« មេរៀនទី ១០ ឯកសារគ្រូបង្រៀន ៖ ការប្រែចិត្ត និងការអភ័យទោស » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១០ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១០ ឯកសារគ្រូបង្រៀន
ការប្រែចិត្ត និងការអភ័យទោស
ព្រះគម្ពីរមរមនផ្ដល់ការយល់ដឹងជាពិសេសអំពីគោលលទ្ធិនៃការប្រែចិត្ត និងការអភ័យទោស ។ បទពិសោធន៍របស់អេណុក ប្រជាជនរបស់ស្ដេចបេនយ៉ាមីន និងអាលម៉ាជាកូនបង្ហាញថា ព្រះអង្គសង្គ្រោះគឺជាប្រភពចុងក្រោយបំផុតនៃការអភ័យទោស និងសេចក្ដីសុខសាន្ដក្នុងមនសិការរបស់យើង ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសពិភាក្សាពីសំណួរអំពីដំណើរការនៃការប្រែចិត្ត ហើយរៀនស្គាល់កាន់តែច្បាស់ថាពេលណាដែលព្រះអង្គសង្គ្រោះបានអភ័យទោសឲ្យពួកគេ ។ សិស្សក៏នឹងពិចារណាពីរបៀបដែលពួកគេអាចបន្ដប្រែចិត្ត ហើយប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទផងដែរ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ាពន្យល់ពីរបៀបដែលលោកបានទទួលការអភ័យទោសពីព្រះអង្គសង្គ្រោះ ។
សូមបិទសំណួរបីខាងក្រោមនេះ នៅក្នុងកន្លែងខុសៗគ្នាក្នុងថ្នាក់រៀន ។ សូមរៀបចំកៅអីមួយចំនួនជារង្វង់តូចនៅក្បែរសំណួរនីមួយៗ ។ សូមបង្ហាញថា សំណួរទាំងនេះគឺស្រដៀងនឹងសំណួរនៅក្នុង ផ្នែកទី ១ នៃឯកសាររៀបចំ ។
-
តើការប្រែចិត្តមានន័យយ៉ាងណា ? តើអ្នកនឹងផ្ដល់ដំបូន្មានអ្វីដល់នរណាម្នាក់ ដែលបានឆ្លងកាត់ជំហានទាំងឡាយនៃការប្រែចិត្ត ប៉ុន្ដែមិនមានអារម្មណ៍ខុសពីមុនសោះនោះ ?
-
តើយើងអាចរកឃើញកម្លាំងដើម្បីផ្លាស់ប្ដូរយ៉ាងពិតប្រាកដដោយរបៀបណា ? តើអ្នកនឹងនិយាយអ្វីទៅកាន់នរណាម្នាក់ ដែលបាក់ទឹកចិត្ត ដោយសារពួកគេពិតជាបានខិតខំខ្លាំងណាស់ដើម្បីធ្វើឲ្យបានប្រសើរ ប៉ុន្ដែនៅតែបន្ដធ្វើខុសរឿងដដែលៗ ?
-
ចុះបើនរណាម្នាក់ដែលមានអារម្មណ៍ថា ពួកគេបាត់បង់ការជម្រុញចិត្ត ? តើអ្នកអាចជួយនរណាម្នាក់ដែលមានអារម្មណ៍ថា ពួកគេមិនគួរទៅខ្វល់រឿងប្រែចិត្តឡើយ ដោយសារអំពើបាបរបស់ពួកគេអាក្រក់ខ្លាំងណាស់ ថាពួកគេមិនអាចទទួលបានការអភ័យទោសឡើយដោយរបៀបណា ?
សូមឲ្យសិស្សស្រមៃថា ពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនាដែលរៀបចំខ្លួនឆ្លើយនឹងបណ្ដុំសំណួរខាងលើសម្រាប់អ្នករៀនថ្មីរបស់ពួកគេ ឬថាពួកគេកំពុងរៀបចំដើម្បីជួយមនុស្សជាទីស្រឡាញ់ម្នាក់ ដែលកំពុងខិតខំប្រែចិត្ត ។ បន្ទាប់មក សូមឲ្យសិស្សអង្គុយនៅលើកៅអីមួយក្បែរសំណួរ ដែលពួកគេចង់ពិភាក្សានោះ ។ សូមលើកទឹកចិត្តសិស្សឲ្យយោងទៅលើដំណើររឿងនៃបទពិសោធន៍របស់អាលម៉ា និងវគ្គបទគម្ពីរផ្សេងទៀតចេញពីព្រះគម្ពីរមរមន ដែលអាចជួយឆ្លើយសំណួររបស់ពួកគេបាន ។
សូមចាត់តាំងអ្នកដឹកនាំការពិភាក្សាម្នាក់សម្រាប់ក្រុមនីមួយៗ ហើយចែកច្បាប់ចម្លងមួយច្បាប់ដល់អ្នកដឹកនាំម្នាក់ៗ ស្ដីពីការណែនាំដែលមាននៅចុងបញ្ចប់នៃឯកសារមេរៀននេះ ។ សូមឲ្យក្រុមមានពេលគ្រប់គ្រាន់ដើម្បីធ្វើការពិភាក្សាដ៏មានអត្ថន័យមួយ ។
ក្រោយពីអនុញ្ញាតឲ្យសិស្សមានពេលពិភាក្សាគ្នាហើយ អ្នកអាចអញ្ជើញឲ្យមានអ្នកស្ម័គ្រចិត្តម្នាក់ ឬច្រើននាក់មកពីក្រុមនីមួយៗ ឲ្យឡើងផ្ដល់សេចក្ដីសង្ខេបខ្លីៗអំពីអ្វីដែលក្រុមរបស់ពួកគេបានរៀន និងមានអារម្មណ៍អំឡុងពេលការពិភាក្សារបស់ពួកគេ ។
អេណុក ប្រជាជនរបស់ស្ដេចបេនយ៉ាមីន និងអាលម៉ាដកពិសោធន៍សេចក្ដីអំណរមកពីការអភ័យទោស ។
សូមឲ្យសិស្សពិចារណាថាតើពួកគេ ឬមនុស្សដែលពួកគេស្គាល់ ធ្លាប់ឆ្ងល់ពីរបៀបដើម្បីដឹងថា តើព្រះអង្គសង្គ្រោះបានអភ័យទោសឲ្យពួកគេចំពោះអំពើបាបរបស់ពួកគេឬអត់ ។ សូមឲ្យសិស្សស្រាវជ្រាវក្នុង អេណុក ១:៤–៨; ម៉ូសាយ ៤:១–៣ និង អាលម៉ា ៣៦:១៩–២១ ដោយរកមើលរបៀបដើម្បីដឹងថា យើងត្រូវបានអភ័យទោសឲ្យ ។
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
ទទួលស្គាល់អំណាចនៃការបង្រៀនដែលផ្ដោតលើព្រះគ្រីស្ទ ។ លោក ឆាត អេច វិប ដែលជាអ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាននៃសាសនា បានថ្លែងទៅកាន់គ្រូបង្រៀនថា « របៀបដ៏សំខាន់បំផុតតែមួយគត់ដែលយើងអាចជួយបង្កើនសេចក្ដីជំនឿរបស់ជំនាន់ដែលកំពុងពេញវ័យគឺ ត្រូវដាក់ព្រះយេស៊ូវគ្រីស្ទជាចំណុចកណ្ដាលនៃការបង្រៀន និងការរៀនសូត្ររបស់យើងឲ្យកាន់តែពេញលេញ តាមរយៈការជួយសិស្សយើងឲ្យមកស្គាល់ទ្រង់ រៀនពីទ្រង់ ហើយខិតខំក្លាយដូចជាទ្រង់កាន់តែខ្លាំងឡើង » ( « We Talk of Christ, We Rejoice in Christ » [ សុន្ទរកថាថ្លែងនៅការចាក់ផ្សាយការបំពាក់បំប៉នប្រចាំឆ្នាំថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាននៃសាសនា ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅពេលអ្នករៀបចំបង្រៀន សូមសួរខ្លួនឯង ៖ តើខ្ញុំអាចជួយសិស្សឲ្យស្គាល់ ឲ្យស្រឡាញ់ និងធ្វើតាមព្រះអង្គសង្គ្រោះកាន់តែពេញលេញថែមទៀតតាមរយៈបទពិសោធន៍រៀនសូត្រនេះដោយរបៀបណា ?
-
តើពាក្យ ឬឃ្លាណាខ្លះនៅក្នុងខគម្ពីរទាំងនេះដែលអ្នកចាប់អារម្មណ៍ ? ហេតុអ្វីអ្នកគិតថា ឃ្លាទាំងនោះទទួលបានចំណាប់អារម្មណ៍របស់អ្នក ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីជឿ និងទទួលយកថា ព្រះយេស៊ូវគ្រីស្ទស្ម័គ្រព្រះទ័យ អាចធ្វើបាន ហើយអន្ទះសាចង់អភ័យទោសឲ្យអំពើបាបរបស់យើង និងដកយកកំហុសរបស់យើងចេញ ? ( សូមពិចារណាអញ្ជើញសិស្សឲ្យរំឭក ផ្នែកទី ៣ នៃឯកសាររៀបចំ ) ។
-
តើយើងអាចដឹងថា ព្រះអង្គសង្គ្រោះបានអភ័យទោសឲ្យយើងចំពោះអំពើបាបរបស់យើងដោយរបៀបណា ? ( សូមជួយសិស្សឲ្យរកមើលគោលការណ៍មួយដូចតទៅនេះ ៖ នៅពេលយើងប្រែចិត្តដោយស្មោះសរ ហើយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងអភ័យទោសឲ្យយើង និងប្រទានពរដល់យើងឲ្យមានសេចក្ដីអំណរ និងសេចក្ដីសុខសាន្ដក្នុងមនសិការរបស់យើង ) ។
-
តើនៅពេលណាដែលអ្នកបានដកពិសោធន៍សេចក្ដីអំណរ និងសេចក្ដីសុខសាន្ដនៃការអភ័យទោសពីព្រះអម្ចាស់ ហើយតើបទពិសោធន៍នេះបានជះឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ? ( សូមលើកទឹកចិត្តសិស្សឲ្យជជែកអំពីអារម្មណ៍នៃការអភ័យទោសរបស់ពួកគេ មិនមែនអំពើបាបជាក់លាក់ណាមួយរបស់ពួកគេឡើយ ) ។ តើអ្នកមានយោបល់ និងអារម្មណ៍យ៉ាងណាដែរ អំពីសមត្ថភាព និងព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះដើម្បីអភ័យទោសឲ្យអ្នកនោះ ?
អំឡុងពេលការពិភាក្សារបស់អ្នក អ្នកអាចឃើញថាវាមានប្រយោជន៍ដើម្បីចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អិល អាន់ឌើរសិន ៖
សម្រាប់អស់អ្នកណាដែលពិតជាបានប្រែចិត្ត ប៉ុន្ដែហាក់ដូចជាមិនអាចមានអារម្មណ៍ធូរស្បើយ ៖ សូមបន្ដកាន់តាមព្រះបញ្ញត្តិ ។ ខ្ញុំសូមសន្យាថា អ្នកនឹងទទួលបានភាពធូរស្បើយតាមពេលវេលារបស់ព្រះអម្ចាស់ ។ ការព្យាបាលក៏ត្រូវការពេលវេលាផងដែរ ។( « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ )
កំណត់ចំណាំ ៖ សម្រាប់សិស្សដែលអាចមានអារម្មណ៍បាក់ទឹកចិត្តអំពីដំណើរការប្រែចិត្ត ដោយសារការខិតខំរបស់ពួកគេមិនទាន់ទទួលបានលទ្ធផលឲ្យសះស្បើយនៅឡើយ សូមនិយាយពាក្យលើកទឹកចិត្ត និងអញ្ជើញពួកគេឲ្យបន្ដងាកទៅរកព្រះអម្ចាស់ ហើយប្រហែលជាចែករំលែកកង្វល់ជាក់លាក់របស់ពួកគេជាមួយនឹងប៊ីស្សពរបស់ពួកគេ ។
សូមផ្ដល់ពេលឲ្យសិស្សវាយតម្លៃជីវិតរបស់ពួកគេ ហើយកំណត់ពីអ្វីៗដែលពួកគេត្រូវប្រែចិត្ត ។ សូមអញ្ជើញសិស្សឲ្យកត់ត្រាចំណាប់អារម្មណ៍ណាមួយ ដែលពួកគេទទួលបាន ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីគោលលទ្ធិនៃការប្រែចិត្ត និងការអភ័យទោស ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេផងដែរ ។
សម្រាប់ពេលក្រោយ
សូមសួរសិស្សថា តើសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និងសេចក្ដីសញ្ញាផ្សេងទៀតរបស់ពួកគេបានផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេយ៉ាងណាដែរ ។ នៅពេលពួកគេសិក្សា ឯកសាររៀបចំ សម្រាប់មេរៀនក្រោយ សូមអញ្ជើញពួកគេឲ្យគិតពីផ្លូវនៃសេចក្ដីសញ្ញារបស់ពួកគេ និងរបៀបដែលការគោរពតាមសេចក្ដីសញ្ញាចងពួកគេជាប់នឹងព្រះអង្គសង្គ្រោះ ព្រមទាំងព្រះចេស្ដារបស់ទ្រង់ផងដែរ ។
ការពិភាក្សាក្រុមតូចស្ដីពីការប្រែចិត្ត
ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន—មេរៀនទី ១០
កំណត់ចំណាំសម្រាប់អ្នកដឹកនាំការពិភាក្សា ៖ សូមប្រើការណែនាំទាំងនេះដើម្បីសម្របសម្រួលការពិភាក្សាជាមួយនឹងសមាជិកក្រុមរបស់អ្នក ។ សូមលើកទឹកចិត្តសមាជិកក្រុមរបស់អ្នកទាំងអស់ឲ្យចូលរួម ។ ប៉ុន្ដែ សូមកុំបង្ខំឡើយ គ្មាននរណាម្នាក់គួរមានអារម្មណ៍ថាត្រូវតែចែករំលែកនោះទេ ។
សូមអញ្ជើញសមាជិកក្រុមឲ្យចំណាយពេលពីរបីនាទីដើម្បីរំឭក ផ្នែកទី ១ នៃឯកសាររៀបចំ និងវគ្គបទគម្ពីរដែលទាក់ទងនានា ( សូមមើល ម៉ូសាយ ២៧:៣៥; អាលម៉ា ៣៦:១២–១៣, ១៧–២១, ២៤ ) ។ សូមឲ្យសិស្សរកមើលគោលការណ៍ ដែលអនុវត្តចំពោះសំណួររបស់ក្រុមអ្នក ។ សូមអញ្ជើញសមាជិកក្រុមឲ្យត្រៀមខ្លួនឡើងចែកចាយវគ្គបទគម្ពីរបន្ថែមទៀតណាមួយ ដែលពួកគេអាចរកឃើញ នៅពេលពួកគេបានរៀបចំសម្រាប់ថ្នាក់នេះផងដែរ ។
សូមសម្រេចចិត្តរួមគ្នាថាតើសំណួរខាងក្រោមណាមួយដែលសំខាន់បំផុតដើម្បីឲ្យក្រុមរបស់អ្នកពិភាក្សាគ្នា ។ ដើម្បីយល់ពីយោបល់ទាំងនេះកាន់តែស៊ីជម្រៅ វាអាចជារឿងល្អដើម្បីពិភាក្សាសំណួរមួយ ឬពីរឲ្យបានជ្រៅជ្រះ ជាជាងការព្យាយាមឆ្លើយនឹងសំណួរទាំងអស់សើៗ ។
-
តើមានគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីបទពិសោធន៍របស់អាលម៉ាទាក់ទងនឹងសំណួររបស់យើង ? តើអ្នកមានពរជ័យតាមរបៀបណា ដោយសារការធ្វើតាមគោលការណ៍ទាំងនេះ ?
-
តើវគ្គបទគម្ពីរ ឬការបង្រៀនផ្សេងទៀតអ្វីខ្លះចេញពីព្រះគម្ពីរមរមន ដែលអាចជួយឆ្លើយនឹងសំណួរនេះ ? តើសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងនេះបានជួយអ្នកឲ្យទទួលបានអំណាចនៃការប្រែចិត្តដោយរបៀបណា ?
-
តើព្រះយេស៊ូវគ្រីស្ទមានតួនាទីអ្វីនៅក្នុងការប្រែចិត្តរបស់យើង ? តើអ្នកមានអារម្មណ៍យ៉ាងណាដែរ អំពីព្រះទ័យស្ម័គ្រចិត្តរបស់ព្រះអង្គសង្គ្រោះដើម្បីអភ័យទោសដល់អ្នកចំពោះអំពើបាបរបស់អ្នក ?
-
តើបទបញ្ញត្តិដើម្បីថ្វាយ « ចិត្តសង្រេង និងវិញ្ញាណទន់ទាប » ( នីហ្វៃទី៣ ៩:២០ ) ដល់ព្រះអង្គសង្គ្រោះទាក់ទងនឹងសំណួររបស់យើងតាមរបៀបណា ? ( ប្រសិនបើអ្នកពិភាក្សាពីសំណួរក្នុងចំណុចចុងក្រោយនេះ អ្នកអាចឃើញថាវាមានប្រយោជន៍ដើម្បីរំឭក នីហ្វៃទី៣ ៩:១៩–២០ និង សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ប្រ៊ូស ឌី ផតធ័រ នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។
© 2021 by Intellectual Reserve, Inc. All rights reserved.
ការពិភាក្សាក្រុមតូចស្ដីពីការប្រែចិត្ត