« មេរៀនទី ១៨ ឯកសារគ្រូបង្រៀន ៖ ការក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៨ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៨ ឯកសារគ្រូបង្រៀន
ការក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលទៅពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិននៅដែនដីបរិបូរណ៍ថា ទ្រង់បានបំពេញតាមក្រិត្យវិន័យម៉ូសេហើយ ។ កាលទ្រង់បានបង្រៀនពីក្រិត្យវិន័យជាន់ខ្ពស់ នោះទ្រង់បានអញ្ជើញប្រជាជនឲ្យបានល្អឥតខ្ចោះ គឺដូចជាទ្រង់ និងព្រះវរបិតាសួគ៌បានល្អឥតខ្ចោះដែរ ។ ( សូមមើល នីហ្វៃទី៣ ១២:១៧–៤៨ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសពន្យល់ពីការបង្រៀនរបស់ព្រះអម្ចាស់អំពីការបានល្អឥតខ្ចោះ ។ សិស្សក៏នឹងសិក្សាពីទិដ្ឋភាពផ្សេងៗនៃក្រិត្យវិន័យជាន់ខ្ពស់ ហើយកំណត់អ្វីមួយដែលពួកគេអាចធ្វើបាន ដើម្បីរស់នៅតាមក្រិត្យវិន័យនេះកាន់តែប្រសើរ ហើយប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអង្គសង្គ្រោះបង្រៀនពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនពីរបៀបដើម្បីបានល្អឥតខ្ចោះ ។
សូមបង្ហាញសំណួរខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសំណួរទាំងនេះ ៖
-
ដោយគិតអំពីសក្ដានុពលដ៏ទេវភាពរបស់អ្នក តើអ្នកសង្ឃឹមថានឹងអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទអ្វីខ្លះនៅឆ្នាំក្រោយ ? នៅ ១០ ឆ្នាំក្រោយទៀត ?
-
តើអ្នកសង្ឃឹមថានឹងអភិវឌ្ឍគុណលក្ខណៈអ្វីខ្លះ ពេលជីវិតរបស់អ្នកចូលដល់ទីបញ្ចប់ ?
ប្រសិនបើអ្នកមានអារម្មណ៍ថាវាសមរម្យ សូមឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេជាមួយនឹងមិត្តម្នាក់ ឬអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមពន្យល់ថា អំឡុងការងារបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ព្រះយេស៊ូវបានបង្រៀនពីសេចក្ដីពិតសំខាន់ៗអំពីសក្ដានុពលដ៏ទេវភាពរបស់យើង ។ សូមអញ្ជើញសិស្សឲ្យរំឭក នីហ្វៃទី៣ ១២:១៩–២០, ៤៦–៤៨ ដោយរកមើលអ្វីដែលព្រះអម្ចាស់មានព្រះទ័យឲ្យយើងក្លាយទៅជា ។
-
យោងតាមខគម្ពីរទាំងនេះ តើព្រះអម្ចាស់ទតឃើញសក្ដានុពលអ្វីខ្លះនៅក្នុងយើង ?
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលយើងអាចបានល្អឥតខ្ចោះដូចជាព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ ? ( សិស្សអាចនឹងរកឃើញគោលការណ៍មួយដែលស្រដៀងគោលការណ៍ដូចនេះ ៖ នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមក្រិត្យវិន័យ និងបទបញ្ញតិ្តទាំងឡាយរបស់ទ្រង់ នោះយើងអាចបានល្អឥតខ្ចោះ គឺដូចជាទ្រង់ និងព្រះវរបិតាបានល្អឥតខ្ចោះដែរ ) ។
សូមចង្អុលបង្ហាញថា មនុស្សមួយចំនួនពិបាកនឹងយល់បទបញ្ញត្តិដើម្បីឲ្យបានល្អឥតខ្ចោះណាស់ ។ សូមអញ្ជើញសិស្សឲ្យស្វែងយល់ប្រធានបទ « ល្អឥតខ្ចោះ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ អ្នកក៏អាចសូមសិស្សឲ្យរំឭក មរ៉ូណៃ ១០:៣២–៣៣ និង សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ។ សូមពិចារណាពីសំណួរខាងក្រោមនេះមួយ ឬច្រើន ៖
-
ហេតុអ្វីបានជាវាមានប្រយោជន៍ដើម្បីយល់ថា ល្អឥតខ្ចោះមានន័យថា « ដែលបានទៅជាគ្រប់ ពេញ និងពេញលេញ សុចរិតទាំងស្រុង » ? ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ល្អឥតខ្ចោះ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើការបានល្អឥតខ្ចោះអាចសម្រេចបាននៅពេលណា និងដោយរបៀបណា ?
-
តើអ្នកនឹងសង្ខេបអ្វីដែលមរ៉ូណៃបានបង្រៀនអំពីការបានល្អឥតខ្ចោះយ៉ាងដូចម្ដេច ? តើការយល់ពីការបង្រៀននេះអាចធ្វើឲ្យអ្នកមានសេចក្ដីសង្ឃឹម នៅពេលអ្នកចាញ់ការល្បួង និងធ្វើខុសដោយរបៀបណា ? តើនៅពេលណាដែលអ្នកបានមានអារម្មណ៍ថា ព្រះអម្ចាស់បានផ្ដល់ជំនួយ និងកម្លាំងដ៏ទេវភាពដល់អ្នក ?
-
តើវាមានន័យយ៉ាងណាចំពោះអ្នកដែលដឹងថា ព្រះយេស៊ូវគ្រីស្ទកំពុងលាតសន្ធឹងព្រះគុណរបស់ទ្រង់មកកាន់អ្នក ហើយបានរៀបចំផ្លូវមួយឲ្យអ្នកដើម្បីក្លាយដូចជាទ្រង់ និងព្រះវរបិតារបស់ទ្រង់ ?
ដើម្បីជួយសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀន អ្នកអាចបង្ហាញស្ថានភាពដូចតទៅនេះ ៖
-
ដោយគិតអំពីអ្វីដែលបានរៀននៅថ្ងៃនេះ តើមានសេចក្ដីពិតអ្វីខ្លះ ដែលអ្នកអាចចែកចាយជាមួយនឹង ចូន ដើម្បីជួយនាងឲ្យមានសេចក្ដីសង្ឃឹមកាន់តែខ្លាំងឡើងចំពោះការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យបានល្អឥតខ្ចោះ ?
ព្រះយេស៊ូវគ្រីស្ទបង្រៀនពីក្រិត្យវិន័យជាន់ខ្ពស់នៃដំណឹងល្អរបស់ទ្រង់ ។
សូមរំឭកសិស្សថា ក្រោយពីព្រះអង្គសង្គ្រោះបានពន្យល់ថា ទ្រង់បានបំពេញនូវក្រិត្យវិន័យម៉ូសេហើយ ទ្រង់បានបង្រៀនប្រជាជនអំពីក្រិត្យវិន័យជាន់ខ្ពស់នៃដំណឹងល្អ ។
-
តើអ្នកនឹងផ្ដល់និយមន័យនៃក្រិត្យវិន័យជាន់ខ្ពស់យ៉ាងដូចម្ដេច? តើអ្វីជាគោលបំណងនៃបទដ្ឋានជាន់ខ្ពស់នេះ ? ( ប្រសិនបើចាំបាច់ សិស្សអាចយោងទៅ ផ្នែកទី ២ នៃឯកសាររៀបចំ ) ។
សូមអញ្ជើញសិស្សឲ្យរំឭកវគ្គបទគម្ពីរដែលពួកគេបានសិក្សាពីមុនមករៀននៅក្នុង ផ្នែកទី ២ នៃឯកសាររៀបចំ ។ ( ប្រសិនបើសិស្សមួយចំនួនមិនបានរៀបចំខ្លួនជាមុនទេ សូមអញ្ជើញពួកគេឲ្យជ្រើសរើសវគ្គបទគម្ពីរមួយ ហើយសិក្សាវាឥឡូវនេះ ) ។ ក្រោយពីសិស្សបានមានពេលរំឭកវគ្គបទគម្ពីរគ្រប់គ្រាន់ហើយ សូមជ្រើសរើសសកម្មភាពខាងក្រោមនេះមួយ ឬបង្កើតសកម្មភាពរបស់អ្នកផ្ទាល់ ដែលនឹងផ្ដល់ឱកាសដ៏ល្អបំផុតឲ្យសិស្សចែករំលែក និងពិភាក្សាពីអ្វីដែលពួកគេបានរកឃើញ ៖
-
ជម្រើសទី ១ ៖ សូមបំបែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ សូមអញ្ជើញសិស្សឲ្យប្ដូរវេណគ្នាចែកចាយជាមួយនឹងក្រុមរបស់ពួកគេអំពីអ្វីដែលពួកគេបានរៀនមកពីវគ្គបទគម្ពីរ ដែលពួកគេបានសិក្សានោះ ។ បន្ទាប់ពីសិស្សបានបញ្ចប់ការពិភាក្សានៅក្នុងក្រុមរបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរកឃើញ ។
-
ជម្រើសទី ២ ៖ សូមបង្ហាញ សំណួរដែលមាននៅក្នុងសកម្មភាព « កត់ត្រាគំនិតរបស់អ្នក » នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលពួកគេនឹងឆ្លើយសំណួរទាំងនេះ ដោយផ្អែកលើវគ្គបទគម្ពីរដែលពួកគេបានសិក្សា ។ សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយដៃគូម្នាក់ ឬក្រុមតូចមួយអំពីរបៀបដែលពួកគេឆ្លើយនឹងសំណួរទាំងនេះ ។
-
ជម្រើសទី ៣ ៖ សូមអញ្ជើញសិស្សឲ្យគិតពីស្ថានភាពមួយ ដែលពួកគេអាចអនុវត្តតាមការបង្រៀនក្នុងវគ្គបទគម្ពីរ ដែលពួកគេបានជ្រើសរើសនេះ ។ សូមផ្ដល់ឱកាសឲ្យសិស្សបង្ហាញពីស្ថានភាពរបស់ពួកគេ នៅក្នុងក្រុមតូចៗក៏បាន ឬដល់សិស្សក្នុងថ្នាក់ក៏បាន ហើយពន្យល់ពីរបៀបដែលពួកគេនឹងអនុវត្តតាមការបង្រៀនដែលពួកគេបានជ្រើសរើសនេះ ។
សូមអញ្ជើញសិស្សឲ្យជ្រើសរើសគោលការណ៍មួយ ឬគុណលក្ខណៈដូចព្រះគ្រីស្ទមួយ ដែលពួកគេចង់រស់នៅតាមឲ្យបានកាន់តែប្រសើរ ។ សូមលើកទឹកចិត្តសិស្សឲ្យកត់ត្រាទុកនូវវិធីដែលពួកគេអាចកែលម្អរបៀបរស់នៅតាមគោលការណ៍នេះ ឬរបៀបអភិវឌ្ឍគុណលក្ខណៈនេះ ។ សូមពិចារណាអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីសេចក្ដីល្អ និងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់ពេលក្រោយ
សូមចង្អុលបង្ហាញថា ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់យោបល់ថា យុវវ័យនៅជំនាន់របស់យើង « ធំលូតលាស់ឡើងក្នុងទឹកដីសត្រូវ » ដោយសារឥទ្ធិពលរបស់សាតាំងគឺមាននៅគ្រប់ទីកន្លែង ( « How to Survive in Enemy Territory » New Era ខែ មេសា ឆ្នាំ ២០១២ ទំព័រ ២ ) ។ នៅពេលសិស្សចាប់ផ្ដើមសិក្សាជំពូកស្ដីពីគ្រោះថ្នាក់ខាងវិញ្ញាណនៅជំនាន់របស់យើង ហើយសិក្សា ឯកសាររៀបចំសម្រាប់ថ្នាក់លើកក្រោយ សូមអញ្ជើញពួកគេឲ្យរកមើលរបៀបដែលព្រះគម្ពីរមរមនអាចជួយពួកគេឲ្យរស់នៅដោយសុចរិតនៅក្នុងពិភពលោកដ៏ទុច្ចរិតនេះ ។