ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៧ ឯកសារ​គ្រូបង្រៀន ៖ ការធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់


« មេរៀនទី ១៧ ឯកសារ​គ្រូបង្រៀន ៖ ការធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១៧ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១៧ ឯកសារ​គ្រូបង្រៀន

ការធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់

ដូច​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​អ្នកដើរតាម​ទ្រង់​នៅ​ស្រុក​ភីលីស្ទីន​ដែរ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ។ ទ្រង់​បាន​ហៅ​ពួកសិស្ស​ដប់ពីរ​នាក់ និង​ប្រទាន​ដល់​ពួកគេ​នូវ​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ មេរៀន​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ផ្ដោតលើ​ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ ហើយ​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់​ក្លាយជា​បទពិសោធន៍​ដែល​មាន​អត្ថន័យ និង​ផ្ដោតលើ​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំងឡើង ។ សិស្ស​ក៏​នឹង​ប្ដេជ្ញាចិត្ត​ផងដែរ​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​ទទួល​បាននូវការ​រាប់អាន​នៅក្នុង​សាសនាចក្រ និង​ជា​សមាជិក​ក្នុង​វួដ ឬ​សាខា​របស់​ពួកគេ​ផ្ទាល់ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវគ្រីស្ទ​បាន​តាំង​ពិធីសាក្រាម៉ង់​ឡើង ហើយ​បង្គាប់​ឲ្យ​ប្រជាជន​ជួបជុំ​គ្នា​ជា​ញឹកញាប់ ហើយ​មិន​បាន​ហាមប្រាម​នរណា​ម្នាក់​មិន​ឲ្យ​ចូលរួម​ក្នុង​ការថ្វាយបង្គំ​របស់​ពួកគេ​ឡើយ ។

សូម​បង្ហាញ​រូបភាព​ខាងក្រោម​នេះ ហើយ​សូម​រំឭក​សិស្ស​ថា ជា​ផ្នែក​មួយ​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រគល់​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​ពួកសិស្ស​ដប់ពីរ​នាក់​របស់​ទ្រង់ ហើយ​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​ឡើង ( សូមមើល នីហ្វៃ​ទី​៣ ១១:១៨–២២; ១២:១; ១៨:៥, ៣៧; ២៦:១៧–២១ ) ។

ព្រះគ្រីស្ទ​ជាមួយ​នឹង​ពួកសិស្ស​សាសន៍​នីហ្វៃ​បី​រូប ដោយ ហ្គែរី អិល ខាប

សូម​ចង្អុល​បង្ហាញ​ថា ខណៈ​វា​មាន​ទិដ្ឋភាព​ជាច្រើន​ក្នុង​សាសនាចក្រ​នេះ ដែល​យើង​អាច​រៀន​បន្ថែម​ទៀត​បាន នោះ​មេរៀន​នេះ​នឹង​ផ្ដោត​លើ​តែ​ទិដ្ឋភាព​ពីរ​ប៉ុណ្ណោះ ។ សូម​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​សូម​ឲ្យ​សិស្ស​ជ្រើសរើស​សំណួរ​មួយ ដែល​ពួកគេ​ចង់​ស្វែងយល់​បន្ថែម​ទៀត ៖

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​ពិធី​សាក្រាម៉ង់​ក្លាយជា​ផ្នែក​ដ៏​កាន់តែ​មាន​អត្ថន័យ​មួយ​នៃ​បទពិសោធន៍​ក្នុង​សាសនាចក្រ​របស់​ខ្ញុំ ?

  • តើ​ខ្ញុំ​អាច​ជួយ​ធ្វើឲ្យ​មាន​បទពិសោធន៍​ដ៏​កាន់តែ​ស្វាគមន៍ និង​រាប់អាន​នៅក្នុង​សាសនាចក្រ​សម្រាប់​មនុស្ស​ទាំងអស់​ដោយ​របៀប​ណា ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ការពិភាក្សា និង​កិច្ចការ​ជា​ក្រុម​តូចៗ​អាច​ជួយ​សិស្ស​ឲ្យ​រៀន​បាន​កាន់តែ​ស៊ីជម្រៅ ។ ការបង្កើត​ក្រុម​តូចៗ​អាច​អនុញ្ញាត​ឲ្យ​មាន​សិស្ស​កាន់តែ​ច្រើន​ឡើង​ចូលរួម និង​អាច​បង្កើត​បរិយាកាស​ដ៏​មាន​សុវត្ថិភាព​មួយ ដែល​ពួកគេ​អាច​ចែក​រំលែក​គំនិត អារម្មណ៍ និង​បទពិសោធន៍​នានា​ជាមួយ​គ្នា ។ ក្រុម​តូចៗ​ក៏​អាច​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ជំនាញ​ខាង​សង្គម និង​ផ្នែក​ទំនាក់ទំនង​បាន​ផងដែរ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​មួយ​នៅក្នុង​ក្រុម​តូចៗ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ផ្ដល់​ចំណុច​ដូច​តទៅ​នេះ ៖ ( ១ ) ធនធាន​ដូចជា ពាក្យសម្ដី​ដកស្រង់ ច្បាប់​ចម្លង​សុន្ទរកថា​ពី​សន្និសីទ​ទូទៅ ឬ​សំណៅ​ចែក​ផ្សេងទៀត ( ២ ) ការណែនាំ​ច្បាស់លាស់ និង​សំណួរ​ដែល​នាំ​ឲ្យ​គិត​ពិចារណា ព្រមទាំង ( ៣ ) ពេល​ពិភាក្សា​គ្នា​ច្រើន ។

សូម​ឲ្យ​សិស្ស​បង្កើត​ក្រុម​តូចៗ ( គ្នា​បី​ទៅ​បួន​នាក់​ក្នុង​មួយ​ក្រុម ) ជាមួយ​អ្នក​ដែល​បាន​ជ្រើសរើស​សំណួរ​ដូចគ្នា ។ សូម​ប្រគល់​សំណៅ​ចែក​ឲ្យ​ក្រុម​នីមួយៗ ដែល​ត្រូវគ្នា​នឹង​សំណួរ​របស់​ពួកគេ ។ ( សំណៅ​ចែក​ទាំងពីរ​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ) ។ សូម​ឲ្យ​សិស្ស​ប្រើ​សំណួរ និង​ធនធាន​នានា​នៅលើ​សំណៅ​ចែក​នោះ ដើម្បី​បង្កើត​ឲ្យ​មាន​ការពិភាក្សា​ដ៏​មាន​ខ្លឹមសារ ។ នៅពេល​ក្រុម​ពិភាក្សា​គ្នា អ្នក​អាច​ដើរ​មើល​ជុំវិញ​ថ្នាក់ ហើយ​ផ្ដល់​ការណែនាំ និង​ការគាំទ្រ​តាម​ការចាំបាច់ ។

បន្ទាប់ពី​ទុក​ពេល​ច្រើន​ឲ្យ​ក្រុម​ពិភាក្សា​ពី​ប្រធានបទ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់​អំពី​គោលការណ៍​មួយ​ចំនួន ដែល​ពួកគេ​បាន​រៀន​មកពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ប្រជាជន ។ អ្នក​អាច​ឃើញ​ថា វា​មាន​អត្ថប្រយោជន៍​ដើម្បី​ផ្ដោតលើ​ប្រធានបទ​មួយ​រយៈពេល​ពីរ​បី​នាទី រួចហើយ​ពិភាក្សា​ប្រធានបទ​បន្ទាប់​ទៀត ។

សិស្ស​អាច​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាងក្រោម ៖

  • នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​ធ្វើជា​សាក្សី​ដល់​ព្រះវរបិតាសួគ៌​អំពី​ឆន្ទៈ​របស់​យើង​ថា យើង​ចងចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

  • នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ ហើយ​ខិតខំ​ចងចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​នឹង​យើង ។

  • ព្រះអម្ចាស់​ត្រាស់​បង្គាប់​ឲ្យ​យើង​អញ្ជើញ និង​រាប់រក​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ហើយ​ជួយ​ពួកគេ​ឲ្យ​មក​រក​ទ្រង់ ។

នៅពេល​កំណត់​បាន​គោលការណ៍​ទាំងនេះ​ហើយ អ្នក​អាច​សូម​ឲ្យ​សិស្ស​សរសេរ​វា​ដាក់​នៅលើ​ក្ដារខៀន ។ សូម​ពិចារណា​សូម​សិស្ស​ឲ្យ​ចែកចាយ​គំនិត ឬ​សំណួរ​អ្វី​ដែល​ពួកគេ​មាន​អំពី​គោលការណ៍​ណាមួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងនេះ ។

សូម​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​សូម​ឲ្យ​សិស្ស​ជ្រើសរើស​សំណួរ​មួយ ឬ​ទាំងពីរ​យក​មក​សញ្ជឹង​គិត ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​នានា​ដែល​កើត​មាន​ដល់​ពួកគេ ។

  • តើ​ខ្ញុំ​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​រៀបចំ​ខ្លួន​ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ ហើយ​ធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់​ក្លាយជា​បទពិសោធន៍​ដ៏​មាន​អត្ថន័យ និង​ផ្តោត​លើ​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ?

  • តើ​ខ្ញុំ​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​អារម្មណ៍​កក់ក្ដៅ ហើយ​មាន​អារម្មណ៍​ថា​ត្រូវបាន​គេ​រាប់អាន​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​ពិភពលោក​នៅ​ជុំវិញ​ពួកគេ ដែល​អាច​ធ្វើឲ្យ​ពិបាក​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់រៀន​លើក​ក្រោយ ដោយ​រកមើល​អ្វី​ដែល​ពួកគេ​អាច​រៀន​មកពី​គំរូ​របស់​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​ខិតខំ​រស់នៅ​យ៉ាង​សុចរិត ទោះបីជា​កំពុង​រស់នៅ​ក្នុង​បរិយាកាស​មួយ​ដ៏​ទុច្ចរិត​ក្ដី ។

ពរជ័យ​នៃ​ពិធីសាក្រាម៉ង់

ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន—មេរៀន​ទី ១៧

សេចក្ដី​ណែនាំ​សម្រាប់​អ្នកដឹកនាំ​ការពិភាក្សា

សូម​ប្រើ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​សម្រប​សម្រួល​ការពិភាក្សា​ជាមួយ​នឹង​សមាជិក​ក្រុម​របស់​អ្នក ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្រុម​របស់​អ្នក​ទាំងអស់​ឲ្យ​ចូលរួម ។ ប៉ុន្ដែ គ្មាន​នរណាម្នាក់​គួរ​មាន​សម្ពាធ​ថា​ត្រូវតែ​ចែក​រំលែក​យោបល់​របស់​ពួកគេ​នោះ​ទេ ។

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​ពិធី​សាក្រាម៉ង់​ក្លាយជា​ផ្នែក​ដ៏​កាន់តែ​មាន​អត្ថន័យ​មួយ​នៃ​បទពិសោធន៍​ក្នុង​សាសនាចក្រ​របស់​ខ្ញុំ ?

សូម​រំឭក នីហ្វៃ​ទី​៣ ១៨:៦–១២; ២០:៨–៩ និង​ការបង្រៀន​ទាំងឡាយ​មកពី អែលឌើរ ដេវីឌ អេ បែដណា និង ឌី ថត គ្រីស្តូហ្វឺសិន នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​យើង​ធ្វើជា​សាក្សី​ដល់​ព្រះវរបិតាសួគ៌​អំពី​អ្វីខ្លះ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ ?

  • តើ​ពិធីសាក្រាម៉ង់​អាច​នាំ​យើង​ឲ្យ​ខិត​ទៅជិត​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ? តើ​ជីវិត​របស់​អ្នក​នឹង​ខុសគ្នា​យ៉ាងណា នៅពេល​អ្នក​កាន់តែ​ផ្ដោតលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​នៅពេល​អ្នក​មាន​អារម្មណ៍​ខិត​កាន់តែ​ជិត​ទៅ​ទ្រង់ ?

  • យោងតាម​អែលឌើរ បែដណា និង​អែលឌើរ គ្រីស្តូហ្វឺសិន តើ​ពិធីសាក្រាម៉ង់​រាល់​សប្ដាហ៍​គួរតែ​មាន​ឥទ្ធិពល​លើ​ជីវិត និង​បុគ្គលិក​លក្ខណៈ​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​មាន​នរណាម្នាក់​ស្ម័គ្រចិត្ត​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងនេះ ចេញពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែរ​ឬទេ ?

  • តើ​អ្វី​ដែល​បាន​ជួយ​អ្នក​ច្រើនបំផុត​ក្នុងការ​ធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់​ក្លាយជា​បទពិសោធន៍​ដ៏​មាន​អត្ថន័យ និង​ផ្តោត​លើ​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ?

ពរជ័យ​នៃ​ពិធីសាក្រាម៉ង់

សំណៅ​ចែក​របស់​គ្រូបង្រៀន

ស្វាគមន៍​មនុស្ស​ទាំងអស់​មកកាន់​សាសនាចក្រ

ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន—មេរៀន​ទី ១៧

សេចក្ដី​ណែនាំ​សម្រាប់​អ្នកដឹកនាំ​ការពិភាក្សា

សូម​ប្រើ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​សម្រប​សម្រួល​ការពិភាក្សា​ជាមួយ​នឹង​សមាជិក​ក្រុម​របស់​អ្នក ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្រុម​របស់​អ្នក​ទាំងអស់​ឲ្យ​ចូលរួម ។ ប៉ុន្ដែ គ្មាន​នរណាម្នាក់​គួរ​មាន​សម្ពាធ​ថា​ត្រូវតែ​ចែក​រំលែក​យោបល់​របស់​ពួកគេ​នោះ​ទេ ។

តើ​ខ្ញុំ​អាច​ជួយ​ធ្វើឲ្យ​មាន​បទពិសោធន៍​ដ៏​កាន់តែ​ស្វាគមន៍ និង​រាប់អាន​នៅក្នុង​សាសនាចក្រ​សម្រាប់​មនុស្ស​ទាំងអស់​ដោយ​របៀប​ណា ?

អ្នក​អាច​ចាប់ផ្ដើម​ការពិភាក្សា​របស់​អ្នក ដោយ​ការកំណត់​មូលហេតុ​ទូទៅ​ពីរ​បី​ស្ដីពី​មូលហេតុ​ដែល​មនុស្ស​អាច​មាន​អារម្មណ៍​ថា​មិន​ត្រូវបាន​គេ​រាប់រក​នៅក្នុង​វួដ ឬ​សាខា​របស់​ពួកគេ ។ សូម​ចំណាយ​ពេល​ខ្លះ​រំឭក នីហ្វៃ​ទី​៣ ១៨:២២–២៥ និង​សេចក្ដី​ថ្លែងការណ៍​ដោយ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី នៅ​ក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​មាន​ការបង្រៀន និង​គោលការណ៍​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​គិត​ថា​សំខាន់​ដើម្បី​ឲ្យ​សមាជិក​ទាំងអស់​ក្នុង​សាសនាចក្រ​ត្រូវ​យល់ ? ហេតុអ្វី​ទៅ ?

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់​ស៊ីស្ទើរ ម៉ាកខន់ឃី ត្រង់​ណា​ដែល​មាន​អត្ថន័យ​ខ្លាំង​បំផុត​ចំពោះ​អ្នក ? តើ​អ្នក​គិត​ថា « ការ​មើល​ទៅ [ មនុស្ស​ដទៃ ] តាមរយៈ​កែវភ្នែក​ដូចជា​ព្រះគ្រីស្ទ » មាន​ន័យ​ដូចម្ដេច ? ( ខារ៉ុល អេហ្វ ម៉ាកខន់ឃី « Lifting Others » [ វីដេអូ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • តើ​មាន​គំរូ​អ្វីខ្លះ​ចេញពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ពី​ព្រះទ័យ​របស់​ទ្រង់​ដើម្បី​អញ្ជើញ និង​រាប់រក​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ដោយ​មិន​គិត​ពី​កាលៈទេសៈ​របស់​ពួកគេ​នោះ ?

  • តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​រាប់រក និង​អញ្ជើញ​សមាជិក និង​ភ្ញៀវ​ទស្សនា​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​វួដ ឬ​សាខា​របស់​យើង​ដោយ​របៀប​ណា ? តើ​សមាជិក​បាន​ធ្វើ​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​ត្រូវបាន​គេ​រាប់រក និង​ស្វាគមន៍​នៅក្នុង​សាសនាចក្រ ?

ស្វាគមន៍​មនុស្ស​ទាំងអស់​មកកាន់​សាសនាចក្រ

សំណៅ​ចែក​របស់​គ្រូបង្រៀន​ទី ២