ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ សុបិន​របស់​លីហៃ​អំពី​ដើម​ជីវិត


« មេរៀនទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ សុបិន​របស់​លីហៃ​អំពី​ដើម​ជីវិត » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

សុបិន​របស់​លីហៃ​អំពី​ដើម​ជីវិត

លីហៃ​កាន់​ខ្ជាប់​ទៅ​នឹង​ដំបង​ដែក

សូម​គិត​អំពី​មនុស្ស អង្គការ គេហទំព័រ ឬ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា ដែល​ជះឥទ្ធិពល​លើ​ការគិត ជម្រើស និង​សកម្មភាព​របស់​អ្នក​ជា​រៀងរាល់​ថ្ងៃ ។ តើ​មាន​ប្រភព​ប៉ុន្មាន​ក្នុង​ចំណោម​ប្រភព​ទាំងនេះ ដែល​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ? កាលដែល​អ្នក​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​ព្រះបន្ទូល​នៃ​ព្រះ អាច​ជួយ​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ដើរ​លើ​ផ្លូវ​តូច និង​ចង្អៀត ដែល​ដឹកនាំ​ទៅ​កាន់​ព្រះអម្ចាស់ និង​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ កាន់​តែ​ខ្លាំង​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

ពេល​គ្រួសារ​លីហៃ « នៅ​ក្នុង​ទីរហោស្ថាន » ( នីហ្វៃទី១ ៨:២ ) អំឡុង​ពេល​ធ្វើ​ដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា លីហៃ​បាន​ទទួល​ការនិមិត្ត​មួយ​ពី​ព្រះ ។ នៅក្នុង​ការនិមិត្ត​របស់​លោក បុរស​ម្នាក់​ស្លៀកពាក់​ពណ៌ស​បាន​ដឹកនាំ​លីហៃ​ទៅ​ក្នុង « ទីរហោស្ថាន​ដ៏​ងងឹត និង​អាប់អួ​មួយ » ( នីហ្វៃទី១ ៨:១–៧ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី១ ៨:៨–១២ សម្រាប់​ដំណើរ​រឿង​ទាំងឡាយ​របស់​លីហៃ នូវ​អ្វី​ដែល​លោក​បាន​ឃើញ​បន្ទាប់​ពី​ការអធិស្ឋាន​ទៅ​ព្រះអម្ចាស់​សូម​នូវ​សេចក្ដី​មេត្តា​ករុណា ។

លីហៃ​កំពុង​កាន់​ផ្លែ​ពី​ដើមជីវិត

ក្រោយមក នីហ្វៃ​បាន​ទទួល​ការនិមិត្ត​ស្រដៀង​គ្នា​នឹង​ការនិមិត្ត​របស់​ឪពុក​លោក ។ ពេល​នីហ្វៃ​បាន​ទូល​សូម​ការយល់ដឹង​អំពី​អត្ថន័យ​នៃ​ដើម​ជីវិត នោះ​លោក​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ « មាតា​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ស្រប​តាម​ខាង​ឯ​សាច់ឈាម … កំពុងតែ​បី​ព្រះ​ឱរស​ក្នុង​ដៃ​របស់​នាង » ( នីហ្វៃទី១ ១១:១៨, ២០ ) ។ បន្ទាប់​មក​ទេវតា​មួយ​អង្គ​បាន​យាង​មក​ជួយ​នីហ្វៃ​ឲ្យ​យល់​អំពី​អត្ថន័យ​នៃដើមឈើ​កាន់តែ​ច្បាស់ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី១ ១១:២១–២២ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​សន្និដ្ឋាន​អំពី​អត្ថន័យ​នៃ​ដើម​ជីវិត ។

អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖ « ការទទួល​ទាន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ជា​ការ​ទទួល​ទាន​នូវ​ដង្វាយធួន​របស់​ព្រះយេស៊ូវ និង … អំណរ​ដែល​វា​នាំ​មក » ( « Lessons from Laman and Lemuel » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៨ ) ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

ការទទួល​ទាន​ផ្លែ​នៃ​ដើមឈើ​នោះ​ក៏​ជា​តំណាង​ថា យើង​ឱប​ក្រសោប​ពិធីការ​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ផងដែរ—ទទួល​បុណ្យ​ជ្រមុជ​ទឹក ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការចូល​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ដើម្បី​ទទួល​ពិធី​អំណោយទាន​ពិសិដ្ឋ​ដែល​មក​ជាមួយ​នឹង​ព្រះចេស្ដា​ពី​ស្ថានលើ ។ តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការតម្កើង​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​ទទួល​នូវ​ការសន្យា​ដែល​គ្មាន​ដែន​កំណត់​នៃ​ការរស់នៅ​ជាមួយ​គ្រួសារ​សុចរិត​របស់​យើង​អស់កល្ប​ជានិច្ច ។

មិន​ចម្លែក​ទេ​ដែល​ទេវតា​ពិពណ៌នា​ពី​ផ្លែ​នោះ​ថា « សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » [ នីហ្វៃទី១ ១១:២៣ ] ។ ( «Fruit » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៧ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​អំពី​ពាក្យ​ដែល​លីហៃ​បាន​ប្រើ ( សូមមើល នីហ្វៃទី១ ៨:១០–១២ ) ដើម្បី​ពិពណ៌នា​អំពី​ដើម​ជីវិត និង​ផ្លែ​របស់​វា ។ តើ​ពាក្យ​ទាំង​នេះ​បង្រៀន​អ្នក​អ្វីខ្លះ អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​បង្ហាញ​តាមរយៈ​អំណោយ​ជា​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ?

ផ្នែក​ទី ២

តើ​អ្វី​ដែល​អាច​រារាំង​ខ្ញុំ​ពី​ព្រះយេស៊ូវគ្រីស្ទ និង​ផលផ្លែ​នៃ​ដង្វាយធួន​របស់​ទ្រង់ ?

មិន​មែន​មនុស្ស​ទាំងអស់​នៅក្នុង​សុបិន​របស់​លីហៃ សុទ្ធ​តែ​បាន​ភ្លក់​នូវ​ផ្លែ​ឈើ​នោះ ឬ​បាន​នៅ​បន្ត បន្ទាប់​បាន​ទទួលទាន​វា​ហើយ​នោះ​ទេ ។ យើង​រៀន​ចេញ​ពី​ដំណើររឿង​នេះ​ថា ខណៈ​ដែល​មនុស្ស​ខ្លះ​បាន​បដិសេធ​ដើម្បី​ទទួល​ព្រះអង្គ​សង្គ្រោះ និង​ពរជ័យ​ទាំងឡាយ​ដែល​បាន​មក​ពី​ដង្វាយធួន​របស់​ទ្រង់ នោះ​អ្នក​ផ្សេង​ទៀត​បាន​ភ្លក់​នូវ​សេចក្ដី​ល្អ​របស់​ទ្រង់ ហើយ​ក្រោយ​មក​បាន​ងាក​ចេញ​ពី​ទ្រង់​វិញ ដោយសារ​តែ​ពួកគេ​មាន​ចិត្ត​មិន​នឹងនរ ខ្មាស់អៀន ឬ​ត្រូវបាន​ល្បួង​ឲ្យ​រស់នៅ​ក្នុង​អំពើបាប ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​សិក្សា នីហ្វៃទី១ ១២:១៦–១៨ ដោយ​ប្រុង​ប្រយ័ត្ន ដោយ​រកមើល​ធាតុ​ទាំងឡាយ​នៅក្នុង​សុបិន​របស់​លីហៃ ដែល​រារាំង​មនុស្ស​ពី​ការមក​កាន់​ដើម​ជីវិត និង​អ្វី​ដែល​នីហ្វៃ​បាន​រក​ឃើញ​ដែល​ជា​និមិត្ត​សញ្ញា​នៃ​ធាតុ​នីមួយៗ ។

មនុស្ស​កំពុង​កាន់​ដំបងដែក​នៅក្នុង​អ័ព្ទ​នៃ​សេចក្ដី​ងងឹត

មនុស្ស​កំពុង​កាន់​ដំបងដែក​នៅក្នុង​អ័ព្ទ​នៃ​សេចក្ដី​ងងឹត ។

រូបតំណាង ការពិភាក្សា

ពិភាក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

ដោយ​មាន​ជំនួយ​ពី​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់ សូម​រកមើល​ឧទាហរណ៍​បច្ចុប្បន្ន​មួយ​ចំនួន​អំពី « ប្រភព​ទឹក​ទឹកកខ្វក់ » ( នីហ្វៃទី១ ១២:១៦ ), « អ័ព្ទ​នៃ​សេចក្ដី​ងងឹត » ( ខ ១៧ ) និង​ការចំអក​ពី​ពួក​មនុស្ស​ដែល​នៅក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​ឧទាហរណ៍​របស់​អ្នក​នៅក្នុង​ថ្នាក់ ។

មនុស្ស​កំពុង​ចំអក​នៅក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ទប់ទល់​នឹង​ការល្បួង ហើយ​បន្ត​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

នៅ​ក្នុង​ការនិមិត្ត​របស់​លោក​លីហៃ​បានឃើញ​មនុស្ស​បី​ក្រុម ដែល​កំពុង​ព្យាយាម​ដើរ​តាម​ផ្លូវ​តូច ហើយ​ចង្អៀត ដែល​នាំ​ទៅរក​ដើម​ជីវិត និង​ផ្លែ​របស់​វា ។ លីហៃ​ក៏​បាន​ឃើញ​ដំបង​ដែក​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែល​នាំ​ទៅ​កាន់​ដើម​ឈើ​នោះ ។

ដៃ​កាន់​ដំបង​ដែក

នីហ្វៃ​បាន​បង្រៀន​ថា ដំបង​ដែក​តំណាង​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ថា​អស់​អ្នក​ណា​ដែល​តោង​ជាប់ « នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បី​តែ​កា​រល្បួង​ទាំងឡាយ និង​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារសត្រូវ​ក៏​មិន​អាច​ឈ្នះ​លើ​ពួកគេ​ដែរ » ( នីហ្វៃទី១ ១៥:២៤ ) ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​កត់សម្គាល់​ថា ព្រះបន្ទូល​នៃ​ព្រះ​មាន « នៅក្នុង​ព្រះគម្ពីរ នៅក្នុង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​នៅ​រស់ និង​នៅក្នុង​វិវរណៈ​ផ្ទាល់​ខ្លួន » ( « The Power of the Word » Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៨០ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

ពេល​អ្នក​អាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម​នេះ សូម​រកមើល​ភាពខុសគ្នា រវាង​ពួក​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះបន្ទូល​នៃ​ព្រះ និង​ពួក​អ្នក​ដែល​មិន​ធ្វើ​ដូច្នោះ ។

មនុស្ស​លុត​ជង្គង់​នៅ​ដើម​ជីវិត

ស៊ីស្ទើរ អាន អិម ឌិប អតីត​ទីប្រឹក្សា​នៅក្នុង​គណៈ​ប្រធាន​យុវនារី​ទូទៅ បាន​ផ្ដល់​ប្រសាសន៍​លើក​ទឹកចិត្ត​នេះ ដល់​ពួក​អ្នក​ដែល​លែង​កាន់​ដំបង​ដែក ៖

ដោយ អាន អិម ឌិប

ការកាន់​ដំបងដែក​មិន​តែងតែ​ងាយស្រួល​នោះ​ទេ ។ យើង​អាច​នឹង​លែង​កាន់​វា ដោយសារ​តែ​សម្ពាធ​ពី​មិត្តភក្ដិ ឬ​ភាពឆ្មើងឆ្មៃ ដោយ​គិត​ថា យើង​អាច​រកឃើញ​ផ្លូវ​របស់​យើង​ផ្ទាល់​ត្រឡប់​ទៅ​វិញ—នៅ​ពេល​ក្រោយ ។ … នីហ្វៃ​និយាយ​ថា « ហើយ​មាន​មនុស្ស​ជាច្រើន វង្វេង​បាត់​ពី​ភ្នែក​លោក ដោយ​ដើរ​រសាត់​ទៅ​លើ​ផ្លូវ​ចម្លែកៗ​ទាំង​ឡាយ » ( នីហ្វៃទី១ ៨:៣២ ) ។ នៅ​គ្រា​លំបាកៗ​នៅក្នុង​ជីវិត​យើង​ផ្ទាល់ យើង​អាច​នឹង​ឃើញ​ថា យើង​ក៏ « ដើរ​រសាត់​ទៅ​លើ​ផ្លូវ​ចម្លែកៗ​ទាំង​ឡាយ » ដែរ ។ សូម​ឲ្យ​ខ្ញុំ​អះអាង​ចំពោះ​បងប្អូន​ថា វា​តែងតែ​មាន​លទ្ធភាព​សម្រាប់​យើង​ដើម្បី​រក​ផ្លូវ​របស់​យើង​ត្រឡប់​មក​វិញ ។ តាមរយៈ​ការប្រែចិត្ត ដែល​ធ្វើ​ឲ្យ​កើត​ឡើង​បាន​ដោយ​ការបូជា​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​មក​វិញ និង​តាំងចិត្ត​ជា​ថ្មី​ចំពោះ​ការក្ដាប់​ដំបង​ដែក​យ៉ាង​ណែន ហើយ​ទទួល​ការណែនាំ​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​យើង​ម្ដង​ទៀត ។ ព្រះអង្គ​សង្គ្រោះ​បាន​ពង្រីក​ការអញ្ជើញ​ដោយ​ចំហ​ដល់​យើង ៖ ប្រែចិត្ត តោងឲ្យ​ជាប់ ហើយ​កុំ​លែង​ឡើយ ។ ( « Hold On » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨១ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ពិចារណា​ថា ក្រុម​ណា​ដែល​នីហ្វៃ​បាន​ពិពណ៌នា ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក​បាន​ល្អ​បំផុត ។ នៅក្នុង​របៀប​ណា​ខ្លះ ដែល​ព្រះបន្ទូល​នៃ​ព្រះ​កំពុង​ជួយ​អ្នក​ឲ្យ​ខិត​មក​ជិត​ព្រះអង្គ​សង្គ្រោះ និង​អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់ ? តើ​មាន​ការផ្លាស់ប្តូរ​ទាំងឡាយណា ដែល​អ្នក​ចង់​ធ្វើ ដើម្បី​ឲ្យ​អ្នក​កាន់​ដំបង​ដែក​កាន់តែ​ណែន ?