចំសម្រាប់ថ្នាក់នេះនឹងផ្ដល់ដល់អ្នកនូវមូលដ្ឋានគ្រឹះមួយ សម្រាប់បទពិសោធន៍នៅក្នុងថ្នាក់របស់អ្នក ។ ការសិក្សាមេរៀននីមួយៗក្នុងឯកសាររៀបចំ មុនពេលមកថ្នាក់រៀន នឹងជួយអ្នកឲ្យទទួលបានបទពិសោធន៍រៀនសូត្រកាន់តែស៊ីជម្រៅ និងមានអត្ថន័យជាងមុន ។
ផ្នែកទី ១
តើការសិក្សាព្រះគម្ពីរមរមន ធ្វើឲ្យជីវិតខ្ញុំប្រសើរឡើងយ៉ាងដូចម្តេច ?
នៅពេលចាប់ផ្ដើមនៃការស្ដារឡើងវិញនៃដំណឹងល្អ ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាស ៖
ខ្ញុំបានប្រាប់បងប្អូនប្រុសថា ព្រះគម្ពីរមរមនគឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដា្ឋននៃសាសនារបស់យើង ហើយបុគ្គលម្នាក់នឹងចូលទៅជិតព្រះបាន ដោយសារធ្វើតាមសក្ខីយបទទាំងឡាយនៃគម្ពីរនេះជាជាងគម្ពីរណាៗទាំងអស់ ។ ( បុព្វកថានៃព្រះគម្ពីរមរមន កថាខណ្ឌទី ៦ ) ។
តាំងពីការបោះពុម្ពនៃព្រះគម្ពីរមរមន មនុស្សរាប់លាននាក់បានរកឃើញសេចក្ដីពិតនៃសេចក្ដីថ្លែងការណ៍នេះ ។
អែលឌើរ ភីទើរ អិម ចនសិន នៃពួកចិតសិបនាក់ បានចែកចាយឧទាហរណ៍មួយអំពីរបៀបដែលព្រះគម្ពីរមរមនបានផ្ដល់ពរជ័យដល់ជីវិតរបស់លោក ពេលលោកនៅជាយុវជនម្នាក់ ៖
ពេលខ្ញុំបានចាប់ផ្ដើមកម្មវិធីថ្នាក់បណ្ឌិតរបស់ខ្ញុំ ខ្ញុំមានការបាក់ទឹកចិត្ត ។ កម្មវិធីនេះបានទទួលយកតែនិស្សិតបួនរូបប៉ុណ្ណោះនៅឆ្នាំនោះ ហើយនិស្សិតផ្សេងទៀតសុទ្ធតែមានសមត្ថភាពអស្ចារ្យ ។ ពួកគេមានពិន្ទុប្រឡងប្រសើរខ្ពស់ ហើយមានបទពិសោធន៍ការងារច្រើននៅក្នុងមុខតំណែងគ្រប់គ្រងជាន់ខ្ពស់ ហើយពួកគេបានជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់ខ្លួន ។ បន្ទាប់ពីខ្ញុំចូលរួមកម្មវិធីនោះបានពីរសប្ដាហ៍ អារម្មណ៍នៃការបាក់ទឹកចិត្ត និងការសង្ស័យបានចាប់ផ្ដើមមានកាន់តែខ្លាំង ស្ទើរធ្វើឲ្យខ្ញុំមានការថប់បារម្ភ ។
ខ្ញុំបានសម្រេចចិត្តថា បើខ្ញុំចង់បញ្ចប់កម្មវិធីនេះរយៈពេលបួនឆ្នាំ ខ្ញុំនឹងបញ្ចប់ការអានព្រះគម្ពីរមរមនរៀងរាល់ឆមាស ។ ពេលខ្ញុំអានព្រះគម្ពីរនោះជារៀងរាល់ថ្ងៃ ខ្ញុំបានស្គាល់ពីការប្រកាសរបស់ព្រះអង្គសង្គ្រោះថា ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនខ្ញុំគ្រប់សេចក្ដី ហើយនឹងរំឭកខ្ញុំពីគ្រប់ទាំងសេចក្ដី [ សូមមើល យ៉ូហាន ១៤:២៦ ] ។ ខ្ញុំបានទទួលការបញ្ជាក់ជាថ្មីថាខ្ញុំជានរណា ជាបុត្រារបស់ព្រះ វាបានរំឭកខ្ញុំកុំឲ្យប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សដទៃ ហើយធ្វើឲ្យខ្ញុំជឿជាក់លើតួនាទីដ៏ទេវភាពរបស់ខ្ញុំដើម្បីទទួលបានជោគជ័យ ។ … សូមអាន ហើយសិក្សាព្រះគម្ពីរមរមនរៀងរាល់ថ្ងៃ ជារៀងរាល់ថ្ងៃ ជារៀងរាល់ថ្ងៃ ។ ( « Power to Overcome the Adversary » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១១ ) ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « យើងត្រូវតែធ្វើឲ្យព្រះគម្ពីរមរមនក្លាយជាការផ្ដោតដ៏សំខាន់នៃការសិក្សា [ ដោយសារ ] វាត្រូវបានសរសេរសម្រាប់ជំនាន់របស់យើង » ( « The Keystone of Our Religion » Ensign ខែ មករា ឆ្នាំ ១៩៩២ ទំព័រ ៥ ) ។ ពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ណិលសុន សូមពិចារណាគូសចំណាំពីរបៀបដែលព្រះគម្ពីរមរមនអាចផ្ដល់ពរជ័យដល់ជីវិតរបស់យើង ជាពិសេសនៅក្នុងជំនាន់របស់យើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនពិតជាបន្ទូលរបស់ព្រះ ។ វាមាននូវចម្លើយសម្រាប់សំណួរពិបាកៗបំផុតក្នុងជីវិត ។ វាបង្រៀននូវគោលលទ្ធិនៃព្រះគ្រីស្ទ ។ វាពង្រីក ហើយបញ្ជាក់អំពីសេចក្ដីពិត « ដ៏ច្បាស់ និងពិសេសៗ » [ សូមមើល នីហ្វៃទី១ ១៣:២៩–៣៣ ] ជាច្រើនដែលបានបាត់បង់អស់ជាច្រើនសតវត្សរ៍ និងតាមរយៈការបកប្រែដ៏ច្រើននៃព្រះគម្ពីរប៊ីប ។
ព្រះគម្ពីរមរមនផ្ដល់នូវការយល់ដឹងពេញលេញ ហើយមានអំណាចបំផុតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែលអាចរកឃើញគ្រប់ទីកន្លែង ។ … អំណាចពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមាននៅក្នុងព្រះគម្ពីរមរមន ។ គឺពិតមែន ។
ព្រះគម្ពីរមរមនទាំងបំភ្លឺពីការបង្រៀនរបស់លោកចៅហ្វាយ និងបង្ហាញពីយុទ្ធសាស្ត្ររបស់មារសត្រូវ ។ ព្រះគម្ពីរមរមនបង្រៀនគោលលទ្ធិពិត ដើម្បីបំបាត់ទំនៀមទម្លាប់ខុសឆ្គងខាងសាសនា—ដូចជាការអនុវត្តមិនត្រឹមត្រូវនៃការធ្វើបុណ្យជ្រមុជទឹកឲ្យទារក ។ ព្រះគម្ពីរមរមនផ្ដល់គោលបំណងឲ្យជីវិត ដោយជម្រុញយើងឲ្យសញ្ជឹងគិតអំពីសក្ដានុពលនៃជីវិតអស់កល្ប និង « សុភមង្គលដ៏មិនចេះចប់មិនចេះហើយ » [ ម៉ូសាយ ២:៤១; សូមមើលផងដែរ អាលម៉ា ២៨:១២ ] ។ ព្រះគម្ពីរមរមនបំផ្លាញជំនឿខុសឆ្គងដែលថា សុភមង្គលអាចរកបាននៅក្នុងសេចក្ដីទុច្ចរិត ហើយថា សេចក្ដីល្អផ្ទាល់ខ្លួនគឺជាអ្វីទាំងអស់ដែលតម្រូវឲ្យមានដើម្បីត្រឡប់ទៅវត្តមានរបស់ព្រះវិញ ។ វាបញ្ឈប់ជារៀងរហូតនូវគំនិតខុសឆ្គងដែលថា វិវរណៈបានបញ្ចប់ជាមួយនឹងព្រះគម្ពីរប៊ីប ហើយថា ស្ថានសួគ៌ត្រូវបានបិទហើយនៅសព្វថ្ងៃនេះ ។ ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ )
ផ្នែកទី ២
តើការសិក្សាព្រះគម្ពីរមរមន ពង្រឹងទីបន្ទាល់របស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
នៅក្នុងការនិមិត្តមួយ ព្យាការី នីហ្វៃ បានរៀនថា គោលបំណងដ៏សំខាន់នៃព្រះគម្ពីរមរមន ( និងព្រះគម្ពីរថ្ងៃចុងក្រោយផ្សេងៗទៀត ) គឺដើម្បីធ្វើជាសាក្សីថា ព្រះយេស៊ូវគ្រីស្ទ « គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ហើយគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ហើយថា មនុស្សទាំងអស់ត្រូវតែមករកព្រះអង្គ បើពុំនោះសោតទេ ពួកគេនឹងពុំបានសង្គ្រោះឡើយ » ( នីហ្វៃទី១ ១៣:៤០ ) ។
នៅក្នុងជីវិតរបស់លោក នីហ្វៃបានធ្វើការដោយឧស្សាហ៍ព្យាយាម « ដើម្បីបញ្ចុះបញ្ចូលកូនចៅ [ របស់លោក ] និងបងប្អូន [ របស់លោក ] ផង ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ » ( នីហ្វៃទី២ ២៥:២៣ ) ។ នៅចុងបញ្ចប់នៃការកត់ត្រារបស់លោក លោកបានផ្ដល់សាក្សីចុងក្រោយមួយអំពីអំណាចនៃព្រះគម្ពីរមរមនក្នុងការនាំមនុស្សទៅរកព្រះគ្រីស្ទ ។
ប្រធាន ប៊ែនសឹន បានសម្គាល់ឃើញថា មនុស្សជាច្រើននៅទូទាំងពិភពលោកបដិសេធភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានពន្យល់ថា ៖
ពួកគេសង្ស័យពីកំណើតដ៏មិនគួរឲ្យជឿរបស់ទ្រង់ ជីវិតរស់នៅដ៏ល្អឥតខ្ចោះ និងភាពពិតប្រាកដនៃការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ ព្រះគម្ពីរមរមនបង្រៀនក្នុងលក្ខខណ្ទយ៉ាងច្បាស់លាស់ និងគ្មានកំហុសអំពីសេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់នោះ ។ វាក៏បានផ្តល់នូវការពន្យល់ដ៏ពេញលេញបំផុត ពីគោលលទ្ធិនៃដង្វាយធួនផងដែរ ។ ពិតណាស់ គម្ពីរដ៏បំផុសគំនិតប្រកបដោយទេវភាពនេះ គឺជាសិលាគន្លឹះមួយក្នុងការធ្វើជាសាក្សីចំពោះពិភពលោកថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ។ … ទីបន្ទាល់ [ របស់ព្រះគម្ពីរមរមន ] អំពីលោកចៅហ្វាយគឺច្បាស់លាស់ មិនថមថយ និងពេញដោយអំណាច ។( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១២៩–៣០ )
ផ្នែកទី ៣
តើខ្ញុំអាចប្រើប្រាស់ឯកសាររៀបចំនេះដោយមានប្រសិទ្ធភាពរបៀបណា ដើម្បីកែលម្អបទពិសោធន៍របស់ខ្ញុំក្នុងថ្នាក់នេះ ?
ពេលព្រះយេស៊ូវគ្រីស្ទបានយាងមកជួបពួកសាសន៍នីហ្វៃនៅក្នុងដែនដីបរិបូរ ទ្រង់បានប្រទានឱកាសដល់មនុស្សម្នាក់ៗ ឲ្យពាល់របួសនៅព្រះហស្ដ និងព្រះបាទាទ្រង់ ហើយបន្ទាប់មកទ្រង់បានបង្រៀនគោលលទ្ធិរបស់ទ្រង់ដល់បណ្ដាជន ។ ទ្រង់បានប្រកាសថា អស់អ្នកដែលជឿដល់ទ្រង់ ហើយបានរស់នៅតាមការបង្រៀនរបស់ទ្រង់ នឹងទទួលបានពរជ័យដ៏អស្ចារ្យនានានៅក្នុងជីវិតនេះ ហើយត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី៣ ១១:២៩–៤០; ១៥:១ ) ។
កាលដែលព្រះអង្គសង្គ្រោះបានរៀបចំនឹងយាងចេញទៅនៅពេលល្ងាច ទ្រង់បានទតទៅពួកបណ្ដាជន ហើយបានប្រទាននូវដំបូន្មានដ៍សំខាន់ពីរបៀបរៀបចំសម្រាប់អ្វីដែលទ្រង់នឹងបង្រៀនពួកគេនៅថ្ងៃបន្ទាប់ទៀត ។