« មេរៀនទី ១១ ឯកសារគ្រូបង្រៀន ៖ ឈានទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១១ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១១ ឯកសារគ្រូបង្រៀន
ឈានទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តពីអំពើបាបរបស់យើង គឺជាជំហានដំបូងនៅលើផ្លូវនៃសេចក្ដីសញ្ញាឆ្ពោះទៅកាន់ជីវិតដ៏អស់កល្បជានិច្ច ។ តាមរយៈពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក នោះយើងចូលទៅក្នុងទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌របស់យើង និងជាមួយព្រះយេស៊ូវគ្រីស្ទ ។ អំឡុងមេរៀននេះ សិស្សនឹងអាចចែកចាយឧទាហរណ៍នានាស្ដីពីរបៀបដើម្បីរក្សាសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់ពួកគេនៅក្នុងជីវិតប្រចាំថ្ងៃ ថ្លែងទីបន្ទាល់អំពីឥទ្ធិពលរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងការបន្សុទ្ធយើង និងកំណត់ពីអ្វីដែលពួកគេអាចធ្វើបានដើម្បីស៊ូទ្រាំដល់ទីបញ្ចប់ដោយមានសេចក្ដីសង្ឃឹម និងសេចក្ដីអំណរដ៏ធំមហិមា ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា និងនីហ្វៃបង្រៀនពីសារៈសំខាន់នៃសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់យើង និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តាយ នៃពួកចិតសិបនាក់ ៖
ផែនការសកម្មភាពរបស់ព្រះអម្ចាស់សម្រាប់យើង—ដែលជាគោលលទ្ធិនៃព្រះគ្រីស្ទ—ត្រូវបានបង្រៀនយ៉ាងច្បាស់បំផុតនៅក្នុងព្រះគម្ពីរមរមន ។ វារួមមាន … ការចុះ និងការរក្សា សេចក្ដីសញ្ញាជាមួយនឹងព្រះតាមរយៈពិធីបរិសុទ្ធដូចជាពិធីបុណ្យជ្រមុជទឹក ។ ការណ៍នេះនឹងរក្សាយើងឲ្យនៅលើផ្លូវនៃសេចក្ដីសញ្ញា ដែលនាំទៅរកទ្រង់ ។( « The Power of the Book of Mormon in Conversion » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤៦ )
-
តើពិធីបុណ្យជ្រមុជទឹករបស់អ្នកមានឥទ្ធិពលលើសមត្ថភាពរបស់អ្នកដើម្បីក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមបង្ហាញប្រយោគមិនពេញលេញនេះ ៖ នៅពេលយើងជ្រមុជទឹក យើងចុះសេចក្ដីសញ្ញាថានឹង …
សូមឲ្យសិស្សរំឭក ម៉ូសាយ ១៨:៨–១០ ហើយរកមើលការណ៍មួយចំនួនដែលយើងចុះសេចក្ដីសញ្ញាថានឹងធ្វើ ហើយប្រែក្លាយ នៅពេលយើងជ្រមុជទឹក ។ ( ចម្លើយរបស់សិស្សអាចរួមមានដូចតទៅនេះ ៖ នៅពេលយើងជ្រមុជទឹក យើងចុះសេចក្ដីសញ្ញាថានឹងរែកបន្ទុករបស់គ្នាទៅវិញទៅមក ទួញយំជាមួយអស់អ្នកដែលទួញយំ លួងលោមអស់អ្នកដែលត្រូវការការលួងលោម ឈរជាសាក្សីដល់ព្រះ បម្រើដល់ទ្រង់ រក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ) ។
សូមរំឭកសិស្សថា ពួកគេត្រូវបានអញ្ជើញឲ្យគិតអំពីគំរូ ដែលពួកគេបានឃើញពីមនុស្សដែលគោរពតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ សូមផ្ដល់ពេលពីរបីនាទីឲ្យសិស្សនឹកគិតដល់គំរូរបស់ពួកគេ រួចហើយចែកចាយគំនិតរបស់ពួកគេជាមួយនឹងដៃគូម្នាក់ ឬជាមួយក្រុមតូចៗ ។ ក្រោយពេលពួកគេចែកចាយគំរូរបស់ពួកគេជាមួយគ្នារួចហើយ សូមពិចារណាសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើមានគំរូណាខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលរស់នៅតាមសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ ហើយលួងលោម ពង្រឹង និងទួញយំជាមួយមនុស្សដទៃ ?
-
តើអ្នកបានរៀនអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក អំពីការទួញយំជាមួយអស់អ្នកដែលទួញយំ ឬលួងលោមអស់អ្នកដែលត្រូវការការលួងលោម ? ( អ្នកអាចចង់រំឭក សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ឌេល ជី រេនឡាន់ នៅក្នុងផ្នែកទី ១ នៅក្នុងឯកសាររៀបចំ ) ។ នៅពេលអ្នកបានព្យាយាមមើលទៅមនុស្សដទៃតាមរបៀបដែលព្រះវរបិតាសួគ៌ទតមើលទៅពួកគេ តើវាធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះ ?
សូមចង្អុលបង្ហាញថា នៅពេលយើងកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើង នោះព្រះអម្ចាស់សន្យាថាប្រទានឲ្យយើងនូវគូកនជាព្រះវិញ្ញាណបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យរំឭក នីហ្វៃទី២ ៣១:១៣, ១៧ ហើយរកមើលថាតើយើងមានពរជ័យយ៉ាងណា ពេលយើងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
តើអ្នកនឹងពន្យល់ពីអត្ថន័យនៃពិធីបុណ្យជ្រមុជដោយភ្លើង និងការនិយាយដោយភាសានៃពួកទេវតាទៅកាន់នរណាម្នាក់ដែលកំពុងរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ? ( សូមពិចារណារំឭកសេចក្ដីថ្លែងការណ៍ដោយ ប្រធាន ប៊យដ៏ ឃេ ផាកកឺ និង អែលឌើរ ដេវីឌ អេ បែដណា នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។ តើអ្នកបានដកពិសោធន៍ពរជ័យទាំងនេះតាមរបៀបណា ?
អ្នកអាចឲ្យសិស្សមានពេលសញ្ជឹងគិតពីសំណួរដូចខាងក្រោមនេះ ៖
-
តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអញ្ជើញឲ្យមានពរជ័យនៃព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់ខ្ញុំ ? តើខ្ញុំគួរតែបន្ដធ្វើអ្វីខ្លះ ចាប់ផ្ដើមធ្វើអ្វីខ្លះ ឬឈប់ធ្វើអ្វីខ្លះ ដើម្បីខ្ញុំអាចរីករាយនឹងអំណាចបន្សុទ្ធនៃព្រះវិញ្ញាណបរិសុទ្ធកាន់តែពេញលេញ ?
នីហ្វៃបង្រៀនពីសារៈសំខាន់នៃការស៊ូទ្រាំរហូតដល់ទីបញ្ចប់ ។
សូមពិចារណាប្រើដំណើររឿងខាងក្រោមនេះ ដែលបានចែកចាយដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឬដំណើររឿងរបស់អ្នកផ្ទាល់ដែលបង្ហាញពីសារៈសំខាន់នៃការស៊ូទ្រាំក្នុងស្ថានភាពលំបាក ៖
នៅឆ្នាំ ១៩៦៨ អ្នករត់កីឡាម៉ារ៉ាតុងម្នាក់ឈ្មោះ ចន ស្ទីហ្វិន អាវ៉ារី បានតំណាងឲ្យប្រទេសតង់សានីនៅក្នុងការប្រកួតអន្ដរជាតិមួយ ។ « ជាងមួយម៉ោងក្រោយពី [ អ្នកឈ្នះ ] បានរត់កាត់ខ្សែផ្ដាច់ព្រ័ត្រ ចន ស្ទីហ្វិន អាវ៉ារី … បានមកដល់ពហុកីឡាដ្ឋាន ជាបុរសចុងក្រោយគេដែលបញ្ចប់ដំណើរនេះ ។ [ ទោះបីជាអស់កម្លាំងខ្លាំង រមួលជើង ខ្វះជាតិទឹក និងវង្វេងទិសយ៉ាងណាក្ដី ] ក៏មានសំឡេងមួយហៅពីខាងក្នុងខ្លួនឲ្យបន្ដទៅមុខ ដូច្នេះហើយគាត់បានបន្ដទៅមុខ ។ … នៅពេលគេសួរគាត់ថា ហេតុអ្វីគាត់រត់បញ្ចប់ការរត់ប្រណាំង ដែលគាត់មិនអាចឈ្នះនេះបាន អាវ៉ារី បានឆ្លើយថា « ប្រទេសរបស់ខ្ញុំមិនបានបញ្ជូនខ្ញុំមកក្នុងចម្ងាយ ៨០០០ គីឡូម៉ែត្រឲ្យមក ចាប់ផ្ដើម ការរត់ប្រណាំងនេះទេ ប្រទេសរបស់ខ្ញុំបញ្ជូនខ្ញុំមកឲ្យ បញ្ចប់ ការរត់ប្រណាំងនេះ » ។ ( «Behold, We Count Them Happy Which Endure » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ )
-
តើមានមូលហេតុណាខ្លះដែល ចន ស្ទីហ្វិន អាវ៉ារី អាចជ្រើសរើសដើម្បីមិនបញ្ចប់ការរត់ប្រណាំងនេះ ?
-
តើបទពិសោធន៍របស់ ចន អាចប្រៀបធៀបទៅនឹងឧបសគ្គដែលយើងអាចប្រឈមមុខ នៅពេលយើងខិតខំកាន់តាមសេចក្ដីសញ្ញារបស់យើងដោយរបៀបណា ?
-
តើមានមូលហេតុណាខ្លះដែលនរណាម្នាក់អាចជ្រើសរើសដើម្បីមិនបន្ដស្មោះត្រង់នឹងសេចក្ដីសញ្ញារបស់ពួកគេ ?
ដើម្បីជម្រុញឲ្យមានការពិភាក្សា អ្នកអាចអញ្ជើញសិស្សឲ្យបង្កើតជាក្រុមតូចៗ ហើយអាន នីហ្វៃទី២ ៣១:១៥–១៦, ១៩–២១ ហើយរកមើលអត្ថន័យនៃការស៊ូទ្រាំដល់ទីបញ្ចប់ ។ ( អ្នកក៏អាចអញ្ជើញពួកគេឲ្យអានបទគម្ពីរមួយចំនួនដែលមាននៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅក្រោមប្រធានបទ « អត់ធន់ » ) ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ។ ( សិស្សអាចរកឃើញសេចក្ដីពិតស្រដៀងនឹងអ្វីដូចតទៅនេះ ៖ នៅពេលយើងឈានទៅមុខដោយសេចក្ដីខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ នៅលើផ្លូវដ៏តូចចង្អៀតនេះ ហើយស៊ូទ្រាំដល់ទីបញ្ចប់ នោះព្រះវរបិតាសួគ៌នឹងប្រទានពរដល់យើងឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច ) ។ សូមពិចារណាថា តើសំណួរខាងក្រោមណាមួយអាចជួយសិស្សរបស់អ្នកបានល្អបំផុតឲ្យយល់ពីគោលការណ៍នេះបានកាន់តែជ្រៅជ្រះ ៖
-
តើការឈានទៅមុខដោយសេចក្ដីខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទមានន័យយ៉ាងណា ? ហើយដោយសេចក្ដីភ្លឺថ្លានៃសេចក្ដីសង្ឃឹមនោះមានន័យយ៉ាងណាដែរ ?
-
តើមានគំរូណាខ្លះចេញពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ មកពីបុគ្គលម្នាក់នៅក្នុងព្រះគម្ពីរមរមន ឬមកពីនរណាម្នាក់ដែលអ្នកស្គាល់ ដែលអាចជួយយើងឲ្យយល់ពីអត្ថន័យនៃការស៊ូទ្រាំដល់ទីបញ្ចប់កាន់តែច្បាស់ ? ( សិស្សអាចកត់ត្រាចម្លើយចំពោះ សំណួរនេះ នៅពេលពួកគេបានសិក្សាផ្នែកទី ៣ នៃឯកសាររៀបចំ ) ។
-
តើអ្នកនឹងបន្ដឈានទៅមុខដោយសេចក្ដីខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទតាមរបៀបណា ? តើមានអ្វីខ្លះដែលអ្នកអាចធ្វើ ដើម្បីស៊ូទ្រាំដល់ទីបញ្ចប់ដោយមានសេចក្ដីសង្ឃឹម និងសេចក្ដីអំណរដ៏ធំមហិមា ?
អ្នកអាចបញ្ចប់មេរៀននេះ តាមរយៈការចែកចាយទីបន្ទាល់របស់អ្នក ឬការអញ្ជើញសិស្សម្នាក់ឲ្យចែកចាយទីបន្ទាល់របស់គាត់ ឬនាងអំពីសេចក្ដីពិតដែលបានរកឃើញនៅក្នុងមេរៀននេះ ។
សម្រាប់ពេលក្រោយ
សូមសួរសិស្សថា តើពួកគេនឹងនិយាយអ្វីទៅកាន់នរណាម្នាក់ដែលបានសួរពួកគេថាតើពួកគេបានកើតជាថ្មីឬអត់ ។ សូមឲ្យសិស្សអានក្នុង ឯកសាររៀបចំ សម្រាប់មេរៀនលើកក្រោយ ហើយសញ្ជឹងគិតពីអត្ថន័យនៃការបានកើតជាថ្មីខាងវិញ្ញាណ និងការប្រែចិត្តជឿដោយពិតប្រាកដលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។