« មេរៀនទី ២៥ ឯកសារគ្រូបង្រៀន ៖ ការអធិស្ឋាន និងវិវរណៈផ្ទាល់ខ្លួន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៥ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៥ ឯកសារគ្រូបង្រៀន
ការអធិស្ឋាន និងវិវរណៈផ្ទាល់ខ្លួន
ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា « អ្នករាល់គ្នាត្រូវអធិស្ឋានដល់ព្រះវរបិតាដោយនូវនាមយើងជានិច្ច » ( នីហ្វៃទី៣ ១៨:១៩ ) ។ ព្រះគម្ពីរមរមនបង្ហាញពីគោលការណ៍ដ៏សំខាន់ៗអំពីការអធិស្ឋាន និងវិវរណៈផ្ទាល់ខ្លួន ។ មេរៀននេះអាចជួយសិស្សឲ្យវាយតម្លៃពីគុណភាពនៃការអធិស្ឋានរបស់ពួកគេ ហើយស្គាល់ពីកិច្ចការដែលពួកគេអាចធ្វើបានដើម្បីកែលម្អការអធិស្ឋានរបស់ខ្លួន ។ សិស្សក៏នឹងមានឱកាសដើម្បីពិចារណាពីកិច្ចការដែលពួកគេអាចធ្វើបាន ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនផងដែរ ។
យោបល់សម្រាប់ការបង្រៀន
អាមូលេកបង្រៀនសាសន៍សូរាំអំពីសារៈសំខាន់នៃការអធិស្ឋាន ។
កំណត់ចំណាំ ៖ នៅពេលអ្នកពិភាក្សាពីវិធីដើម្បីកែលម្អការអធិស្ឋានផ្ទាល់ខ្លួននៅក្នុងមេរៀននេះ សូមរំឭកសិស្សថា ការខិតខំប្រឹងប្រែងនានាដើម្បីអធិស្ឋានគឺគួរឲ្យកោតសរសើរ ។ អ្នកគួរតែពន្យល់ថា ការវាយតម្លៃខ្លួនឯងខាងក្រោមនេះគឺមានគោលបំណងដើម្បីធ្វើឲ្យសិស្សខិតកាន់តែជិតព្រះតាមរយៈការអធិស្ឋាន ហើយពុំមែនបំបាក់ទឹកចិត្តពួកគេនៅក្នុងការខិតខំរបស់ពួកគេដើម្បីអធិស្ឋាននោះទេ ។ ការវាយតម្លៃខ្លួនឯងនេះនឹងជួយរៀបចំសិស្សឲ្យពិភាក្សានូវអ្វីដែល អាមូលេក បង្រៀនអំពីការអធិស្ឋាននៅក្នុង អាលម៉ា ៣៤:១៧–២៨ ។
សូមដាក់បង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យវាយតម្លៃខ្លួនឯង ដោយប្រើមាត្រដ្ឋានពីលេខ ១ ដល់លេខ ៥ ( ១=មិនយល់ស្របទាំងស្រុង និង ៥=យល់ស្របទាំងស្រុង ) ។
-
ខ្ញុំអធិស្ឋានផ្ទាល់ខ្លួនប្រចាំថ្ងៃ ។
-
ការអធិស្ឋានរបស់ខ្ញុំគឺមានន័យ ហើយចេញពីចិត្ត ។
-
ខ្ញុំអធិស្ឋានទូលសូមសេចក្ដីត្រូវការខាងសាច់ឈាម និងខាងវិញ្ញាណ ។
-
ខ្ញុំទូលសូមជំនួយដើម្បីយកឈ្នះលើការល្បួងរបស់អារក្ស ។ ។
-
ខ្ញុំអធិស្ឋានឲ្យមនុស្សផ្សេងទៀត ។
-
ខ្ញុំតែងតែខិតខំមានការអធិស្ឋាននៅក្នុងចិត្តរបស់ខ្ញុំជានិច្ច ។
សូមលើកទឹកចិត្តសិស្សឲ្យគិតពីចម្លើយរបស់ពួកគេ នៅពេលអ្នកពិភាក្សាពីការបង្រៀនរបស់ អាមូលេក អំពីការអធិស្ឋាន ។
សូមរើសយកជម្រើសមួយដូចខាងក្រោមនេះ ៖
-
សូមដាក់បង្ហាញរូបភាពខាងក្រោមនេះអំពីបុរសម្នាក់កំពុងអធិស្ឋាននៅលើរ៉ាមីអុមតុម ៖
-
សូមបង្ហាញវីដេអូព្រះគម្ពីរមរមន « Alma and Amulek Teach about Faith in Jesus Christ ( អាលម៉ា ៣១–៣៤ ) » លេខកូដពេលវេលា ៤:១៥ ។
សូមអញ្ជើញសិស្សឲ្យពិពណ៌នាខ្លីៗពីរបៀបអធិស្ឋានរបស់សាសន៍សូរាំ ហើយចែកចាយអ្វីដែលពួកគេគិតអំពីរបៀបអធិស្ឋាននេះ ។
សូមរំឭកសិស្សថា ក្រោយមក អាមូលេក បានបង្រៀនពីគោលការណ៍ដ៏សំខាន់អំពីការអធិស្ឋានទៅកាន់សាសន៍សូរាំដ៏រាបសាមួយក្រុម ។ សូមអញ្ជើញសិស្សឲ្យរំឭក អាលម៉ា ៣៤:១៧–២៨ ហើយកំណត់ពីសេចក្ដីពិតដែលអាចប្រៀបប្រដូចទៅនឹងកាលៈទេសៈបច្ចុប្បន្នរបស់យើង ។
ជាផ្នែកមួយនៃការពិភាក្សានេះ អ្នកក៏អាចសុំឲ្យសិស្សចែកចាយពីរបៀបដែលពួកគេអាចសរសេរខគម្ពីរទាំងនេះមួយចំនួនឡើងវិញ ទៅជាភាសាទំនើបដែលទាក់ទងនឹងស្ថានភាពរបស់ពួកគេ ( សូមមើល សកម្មភាព « កត់ត្រាគំនិតរបស់អ្នក » នៅក្នុង ផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។
សិស្សអាចចែកចាយសេចក្ដីពិតស្រដៀងគ្នាដូចតទៅនេះ ៖ ព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើង សព្វព្រះទ័យឲ្យយើងអំពាវនាវរកទ្រង់នៅក្នុងការអធិស្ឋានគ្រប់ពេល និងគ្រប់ទីកន្លែង ។ យើងគួរតែអធិស្ឋានសូមជំនួយចំពោះកង្វល់ខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើង ។ ការអធិស្ឋានត្រូវតែស្មោះចេញពីចិត្ត ។ យើងគួរតែអធិស្ឋានជាឯកជន ។ យើងគួរតែអធិស្ឋានឲ្យមនុស្សផ្សេងទៀត ។ យើងមិនគួរអធិស្ឋានឲ្យមនុស្សដទៃតែម្យ៉ាងទេ ប៉ុន្តែក៏ត្រូវខិតខំបម្រើពួកគេផងដែរ ។
កាលដែលសិស្សចែកចាយគោលការណ៍ទាំងឡាយ និងការសរសេរឡើងវិញតាមបែបសម័យទំនើបរបស់ពួកគេពីខគម្ពីរក្នុង អាលម៉ា ៣៤ សូមពិចារណាថា តើសំណួរណាមួយក្នុងចំណោមសំណួរខាងក្រោមនេះដែលអ្នកអាចសួរដើម្បីជួយសិស្សរបស់អ្នកឲ្យធ្វើសកម្មភាពដោយមានប្រសិទ្ធភាព និងសុចរិតបំផុត ។
-
ហេតុអ្វីវាសំខាន់ដើម្បីធ្វើឲ្យព្រះវរបិតាសួគ៌មានចំណែកពាក់ព័ន្ធនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ក្នុងជីវិតរបស់យើង ? តើភាពខុសប្លែកអ្វីខ្លះដែលអ្នកអាចមើលឃើញនៅក្នុងជីវិតរបស់អ្នក នៅពេលអ្នកធ្វើការអធិស្ឋានដោយស្មោះសរ និងញឹកញាប់ ?
-
តើមានឧបសគ្គអ្វីខ្លះដែលអាចរារាំងអ្នកមិនឲ្យធ្វើការអធិស្ឋានដោយស្មោះសរបាន ? តើអ្នកអាចយកឧបសគ្គទាំងនេះចេញយ៉ាងដូចម្តេច ?
-
តើនៅពេលណាដែលអ្នក « អំពាវនាវ » ឬ « ចាក់ស្រោច » ដួងចិត្តរបស់អ្នកទៅកាន់ព្រះ ហើយតើវាមានឥទ្ធិពលអ្វីខ្លះ ? តើយើងអាចធ្វើឲ្យ « ចិត្ត [ របស់យើង ] ពោរពេញដោយការអធិស្ឋានដល់ទ្រង់ជានិច្ច » ដោយចេតនាយ៉ាងដូចម្តេច ?( អាលម៉ា៣៤:២៧ ) ។
-
ហេតុអ្វីការអធិស្ឋានគឺជាកម្លាំងដ៏មានឥទ្ធិពលមួយ ដើម្បីយកឈ្នះលើអំណាចរបស់អារក្ស ? ( វាក៏មានអត្ថប្រយោជន៍ផងដែរ ដើម្បីអាន នីហ្វៃទី ២ ៣២:៨ និង នីហ្វៃទី ៣ ១៨:១៥, ១៨ ) ។ តើការអធិស្ឋានបានជួយអ្នកឲ្យតទល់នឹងការល្បួងយ៉ាងដូចម្ដេច ?
-
តើពរជ័យអ្វីខ្លះកើតមានក្នុងជីវិតរបស់អ្នក ពេលអ្នកបានអធិស្ឋាន និងបានបម្រើមនុស្សដទៃ ? តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា អ្នកដទៃអធិស្ឋានឲ្យអ្នក ? តើអ្នកស្គាល់នរណាដែលត្រូវការសេចក្តីជំនឿ ការអធិស្ឋាន និងការបម្រើរបស់អ្នកដែរឬទេ ?
សូមពិចារណាចែករំលែកនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាបានដឹងរួចទៅហើយថា ការអធិស្ឋានគឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងការការពារខាងវិញ្ញាណរបស់យើង ។ ប៉ុន្តែអ្វីៗដែលយើងដឹង មិនមែនតែងតែឆ្លុះបញ្ចាំងនូវអ្វីៗដែលយើងធ្វើជានិច្ចនោះទេ ។ ហើយទោះបីជាយើងស្គាល់ពីសារៈសំខាន់នៃការអធិស្ឋានក្តី ក៏យើងទាំងអស់គ្នានៅតែអាចកែលម្អភាពស្ថិតស្ថេរ និងប្រសិទ្ធភាពនៃការអធិស្ឋានផ្ទាល់ខ្លួន និងជាក្រុមគ្រួសាររបស់យើងដែរ ។( « Askin Faith » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៤ )
សូមឲ្យសិស្សគិតពិចារណាអំពីចម្លើយរបស់ពួកគេចំពោះការវាយតម្លៃលើខ្លួនឯង នៅដើមមេរៀននេះ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើការវាយតម្លៃកិច្ចប្រឹងប្រែងរបស់ពួកគេផ្ទាល់ ហើយកត់ត្រាអ្វីដែលពួកគេអាចធ្វើបាន ដើម្បីកែលម្អការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយនឹងព្រះ ។
នីហ្វៃស្វែងរក និងទទួលបានវិវរណៈផ្ទាល់ខ្លួន ។
សូមបង្ហាញសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះទូទៅ និងប្រធាន រ័សុល អិម ណិលសុន ហើយសូមឲ្យសិស្សពន្យល់ពីមូលហេតុដែលពួកគេគិតថា សារលិខិតអំពីវិវរណៈទាំងនេះអាចមានសារៈសំខាន់ជាពិសេសចំពោះយុវមជ្ឈិមវ័យនាសព្វថ្ងៃនេះ ។
លទ្ធភាពដើម្បីបានស័ក្ដិសម ទទួល ហើយធ្វើតាមវិវរណៈផ្ទាល់ខ្លួន គឺជាជំនាញដ៏សំខាន់តែមួយគត់ដែលអាចទទួលបាននៅក្នុងជីវិតនេះ ។ ( « And upon the Handmaids in Those Days Will I Pour Out My Spirit » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១១ )
វាគ្មានអ្វីចាំបាច់ជាងការស្គាល់ពីរបៀបដែលព្រះវិញ្ញាណមានបន្ទូលមកកាន់បងប្អូននាពេលនេះទេ ។ …
ខ្ញុំសូមធ្វើការអង្វរកជាថ្មីទៅកាន់បងប្អូន សូមធ្វើ អ្វីក៏ដោយ ដើម្បីចម្រើនសមត្ថភាពខាងវិញ្ញាណបងប្អូនក្នុងការទទួលវិវរណៈផ្ទាល់ខ្លួន ។ ( « ស្តាប់ទ្រង់ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩០ )
សូមសរសេរប្រយោគពុំពេញលេញ និងវគ្គបទគម្ពីរដូចខាងក្រោមនៅលើក្តារខៀន ៖
-
នីហ្វៃ បានបង្កើនសមត្ថភាពរបស់លោកដើម្បីទទួលវិវរណៈតាមរយៈ …
-
( សូមអាន នីហ្វៃទី ១ ១០:១៧–១៩; សូមមើលផងដែរ នីហ្វៃទី ១ ២:១៦ ) ។
-
លេមិន និងលេមយួលបានបន្ថយសមត្ថភាពរបស់ពួកគេក្នុងការទទួលវិវរណៈតាមរយៈ …
-
( សូមអាន នីហ្វៃទី ១ ១៥:២–៤, ៨–១១; សូមមើលផងដែរ នីហ្វៃទី ១ ២:១១–១២ ) ។
សូមអញ្ជើញសិស្សឲ្យធ្វើការជាដៃគូ ឬក្រុមតូចៗ ហើយសិក្សាវគ្គបទគម្ពីរអំពីនីហ្វៃក៏បាន ឬ លេមិន និងលេមយួលក៏បាន ហើយបន្ទាប់មក សូមបំពេញប្រយោគមួយនៅលើក្តារខៀន ។ ចម្លើយសិស្សអាចរួមមានដូចខាងក្រោម ៖
នីហ្វៃ បានបង្កើនសមត្ថភាពរបស់លោកដើម្បីទទួលវិវរណៈតាមរយៈការមានបំណងចង់ដឹងពីសេចក្តីពិត ការទុកចិត្តលើអ្វីដែលគាត់បានដឹងអំពីព្រះ ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និងការស្វែងរកចម្លើយពីព្រះដោយឧស្សាហ៍ព្យាយាម ។
លេមិន និងលេមយួលបានបន្ថយសមត្ថភាពរបស់ពួកគេក្នុងការទទួលវិវរណៈតាមរយៈការមានចិត្តរឹងទទឹង ការមិនជឿថាព្រះអម្ចាស់អាចឆ្លើយតបពួកគេ ការឈ្លោះគ្នា និងការខកខានពុំបានទូលសួរដល់ព្រះពីចម្ងល់របស់ពួកគេ ។
-
តើជីវិតរបស់នីហ្វៃ លេមិន និងលេមយួលបានជះឥទ្ធិពលយ៉ាងណាទៅលើសមត្ថភាពរបស់ពួកគេដើម្បីទទួលវិវរណៈ ? តើការបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ? ( អ្នកអាចអញ្ជើញសិស្សឲ្យរំឭក អាលម៉ា ១២:៩–១០ ) ។
សូមឲ្យសិស្សមានពេលពិចារណា និងកត់ត្រាគំនិតរបស់ពួកគេអំពីសំណួរដូចខាងក្រោមនេះ ។ នៅពេលពួកគេពិចារណា អ្នកអាចដាក់បង្ហាញ សេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។
-
តើអ្នកបានរៀនអ្វីខ្លះនៅក្នុងមេរៀននេះ មកពីគំរូរបស់នីហ្វៃ លេមិន និងលេមយួលអំពីការទទួលបានវិវរណៈ ? តើអ្នកគួរតែឈប់ធ្វើអ្វីខ្លះ ឬចាប់ផ្ដើមធ្វើអ្វីខ្លះ ដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទទួលវិវរណៈ ?
សូមគិតពិចារណាបញ្ចប់មេរៀននេះដោយលើកទឹកចិត្តសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយពីរបៀបដែលការទទួលវិវរណៈបានផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេ ។
សម្រាប់ពេលក្រោយ
សូមសិស្សឲ្យពិចារណាអំពីការសាកល្បងបច្ចុប្បន្នមួយ ដែលពួកគេកំពុងប្រឈមមុខ ឬមនុស្សម្នាក់ដែលពួកគេស្គាល់កំពុងប្រឈមមុខ ។ នៅពេលពួកគេ រៀបចំខ្លួនសម្រាប់មេរៀនក្រោយ សូមលើកទឹកចិត្តពួកគេឲ្យកំណត់ពីសេចក្តីពិត ដែលអាចជួយយើងឲ្យប្រឈមមុខនឹងការសាកល្បងរបស់យើងដោយសេចក្ដីជំនឿ ភាពក្លាហាន និងសេចក្ដីសង្ឃឹម ។