« មេរៀនទី ១៣ ឯកសារគ្រូបង្រៀន ៖ ការប្រមូលផ្ដុំអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៣ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៣ ឯកសារគ្រូបង្រៀន
ការប្រមូលផ្ដុំអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ
នៅក្នុងជំពូកនេះ យើងនឹងពិភាក្សាពីការបង្រៀនខុសៗគ្នាក្នុងព្រះគម្ពីរមរមនស្ដីពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំអ៊ីស្រាអែល ។ ព្រះអម្ចាស់បានកម្ចាត់កម្ចាយសាសន៍អ៊ីស្រាអែលពីបុរាណ ដោយសារពួកគេបានបដិសេធសេចក្ដីសញ្ញារបស់ទ្រង់ ប៉ុន្ដែទ្រង់បានសន្យាថានឹងប្រមូលផ្ដុំពួកគេវិញនៅថ្ងៃចុងក្រោយ ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសពន្យល់ពីពរជ័យ និងការទទួលខុសត្រូវនៃការធ្វើជាផ្នែកមួយនៃវង្សអ៊ីស្រាអែល ។ ពួកគេក៏ត្រូវបានលើកទឹកចិត្តឲ្យពិចារណាពីរបៀបដែលពួកគេអាចជួយនរណាម្នាក់ « ដែលនៅទាំងសងខាងវាំងនន … ឲ្យបោះជំហានទៅមុនទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ » ផងដែរ ( រ័សុល អិម ណិលសុន និង វិនឌី ណិលសុន « Hope of Israel » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ទំព័រ ១៥ នៅលើគេហទំព័រ HopeofIsrael.ChurchofJesusChrist.org ) ។
យោបល់សម្រាប់ការបង្រៀន
លីហៃ និងនីហ្វៃបង្រៀនអំពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំអ៊ីស្រាអែល ។
សូមបង្ហាញស្ថានភាពខាងក្រោមនេះ ៖
សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយដៃគូម្នាក់អំពីរបៀបដែលពួកគេនឹងឆ្លើយសំណួររបស់បេកគី ។ ( ប្រសិនបើចាំបាច់ សិស្សក៏អាចរំឭក ផ្នែកទី ១នៃឯកសាររៀបចំផងដែរ ) ។ ក្រោយពីសិស្សបានឆ្លើយហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានរៀន ឬមានអារម្មណ៍អំពីវង្សអ៊ីស្រាអែល នៅពេលពួកគេបាននិយាយគ្នានោះ ។
សូមពិចារណាបង្ហាញរូបភាពដែលអមមកជាមួយនេះ ។ សូមអញ្ជើញសិស្សឲ្យរំឭក ផ្នែកទី ២ នៃឯកសាររៀបចំ ( ជាពិសេស នីហ្វៃទី១ ១០:១២–១៤ និង នីហ្វៃទី១ ១៥:១២–១៥ ) ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់ពន្យល់ដោយសង្ខេបពីរបៀបដែលលីហៃ និងនីហ្វៃបានប្រើដើមអូលីវដើម្បីនិយាយអំពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំអ៊ីស្រាអែល ។
អ្នកអាចសរសេរប្រយោគមិនពេញលេញដូចតទៅនេះនៅលើក្ដារខៀន ៖ បុគ្គលម្នាក់នឹងត្រូវប្រមូលមកក្នុងវង្សអ៊ីស្រាអែល នៅពេលគាត់ ឬនាង …
នៅពេលសិស្សចែកចាយការយល់ដឹងរបស់ពួកគេ សូមកត់ចម្លើយរបស់ពួកគេ ដែលអាចរួមមានសេចក្ដីពិតដូចតទៅនេះ ៖ បុគ្គលម្នាក់នឹងត្រូវប្រមូលមកក្នុងវង្សអ៊ីស្រាអែល នៅពេលគាត់ ឬនាងទទួលបានភាពពេញលេញនៃដំណឹងល្អ មានចំណេះដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអម្ចាស់ និងព្រះប្រោសលោះរបស់យើង ហើយចុះ និងរក្សាសេចក្ដីសញ្ញានៃដំណឹងល្អ ។ អ្នកអាចប្រើសំណួរខាងក្រោមនេះខ្លះដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅពីការប្រមូលផ្ដុំអ៊ីស្រាអែល ៖
-
តើការប្រមូលផ្ដុំអ៊ីស្រាអែលទាក់ទងនឹងអ្នកដែលនៅរស់ និងអ្នកដែលបានស្លាប់ហើយយ៉ាងដូចម្ដេច ?
-
ហេតុអ្វីអ្នកគិតថា ប្រធានណិលសុនបានថ្លែងថា ការប្រមូលផ្ដុំអ៊ីស្រាអែលគឺជា « រឿងដ៏សំខាន់បំផុតកំពុងតែកើតឡើងនៅលើផែនដីសព្វថ្ងៃនេះ » ( « Hope of Israel » ទំព័រ ៨ ) ? ( អ្នកអាចចង់រំឭកសេចក្ដីថ្លែងការណ៍របស់លោកនៅក្នុង សេចក្ដីផ្ដើម និង ផ្នែកទី ១ និង ផ្នែកទី ២ នៅក្នុងឯកសាររៀបចំ ) ។
-
តើយើងគោរពដល់ព្រះជន្ម និងពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលយើងចូលរួមក្នុងការប្រមូលផ្ដុំអ៊ីស្រាអែលយ៉ាងដូចម្ដេច ?
-
តើជីវិតរបស់អ្នកទទួលឥទ្ធិពល ឬតើជីវិតរបស់សមាជិកគ្រួសារអ្នកទទួលបានពរជ័យតាមរយៈការប្រមូលផ្ដុំអ៊ីស្រាអែលដោយរបៀបណា ?
សូមពិចារណាអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអារម្មណ៍ដែលពួកគេអាចមាន និងរបៀបដែលពួកគេអាចឆ្លើយតប ប្រសិនបើព្យាការីបានសួរសំណួរនេះទៅកាន់ពួកគេដោយផ្ទាល់ ៖ « តើក្មួយៗចង់ចូលរួមចំណែកដ៏ធំមួយនៅក្នុងឧបសគ្គ ដ៏ធំបំផុត បុព្វហេតុ ដ៏ធំបំផុត និងកិច្ចការ ដ៏ធំបំផុត នៅលើផែនដីសព្វថ្ងៃនេះឬទេ ? » ( «Hope of Israel » ទំព័រ ៨ ) ។
ព្រះយេស៊ូវគ្រីស្ទហៅអ្នកបម្រើទាំងឡាយឲ្យជួយក្នុងកិច្ចការនៃការប្រមូលផ្ដុំអ៊ីស្រាអែលនេះ ។
សូមរំឭកខ្លីៗពីរបៀបដែលយ៉ាកុបបានប្រើរូបាធិដ្ឋានរបស់លោកស៊ីណូស អំពីដើមអូលីវដើម្បីបង្រៀនពីការប្រមូលផ្ដុំ និងការខ្ចាត់ខ្ចាយនៃអ៊ីស្រាអែល ( សូមមើល ផ្នែកទី ៣ នៃឯកសាររៀបចំ ) ។ សូមចង្អុលបង្ហាញថា នៅត្រឹមពាក់កណ្ដាលនៃរឿងរូបាធិដ្ឋាននេះ ម្ចាស់ចម្ការទំពាំងបាយជូរបានទួញសោក ដោយសារដើមអូលីវ ( ដែលតំណាងឲ្យរាស្រ្ដរបស់ព្រះអម្ចាស់ ) មិនបានមានផ្លែល្អឡើយ ។ សូមសិស្សឲ្យអាន យ៉ាកុប ៥:៤៧, ៥១ ដោយរកមើលព្រះទ័យរបស់ព្រះអម្ចាស់អំពីវង្សអ៊ីស្រាអែល ។
-
តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើការដឹងថា ព្រះអម្ចាស់ទ្រង់ខ្វល់ព្រះទ័យយ៉ាងខ្លាំងពីអ្នក អាចមានឥទ្ធិពលយ៉ាងដូចម្ដេចលើអារម្មណ៍របស់អ្នកចំពោះទ្រង់ ?
សូមសិស្សឲ្យរំឭក យ៉ាកុប ៥:៦១–៦២, ៧០–៧២ ដោយរកមើលតួនាទីរបស់យើងក្នុងការជួយព្រះអម្ចាស់ឲ្យប្រមូលផ្ដុំអ៊ីស្រាអែល ។ ( សូមជួយសិស្សឲ្យរកឃើញ្គោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយព្រះអម្ចាស់ ដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែល នោះយើងនឹងត្រូវបានប្រទានពរឲ្យមានអំណរ ) ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងម្នាក់ៗ ដើម្បីជួយព្រះអម្ចាស់នៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីប្រមូលផ្ដុំអ៊ីស្រាអែល ? ( សិស្សអាចចំណាយពេលខ្លះកត់ត្រាយោបល់ និងនិយាយអំពីរបៀបដែលពួកគេបានចូលរួមក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ។ អ្នកក៏អាចចង់រំឭក សេចក្ដីថ្លែងការណ៍ដោយប្រធានណិលសុននៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំផងដែរ ) ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកបានជួយនរណាម្នាក់ដែលនៅទាំងសងខាងវាំងននឲ្យបានជួបជុំគ្នានៅក្នុងវង្សអ៊ីស្រាអែល ?
អ្នកប្រហែលជាចង់បញ្ចប់មេរៀនដោយការចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមរឺបង្ហាញ video clip (time code 32:19 to 33:37) សូមអានសេចក្តីថ្លែងការណ៍ដូចតទៅដោយប្រធានណិលសុន ៖ « Hope of Israel » ៖
ព្យាការីគ្រប់រូបបាននិយាយអំពីជំនាន់ របស់យើង នៅពេលដែលសាសន៍អ៊ីស្រាអែលនឹងត្រូវបានប្រមូលផ្ដុំ ហើយពិភពលោកនឹងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ចូរគិតពីចំណុចនេះ ! ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅលើផែនដីនេះ ពួកយើង គឺជាមនុស្សដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នៃការប្រមូលផ្ដុំដ៏អស្ចារ្យចុងក្រោយនេះ ។ ឱនោះជារឿងរំភើបណាស់ !( « Hope of Israel » ទំព័រ ៨ )
សូមរំឭកសិស្សថា ពេលរៀបចំមេរៀននេះ ពួកគេត្រូវបានអញ្ជើញឲ្យកំណត់ពីនរណាម្នាក់—នៅខាងណានៃវាំងននក៏បាន—ដែលពួកគេអាចជួយឲ្យបោះជំហានទៅមុខទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ( សូមមើល ផ្នែកទី ២ និងទី ៣ នៃឯកសាររៀបចំ ) ។ សូមឲ្យសិស្សមានពេលសញ្ជឹងគិត កត់ត្រាចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ហើយសម្រេចបញ្ចប់ផែនការសកម្មភាពពួកគេ ។ នៅពេលអ្នកមានអារម្មណ៍ថាសមរម្យ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែករំលែកពីអ្វីដែលពួកគេត្រូវបានបំផុសគំនិតឲ្យធ្វើ ។
សម្រាប់ពេលក្រោយ
សូមពន្យល់សិស្សថា ដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែល យើងត្រូវបានអញ្ជើញឲ្យក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ហើយចែកចាយដំណឹងល្អរបស់ទ្រង់ជាមួយនឹងមនុស្សទាំងអស់ ។ នៅពេលសិស្សអានដើម្បី រៀបចំខ្លួនសម្រាប់មេរៀនក្រោយ សូមឲ្យពួកគេពិចារណាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីក្លាយជាឧបករណ៍ដែលកាន់តែមានប្រសិទ្ធភាពនៅក្នុងព្រះហស្ដរបស់ព្រះដើម្បីចែកចាយដំណឹងល្អ ។