« មេរៀនទី ១៧ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការធ្វើជាចំណែកនៃសាសនាចក្ររបស់ព្រះអម្ចាស់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៧ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៧ ឯកសាររៀបចំសម្រាប់ថ្នាក់
ការធ្វើជាចំណែកនៃសាសនាចក្ររបស់ព្រះអម្ចាស់
ផ្នែកដ៏សំខាន់មួយនៃការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន គឺជាការរៀបចំសាសនាចក្ររបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលថា សាសនាចក្រគួរតែត្រូវបានហៅតាមព្រះនាមរបស់ទ្រង់ និងស្ថាបនានៅលើដំណឹងល្អរបស់ទ្រង់ ( សូមមើល នីហ្វៃទី៣ ២៧:៧–៩ ) ។ នៅពេលអ្នករៀបចំខ្លួនសម្រាប់ថ្នាក់រៀន សូមសញ្ជឹងគិតអំពីពរជ័យទាំងឡាយដែលព្រះអម្ចាស់ផ្ដល់ដល់អស់អ្នកដែលចូលរួមនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ នៅពេលអ្នកគិតអំពីពរជ័យទាំងនោះ សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយធ្វើឲ្យសាសនាចក្រក្លាយជាកន្លែងដែលសា្វគមន៍ដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។
ផ្នែកទី ១
តើមានពរជ័យអ្វីខ្លះដែលខ្ញុំអាចទទួលបានតែតាមរយៈសាសនាចក្ររបស់ព្រះអម្ចាស់ ?
អំឡុងពេលដែលព្រះអង្គសង្គ្រោះបានយាងមកជួបពួកសាសន៍នីហ្វៃនៅព្រះវិហារបរិសុទ្ធក្នុងដែនដីបរិបូរណ៍ ទ្រង់បានប្រទានសិទ្ធិអំណាចបព្វជិតភាពដល់ពួកសិស្សដប់ពីរនាក់របស់ទ្រង់ ហើយផ្ដល់សិទ្ធិអនុញ្ញាតឲ្យពួកគេធ្វើបុណ្យជ្រមុជទឹក ប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងដឹកនាំសាសនាចក្ររបស់ទ្រង់ ( សូមមើល នីហ្វៃទី៣ ១១:១៨–២២; ១២:១; ១៨:៥, ៣៧ ) ។ ព្រះអង្គសង្គ្រោះក៏បានបង្រៀនពួកសាសន៍នីហ្វៃផងដែរថា ដើម្បីចូលទៅក្នុងនគររបស់ព្រះបាន នោះយើងត្រូវតែប្រែចិត្ត ជឿលើទ្រង់ ហើយទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ដែលអាចផ្ដល់ឲ្យតែនៅក្នុងសាសនាចក្ររបស់ទ្រង់ប៉ុណ្ណោះ ដូចជា ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ( សូមមើល នីហ្វៃទី៣ ១១:៣២–៤១ ) ។
ដោយពិភាក្សាពីគោលបំណងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទទាំងនៅក្នុងសម័យបុរាណ និងសម័យទំនើប នោះអែលឌើរ ឌី ថត គ្រីស្ដូហ្វឺសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា
គោលបំណងពីបុរាណនៅតែបន្ដ ៖ ការណ៍នោះគឺ ការប្រកាសដំណឹងល្អនៃព្រះសិក្ខាបទនៃព្រះយេស៊ូវគ្រីស្ទ ហើយចាត់ចែងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ—គឺមានន័យថា ដើម្បីនាំមនុស្សមករកព្រះគ្រីស្ទ ។ ( « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )
ផ្នែកទី ២
តើការទទួលទានសាក្រាម៉ង់អាចជួយខ្ញុំក្នុងកិច្ចខិតខំរបស់ខ្ញុំដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
នៅពេលព្រះអង្គសង្គ្រោះបានបញ្ចប់ថ្ងៃទីមួយនៃការងារបម្រើរបស់ទ្រង់នៅលើដែនដីបរិបូរណ៍ នោះទ្រង់បានបម្រើពិធីសាក្រាម៉ង់ដល់ពួកសិស្សទាំងដប់ពីរនាក់របស់ទ្រង់ និងប្រជាជន ។ ទ្រង់បានធ្វើពិធីបរិសុទ្ធនេះឡើងវិញនៅថ្ងៃបន្ទាប់ ក្រោយពីការចែកនំប៉័ង និងទឹកប្រកបដោយអព្ភូតហេតុ ។ ( សូមមើល នីហ្វៃទី៣ ១៨:១–៩; ២០:៣–៨ ) ។
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលពិធីបរិសុទ្ធនេះអនុញ្ញាតឲ្យយើងមានព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូខ្ជាប់ខ្ជួនមួយអង្គ ៖
ពិធីបរិសុទ្ធនៃសាក្រាម៉ង់គឺជាការអញ្ជើញដ៏ពិសិដ្ឋ និងដដែលៗឲ្យប្រែចិត្តដោយស្មោះ និងជាការរំឭកជាថ្មីខាងវិញ្ញាណ ។ … ប៉ុន្តែនៅពេលយើងរៀបចំខ្លួនដោយយកចិត្តទុកដាក់ និងចូលរួមនៅក្នុងពិធីបរិសុទ្ធដ៏បរិសុទ្ធនេះដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប នោះការសន្យានឹងមានចំពោះយើងថា យើងអាចមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅជាមួយយើង ជានិច្ច ។ ហើយតាមរយៈអំណាចញែកចេញជាបរិសុទ្ធរបស់ព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង នោះយើងអាចទទួលការផ្ដាច់បាបរបស់យើង ជានិច្ច បាន ។ ( « Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦១–៦២ )
អែលឌើរ គ្រីស្តូហ្វឺសិន បានបង្រៀនថា ការទទួលទានសាក្រាម៉ង់ក៏អាចជួយយើងឲ្យផ្ដោតលើការប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះបានផងដែរ ៖
នំប៉័ង និងទឹកតំណាងឲ្យព្រះកាយ និងលោហិតរបស់ទ្រង់ដែលជានំប៉័ងជីវិត និងជាទឹករស់ [ សូមមើល យ៉ូហាន ៤:១០ ] ដែលរំឭកយើងយ៉ាងមោះមុតអំពីតម្លៃដែលទ្រង់បានបង់ថ្លៃក្នុងការប្រោសលោះយើង ។ …
… ប៉ុន្តែពាក្យប្រៀបធៀបអំពីការទទួលទានព្រះកាយរបស់ទ្រង់ ហើយផឹកលោហិតរបស់ទ្រង់មានអត្ថន័យបន្ថែម ហើយថាត្រូវដាក់គុណសម្បត្តិ និងបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទក្នុងខ្លួនយើង ហើយសម្រាតចោលភាពជាមនុស្សខាងសាច់ឈាមចេញ ហើយប្រែក្លាយជាពួកបរិសុទ្ធ « តាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាព្រះអម្ចាស់ » [ ម៉ូសាយ ៣:១៩ ] ។ នៅពេលយើងទទួលទានសាក្រាម៉ង់ នំប៉័ង និងទឹករាល់សប្ដាហ៍ នោះយើងនឹងធ្វើបានល្អដើម្បីពិចារណាថាយើងត្រូវតែដាក់បញ្ចូលបុគ្គលិកលក្ខណៈរបស់ទ្រង់ និងគំរូនៃជីវិតគ្មានបាបរបស់ទ្រង់មកក្នុងជីវិត និងតួអង្គរបស់យើងឲ្យពេញលេញទាំងស្រុង ។ …
ការទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ទ្រង់ គឺមានន័យថា បញ្ឈប់នូវអ្វីដែលពុំត្រូវនឹងបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទក្នុងជីវិតយើងចោល ហើយយកអាកប្បកិរិយារបស់ទ្រង់ដាក់ក្នុងខ្លួនយើងវិញ ។ ( « The Living Bread Which Came Down from Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៧, ៣៩ )
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីជួយនរណាម្នាក់ឲ្យមានអារម្មណ៍ថា មានកន្លែងមួយសម្រាប់ពួកគេនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ?
ក្រោយពីបានតាំងពិធីសាក្រាម៉ង់ឡើងនៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនហើយ នោះព្រះយេស៊ូវបានបង្រៀនពីសារៈសំខាន់នៃការធ្វើឲ្យការប្រជុំក្នុងសាសនាចក្រមានភាពស្វាគមន៍រាក់ទាក់ និងរាប់រកមនុស្សទាំងអស់ ។
សូមមើលវីដេអូ « Lifting Others » ( ២:៤៩ ) ឬអានអត្ថបទនៃវីដេអូនេះដូចតទៅ ។ នៅក្នុងវីដេអូនេះ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី អតីតទីប្រឹក្សានៅក្នុងគណៈប្រធានយុវនារីទូទៅ បានចែកចាយអ្វីដែលយើងអាចធ្វើបានដើម្បីធ្វើឲ្យប្រាកដថា មនុស្សទាំងអស់មានអារម្មណ៍ថាត្រូវបានស្វាគមន៍នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។
ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី អតីតទីប្រឹក្សានៅក្នុងគណៈប្រធានយុវនារីទូទៅ បានចែកចាយអ្វីដែលយើងអាចធ្វើបានដើម្បីធ្វើឲ្យប្រាកដថា មនុស្សទាំងអស់មានអារម្មណ៍ថាត្រូវបានស្វាគមន៍នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ៖
ខ្ញុំស្គាល់មនុស្សដែលមកកាន់ព្រះវិហាររាល់ថ្ងៃអាទិត្យ ដើម្បីពួកគេអាចទទួលបានការបំផុសគំនិត និងលើកស្ទួយ ហើយក៏ស្គាល់អ្នកដែលដើរចេញដោយសារមានអារម្មណ៍ថាត្រូវបានគេកាត់សេចក្ដី មិនត្រូវបានគេស្រឡាញ់ និងមិនត្រូវការដែរ ។ …
យើងត្រូវដឹងឲ្យបានច្បាស់ពីគោលបំណងនៃការមកកាន់ព្រះវិហារនៅថ្ងៃអាទិត្យ ហើយធ្វើឲ្យប្រាកដថា មនុស្សគ្រប់គ្នាដែលមកនោះមានអារម្មណ៍ថាមានគេស្រឡាញ់ ត្រូវការ ទទួលយក និងលើកស្ទួយ ។
មនុស្សគ្រប់រូបមានឧបសគ្គ ដែលយើងមិនទាំងដឹងផង ហើយវាសំខាន់ណាស់ដែលយើងត្រូវដឹងថា ព្រះស្រឡាញ់មនុស្សគ្រប់គ្នានៅជុំវិញខ្លួនយើង ហើយថាយើងត្រូវមើលទៅពួកគេតាមរយៈកែវភ្នែកដូចជាព្រះគ្រីស្ទ ។ ហើយយើងមិនត្រូវបណ្តោយឲ្យការកាត់សេចក្ដីដឹកនាំផ្លូវ ដែលយើងប្រាស្រ័យទាក់ទងនឹងមនុស្សដទៃឡើយ ។ …
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមិនធ្វើឲ្យមនុស្សមានអារម្មណ៍ថា ពួកគេមិនសំខាន់នោះទេ ។ គឺមនុស្សទេដែលមិនឲ្យតម្លៃមនុស្ស ហើយយើងត្រូវតែកែលម្អការណ៍នោះ ។ យើងត្រូវតែឆាប់ដឹង និងស្រឡាញ់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេមានឱកាសរីកចម្រើន ហើយរីកលូតលាស់ និងធ្វើជាមនុស្សដ៏ល្អបំផុតសម្រាប់ខ្លួនគេ ។ ពួកគេមានទេពកោសល្យ និងសមត្ថភាព ព្រមទាំងចរិយាសម្បត្តិដែលចាំបាច់នៅក្នុងនគរនៃព្រះ ។ ហើយប្រសិនបើយើងត្រូវស្ថាបនានគររបស់ព្រះនៅលើផែនដីនេះ នោះយើងត្រូវការមនុស្សគ្រប់គ្នាឲ្យមក ។( « Lifting Others » [ វីដេអូ ] នៅលើគេហទំព័រ ChurchofJesusChrist.org )