« មេរៀនទី ២៦ ឯកសារគ្រូបង្រៀន ៖ ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៦ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៦ ឯកសារគ្រូបង្រៀន
ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន
ព្រះគម្ពីរមរមនកត់ត្រាគំរូជាច្រើនពីប្រជាជនដែលបានប្រព្រឹត្តិដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅគ្រាមានការសាកល្បង និងបានទទួលសាក្សីដែលបានបញ្ជាក់ពីសេចក្តីជំនឿរបស់ពួកគេ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សពន្យល់ពីមូលហេតុ ដែលការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នាំមុខការទទួលបានសាក្សីខាងវិញ្ញាណមួយ និងកំណត់ពីរបៀបដែលពួកគេអាចប្រព្រឹត្តិដោយមានសេចក្ដីជំនឿទៅលើទ្រង់កាន់តែខ្លាំងជាងមុន នៅពេលពួកគេជួបនឹងការសាកល្បង ។ សិស្សក៏នឹងពិចារណាផងដែរនូវទង្វើដែលបំផុសគំនិតដោយសេចក្តីជំនឿ ដែលពួកគេអាចធ្វើដើម្បីទទួលបាន ឬពង្រឹងទីបន្ទាល់របស់ពួកគេពីព្រះគម្ពីរមរមន ។
យោបល់សម្រាប់ការបង្រៀន
មរ៉ូណៃ បង្រៀនពីសារៈសំខាន់នៃការធ្វើទង្វើដោយសេចក្តីជំនឿ ។
សូមបង្ហាញដំណើររឿងដូចតទៅនេះ ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ( អ្នកអាចលើកឡើងថា សិស្សបានអានអំពីបទពិសោធន៍នេះនៅក្នុង ផ្នែកទី ១ នៃឯកសាររៀបចំ ) ៖
គ្រាមួយពីមុនខ្ញុំត្រូវបានត្រូវហៅជាអ្នកមានសិទ្ធិអំណាចទូទៅ ខ្ញុំបានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនដែលបានកើតឡើងអស់ជាច្រើនឆ្នាំ ។ នៅពេលខ្លះ ការសាកល្បងនេះបានគំរាមគំហែងដល់សុខុមាលភាពគ្រួសាររបស់ខ្ញុំ និងខ្ញុំ ហើយខ្ញុំបានគិតថា យើងអាចជួបនឹងការលិចលង់ខាងហិរញ្ញវត្ថុហើយ ។ ខ្ញុំបានអធិស្ឋានសូមឲ្យមានអន្តរាគមន៍ដ៏អស្ចារ្យមួយចំនួនដើម្បីរំដោះយើង ។ ទោះបីជាខ្ញុំបានពោលពាក្យអធិស្ឋានដោយទឹកចិត្តស្មោះសរ និងអស់ពីចិត្តយ៉ាងខ្លាំងជាងច្រើនដងក្តី ក៏នៅចុងបញ្ចប់ចម្លើយគឺ « ទេ » ដដែល ។( « Look to God Each Day » New Era ខែ មេសា ឆ្នាំ ២០១៥ ទំព័រ ៣–៤ )
-
តើបទពិសោធន៍បែបនេះអាចសាកល្បងសេចក្តីជំនឿរបស់នរណាម្នាក់លើព្រះយេស៊ូវគ្រីស្ទតាមវិធីណា ?
-
តើមានឧទាហរណ៍ពីជីវិតពិតផ្សេងទៀតណាខ្លះ ដែលបង្ហាញពីរបៀបដែលសេចក្តីជំនឿរបស់មនុស្សត្រូវបានសាកល្បង ឬធ្វើតេស្ដនោះ ?
សូមអញ្ជើញសិស្សឲ្យមើលការបង្រៀនរបស់ មរ៉ូណៃ ទាក់ទងនឹងសេចក្តីជំនឿនៅក្នុង អេធើរ ១២:៣–៧, ១២, ១៨ ហើយបន្ទាប់មក សូមសួរសំណួរដូចតទៅ ៖
-
តើយើងអាចរៀនអ្វីខ្លះមកពីអេធើរ និងមរ៉ូណៃ អំពីការអនុវត្តសេចក្តីជំនឿ ? ( នៅក្នុងចំណោមសេចក្តីពិតផ្សេងទៀត សិស្សអាចរកឃើញអ្វីមួយដូចខាងក្រោមនេះ ៖ យើងពុំទទួលបានសាក្សីខាងវិញ្ញាណឡើយ ទាល់តែការសាកល្បងនៃសេចក្តីជំនឿរបស់យើងបានកើតឡើងជាមុនសិន ) ។
-
ហេតុអ្វីអ្នកគិតថា យើងត្រូវបានរំពឹងឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ពីមុនយើងទទួលបានសាក្សីខាងវិញ្ញាណមកពីព្រះ ?
-
តើយើងបានទទួលពរជ័យអ្វីខ្លះ ពេលយើងនៅស្មោះត្រង់នឹងព្រះយេស៊ូវគ្រីស្ទ ក្នុងពេលសាកល្បងរបស់យើង ? ( អ្នកអាចចង់រំឭក សេចក្ដីថ្លែងការណ៍ដោយអែលឌើរ គ្រីស្ដូហ្វឺសិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។
សូមអញ្ជើញសិស្សឲ្យគិតពីគំរូនៅក្នុងព្រះគម្ពីរមរមន ពីប្រជាជនដែលបានធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ពេលប្រឈមនឹងការសាកល្បង ឬការប្រឆាំងនោះ ។ បើចាំបាច់ សូមផ្តល់ពេលឲ្យពួកគេពីរបីនាទី ដើម្បីសិក្សាពីដំណើររឿងរបស់មនុស្សដែលពួកគេគិតដល់ ។ ( សិស្សដែលបានបំពេញ សកម្មភាពសិក្សានៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ អាចរៀនឡើងវិញពីអ្វីដែលពួកគេបានសិក្សារួចហើយ ) ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមបំបែកសិស្សទៅជាក្រុមតូចៗ ដើម្បីពិភាក្សាសំណួរដូចតទៅ ( សូមរំឭកសិស្សថា ពួកគេបានឆ្លើយស្រដៀងគ្នាទៅនឹង សំណួរនៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ៖
-
តើបុគ្គលម្នាក់ៗ ឬមនុស្សទូទៅអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើពរជ័យ និងឥទ្ធិពលដ៏ទេវភាពអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានឲ្យ បន្ទាប់ពីពួកគេបានអនុវត្តសេចក្តីជំនឿលើទ្រង់ ? ( វាអាចមានអត្ថប្រយោជន៍ដើម្បីចង្អុលបង្ហាញថា ពរជ័យមួយចំនួនអាចមិនទទួលបានទេ រហូតដល់ជីវិតក្រោយ ) ។
-
តើគោលការណ៍ ឬការអនុវត្តអ្វីខ្លះ ដែលអ្នកអាចរៀនពីដំណើររឿងនេះ ? តើអ្នកអាចអនុវត្តដំណើររឿងនេះនៅក្នុងជីវិតអ្នកដោយរបៀបណា ?
អ្នកក៏អាចអញ្ជើញសិស្សឲ្យគិតពិចារណាពីគោលការណ៍ទាំងឡាយដែលបានពិភាក្សា ហើយកត់ត្រាគំនិត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេអំពីគោលការណ៍ទាំងនេះផងដែរ ។
មរ៉ូណៃ អញ្ជើញអ្នកអានទាំងឡាយឲ្យស្វែងរកសាក្សីពីព្រះគម្ពីរមរមន ។
សូមបង្ហាញស្ថានភាពខាងក្រោមនេះ ៖
-
តើអ្នកនឹងឆ្លើយតបចំពោះកង្វល់របស់មិត្តភក្តិអ្នកអំពីព្រះគម្ពីរមរមនយ៉ាងណាដែរ ?
-
តើអ្នកអាចអនុវត្តការបង្រៀននៅក្នុង អេធើរ ១២:៦ ទៅនឹងស្ថានភាពនេះយ៉ាងដូចម្តេច ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាន មរ៉ូណៃ ១០:៣–៥ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវរបៀបដែលយើងអាចទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន ។
-
តើយើងគួរធ្វើអ្វីខ្លះ ប្រសិនបើយើងចង់ទទួលបានទីបន្ទាល់ពីព្រះគម្ពីរមរមន ? ( សិស្សអាចរកឃើញដូចតទៅនេះ ឬគោលការណ៍ដែលស្រដៀងគ្នានេះ ៖ ដើម្បីទទួលបានទីបន្ទាល់ពីព្រះគម្ពីរមរមន យើងគួរចងចាំ និងគិតពិចារណាអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ កាលដែលយើងអានគម្ពីរនេះ ហើយបន្ទាប់មកទូលសួរដល់ព្រះថា តើគម្ពីរនេះពិតឬអត់ ដោយចិត្តស្មោះសរ ដោយចេតនាពិត និងដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ) ។
-
តើការទទួលយកការអញ្ជើញរបស់ មរ៉ូណៃ ជាការបង្ហាញពីអ្វីដែលយើងបានរៀនអំពីការធ្វើសកម្មភាពដោយសេចក្ដីជំនឿយ៉ាងដូចម្តេច ? ( វាក៏អាចមានប្រយោជន៍សម្រាប់សិស្សផងដែរដើម្បីរំឭក សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ហ្គីន អរ ឃុក នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំនេះ ) ។
សូមរំឭកសិស្សថា នៅក្នុង ផ្នែកទី ៣ នៃឯកសាររៀបចំ ពួកគេត្រូវបានអញ្ជើញឲ្យសញ្ជឹងគិត និងកត់ត្រាបទពិសោធន៍របស់ពួកគេស្តីពីការទទួលបានសាក្សីខាងវិញ្ញាណថា ព្រះគម្ពីរមរមនគឺពិត ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានដកពិសោធន៍ និងរៀនសូត្រ នៅក្នុងការស្វែងរក និងទទួលបានសាក្សីខាងវិញ្ញាណពីព្រះគម្ពីរមរមរន ។
សូមធ្វើការពិចារណាចែកចាយសេចក្តីថ្លែងការណ៍ដូចតទៅអំពីការសន្យារបស់មរ៉ូណៃ ដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖
ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់គ្នាបានបង្ហាញការសន្យានោះសម្រាប់ខ្លួនបងប្អូន ឬថាបងប្អូននឹងធ្វើវាឆាប់ៗនេះ ។ ចម្លើយប្រហែលជាមិនមាននៅក្នុងបទពិសោធន៍ខាងវិញ្ញាណតែមួយនោះទេ ។ សម្រាប់ខ្ញុំ ដំបូងឡើយ ខ្ញុំទទួលបានដោយស្ងប់ស្ងាត់ ។ ប៉ុន្តែខ្ញុំបានទទួលខ្លាំងជាងរាល់ដងដែលខ្ញុំបានអាន និងបានអធិស្ឋានអំពីព្រះគម្ពីរមរមន ។
ខ្ញុំមិនពឹងផ្អែកលើអ្វីដែលបានកើតឡើងកាលពីអតីតកាលនោះទេ ។ ដើម្បីរក្សាទីបន្ទាល់នៅរស់អំពីព្រះគម្ពីរមរមនរបស់ខ្ញុំឲ្យមានសុវត្ថិភាព ខ្ញុំទទួលយកសេចក្តីសន្យារបស់ មរ៉ូណៃ ជាញឹកញាប់ ។ ខ្ញុំមិនបានយកពរជ័យនៃទីបន្ទាល់នោះកេងជាប្រយោជន៍ថាជាការផ្តល់សិទ្ធិជារៀងរហូតនោះទេ ។( « A Living Testimony » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១២៧ )
-
តើអ្នកកំពុងធ្វើអ្វី ឬអ្នកអាចធ្វើអ្វីខ្លះ ដើម្បីពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន ?
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យពិចារណាថា តើជីវិតរបស់ពួកគេនឹងទៅជាយ៉ាងណា ប្រសិនបើពួកគេមិនមានសេចក្តីជំនឿ សេចក្តីសង្ឃឹម ឬសេចក្តីសប្បុរសនោះទេ ។ នៅពេលពួកគេ រៀបចំខ្លួនសម្រាប់មេរៀនក្រោយ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបញ្ចូលបុគ្គលិកលក្ខណៈដូចព្រះគ្រីស្ទ យ៉ាងពេញលេញនៅក្នុងជីវិតរបស់ពួកគេ ។