« មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការការពារខ្លួនយើងពីគោលលទ្ធិក្លែងក្លាយនៃថ្ងៃចុងក្រោយនេះ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់
ការការពារខ្លួនយើងពីគោលលទ្ធិក្លែងក្លាយនៃថ្ងៃចុងក្រោយនេះ
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសង្កេតឃើញថា « យើងរស់នៅក្នុងជំនាន់ដ៏លំបាក ។ មានទំនោរដែលកើនឡើងមួយ ក្នុងការ ‹ រាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ › [ នីហ្វៃទី២ ១៥:២០; សូមមើលផងដែរ អេសាយ ៥:២០ ] » ( « Shipshape and Bristol Fashion: Be Temple Worthy—in Good Times and Bad Times » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤០ ) ។ ដោយមានព្រះតំរិះ និងសេចក្ដីស្រឡាញ់ដ៏មហិមា នោះព្រះអម្ចាស់បានប្រទានព្រះគម្ពីរមរមន ដែលនឹងជួយបង្ហាញពីការបង្រៀន និងគំនិតដែលខុសឆ្គង ដែលមានច្រើនអនេកនៅជំនាន់របស់យើង ។ នៅពេលអ្នកសិក្សាឯកសារមេរៀននេះ សូមពិចារណាថា តើមានគោលការណ៍អ្វីខ្លះមកពីព្រះគម្ពីរមរមន ដែលអាចជួយអ្នកឲ្យស្គាល់ការបោកបញ្ឆោត ហើយការពារចំពោះអ្វីដែលអ្នកដឹងថាជាសេចក្ដីពិត ។
ផ្នែកទី ១
តើព្រះគម្ពីរមរមនអាចការពារខ្ញុំពីការបង្រៀនក្លែងក្លាយនៅក្នុងពិភពលោកសព្វថ្ងៃនេះដោយរបៀបណា ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន និងប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោមនេះ អំពីអំណាចរបស់ព្រះគម្ពីរមរមនក្នុងការការពារយើងពីការបង្រៀនក្លែងក្លាយ ៖
ព្រះគម្ពីរមរមនបង្ហាញពីសត្រូវរបស់ព្រះគ្រីស្ទ ។ វាផ្ចាញ់ផ្ចាលគោលលទ្ធិក្លែងក្លាយ ។ … វាពង្រឹងដល់អ្នកដើរតាមដ៏រាបសារបស់ព្រះគ្រីស្ទឲ្យប្រឆាំងនឹងការរៀបចំដ៏អាក្រក់ យុទ្ធសាស្ដ្រ និងគោលលទ្ធិរបស់អារក្សនៅជំនាន់របស់យើង ។( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៣២ )
ព្រះគម្ពីរមរមនទាំងបំភ្លឺពីការបង្រៀនរបស់លោកចៅហ្វាយ និងបង្ហាញពីយុទ្ធសាស្ត្ររបស់មារសត្រូវ [ សូមមើល នីហ្វៃទី២ ២៦–៣៣ ] ។ ព្រះគម្ពីរមរមនបង្រៀនគោលលទ្ធិពិត ដើម្បីបំបាត់ទំនៀមទម្លាប់ខុសឆ្គងខាងសាសនា ។( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ )
នីហ្វៃបានកត់ត្រាពីការព្យាករដ៏អស្ចារ្យមួយទាក់ទងទៅនឹងការលេចចេញមកនៃព្រះគម្ពីរមរមន ដែលជាផ្នែកដ៏សំខាន់មួយនៃការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី២ ២៧:៦–២៣ ) ។ រួចហើយនីហ្វៃបានព្យាករអំពីគ្រូបង្រៀនក្លែងក្លាយ គោលលទ្ធិខុសឆ្គង និងយុទ្ធសាស្ដ្រទាំងឡាយរបស់អារក្សដែលចង់ដឹកនាំប្រជាជនឲ្យវង្វេង ( សូមមើល នីហ្វៃទី២ ២៨ ) ។
ផ្នែកទី ២
តើខ្ញុំអាចរៀបចំខ្លួនខ្ញុំយ៉ាងដូចម្ដេច ដើម្បីប្រឆាំងនឹងអ្នកដែលព្យាយាមបំផ្លាញសេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ ?
ព្រះគម្ពីរមរមនព្រមានអំពីអ្នកទទឹងនឹងព្រះគ្រីស្ទ ។ អ្នកទទឹងនឹងព្រះគ្រីស្ទគឺជា « អ្នកណា ឬក៏អ្វីមួយដែលក្លែងបន្លំផែនការនៃសេចក្ដីសង្គ្រោះនៃដំណឹងល្អដ៏ពិត ហើយដែលប្រឆាំងនឹងព្រះគ្រីស្ទដោយបើកមុខ ឬដោយសម្ងាត់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ្នកទទឹងនឹងព្រះគ្រីស្ទ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ប្រធាន ណិលសុន បានថ្លែងអំពីអ្នកទទឹងនឹងព្រះគ្រីស្ទថា
តើនៅចាំពីកូរីហូរ ជាអ្នករឹងទទឹងនឹងព្រះគ្រីស្ទដែរឬទេ ? កូរីហូរធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ដោយនិយាយមិនពិតជាច្រើនអំពីព្រះអង្គសង្គ្រោះ រហូតដល់គាត់ត្រូវបាននាំទៅមុខសង្ឃជាន់ខ្ពស់ដែលបានសួរគាត់ ៖ « ហេតុអ្វីបានជាអ្នកដើរបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់យ៉ាងនេះ? ហេតុអ្វីបានជាអ្នកបង្រៀនប្រជាជននេះថា ពុំមានព្រះគ្រីស្ទទេ ធ្វើនេះដើម្បីបង្អាក់ការអររីករាយរបស់គេឬអី ? » [ អាលម៉ា ៣០:២២ ] ។
អ្វីដែលប្រឆាំងនឹងព្រះគ្រីស្ទ ឬគោលលទ្ធិទ្រង់នឹងបង្អាក់អំណររបស់យើង ។ ការណ៍នេះរួមមានទស្សនវិជ្ជារបស់មនុស្ស ដែលមានច្រើននៅតាមអ៊ីនធឺណិត និងនៅក្នុងកំណត់ហេតុបណ្តាញជាច្រើន ដែលបានធ្វើដូចអ្វីដែលកូរីហូរបានធ្វើបេះបិទ ។( « Joy and Spiritual Survival » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៨៣–៨៤ )
សូមប្រើធនធានទាំងឡាយខាងក្រោមនេះ ពេលអ្នកសិក្សាពីដំណើររឿងដែលអ្នកបានជ្រើសរើស ។
សេរេម និង យ៉ាកុប
សូមអាន យ៉ាកុប ៧:១–១៤ ឬ មើលវីដេអូព្រះគម្ពីរមរមន « Sherem Denies Christ (Jacob 7) » រហូតដល់កូដពេលវេលា ៤:២០ រួចហើយឆ្លើយនឹងសំណួរសិក្សាខាងលើ ។
មូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់យ៉ាកុបគឺជាប្រភពកម្លាំងដើម្បីយកឈ្នះលើការអះអាងរបស់សេរេម ( សូមមើល យ៉ាកុប ៧:៥ ) ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយពិចារណាពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់យ៉ាកុបបាន ។
ពេលខ្ញុំទូន្មានដល់បុគ្គល [ ដែលកំពុងពុះពារនឹងសេចក្ដីជំនឿ ] ខ្ញុំបានស្គាល់ពីការសម្រេចចិត្តដែលពួកគេបានធ្វើជាច្រើនឆ្នាំ ដែលញ៉ាំងពួកគេឲ្យភ្លេចបទពិសោធន៍ដ៏ពិសិដ្ឋៗ ហើយធ្វើឲ្យពួកគេចុះខ្សោយ ព្រមទាំងបានសង្ស័យផងដែរ ។ ខ្ញុំបានលើកទឹកចិត្តពួកគេ ដូចជាខ្ញុំលើកទឹកចិត្តបងប្អូនក្នុងពេលនេះដែរ ឲ្យនឹកឃើញ ជាពិសេសក្នុងគ្រាមានវិបត្តិ នៅពេលបងប្អូនមានអារម្មណ៍ពីព្រះវិញ្ញាណ និងទីបន្ទាល់ដ៏រឹងមាំរបស់បងប្អូន នោះចូរចាំពីគ្រឹះខាងវិញ្ញាណដែលបងប្អូនបានស្ថាបនា ។ ខ្ញុំសូមសន្យាថា បើបងប្អូនធ្វើដូចនេះ ដោយចៀសវាងពីអ្វីដែលពុំស្ថាបនា ហើយពុំពង្រឹងទីបន្ទាល់ ឬប្រមាថជំនឿរបស់បងប្អូន នៅពេលទីបន្ទាល់បងប្អូនរីកចម្រើន នោះបងប្អូននឹងនឹកឃើញគ្រាដ៏មានតម្លៃទាំងនោះឡើងវិញ តាមរយៈការអធិស្ឋាន និងការតមអាហារដ៏រាបសា ។ ខ្ញុំអះអាងដល់បងប្អូនម្ដងទៀតថា បងប្អូននឹងមានអារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។( « Lest Thou Forget » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១១៤ )
សូមកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់អ្នកអំពីបទពិសោធន៍ខាងវិញ្ញាណយ៉ាងហោចណាស់មួយ ដែលអ្នកអាចនឹកចាំដល់គ្រាមួយ ពេលសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ឬលើដំណឹងល្អរបស់ទ្រង់ត្រូវបានសាកល្បង ។
នីហូរ និង គេឌាន
សូមសិក្សា អាលម៉ា ១:២–១៦ ហើយឆ្លើយនឹងសំណួរសិក្សាខាងលើនេះ ។ វាអាចជួយបានដើម្បីកត់សម្គាល់ថា នីហ្វៃបានបង្រៀនថា « ឧបាយកលផ្នែកសង្ឃ [ គ្រូគង្វាលប្រុស ឬស្រី ] គឺជាការណ៍ដែលមនុស្សបង្រៀន ហើយតាំងខ្លួនឡើងជាពន្លឺដល់មនុស្សលោក ដើម្បីឲ្យពួកគេអាចបានកម្រៃ និងការសរសើរតម្កើងពីមនុស្សលោក ប៉ុន្តែពួកគេមិនស្វែងរកសុខុមាលភាពនៃក្រុងស៊ីយ៉ូនឡើយ » ( នីហ្វៃទី២ ២៦:២៩ ) ។
ហេតុអ្វីអ្នកគិតថា ការបង្រៀនក្លែងក្លាយរបស់នីហូរទទួលបានភាពល្បីល្បាញនៅក្នុងចំណោមប្រជាជនមួយចំនួន ? សូមអានការពិពណ៌នាខាងក្រោមនេះអំពីយុទ្ធសាស្ដ្ររបស់សត្រូវដោយប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ ហើយសូមគិតអំពីរបៀបដែលវាអនុវត្តចំពោះការបង្រៀនរបស់នីហូរដូចបានកត់ត្រានៅក្នុង អាលម៉ា ១:៤ ។
សាតាំងគឺជាអ្នកបោកបញ្ឆោតដ៏ខ្លាំងពូកែ ជាបិតានៃសេចក្ដីកំភូត ( សូមមើល យ៉ូហាន ៨:៤៤ ) ។ នេះពុំមែនដោយសារសាតាំងនិយាយប្រាប់តែសេចក្ដីកំភូតនោះទេ ។ សេចក្ដីកំភូតដ៏មានប្រសិទ្ធភាពបំផុតរបស់វាគឺ សេចក្ដីពិតខ្លះ ឬសេចក្ដីកំភូតដែលលាយឡំសេចក្ដីពិតនោះ ។ ( « Reading Church History » [ សុន្ទរកថាទៅកាន់អ្នកអប់រំខាងសាសនាក្នុងប្រព័ន្ធអប់រំសាសនាចក្រ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៩៨៥ ] ទំព័រ ៩ )
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវចម្លើយមួយចំពោះសំណួរដូចតទៅនេះ ៖ តើខ្ញុំអាចបង្កើតភាពក្លាហានដ៏ក្លៀវក្លា ដើម្បីជ្រើសរើសអ្វីដែលត្រូវ ជាជាងអ្វីដែលល្បីល្បាញប៉ុន្ដែខុសឆ្គងដោយរបៀបណា ?
កូរីហូរ និង អាលម៉ា
សូមអាន អាលម៉ា ៣០:១២–១៨, ២៣, ២៧–២៨, ៣២–៣៣, ៣៩–៤៦ ឬ មើលវីដេអូព្រះគម្ពីរមរមន « All Things Denote There Is a God (Alma 30) » រហូតដល់កូដពេលវេលា ៧:៤៥ រួចហើយឆ្លើយនឹងសំណួរសិក្សាខាងលើ ។
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់ការប្រឹក្សាដូចខាងក្រោមនេះដល់សមាជិកទាំងឡាយនៃសាសនាចក្រ ៖
ចូរយើងប្រយ័ត្នប្រយែងនឹងព្យាការីក្លែងក្លាយ ព្រមទាំងគ្រូបង្រៀនក្លែងក្លាយ ទាំងបុរស និងស្ដ្រី ដែលជាអ្នកតែងតាំងខ្លួនឯងថាជាអ្នកប្រកាសគោលលទ្ធិនៃសាសនាចក្រ ហើយដែលជាអ្នកព្យាយាមផ្សាយដំណឹងល្អក្លែងក្លាយរបស់ពួកគេ និងទាក់ទាញអ្នកដើរតាមទាំងឡាយ តាមរយៈការឧបត្ថម្ភដល់សន្និសីទ សៀវភៅ និងកំណត់ហេតុនានាដែលមានមាតិកាខុសពីគោលលទ្ធិគ្រឹះនៃសាសនាចក្រ ។ សូមប្រយ័ត្នប្រយែងនឹងបុគ្គលដែលនិយាយ និងចេញផ្សាយអ្វីដែលផ្ទុយពីអ្វីដែលព្យាការីដ៏ពិតរបស់ព្រះថ្លែង និងបុគ្គលដែលព្យាយាមបញ្ចុះបញ្ចូលមនុស្សដទៃយ៉ាងសកម្មដោយមិនកោតក្រែង និងមិនគោរពដល់សុខុមាលភាពដ៏អស់កល្បរបស់អស់អ្នកដែលពួកគេព្យាយាមទាក់ទាញនោះ ។( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៣ )
នៅក្នុងការថ្លែងទីបន្ទាល់អំពីសេចក្ដីពិត នោះអាលម៉ាបានផ្ដល់ភស្ដុតាងជាច្រើនដល់កូរីហូរ ដែលប្រាប់ថាមានព្រះមួយអង្គពិតមែន ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវភស្ដុតាងទាំងឡាយ ដែលអ្នកបានឃើញថា « មានព្រះមួយអង្គមែន » ( អាលម៉ា ៣០:៤៤ ) ។ តើភស្ដុតាងទាំងនេះអាចពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់អ្នកអំពីព្រះតាមរបៀបណា ?