« មេរៀនទី ២១ ឯកសារគ្រូបង្រៀន ៖ ការយកឈ្នះលើភាពឆ្មើងឆ្មៃ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២១ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២១ ឯកសារគ្រូបង្រៀន
ការយកឈ្នះលើភាពឆ្មើងឆ្មៃ
អំពើបាបនៃភាពឆ្មើងឆ្មៃគឺជាបាវចនាសំខាន់មួយនៅក្នុងព្រះគម្ពីរមរមន ។ ជាញឹកញាប់ រយៈពេលនៃសេចក្ដីសុចរិត និងការរីកចម្រើនត្រូវបានបន្ដដោយរយៈពេលនៃភាពឆ្មើងឆ្មៃ និងសេចក្ដីទុច្ចរិត ។ មេរៀននេះនឹងជួយសិស្សឲ្យកំណត់សញ្ញានៃភាពឆ្មើងឆ្មៃនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ សិស្សក៏នឹងពិចារណាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីយកឈ្នះលើភាពឆ្មើងឆ្មៃ ហើយកា្លយកាន់តែដូចជាព្រះអង្គសង្គ្រោះផងដែរ ។
យោបល់សម្រាប់ការបង្រៀន
យ៉ាកុប និងមរ៉ូណៃ បង្រៀនអំពីអំពើបាបនៃភាពឆ្មើងឆ្មៃ ។
ដើម្បីចាប់ផ្ដើមមេរៀន អ្នកអាចបង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ ជេ ដេវណ៍ ខួនីស្ស នៃពួកចិតសិបនាក់ ៖ « យើងត្រូវឈប់ប្រៀបធៀបខ្លួនយើងទៅនឹងមនុស្សដទៃ » ( « Am I Good Enough? Will I Make It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣៣ ) ។ សូមសួរសិស្សថា ហេតុអ្វីបានជាវាគឺជាដំបូន្មានដ៏ល្អ ។
សូមចែកចាយស្ថានភាពខាងក្រោមនេះ ហើយសូមសួរសិស្សថា តើពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់ធ្លាប់មានអារម្មណ៍ដូចនេះដែរឬទេ ។
ជីល មិនចូលចិត្តចូលរួមក្នុងការប្រជុំសមាគមសង្រ្គោះទេ ។ ពេលនាងក្រឡេកមើលជុំវិញបន្ទប់ អ្វីដែលនាងអាចមើលឃើញគឺស្ដ្រីដែលមើលទៅស្អាតជាងនាង មានព្រះវិញ្ញាណ និងមានទេពកោសល្យច្រើនជាងនាង ។ នាងតូចចិត្តនឹងពួកគេដែលមានគុណសម្បត្តិទាំងនេះ ហើយជាធម្មតានាងចាកចេញពីសមាគមសង្គ្រោះទាំងមានអារម្មណ៍ខឹង និងច្រណែន ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលបានថ្លែងអំពីភាពឆ្មើងឆ្មៃ ពេលនៅបម្រើជាសមាជិកក្នុងគណៈប្រធានទីមួយ ៖ « នៅចំចំណុលស្នូលរបស់វា នោះភាពឆ្មើងឆ្មៃគឺជាអំពើបាបនៃការប្រៀបធៀប » ( « Pride and the Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៦ ) ។ សូមសរសេរសេចក្ដីពិតដូចតទៅនេះដាក់លើក្ដារខៀន ៖ ភាពឆ្មើងឆ្មៃគឺជាអំពើបាបនៃការប្រៀបធៀប ។
-
តើការប្រៀបធៀបខ្លួនយើងទៅនឹងមនុស្សដទៃអាចដឹកនាំទៅរកភាពឆ្មើងឆ្មៃតាមរបៀបណា ?
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមបត់បែនមេរៀនដើម្បីបំពេញតាមតម្រូវការរបស់សិស្ស ។ ខណៈកម្មវិធីសិក្សាផ្ដល់សេចក្ដីពិតដ៏សំខាន់ ធនធាននានា និងការណែនាំដ៏មានប្រយោជន៍ នោះវាមិនអាចគ្រោងឆ្លើយទុកមុនស្របតាមតម្រូវការទាំងអស់របស់សិស្សអ្នកបានទេ ។ នៅពេលអ្នកបង្រៀន សូមស្ដាប់មតិយោបល់ សំណួរ និងកង្វល់របស់សិស្សយ៉ាងប្រុងប្រយ័ត្ន ដើម្បីព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវយកចិត្តទុកដាក់ និងដាក់អាទិភាពលើអំឡុងការពិភាក្សាមួយ ។
សូមរំឭកសិស្សថា ពួកគេបានរៀនមកពី ផ្នែកទី ១ នៃឯកសាររៀបចំ ថា យ៉ាកុបបានព្រមានប្រជាជនរបស់លោកអំពីភាពឆ្មើងឆ្មៃរបស់ពួកគេ មរ៉ូណៃបានប្រមើលឃើញពីការឆ្មើងឆ្មៃនៅក្នុងថ្ងៃចុងក្រោយ ហើយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានថ្លែងអំពីការឆ្មើងឆ្មៃនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើសយកព្យាការីម្នាក់ ហើយរំឭកសារលិខិតរបស់លោកឡើងវិញអំពីភាពឆ្មើងឆ្មៃ ហើយរកមើលរបៀបដែល « ភាពឆ្មើងឆ្មៃគឺជាអំពើបាបនៃការប្រៀបធៀប » ( « Pride and the Priesthood » ទំព័រ ៥៦ ) ។
បន្ទាប់ពីសិស្សមានពេលស្រាវជ្រាវវគ្គទាំងនេះហើយ សូមអញ្ជើញពួកគេឲ្យចែករំលែកអ្វីដែលពួកគេបានរៀន ។ នៅពេលសិស្សចែកចាយការយល់ដឹងរបស់ពួកគេ សូមពិចារណាថាត្រូវផ្ដោត និងដាក់អាទិភាពលើសំណួរណានៅខាងក្រោមនេះ ៖
-
តើអ្នកគិតថា « លើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់អ្នក » មានន័យដូចម្ដេច ? ( យ៉ាកុប ២:១៣ ) ។ តើអ្នកដឹងដោយរបៀបណា នៅពេលអ្នកកំពុងលើកតម្កើងខ្លួនឡើងក្នុងភាពឆ្មើងឆ្មៃនៃចិត្តរបស់អ្នកផ្ទាល់នោះ ?
-
តើមានអំពើបាបបន្ថែមទៀតណាខ្លះដែលអាចមានក្នុងជីវិតរបស់យើង នៅពេលយើងមើលងាយមនុស្សដទៃដោយការប្រកាន់ខ្លួន ឬមើលទៅមនុស្សដទៃដោយមានការអន់ចិត្តច្រណែនគេនោះ ? តាមបទពិសោធន៍របស់អ្នក តើការប្រៀបធៀបទាំងប៉ុន្មានប្រភេទនេះ ជះឥទ្ធិពលយ៉ាងណាទៅលើទំនាក់ទំនងជាមួយមិត្តភក្ដិ សមាជិកគ្រួសារ មិត្តរួមបន្ទប់ មិត្តរួមការងារ និងព្រះវរបិតាសួគ៌ ?
-
តើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជំរុញឲ្យមានការប្រៀបធៀប ដែលអាចដឹកនាំទៅរកអំពើបាបនៃភាពឆ្មើងឆ្មៃតាមរបៀបណា ? តើអ្នកបានធ្វើអ្វីខ្លះដើម្បីប្រឆាំងនឹងការល្បួងឲ្យប្រៀបធៀបខ្លួនអ្នកទៅនឹងមនុស្សដទៃ ?
កំណត់ចំណាំ ៖ ប្រសិនបើសិស្សបង្ហាញកង្វល់អំពីឧបសគ្គនានាដែលកើតមានដោយសារប្រព័ន្ធផ្សព្វផ្សាយសង្គម នោះអ្នកអាចចែកចាយ និងពិភាក្សាពីសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះដោយអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពជាច្រើន ( បើមិនទាំងអស់ ) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានទំនោរទៅរកការបង្ហាញអំពីជីវិតដែលល្អបំផុត—ជាញឹកញាប់ វាគឺរឿងមិនពិតប្រាកដទេ ។ …
ការប្រៀបធៀបរូបភាពជីវិតដែលហាក់ដូចជាធម្មតាៗរបស់យើងផ្ទាល់ ទៅនឹងជីវិតរបស់អ្នកដទៃទៀត ដែលបានកែច្នៃយ៉ាងល្អ និងឥតខ្ចោះដូចដែលបានបង្ហាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម អាចធ្វើឲ្យយើងមានអារម្មណ៍បាក់ទឹកចិត្ត ច្រណែន និងបរាជ័យ ។ …
ដូចដែលស៊ីស្ទើរ ប៊ូននី អិល អូស្ការសិន បានរំឭកយើងនៅព្រឹកនេះថា ភាពជោគជ័យក្នុងជីវិតពុំមែនកំណត់លើចំនួនចូលចិត្ត ដែលយើងទទួលបាន ឬចំនួនមិត្តភក្ដិ ឬអ្នកតាមដាននៅលើបណ្ដាញសង្គមដែលយើងមាននោះឡើយ ។ ទោះយ៉ាងណា វាពិតជាមានអត្ថន័យក្នុងការទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ហើយបន្ថែមពន្លឺទៅដល់ជីវិតពួកគេ ។( « Spiritual Eclipse » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤៦ )
សូមឲ្យសិស្សមើល សំណួរនៅចុងបញ្ចប់នៃផ្នែកទី ១ នៃឯកសាររៀបចំ ។ សូមអញ្ជើញពួកគេឲ្យពិនិត្យមើលចម្លើយ ដែលពួកគេបានកត់ត្រាអំឡុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេឡើងវិញ ហើយបន្ថែមយោបល់ ឬអារម្មណ៍ផ្សេងទៀតដែលពួកគេមាន តាំងពីពេលកត់ត្រាចម្លើយរបស់ពួកគេមកនោះ ។
ពួកសាសន៍នីហ្វៃបានយកឈ្នះលើភាពឆ្មើងឆ្មៃតាមរយៈការបន្ទាបខ្លួន ។
សូមឲ្យសិស្សពន្យល់ពីគោលបំណងរបស់ថ្នាំបន្សាប ។ ( ប្រសិនបើចាំបាច់ សូមពន្យល់ថា ថ្នាំបន្សាបគឺជាថ្នាំពេទ្យដែលប្រើដើម្បីព្យាបាលការពុលណាមួយ ) ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយប្រធាន ប៊ែនសឹន ៖ « ថ្នាំបន្សាបព្យាបាលភាពឆ្មើងឆ្មៃគឺជាការបន្ទាបខ្លួន—ចុះចូល ហើយស្លូតបូត ។ ( សូមមើល អាលម៉ា ៧:២៣ ) » ។ ( « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៦ ) ។ សូមសរសេរសេចក្ដីពិតដូចតទៅនេះដាក់លើក្ដារខៀន ៖ ការបន្ទាបខ្លួនគឺជាថ្នាំបន្សាបព្យាបាលភាពឆ្មើងឆ្មៃ ។
-
តើភាពឆ្មើងឆ្មៃអាចដូចជាថ្នាំពុលមួយតាមរបៀបណា ?
-
ហេតុអ្វីអ្នកគិតថា ប្រធានប៊ែនសឹនបានរាប់ការបន្ទាបខ្លួនថាជាថ្នាំបន្សាបព្យាបាលភាពឆ្មើងឆ្មៃ ?
សូមរំឭកសិស្សថា នៅក្នុង យ៉ាកុប ២:១៧–២១ យ៉ាកុបបានប្រាប់ប្រជាជនរបស់លោកពីរបៀបដើម្បីប្រឆាំងនឹងការល្បួងនៃភាពឆ្មើងឆ្មៃ នៅពេលទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើង ។ សូមរំឭកសិស្សផងដែរថា ពួកគេបានរៀនមកពីឯកសាររៀបចំសម្រាប់ថ្នាក់របស់ពួកគេថា នីហ្វៃទី៣ ៦:១២–១៤ រៀបរាប់ពីប្រជាជនដែលបន្ទាបខ្លួន ដែលបានបដិសេធមិនប្រព្រឹត្តអ្វីដោយភាពឆ្មើងឆ្មៃ ។ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលវគ្គបទគម្ពីរទាំងនេះ ដោយស្វែងរកអ្វីដែលយើងអាចធ្វើបានដើម្បីយកឈ្នះលើភាពឆ្មើងឆ្មៃ ។
-
ស្របតាមខគម្ពីរទាំងនេះ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីយកឈ្នះលើ ភាពឆ្មើងឆ្មៃ ? ( អ្នកអាចកត់ត្រាចម្លើយរបស់សិស្សនៅលើក្តារខៀន ។ ចម្លើយមួយចំនួនអាចរួមមានដូចតទៅនេះ ៖ មានចិត្តសប្បុរសជាមួយនឹងអ្វីដែលយើងមាន ស្វែងរកនគររបស់ព្រះជាមុនសិន ទទួលបានសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ ថែទាំដល់ជនក្រីក្រ ឲ្យតម្លៃមនុស្សគ្រប់គ្នា មិនឈ្លោះជាមួយមនុស្សដទៃ មានចិត្តរាបសា ហើយសារភាពនៅចំពោះព្រះ ព្រមទាំងកាន់តាមបទបញ្ញត្តិទាំងឡាយ ) ។
-
តើឥរិយាបថ និងសកម្មភាពទាំងនេះបង្ហាញពីការបន្ទាបខ្លួនយ៉ាងដូចម្ដេច ?
-
តើអ្នកអាចរៀនអ្វីខ្លះអំពីការបន្ទាបខ្លួនតាមរយៈព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ? តើយើងអាចអនុវត្តតាមគំរូនៃការបន្ទាបខ្លួនរបស់ទ្រង់នៅក្នុងជីវិតរបស់យើងដោយរបៀបណា ?
សូមផ្ដល់ពេលពីរបីនាទីឲ្យសិស្សរំឭក សេចក្ដីថ្លែងការណ៍ដោយប្រធានប៊ែនសឹន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។ សូមលើកទឹកចិត្តពួកគេឲ្យកំណត់របៀបជាក់លាក់មួយ ដែលពួកគេអាចបណ្ដុះឲ្យមានការបន្ទាបខ្លួនថែមទៀតនៅក្នុងជីវិតរបស់ពួកគេ ហើយសម្រេចចិត្តពីរបៀបដែលពួកគេនឹងធ្វើដូច្នោះ ។
សូមពិចារណាថ្លែងទីបន្ទាល់ថា ដោយមានជំនួយរបស់ព្រះអម្ចាស់ នោះយើងអាចបន្ដកំណត់ និងយកឈ្នះលើការឆ្មើងឆ្មៃ ហើយក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
សម្រាប់ពេលក្រោយ
សូមសួរសិស្សថា តើពួកគេធ្លាប់បានអាន ឬស្ដាប់ឮអ្វីដែលបណ្ដាលឲ្យមានមន្ទិលសង្ស័យ ឬមានបញ្ហាចម្រូងចម្រាសជាមួយនឹងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ និងពួកព្យាការីនៅរស់របស់ទ្រង់ដែរឬទេ ។ នៅពេលសិស្សសិក្សា ឯកសាររៀបចំ សម្រាប់មេរៀនក្រោយ សូមអញ្ជើញពួកគេឲ្យរកមើលការបង្រៀននានា ដែលអាចជួយពួកគេឲ្យការពារខ្លួនប្រឆាំងនឹងអស់អ្នកដែលព្យាយាមបំផ្លាញសេចក្ដីជំនឿរបស់ពួកគេ ។